ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្តី​សប្បុរស


« មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្តី​សប្បុរស » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដីសប្បុរស

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សៅអើរ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ជា​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា « សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដីសប្បុរស បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​នៅពេល​មាន​មួយណា​កើនឡើង នោះ​មួយទៀត​ក៏​រីកចម្រើន​ដែរ ។ … គុណសម្បត្តិ​ទាំងបី—សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស—​ធ្វើការ​ជាមួយគ្នា ផ្អែកលើ​សេចក្តីពិត និង​ពន្លឺ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដឹកនាំ​យើង​បាន​បរិបូរ​ទៅ​ដោយ​កិច្ច​ការ​ល្អៗ​ជានិច្ច [ សូមមើល អាលម៉ា ៧:២៤ ] » ( « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៣, ២៤; សូមមើល មរ៉ូណៃ ១០:២០ ) ។ នៅពេល​អ្នក​សិក្សាឯកសារ​នេះ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​បញ្ចូល​គុណសម្បត្តិ​ដ៏​ទេវភាព​ទាំងនេះ​ទៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ឥទ្ធិពល​លើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​យ៉ាងដូចម្តេច ?

បន្ទាប់ពី​ការ​បំផ្លិច​បំផ្លាញ​អារ្យធម៌​របស់​សាសន៍​នីហ្វៃ​មក មរ៉ូណៃ ត្រូវបាន​ទុក​ឲ្យ​នៅ​ម្នាក់​ឯង​ដើម្បី​បង្ហើយ​ព្រះគម្ពីរ​មរមន ។ លោក​ក៏បាន​បន្ថែម​ការបង្រៀន​មួយចំនួន​មកពី មរមន ជា​ឪពុក​របស់​លោក ដែល​រួមមាន​ទាំង​ទេសនកថា​ស្តីពី​គុណធម៌​នៃ​សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដីសប្បុរស​ផងដែរ ( សូមមើល មរ៉ូណៃ ៧:១ ) ។

មរ៉ូណៃ​កត់ត្រា​នៅ​ក្បែរ​ភ្លើង
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន មរ៉ូណៃ ៧:៣៣, ៣៨, ៤០–៤៣ ហើយ​រកមើល​អ្វី​ដែល​មរ៉ូណៃ បាន​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​សេចក្តីជំនឿ និង​សេចក្តីសង្ឃឹម ។

ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​សេចក្តីជំនឿ និង​សេចក្តី​សង្ឃឹម ៖

ប្រធាន អិម រ័សុល បាឡឺដ

សេចក្តីជំនឿ​លើ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ—សេចក្តីជំនឿពិតប្រាកដ អស់​ពី​ដួងចិត្ត និង​មិន​ចេះរង្គោះ​រង្គើ—គឺជា​អំណាច​ដែល​ត្រូវ​រាប់បញ្ចូល​ក្នុង​សាកល​លោក​នេះ ។ វាអាច​ជា​កម្លាំងមួយ​ដែល​នាំ​ឲ្យ​កើត​មាន​អព្ភូតហេតុ ។ ឬ​វា​អាច​ជា​ប្រភព​នៃ​កម្លាំង​ខាងក្នុង ដែល​យើង​អាច​រកឃើញ​សេចក្តី​សុខសាន្ត ការលួងលោម និង​សេចក្តីក្លាហាន​ដើម្បី​ស៊ូទ្រាំ ។

នៅពេល​យើង​ដាក់​សេចក្តីជំនឿ និង​ទំនុកចិត្ត​ដើម្បី​ធ្វើការ នោះ​សេចក្តី​សង្ឃឹម​នឹង​កើត​មាន ។ សេចក្តីសង្ឃឹម​រីកលូតលាស់​ចេញ​ពី​សេចក្តីជំនឿ និង​ផ្តល់​អត្ថន័យ និង​គោលបំណង​ចំពោះ​អ្វីៗ​ដែល​យើង​ធ្វើ ។ វា​អាច​ផ្តល់​ឲ្យ​យើង​នូវ​ការធានា​ដ៏​សុខសាន្ត ដែល​យើង​ត្រូវការ​ដើម្បី​រស់នៅ​ដោយ​សប្បាយ​រីករាយ​នៅក្នុង​ពិភពលោក​ដែល​ទំជោរ​ដោយ​សេចក្តី​ទុច្ចរិត មហន្តរាយ និង​អយុត្តិធម៌​នេះ ។( « TheJoy of Hope Fulfilled » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៣២ )

យុវនារី​កំពុង​បញ្ចេញ​ស្នាម​ញញឹម
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​មាន ឬ​អាច​កើត​មាន​ក្នុងជីវិត​របស់​អ្នក ពេល​អ្នក​ដាក់​សេចក្តីជំនឿ និង​សេចក្តីសង្ឃឹម​លើ​ព្រះ​យេស៊ូវគ្រីស្ទ ?

