« មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ព្រះចេស្ដានៃការដោះលែងរបស់ព្រះអម្ចាស់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ព្រះចេស្ដានៃការដោះលែងរបស់ព្រះអម្ចាស់
នៅពេលប្រឈមមុខនឹងការសាកល្បង តើអ្នកធ្លាប់ឃើញខ្លួនឯងសួរសំណួរថា « ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំ ? » ឬថា « ហេតុអ្វីបានជាព្រះអម្ចាស់មិនដកយកការសាកល្បងនេះចេញពីខ្ញុំ ? » ដែរឬទេ ។ ចេញពីព្រះគម្ពីរមរមន យើងអាចរៀនមេរៀនដ៏សំខាន់អំពីប្រភពនៃការសាកល្បងរបស់យើង និងរបៀបដែលយើងអាចទទួលបានពរជ័យ នៅពេលយើងងាកទៅរកព្រះអង្គសង្គ្រោះសូមជំនួយ ។ នៅពេលអ្នកសិក្សារៀបចំសម្រាប់ថ្នាក់រៀន សូមពិចារណាពីរបៀបដែលអ្នកអាចពង្រឹងការទុកចិត្តរបស់អ្នកលើសេចក្ដីស្រឡាញ់ ព្រះចេសា្ដ និងព្រះបញ្ញាញាណដ៏និរន្ដរ៍របស់ព្រះយេស៊ូវគ្រីស្ទ កាលទ្រង់គាំទ្រអ្នកក្នុង ឬដោះលែងអ្នកពីការសាកល្បងដែលអ្នកប្រឈមនោះ ។
ផ្នែកទី ១
ហេតុអ្វីបានជាខ្ញុំមានការសាកល្បង ទោះជាពេលខ្ញុំធ្វើអ្វីដែលត្រូវហើយក្ដី ?
ព្រះគម្ពីរមរមនបង្ហាញថា ការសាកល្បងមានប្រភពខុសៗគ្នា ។ ការសាកល្បងមួយចំនួនជាលទ្ធផលនៃអំពើបាប ។ ឧទាហរណ៍ ស៊ីអែសរ៉ុមបានដេកឈឺនឹងគ្រុនក្ដៅដែលកំពុងដុតរោល និងជំងឺដែលបណ្ដាលមកពីកំហុសរបស់គាត់ ដោយសារអំពើបាបផ្ទាល់ខ្លួនរបស់គាត់ ( សូមមើល អាលម៉ា ១៥:៣ ) ។ ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនបានរងទុក្ខនឹងសង្គ្រាមរាប់ឆ្នាំ ដោយសារតែជម្រើសដ៏ទុច្ចរិតរបស់អាម៉ាលិកាយ ( សូមមើល អាលម៉ា ៤៦:៩–១០ ) ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនការសាកល្បងទាំងអស់គឺជាលទ្ធផលនៃអំពើទុច្ចរិតនោះទេ ។ ក្រុមគ្រួសាររបស់លីហៃ និងអ៊ីសម៉ាអែលបានរងទុក្ខនឹងការលំបាកជាច្រើន ដែលជារឿងធម្មតាមួយនៃការធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ( សូមមើល នីហ្វៃទី១ ១៦:៩–១៧:៤ ) ។
អែលឌើ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានធ្វើការអង្កេតឃើញដូចតទៅនេះអំពីការសាកល្បង ៖
នៅក្នុងសាលានៃជីវិតរមែងស្លាប់នេះ ជារឿយៗគ្រូបង្រៀនគឺជាការឈឺចាប់ និងទុក្ខវេទនា ប៉ុន្ដែមេរៀនគឺមានបំណងដើម្បីបន្សុទ្ធ និងផ្ដល់ពរជ័យដល់យើង ហើយពង្រឹងយើង មិនមែនដើម្បីបំផ្លាញយើងនោះទេ ។ ( « Faith through Tribulation Brings Peace and Joy » Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១៧ ) ។
សេចក្ដីថ្លែងការណ៍របស់អែលឌើរហែល ត្រូវបានបង្ហាញនៅក្នុងបទពិសោធន៍របស់អាលម៉ា និងប្រជាជនរបស់លោក ។ ពួកគេបានជឿលើការព្រមានរបស់ព្យាការីអ័ប៊ីណាដៃ ។ ក្រោយពីបានប្រែចិត្តជឿលើព្រះអម្ចាស់ ហើយត្រូវបានជ្រមុជទឹកដោយអាលម៉ា នោះប្រជាជនត្រូវបានបណ្ដេញទៅក្នុងទីរហោស្ថានដោយកងទ័ពទុច្ចរិតរបស់ស្ដេចណូអេ ។ បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រាំបីថ្ងៃមក ពួកគេបានមកដល់ដែនដីថ្មីមួយ ដែលពួកគេហៅថាហេឡាម ។ នៅទីនេះពួកគេបានរស់នៅតាមដំណឹងល្អ ហើយ « បានកើនចំនួន ហើយបានចម្រើនឡើងជាអតិបរមា » ( ម៉ូសាយ ២៣:២០ ) ។ ប៉ុន្ដែសេចក្ដីសុខសាន្ដរបស់ពួកគេត្រូវបានបង្អាក់ ដោយសារកងទ័ពសាសន៍លេមិនបានរកឃើញពួកគេ ហើយបានដាក់ពួកគេទៅក្នុងសេវកភាព ។ ( សូមមើល ម៉ូសាយ ១៧–១៨; ២៣ ) ។
ផ្នែកទី ២
ហេតុអ្វីបានជាវាសំខាន់សម្រាប់ខ្ញុំ ដើម្បីទុកចិត្តលើពេលវេលារបស់ព្រះអម្ចាស់ក្នុងអំឡុងពេលសាកល្បងរបស់ខ្ញុំ ?
