ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ឯកសារ​គ្រូបង្រៀន ៖ ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ


« មេរៀនទី ២៣ ឯកសារ​គ្រូបង្រៀន ៖ ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៣ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២៣

ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ

ជំពូក​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បន្ដ​ទុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​លើ​ព្រះអម្ចាស់ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​នៅក្នុង​ជីវិត ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ពន្យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ការទុក​ព្រះទ័យ​យ៉ាង​ឥតខ្ចោះ​លើ​ព្រះវរបិតា​សួគ៌ តាមរយៈ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ទ្រង់ ។ សិស្ស​ក៏​នឹង​កំណត់​ពី​ពរជ័យ​នៃ​ការគោរព​ប្រតិបត្តិ​ផងដែរ ហើយ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ដីពី​ការគោរព​ប្រតិបត្តិ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវ​គ្រីស្ទ​គោរព​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។

សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ឬ​សូម​បង្ហាញ​វីដេអូ « Special Witness—Elder Hales » ( ២:៤៩ ) ។ នៅក្នុង​វីដេអូ​នេះ អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ពិភាក្សា​ពី​ការគោរព​ប្រតិបត្តិ​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​ព្រះវរបិតាសួគ៌ ។ រួចហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក នីហ្វៃ​ទី​២ ៣១:៦–៧, ១០; នីហ្វៃ​ទី​៣ ១១:១១; ២៧:១៣ ហើយ​រកមើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ការគោរព​ប្រតិបត្តិ​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ
ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី
ការឆ្កាង ដោយ ខាល ហ៊ែនរិច ប្លក
  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ​ចេញពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ចំនួន​ដែល​ស្រដៀងសេចក្តីពិត​ដូចនេះ ៖ តាមរយៈ​ការចុះចូល​ដោយ​រាបសា​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ក្នុង​គ្រប់​ការណ៍​ទាំងអស់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើជា​គំរូ​ដ៏​ឥតខ្ចោះ​ស្ដីពី​ការគោរព​ប្រតិបត្តិ ដើម្បី​ឲ្យ​យើង​ធ្វើតាម ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការស្ម័គ្រ​ព្រះទ័យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​គោរព​តាម​ព្រះវរបិតា គឺជា​រឿង​​សំខាន់​ចំពោះ​ភាពជោគជ័យ​ក្នុង​បេសកកម្ម​នៅលើ​ផែនដី​របស់​ទ្រង់ ? តើ​ការគោរព​ប្រតិបត្តិ​សំខាន់​ប៉ុណ្ណា​ដែរ ចំពោះ​ជោគជ័យ​របស់​អ្នក​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ទៀត ?

  • តើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដីពី​ការគោរព​ប្រតិបត្តិ បំផុស​គំនិត និង​ពង្រឹង​អ្នក​ឲ្យ​កាន់តែ​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​អាច​សម្រេច​បាន​តាមរយៈ​ការគោរព​ប្រតិបត្តិ​ផ្ទាល់ខ្លួន​គេ​នោះ អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ហ្វុន ជី ខីតឆ៍ ក្នុង​ពួក​ចិតសិប​នាក់ ៖

អែលឌើរ ហ្វុន ជី ខីតឆ៍

ការគោរព​ប្រតិបត្តិ​ពិត … គឺជា​ការថ្វាយ​ខ្លួន​យើង​ទាំងស្រុង​ដល់ [ ព្រះវរបិតា​សួគ៌ ] ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​គូស​ផ្លូវ​ឲ្យ​យើង​ដើរ​ទាំង​នៅក្នុង​សមុទ្រ​ដ៏​ស្ងប់ និង​សមុទ្រ​ដែល​មាន​រលក​ធំៗ ដោយ​យល់​ដឹង​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​បាន​ប្រសើរ​ឡើង​ច្រើន​ជាង​យើង​ធ្វើ​វា​ដោយ​ខ្លួន​ឯង ។ …

… [ ព្រះបញ្ញត្តិ​ទាំងឡាយ ] ជា​គំនូស​ពី​វិធី​ដែល​យើង​គួរ​ធ្វើ—ហើយ​សំខាន់​បំផុត វា​បំភ្លឺ​ថា​យើង​គួរ​ក្លាយ​ជា​មនុស្ស​បែបណា ។ ( « Blessed and Happy Are Those Who Keep the Commandments of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៧ )

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអម្ចាស់​ស្ដីពី​ការគោរព​ប្រតិបត្តិ​ឲ្យ​បាន​កាន់តែ​ពេញលេញ ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹង​គិត និង​កត់ត្រា​យោបល់ ព្រមទាំង​អារម្មណ៍​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃ​ទី​១ ២:២០–២១ ហើយ​ពិចារណា​ចែកចាយ​ស្ថានភាព​ដូច​ខាងក្រោម​នេះ ៖