ផ្នែក​ទី ២

តើ​ខ្ញុំអាច​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ដកពិសោធន៍​សេចក្តីសង្ឃឹម​យ៉ាងដូចម្តេច ?

នៅពេល មរ៉ូណៃ បាន​សង្ខេប​កំណត់ត្រា​របស់​សាសន៍​យ៉ារេឌ លោក​បាន​រួមបញ្ចូល​ទាំង​ការបង្រៀន​អំពី​សេចក្តីជំនឿ​របស់​ព្យាការី អេធើរ ផងដែរ ។ បន្ទាប់មក លោក​បាន​រាប់​អព្ភូតហេតុ​ជាច្រើន​ដែល​បាន​កើតឡើង​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូមមើល អេធើរ ១២:៣–២២ ) ។ មរ៉ូណៃ បាន​ពន្យល់​ថា « សេចក្ដី​ជំនឿ​គឺជា​អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ » ( ខទី ៦ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេធើរ ១២:៤, ៣២ ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ទន្ទឹង​រង់ចាំ កាល​ដែល​អ្នក​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ ។

ប្រធាន អុជដូហ្វ បាន​មាន​ប្រសាសន៍​ដូចតទៅ​នេះ​អំពី​អំណាច​ដ៏​និរន្តរ៍​នៃ​សេចក្តីសង្ឃឹម ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

សេចក្តី​សង្ឃឹម​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ [ សូមមើល មរ៉ូណៃ ៨:២៦ ] ។ វា​គឺជា​សេចក្តី​សង្ឃឹម​មួយ​ដែល​កើត​មាន​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ យើង​នឹង​បាន​រស់ឡើង​វិញ មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ការណ៍​នេះ​គឺដោយសារ​សេចក្តីជំនឿ​របស់​យើង​នៅលើ​ព្រះ​អង្គ​សង្គ្រោះ [ សូមមើល មរ៉ូណៃ ៧:៤១ ] ។ សេចក្តី​សង្ឃឹម​បែប​នេះ​គឺជា​គោលការណ៍​នៃ​សេចក្តី​សន្យា​ផង គឺជា​បទបញ្ញត្តិ​មួយ​ផង [ សូមមើល កូល៉ុស ១:២១–២៣ ] ហើយ​ក៏ដូចជា​បទបញ្ញត្តិ​ទាំងអស់​ផងដែរ គឺ​យើង​មាន​ទំនួលខុសត្រូវ​ដើម្បី​ធ្វើ​ឲ្យ​វា​ជា​ផ្នែក​មួយ​ដ៏​សកម្ម​ក្នុង​ជីវិត​របស់​យើង ហើយ​យកឈ្នះ​លើ​ការល្បួង​ឲ្យបាត់បង់​សេចក្តី​សង្ឃឹម ។ សេចក្តី​សង្ឃឹម​លើ​ផែនការ​នៃ​សុភមង្គល​ដ៏​មាន​សេចក្តី​មេត្តាករុណា​របស់​ព្រះ​វរបិតា​សួគ៌ ដឹកនាំ​ទៅរក​សេចក្តី​សុខសាន្ត [ សូមមើល រ៉ូម ១៥:១៣ ] សេចក្តី​សប្បុរស [ សូមមើល ទំនុកដំកើង ៣៣:២២ ] ការអរសប្បាយ [ សូមមើល រ៉ូម ១២:១២ ] និង​ចិត្តរីករាយ [ សូមមើល សុភាសិត ១០:២៨ ] ។ សេចក្តី​សង្ឃឹម​នៃ​សេចក្តី​សង្រ្គោះ​គឺដូចជា​ប្រដាប់​បាំង​ដើម​ទ្រូង​ផងដែរ [ សូមមើល ថែស្សាឡូនីច ទី ១ ៥:៨ ]; វាគឺជា​គ្រឹះ​នៃ​សេចក្តីជំនឿ​របស់​យើង [ សូមមើល ហេព្រើរ ១១:១; មរ៉ូណៃ ៧:៤០ ] ហើយ​ជា​យុថ្កា​ចំពោះ​ព្រលឹង​របស់​យើង [ សូមមើល ហេព្រើរ ៦:១៩; អេធើរ ១២:៤ ] ។( « The Infinite Power of Hope » ទំព័រ ២១–២២ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​សេចក្តីសង្ឃឹម​ជាផ្នែក​មួយ​ដ៏​សកម្ម​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ?