បន្ទាប់ពីអាលម៉ា និងប្រជាជនរបស់លោកបានគោរពតាមការហៅរបស់អ័ប៊ីណាដៃឲ្យប្រែចិត្ត ហើយបានរត់គេចទៅទីរហោស្ថាន នោះស្ដេចណូអេ និងប្រជាជនទាំងប៉ុន្មានរបស់ទ្រង់បានបដិសេធព្យាការី ហើយមិនបានប្រែចិត្តនោះទេ ។ ដោយសារតែអំពើបាបរបស់ពួកគេ នោះពួកសាសន៍លេមិនបានវាយឈ្នះពួកគេ ហើយដាក់ពួកគេទៅក្នុងសេវកភាព ។ អំឡុងរជ្ជកាលស្ដេចលិមហៃ ដែលជាបុត្រារបស់ស្ដេចណូអេ នោះពួកសាសន៍លេមិនបានយកពន្ធពីប្រជាជនយ៉ាងច្រើនហួសប្រមាណ ហើយបានបៀតបៀនពួកគេយ៉ាងដំណំ ។ ប្រជាជនរបស់លិមហៃបានបរាជ័យបីដងក្នុងការព្យាយាមរំដោះខ្លួនគេចេញពីសេវកភាព ហើយមានមនុស្សជាច្រើនបានស្លាប់នៅក្នុងកិច្ចខិតខំទាំងនេះ ។ ( សូមមើល ម៉ូសាយ ១២:២; ១៩:១–២១:១២ ) ។ នៅទីបំផុត ពួកគេបានងាកទៅរកព្រះអម្ចាស់ដើម្បីទទួលបានជំនួយ ។
កាលប្រជាជនរបស់លិមហៃបានបន្ទាបខ្លួនគេយ៉ាងពិតប្រាកដ ហើយបានទន្ទឹងចាំព្រះអម្ចាស់ នោះមានក្រុមស្រាវជ្រាវមួយក្រុម ដែលត្រូវបានបញ្ជូនដោយស្ដេចម៉ូសាយ បានរកឃើញប្រជាជនលិមហៃ ។ ក្រុមស្រាវជ្រាវនេះ និងស្ដេចលិមហៃបានពិគ្រោះយោបល់ជាមួយនឹងប្រជាជន អំពីរបៀបដើម្បីគេចពីសេវកភាព ។ នៅយប់ដែលបានគ្រោងទុកនោះ ពួកគេបានដាក់ស្រាបន្ថែមឲ្យពួកសាសន៍លេមិន ដែលធ្វើឲ្យស្រវឹង ហើយដេកដួលអស់ទៅ ។ រួចហើយ ប្រជាជនរបស់លិមហៃបានគេចខ្លួនទៅក្នុងទីរហោស្ថាន ហើយបានមកដល់ក្រុងសារ៉ាហិមឡាដោយសុវត្ថិភាព ។ ( សូមមើល ម៉ូសាយ ២១:២៣–២២:១៤ ) ។
ដូចដែលបានបង្ហាញនៅក្នុងដំណើររឿងនេះ ព្រះអម្ចាស់បានមានព្រះរាជបំណង និងពេលវេលាផ្ទាល់របស់ទ្រង់ដើម្បីដោះលែងប្រជាជនរបស់លិមហៃ ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖
គោលការណ៍ទីមួយនៃដំណឹងល្អគឺសេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿមានន័យថា ការទុកចិត្ត—ទុកចិត្តលើព្រះឆន្ទៈរបស់ព្រះ ទុកចិត្តលើរបៀបដែលទ្រង់ធ្វើកិច្ចការនានា ហើយទុកចិត្តលើកាលវិភាគរបស់ទ្រង់ ។ យើងពុំគួរព្យាយាមបង្ខំដាក់កាលវិភាគរបស់យើង ជំនួសកាលវិភាគរបស់ទ្រង់ឡើយ ។ ដូចដែលអែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
« បញ្ហារបស់យើងគឺ ការទុកចិត្តលើព្រះឲ្យល្មមគ្រប់គ្រាន់ដើម្បីទុកចិត្តលើពេលវេលារបស់ទ្រង់ផងដែរ ។ ប្រសិនបើយើងពិតជាជឿទ្រង់ថា ទ្រង់នឹងគិតអំពីសុខុមាលភាពរបស់យើង តើយើងនឹងមិនទុកឲ្យទ្រង់ប្រទានអ្វីដែលល្អបំផុតដល់យើងទេឬអី ? »[ Even As I Am ( ឆ្នាំ ១៩៨២ ) ទំព័រ ៩៣ ] ។ ( « Timing » Ensign ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ១២ )
ផ្នែកទី ៣
តើខ្ញុំអាចទទួលបានកម្លាំងមកពីព្រះអម្ចាស់ នៅពេលខ្ញុំស៊ូទ្រាំនឹងការសាកល្បងរបស់ខ្ញុំយ៉ាងដូចម្ដេច ?
កងទ័ពសាសន៍លេមិនបានដេញតាមប្រជាជនរបស់លិមហៃ ប៉ុន្ដែពួកគេបានវង្វេង ។ ទីបំផុត ពួកគេបែរជារកឃើញពួកសង្ឃទុច្ចរិតរបស់ស្ដេចណូអេ ដែលបានចូលរួមនឹងកងទ័ពសាសន៍លេមិន ។ ខណៈកំពុងធ្វើដំណើរនៅក្នុងទីរហោស្ថាន ពួកគេបានរកឃើញប្រជាជនសុចរិតរបស់អាលម៉ា ហើយបានដាក់ពួកគេទៅក្នុងសេវកភាព ។ អាមូឡុន ដែលជាសង្ឃទុច្ចរិតម្នាក់របស់ស្ដេចណូអេ ត្រូវបានតែងតាំងដោយស្ដេចសាសន៍លេមិនឲ្យគ្រប់គ្រងលើប្រជាជនរបស់អាលម៉ា ។ អាមូឡុនចាត់ឲ្យមានអ្នកឃ្លាំមើលប្រជាជន ហើយគំរាមថានឹងសម្លាប់ចោល បើឃើញនរណាម្នាក់អធិស្ឋាន ។ ( សូមមើល ម៉ូសាយ ២២:១៥–១៦; ២៣:២៥–២៤:១; ២៤:៨–១១ ) ។
ប្រជាជនរបស់អាលម៉ាបានអនុវត្តសេចក្ដីជំនឿ និងការអត់ធ្មត់ ហើយទីបំផុត ព្រះអម្ចាស់បានរំដោះពួកគេ ។ ទ្រង់បាន « សណ្ដំឲ្យពួកលេមិនដេកលក់ស្កប់ » ( ម៉ូសាយ ២៤:១៩ ) ដែលអនុញ្ញាតឲ្យអាលម៉ា និងប្រជាជនរបស់លោកគេចខ្លួនទៅកាន់ដែនដីសារ៉ាហិមឡាបាន ។ ( សូមមើល ម៉ូសាយ ២៤:១៧–២៥ ) ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីបទពិសោធន៍នេះដូច្នេះ ៖
ឧបសគ្គ និងទុក្ខលំបាកមិនត្រូវបានដកចេញពីប្រជាជននោះភ្លាមៗនោះទេ ។ ប៉ុន្តែអាលម៉ា និងបងប្អូនលោក ត្រូវបានចម្រើនកម្លាំង ហើយបង្កើនសមត្ថភាពពួកគេ ដែលធ្វើឲ្យបន្ទុករបស់ពួកគេបានស្រាលឡើង ។ …
បន្ទុកជាក់លាក់មួយនៅក្នុងជីវិតរបស់យើងម្នាក់ៗ ជួយឲ្យយើងពឹងផ្អែកទៅលើគុណបំណាច់ សេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះមែស៊ីដ៏បរិសុទ្ធ ( សូមមើល នីហ្វៃទី២ ២:៨ ) ។ ខ្ញុំសូមថ្លែងទីបន្ទាល់ និងសន្យាថា ព្រះអង្គសង្គ្រោះនឹងជួយយើងឲ្យរែកបន្ទុកដោយងាយ ( សូមមើល ម៉ូសាយ ២៤:១៥ ) ។ ពេលយើងត្រូវបានទឹមជាមួយទ្រង់តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋ ហើយទទួលអំណាចដ៏មានអានុភាពនៃដង្វាយធួន [ របស់ទ្រង់ ] … ក្នុងជីវិតរបស់យើង នោះយើងនឹងព្យាយាមយល់ ហើយរស់នៅតាមព្រះឆន្ទៈរបស់ទ្រង់កាន់តែខ្លាំង ។ យើងក៏នឹងអធិស្ឋានសូមកម្លាំងដើម្បីរៀនសូត្រ ផ្លាស់ប្តូរ ឬទទួលយកស្ថានភាពយើង ជាជាងអធិស្ឋានមិនឈប់ឈរទូលសូមព្រះឲ្យផ្លាស់ប្ដូរស្ថានភាពយើងស្របតាមចិត្តយើងនោះដែរ ។( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៩, ៩០ )