ម៉ាសែល បាន​ខកចិត្ត​នឹង​សេចក្ដី​សន្យា​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​ថា អស់​អ្នក​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​នឹង​រីកចម្រើន​ឡើង ។ គាត់​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​យ៉ាង​ឧស្សាហ៍​ព្យាយាម ប៉ុន្ដែ​នៅតែ​មាន​ប្រាក់​តិចតួច​ណាស់ ហើយ​ពុះពារ​ដើម្បី​បង់​ថ្លៃ​ចំណាយ​របស់​គាត់​រាល់ខែ ។ គាត់​ពុំ​មាន​អារម្មណ៍​ថា​បាន​រីកចម្រើន​ខ្លាំង​ឡើយ ។

សូម​ឲ្យ​សិស្ស​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ដែល​អាច​ជួយ ម៉ាសែល ឲ្យ​ពង្រីក​ការយល់​ដឹង​របស់​គាត់​អំពី​របៀប​ខុសៗ​គ្នា ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ការរីក​ចម្រើន និង​ពរជ័យ​ដល់​អស់​អ្នក​ដែល​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ​នឹង ម៉ាសែល ដើម្បី​ជួយ​គាត់​ឲ្យ​ពង្រីក​ការយល់​ដឹង​របស់​គាត់​អំពី​របៀប​ខុសៗ​គ្នា ដែល​យើង​អាច​រីក​ចម្រើន និង​ទទួល​បាន​ពរជ័យ នៅពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ?

ដើម្បី​ធ្វើឲ្យ​ការពិភាក្សា​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ អ្នក​អាច​បង្ហាញ​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ជ្រើសរើស​យក​បទគម្ពីរ​មួយ ឬ​ពីរ​ទៅ​សិក្សា ៖ នីហ្វៃ​ទី​១ ៣:៧; នីហ្វៃ​ទី​១ ១៧:៣; នីហ្វៃ​ទី​១ ២០:១៨; នីហ្វៃ​ទី​១ ២២:៣១; ម៉ូសាយ ២:៤១; អាលម៉ា ១២:៩–១០; អាលម៉ា ៥០:២២–២៣; នីហ្វៃ​ទី​៣ ១៤:២៤–២៥ ។

បន្ទាប់ពី​សិស្ស​សិក្សា​បទគម្ពីរ​ដែល​បាន​ជ្រើសរើស​របស់​ពួកគេ​រួចហើយ សូម​បង្ហាញ​ប្រយោគ​មិន​ពេញលេញ​ដូច​តទៅ​នេះ ហើយ​សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ ៖ នៅពេល​ខ្ញុំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ …

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ថ្លែង​ទីបន្ទាល់ ។ សូម​មើល​វីដេអូ « Bearing Testimony » ( ១:៥៧ ) ហើយ​ពិចារណា​ពី​តួនាទី​របស់​ទីបន្ទាល់​នៅក្នុង​ថ្នាក់រៀន​របស់​អ្នក ។ តើ​សិស្ស​របស់​អ្នក​មាន​ឱកាស​ថ្លែង​ទីបន្ទាល់​ជាទៀងទាត់ អំពី​របៀប​ដែល​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​ដែរ​ឬទេ ? តើ​ពួកគេ​បាន​ស្ដាប់​ឮ និង​ទទួល​អារម្មណ៍​ពី​សាក្សី​របស់​អ្នក​អំពី​ដំណឹងល្អ​របស់​ព្រះអម្ចាស់​ដែរ​ឬទេ ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​បន្ថែម​ទៀត ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​ការចែកចាយ​ទីបន្ទាល់​គឺជា​រឿង​ធម្មតា និង​ជា​ផ្នែក​សាមញ្ញ​មួយ​នៃ​បទពិសោធន៍​រៀនសូត្រ ?

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរជ័យ​ណាមួយ ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ដោយសារ​ការកាន់តាម​ព្រះបញ្ញតិ្ត​របស់​ព្រះ ? ( អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​ពិភាក្សា​ពី​សំណួរ​នេះ​ជាមួយ​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ម្នាក់​ពេល​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់ ) ។

កងពល​កំលោះ​គោរព​ប្រតិបត្តិ​តាម​ដោយ​ឥត​ល្អៀង ។

អ្នក​អាច​បង្ហាញ​រូបភាព​ដែល​អម​មក​ជាមួយ​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​តំណាល​រឿង​អំពី​កងពល​កំលោះ​ទាំងនេះ ( សូមមើល ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

កងពល​កំលោះ​ពីរពាន់​នាក់ ដោយ អាណុល ហ្វ្រីបើក

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក អាលម៉ា ៥៧:២១, ២៧; ៥៨:៤០ ហើយ​រកមើល​អ្វី​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អំពី​ការគោរព​ប្រតិបត្តិ ។ សូម​ពិចារណា​ថា​អ្នក​អាច​សួរ​សំណួរ​មួយ​ណា​នៃ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រកឃើញ​អ្វី​ដែល​ពួកគេ​ត្រូវ​រៀន​ចេញពី​គំរូ​របស់​កងពល​កំលោះ​ទាំងនេះ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ​ចេញពី​បទពិសោធន៍​របស់​កងពល​កំលោះ​ទាំងនេះ ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងសេចក្តីពិត​ដូច​នេះ ៖ នៅពេល​យើង​ខិតខំ​គោរព​តាម​បទបញ្ជា​របស់​ព្រះ​ដោយ​ឥត​ល្អៀង ហើយ​ដាក់​ទីទុកចិត្ត​របស់​យើង​លើ​ទ្រង់​យ៉ាង​ខ្ជាប់ខ្ជួន នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង ) ។