ផ្នែក​ទី ៣

តើ​សេចក្តី​សប្បុរស​អាចមាន​ឥទ្ធិពល​អ្វី​ខ្លះ​លើ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​អ្នក​ដទៃ និង​ព្រះ​យេស៊ូវគ្រីស្ទ ?

បន្ទាប់ពី​ការពិភាក្សា​ពី​សេចក្តីជំនឿ និង​សេចក្តីសង្ឃឹម នោះ​មរមន បាន​បញ្ចប់​ទេសនកថា​របស់​លោក ដោយ​ការ​ផ្តោតលើ​សេចក្តី​សប្បុរស ឬ « សេចក្ដីស្រឡាញ់​សុទ្ធសាធនៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន មរ៉ូណៃ ៧:៤៣–៤៨ ហើយ​ពិចារណា​ការធ្វើ​ការគូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ពន្យល់​ន័យ ឬ​ពិពណ៌នា​ពី​សេចក្តី​សប្បុរស ។

ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​សង្កេតឃើញថា

ប្រធាន ជីន ប៊ី ប៊ីងហាំ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​តំណាង​ដ៏​ឥតខ្ចោះ​នៃ​សេចក្តី​សប្បុរស ។ ការថ្វាយព្រះកាយ​ពីមុន​ឆាកជីវិត​នេះ​របស់​ទ្រង់​ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង អន្តរកម្ម​របស់​ទ្រង់​នៅ​ក្នុង​ឆាក​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ អំណោយទាន​ដ៏​ពិសេស​នៃ​ដង្វាយ​ធួន និង​ការខិតខំ​ឥតឈប់ឈរ​របស់ទ្រង់ ដើម្បី​នាំ​យើង​ត្រឡប់ទៅ​ព្រះវរបិតា​សួគ៌​របស់​យើង​វិញ គឺជា​ការបង្ហាញ​ពី​សេចក្ដី​សប្បុរស​ដ៏​ខ្លាំង​បំផុត ។ ទ្រង់​ប្រតិបត្តិការ​ដោយ​មាន​ការ​ផ្ដោត​តែ​មួយ​គត់​គឺ ៖ សេចក្ដីស្រឡាញ់​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗ ។ …

ខ្ញុំ​សូម​ថ្លែង​សាក្សី​របស់​ខ្ញុំ​ថា នៅពេល​យើង​ធ្វើតាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ នោះ​យើងអាច​ទទួល​បាន​អំណោយទាន​នៃ​សេចក្ដីសប្បុរស ដែល​នឹង​នាំមក​នូវ​ក្តី​អំណរ​ដ៏​ធំ​ដល់​យើង​ក្នុង​ជីវិត​នេះ និង​ពរជ័យ​ដែល​បាន​សន្យា​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ ( « I Will Bring the Light of the Gospel into My Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦, ៩ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមគិតពី​គំរូ​មួយ​ចំនួន​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា « តំណាង​ដ៏​ឥតខ្ចោះ​នៃ​សេចក្តី​សប្បុរស » ។ សូម​រក​មើល​ដំណើររឿង​អំពី​គំរូ​នេះនៅ​ក្នុង​បទគម្ពីរ ហើយ​រៀបចំខ្លួន​ចែកចាយ​យ៉ាងហោច​ណាស់​គំរូ​មួយ​ជាមួយ​នឹង​សិស្ស​របស់​អ្នក ។

ព្រះគ្រីស្ទ និង​កុមារ​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយ ឌេល ផាសិន

