ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ


« មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហែរម៉ាន់ ក្លេមិនហ្ស៍

តើ​អ្នក​មាន​អារម្មណ៍ និង​យោបល់​អ្វីខ្លះ ពេល​អ្នក​គិត​អំពី​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ? ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការយល់ដឹង​ពេញ​លេញ និង​ការយល់ដឹង​ជា​ផ្លូវការ​បំផុត​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​រក​ឃើញ​គ្រប់​ទីកន្លែង » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ) ។ នៅពេល​អ្នក​សិក្សា​អ្វី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ សូម​គិត​អំពី​របៀប​ដែល​ទ្រង់​បាន​ប្រោសលោះ​អ្នក​ចេញពី​ឥទ្ធិពល​នៃ​ការធ្លាក់ ហើយ​ធ្វើឲ្យ​អ្នក​អាច​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​បាន ។

ផ្នែក​ទី ១

ហេតុអ្វី​ខ្ញុំ​ត្រូវ​ឱប​ក្រសោប​យក​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

នៅ​ប្រហែល​ឆ្នាំ ៧៤ មុន គ.ស. ព្យាការី​អាលម៉ា​បាន​ទៅបម្រើ​បេសកកម្ម​ក្នុង​សាសន៍​សូរាំ ដែល​សាសន៍​នេះ​បាន​ធ្វើឲ្យ​ខូច​ទម្រង់​នៃ​ការថ្វាយ​បង្គំ ហើយ​បាន​បង្រៀន​ថា « នឹង​ពុំ​មាន​ព្រះ​គ្រីស្ទ​ទេ » ( អាលម៉ា ៣១:១៦ ) ។ នៅពេល​អាលម៉ា និង​អាមូលេក​បាន​ផ្សាយ​ដំណឹងល្អ​ទៅកាន់​សាសន៍​សូរាំ​ក្រីក្រ​មួយ​ក្រុម ដែល​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ទីកន្លែង​ថ្វាយ​បង្គំ​របស់​ពួកគេ នោះ​ពួកលោក​បាន​បង្រៀន​ពួកគេ​ពី​របៀប​ថ្វាយបង្គំ​ព្រះ ហើយ​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​មុតមាំ​ថា ព្រះគ្រីស្ទ​នឹង​យាង​មក ហើយ​ធ្វើ​ដង្វាយធួន​ដ៏​និរន្ដរ៍​មួយ ។

យើង​ដឹង​ចេញពី​បទគម្ពីរ និង​វិវរណៈ​សម័យ​ទំនើប​ថា « ដង្វាយធួន [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] មាន​រួម​នូវ​ការរងទុក្ខ​ជំនួស​អំពើបាប​នៃ​មនុស្ស​លោក​នៅក្នុង​សួនច្បារ​គែតសេម៉ានី ការច្រួច​ព្រះលោហិត​របស់​ទ្រង់ និង​ការសុគត​របស់​ទ្រង់ និង​ដំណើរ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​ពី​ផ្នូរ​មក​វិញ​បន្ត​បន្ទាប់​មក » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ធ្វើឲ្យ​ធួន ដង្វាយធួន » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៣៤:៨–១០ ហើយ​រកមើល​អ្វី​ដែល​អាមូលេក​បាន​បង្រៀន​អំពី​តម្រូវការ​របស់​យើង​ដើម្បី​មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការឆ្កាង​ព្រះគ្រីស្ទ ដោយ លូអីស ផាកកឺ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​អំពី​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះអង្គ​សង្គ្រោះ​ដូច​តទៅ​នេះ ៖

ប្រធាន រ័សុល អិម ណិលសុន

ដង្វាយធួន​របស់ [ ព្រះយេស៊ូវ​គ្រីស្ទ ] គឺ​និរន្ដរ៍—គ្មាន​ទីបញ្ចប់ ។ វា​ក៏ជា​និរន្ដរ៍​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ៍​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ វា​មាន​ទំហំ​និរន្ដរ៍​ក្នុង​ពេលវេលា ដោយ​ការបញ្ចប់​គំរូ​ដើម​ពីមុន​នៃ​យញ្ញបូជា​សត្វ ។ វា​មានទំហំ​អនន្ដ—វា​ត្រូវ​ធ្វើ​តែ​ម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដីមេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិនត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏​ច្រើន​មហិមា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​អនន្ដ​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្កើត​ផង​ដែរ ។ វា​មាន​ចំនួន​អនន្ដ​លើស​ពី​ទំហំ​នៃ​រង្វាស់ ឬ​ការ​យល់ដឹង​ខាង​សាច់​ឈាម​ណា​មួយ​របស់​មនុស្ស​ទៅ​ទៀត ។

ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរ៍​មួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រសូត​ពី​ម្ដាយ​ជា​សាច់​ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ដ៏​អមតៈ​មួយអង្គ ។ ដោយសារ​តែ​អំណាច​មរដក​របស់​បងច្បង​ដ៏​វិសេស​នោះ​ហើយ ទើប​ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​និរន្ដរ៍ ។( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )

ម៉ារា​ទូល​ជាមួយ​នឹង​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ

ព្យាការី​យ៉ាកុប​ក៏​បាន​ថ្លែង​ទេសនកថា​ដ៏​មាន​អានុភាព​មួយ​ផងដែរ ដែល​ថ្លែង​ពី​តម្រូវការ​របស់​យើង​ដើម្បី​មាន​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះអម្ចាស់ និង​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​រំដោះ​យើង​ចេញពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង​ផលវិបាក​នៃ​អំពើបាប​របស់​យើង ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សិក្សា នីហ្វៃ​ទី​២ ៩:៦–១០, ១៩–២២ ដោយ​រកមើល​អ្វី​ដែល​នឹង​កើតឡើង បើ​គ្មាន​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះអង្គ​សង្គ្រោះ​ទេ​នោះ ។

យើង​អាច​ទុកចិត្ត​ទាំងស្រុង​បាន​ថា តាមរយៈ​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​ត្រូវបាន​សម្អាត​ឲ្យ​ស្អាត ។ ប្រធាន ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ បាន​ផ្ដល់​ការហាមប្រាម​ដូច​ខាងក្រោម​នេះ​អំពី​ការដាក់​ព្រំដែន​លើ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ៖

ប្រធាន ថាត អរ ខាលីស្ទើរ

មាន​គ្រាមួយ ខ្ញុំ​បាន​ជួប​នឹង​ពួក​បរិសុទ្ធ​ល្អៗ​ដែល​មាន​ការពិបាក​នឹង​អភ័យទោស​ឲ្យ​ខ្លួន​ឯង ដែល​ជា​មនុស្ស​ដែល​បាន​ដាក់ដែន​កំណត់​ពុំ​ត្រឹមត្រូវ​ទៅ​លើ​ព្រះចេស្ដា​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អចេតនា ។ ដោយ​អចេតនា ពួកគេ​បាន​កែប្រែ​ដង្វាយធួន​ដ៏​និរន្ដរ៍​មួយ​ទៅ​ជា​ដង្វាយ​ធួន​ដែល​មាន​កំណត់ ដែល​ពុំ​អាច​បំពេញ​បន្ថែម​ដល់​អំពើ​បាប ឬ​ភាព​ទន់​ខ្សោយ​ជាក់​លាក់​របស់​ពួកគេ ។ ប៉ុន្តែ​វា​គឺជា​ដង្វាយធួន​ជា​និរន្តរ៍​មួយ ដោយសារ​វាមាន​រាប់បញ្ចូល​នូវ​រាល់​អំពើ​បាប និង​ភាពទន់ខ្សោយ ក៏​ដូចជា​រាល់​ការបំពាន ឬ​ការឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ដទៃ​ផង​ដែរ ។( « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៦ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការដឹង​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​និរន្ដរ៍ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​យល់ ហើយ​ឆ្លើយតប​នឹង​ការលំបាក និង​ទុក្ខ​កង្វល់​ផ្ទាល់​របស់​អ្នក​ដោយ​របៀប​ណា ? តើ​អ្នក​ពិតជា​ជឿ​ថា ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​សង្គ្រោះ​អ្នក​បាន​មែន​ឬ ?

ផ្នែក​ទី ២

តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​តាម​របៀប​ណា ?

នៅពេល​ស្ដេច​បេនយ៉ាមីន​ជិត​ចូល​ទិវង្គត ទ្រង់​បាន​ថ្លែង​ទេសនកថា​ដ៏​មាន​អានុភាព​មួយ ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ​ទៅកាន់​ប្រជាជន​របស់​ទ្រង់ ។ អំឡុង​ទេសនកថា​នេះ ទ្រង់​បាន​ចែកចាយ​អ្វី​ដែល​ទេវតា​បាន​បង្រៀន​ទ្រង់​អំពី​ការងារ​បម្រើ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​បង្រៀន​ថា យើង​អាច​យកឈ្នះ​លើ​ផ្នែក​នៃ​មនុស្ស​ខាង​សាច់ឈាម ឬ​ការមាន​អំពើបាប​ក្នុង​ខ្លួន​យើង​បាន តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ៣:១៩ ហើយ​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​យកឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម ។

ប្រជារាស្ដ្រ​របស់​ស្តេច​បេនយ៉ាមីន​កំពុង​អធិស្ឋាន

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការយល់ដឹង​អំពី​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ដូច​ខាង​ក្រោម ៖

អែលឌើរ ដេវីឌ អេ បែដណា

ក្នុង​កម្រិត​ខ្លះ មនុស្ស​ខាង​សាច់ឈាម​ដែល​បាន​ពិពណ៌នា​ដោយ​ស្ដេច​បេនយ៉ាមីន គឺ​រស់​រវើក​នៅ​ក្នុង​ខ្លួន​យើង​ម្នាក់ៗ ( សូមមើល ម៉ូសាយ ៣:១៩ ) ។ បុរស ឬ​ស្ដ្រី​ខាង​សាច់ឈាម​គ្មាន​ការប្រែចិត្ត ជា​មនុស្ស​លោកិយ ហើយ​ត្រេក​ត្រអាល ( សូមមើល ម៉ូសាយ ១៦:៥; អាលម៉ា ៤២:១០; ម៉ូសេ ៥:១៣ ) បណ្ដោយ​ខ្លួន​ហួស​ប្រមាណ ហើយ​អំនួត និង​អាត្មា​និយម ។ ដូច​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « ‹ មនុស្ស​ខាង​សាច់ឈាម › ជា ‹ មនុស្ស​លោកិយ › ដែល​បណ្ដោយ​ឲ្យ​តណ្ហា​ដ៏​កម្រោល​នៃ​សត្វ​គ្របដណ្ដប់​ភាពសមសួន​របស់​ខ្លួន » ( « Ocean Currents and Family Influences » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ១១២ ) ។ …

លក្ខណៈ​ដ៏​ជាក់លាក់​នៃ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ អាច​សង្ខេប​ទៅជា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ទោរទន់​ទៅ​រក​ភាព​ខាង​សាច់ឈាម ឬ​ព្រម​ចុះចូល​តាម​ការបញ្ចុះ​បញ្ចូល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់​ឈាម ហើយ​ក្លាយជា​ពួកបរិសុទ្ធ​ម្នាក់​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​ដែរ​ឬ​ទេ ( សូម​មើល ម៉ូសាយ ៣:១៩ ) ? នោះ​ជា​ការសាកល្បង ។ រាល់​ការស្រេក​ឃ្លាន ក្ដី​ប្រាថ្នា ទំនោរ​ចិត្ត និង​ការជំរុញ​នៃ​ភាព​ខាង​សាច់ឈាម​អាច​ឈ្នះ​បាន​ដោយ និង​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រស់នៅ​លើ​ផែនដី​នេះ ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះ និង​ដើម្បី​ទប់ចិត្ត​នឹង​រាល់​តណ្ហា​ខាង​សាច់ឈាម ។( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២,៤៣ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​គ្រប់គ្រង ឬ​យកឈ្នះ​លើ​ចំណង់​ស្រេកឃ្លាន និង​ការជម្រុញ​ចិត្ត​នៃ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ដែរ​ឬទេ ? តើ​ការបង្រៀន​នៅក្នុង ម៉ូសាយ ៣:១៩ អាច​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​សង្ឃឹម​ថា អ្នក​អាច​ធ្វើការ​ផ្លាស់ប្ដូរ​សុចរិត ហើយ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?