  • តើ​អ្នក​គិត​ថា ការខិតខំ​គោរព​តាម​ដោយ​ឥត​ល្អៀង​មាន​ន័យ​ដូចម្ដេច ? តើ​ការគោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង​ខុសពី​ការគោរព​ប្រតិបត្តិ​ធម្មតា​យ៉ាង​ដូចម្ដេច ? ( អ្នក​អាច​ចង់​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ ដោយ​ផ្អែកលើ​ការពិភាក្សា​របស់​អ្នក អ្នក​ក៏​អាច​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន​ណិលសុន​បាន​ដែរ ៖ « ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ជោគជ័យ គោរព​ប្រតិបត្តិ​ដោយ​ឥត​ល្អៀង នាំ​មក​នូវ​អព្ភូតហេតុ » [ នៅក្នុង R. Scott Lloyd « Elder Nelson Delivers Spiritual Thanksgiving Feast to MTCs » Church News នៅ​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ) ។

  • តើ​អ្នក​ត្រូវ​ធ្វើតាម​ការបង្រៀន ឬ​ព្រះបញ្ញត្តិ​អ្វីខ្លះ​ឲ្យ​កាន់តែ​ឥតល្អៀង​នោះ ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ដោយ​ស្ងាត់ស្ងៀម​អំពី​សំណួរ​នេះ ហើយ​ពិចារណា​សរសេរ​ផែនការ​មួយ​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​សម្រេច​ឲ្យ​បាន​ការផ្លាស់ប្ដូរ​នេះ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ពឹងផ្អែក​លើ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ធ្វើឲ្យ​កើត​មាន​ឡើង នៅពេល​យើង​ខិតខំ​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ដោយ​ឥតល្អៀង​នោះ ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំឭក សេចក្ដី​ថ្លែងការណ៍​ទីពីរ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។ តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះចេស្ដា​ឲ្យ​កើត​មាន​ឡើង​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការគោរព​ប្រតិបត្តិ សូម​ពិចារណា​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​ខាងក្រោម​នេះ ៖

ម៉ារីអា និង ហ្វ្រានស៊ីសកូ បាន​ភ្ជាប់​ពាក្យ​នាពេល​ថ្មីៗ​នេះ ហើយ​បាន​កំណត់​ថ្ងៃ​រៀបការ​រួចហើយ ។ ឥឡូវ​នេះ ដោយសារ​ពួកគេ​បាន​ធ្វើការ​តាំងចិត្ត​ដើម្បី​រៀបការ នោះ​ពួកគេ​កាន់តែ​ធូរ​រលុង​ខ្លាំង​ឡើង​នឹង​ការកាន់​តាម​ច្បាប់​ព្រហ្មចារីភាព ។ ពួកគេ​មាន​អារម្មណ៍​ថា វា​មិន​អី​ទេ​ដែល « មិន​សូវ​គោរព​តាម​ច្បាប់​នេះ » ដោយសារ​ពួកគេ​ស្រឡាញ់​គ្នា ហើយ​បាន​តាំងចិត្ត​ថា​នឹង​រៀបការ​ជាមួយ​គ្នា ។

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ តើ​អ្នក​នឹង​ផ្ដល់​ដំបូន្មាន​អ្វីខ្លះ​ទៅកាន់​ម៉ារីអា និង ហ្វ្រានស៊ីសកូ ?

  • តើ​ការគោរព​ប្រតិបត្តិ​ដោយ​ឥតល្អៀង​អាច​ប្រទាន​ពរ ដឹកនាំ និង​ការពារ ម៉ារីអា និង ហ្វ្រានស៊ីសកូ នៅពេល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​នា​ពេល​ខាង​មុខ​របស់​ពួកគេ​ដោយ​របៀប​ណា ?

សម្រាប់​ពេល​ក្រោយ

សូម​ចង្អុល​បង្ហាញ​ថា នៅ​អំឡុង​មេរៀន​ក្រោយ យើង​នឹង​រៀន​អំពី​សេវកភាព​នៃ​ប្រជាជន​របស់​លិមហៃ និង​ប្រជាជន​របស់​អាលម៉ា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បញ្ចប់​ការសិក្សា​ក្នុង ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​រកមើល​របៀប​ដែល​ការដោះលែង​ប្រជាជន​ទាំងនេះ​អាច​កើតឡើង​បាន តែ​នៅពេល​ពួកគេ​បាន​ដាក់​ទីទុកចិត្ត​របស់​ពួកគេ​ទាំងស្រុង​លើ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។