នៅពេល​អ្នក​គិតពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ សូមពិចារណា​ថា តើ​សេចក្ដីសប្បុរស​មាន​សភាព​បែប​ណា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ខ្ញុំគិត​ពី​សេចក្ដីសប្បុរស​ដែល​បំផុស​យើង​ឲ្យ​មាន​ចិត្ត​អាណិត​អាសូរ មេត្តា និង​ករុណា វា​មិន​គ្រាន់​តែ​នៅ​គ្រា​ដែល​មាន​ជំងឺ ការរងទុក្ខ​វេទនា និង​ទុក្ខ​ព្រួយ​នោះទេ ប៉ុន្តែ​ក៏​នៅគ្រា​ដែល​ទន់ខ្សោយ ឬ​កំហុស​របស់​មនុស្ស​ដទៃ​ផង​ដែរ ។

មាន​សេចក្ដីត្រូវការ​ដ៏​ធំ​មួយ​ដើម្បី​មាន​សេចក្ដីសប្បុរស ដែល​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដែល​គេ​មិន​ស្គាល់ សេចក្ដីសង្ឃឹម​ចំពោះ​អ្នក​ដែល​បាក់ទឹកចិត្ត ជំនួយ​ចំពោះ​អ្នក​ដែល​រងទុក្ខ ។ សេចក្ដី​សប្បុរស​ពិតគឺ​ជា​សេចក្ដីស្រឡាញ់​ដែល​មាន​សកម្មភាព ។ សេចក្ដីត្រូវការ​ដើម្បី​មាន​សេចក្ដីសប្បុរស​គឺមាន​នៅគ្រប់​ទីកន្លែង ។

វាត្រូវ​ការ​ចាំបាច់​ដើម្បី​មាន​សេចក្ដី​សប្បុរស ដែល​បដិសេធ​ការស្វែង​រក​ការពេញចិត្ត​នៅ​ក្នុង​ការ​ស្ដាប់ឮ ឬ​រាយការណ៍​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​រឿង​អកុសល​ដែល​កើត​មាន​ចំពោះ​មនុស្ស​ដទៃ លើក​លែង​តែ​ការធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​មនុស្ស​ដែល​ជួប​រឿង​អកុសល​នោះ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ប៉ុណ្ណោះ ។ អ្នកអប់រំ និង​អ្នក​នយោបាយ​អាមេរិក​ឈ្មោះ ហ័ររេស ម៉ាន ធ្លាប់​បាន​ថ្លែង​ថា « ការត្រឹម​មាន​ចិត្ត​អាណិត​អាសូរ​ដល់​រឿង​ទុក្ខ​ព្រួយ​គឺជា​រឿង​របស់​មនុស្ស ប៉ុន្តែ​ការ​ខិតខំ​ដើម្បី​ធ្វើឲ្យ​វា​បាន​ធូរ​ស្រាល​គឺជា​រឿង​ដ៏​ទេវភាព » [ ហ័ររេស ម៉ាន Lectures on Education ( ឆ្នាំ ១៨៤៥ ) ទំព័រ ២៩៧ ] ។

សេចក្ដី​សប្បុរស​គឺ​ការ​មាន​ភាព​អត់ធ្មត់​នឹង​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​យើង​បាក់ទឹកចិត្ត ។ វា​រារាំង​កំហឹង​កុំ​ឲ្យ​ឆាប់​កើតឡើង​ងាយស្រួល​ពេក ។ វា​គឺជា​ការទទួល​យក​ភាពទន់ខ្សោយ និង​ការបរាជ័យ ។ វា​គឺជា​ការទទួលយក​ភាព​ពិត​របស់​មនុស្ស ។ វា​គឺជា​ការមើល​រំលង​រូបរាង​ខាងក្រៅ ទៅមើល​លើ​ឥរិយាបថ ដែលនឹង​មិន​ស្រអាប់​តាម​ពេលវេលា ។ វា​គឺជា​ការតតាំង​នឹង​ការលើកទឹកចិត្ត​ឲ្យ​បែង​ចែក​មនុស្ស​ដទៃ​តាម​ប្រភេទ ។( « Charity Never Faileth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៤ )

ស្រ្តីបីនាក់​កំពុង​និយាយ​គ្នា
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

តើ​អ្នក​អាចធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្វែង​រក​អំណោយទាន​នៃ​សេចក្ដីសប្បុរស​ដោយ​ស្មោះអស់​ពី​ចិត្ត ហើយ​អភិវឌ្ឍ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ដទៃ ? តើនរណាខ្លះ​ដែល​ត្រូវ​ការ​ការ​ទទួល​បាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​រូប​អ្នក ? តើ​អ្នក​អាច​ធ្វើអ្វីខ្លះ​ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ?