ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន ៖ ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះយេស៊ូវគ្រីស្ទ


« មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន ៖ ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ៧ ឯកសារ​គ្រូបង្រៀន

ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​រឹងមាំ​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​មរមន​ពង្រីក​ការយល់ដឹង​របស់​យើង​អំពី​ទំហំ និង​ជម្រៅ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ចេញពី​ព្រះគម្ពីរ​នេះ យើង​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​មិន​ត្រឹមតែ​ប្រទាន​ឲ្យ​យើង​មាន​ឱកាស​បាន​ស្អាត​ពី​អំពើបាប​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ទ្រង់​ថែម​ទាំង​អាច​លួងលោម និង​ជួយ​យើង ពេល​យើង​រង​ការឈឺចាប់ និង​ភាពទន់ខ្សោយ​ផងដែរ ។ អំឡុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់ និង​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ​នេះ ។ សិស្ស​ក៏​នឹង​មាន​ឱកាស​ដើម្បី​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បន្ដ​យាង​ព្រះគុណ​របស់​ព្រះអម្ចាស់​មក​ក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ចាប់ផ្ដើម​ដោយ​គិត​ដល់​សិស្ស​ក្នុង​ចិត្ត ។ សិស្ស​មក​ថ្នាក់រៀន​ដោយ​មាន​បទពិសោធន៍ ចំណេះដឹង និង​សំណួរ​ជាមុន​រួចហើយ ។ យើង​អាច​អនុញ្ញាត​ឲ្យ​ការយល់ដឹង​ថ្មីៗ​របស់​អ្នករៀន​ធ្វើជា​ចំណុច​ចាប់ផ្ដើម ពេល​យើង​ណែនាំ​ពួកគេ​ក្នុង​ដំណើរការ​រៀនសូត្រ​នេះ ។ នៅ​ពេញ​មួយ​វគ្គ​សិក្សា​នេះ នៅពេល​អ្នក​ចាប់ផ្ដើម​បង្រៀន ឬ​ចាប់ផ្ដើម​និយាយ​អំពី​ប្រធាន​មួយ​ចំនួន សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ដឹង​ពី​សំណួរ និង​ការយល់ដឹង​ដែល​សិស្ស​សង្ឃឹម​ចង់​ពិភាក្សា រួចហើយ​កែសម្រួល​ផែនការ​របស់​អ្នក តាម​ដែល​ព្រះវិញ្ញាណ​ដឹកនាំ ។

អាលម៉ា​ជាកូន​បង្រៀន​ប្រជាជន​នៅ​គេឌាន​ថា ព្រះអម្ចាស់​នឹង​ជួយ​ប្រជារាស្ដ្រ​របស់​ទ្រង់ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ដូច​ខាងក្រោម​នេះ ហើយ​សួរ​ថា « តើ​យើង​អាច​ដក​ពិសោធន៍​ការពិបាក ការឈឺចាប់ ឬ​ទុក្ខវេទនា​អ្វីខ្លះ​ដែល មិនមែន ជា​លទ្ធផល​នៃ​ជម្រើស​ដែល​មាន​បាប​នោះ ? » ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

ស្ត្រី​​យំ
យុវជន​ដេក​សម្រាក​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ
យុវនារី​ក្រៀមក្រំ
បុរស​នៅលើ​រទេះ​រុញ

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​ដើម្បី​សញ្ជឹងគិត ( ហើយ​ប្រហែល​សរសេរ​ផងដែរ ) ពី​ឧបសគ្គ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការឈឺចាប់ ឬ​ការរងទុក្ខ​ចំពោះ​ពួកគេ ឬ​ចំពោះ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ ។

សូម​រំឭក​សិស្ស​ថា នៅពេល​អាលម៉ា​ជា​កូន​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន​ដ៏​ស្មោះត្រង់​នៅ​គេឌាន លោក​បាន​បង្រៀន​ពួកគេ​អំពី​របៀប​ដែល​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ជាមួយ​នឹង​ការឈឺចាប់ និង​ទុក្ខវេទនា​ដែល មិន បណ្ដាល​មកពី​អំពើបាប​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក អាលម៉ា ៧:១១–១២ ហើយ​រកមើល​ឃ្លា​ណាមួយ​ដែល​លេចធ្លោ​ចំពោះ​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​អត្ថន័យ​នៃ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង​មូលហេតុ​ដែល​វា​សំខាន់​ចំពោះ​ពួកគេ ។

ដើម្បី​ជួយ​ធ្វើឲ្យ​ការយល់ដឹង​របស់​សិស្ស​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជ្រាប​ពី​របៀប​ជួយ​ប្រជារាស្ដ្រ​របស់​ទ្រង់ អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន ៖

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

[ ជួយ ] ត្រូវ​បាន​ប្រើ​នៅ​ក្នុង​បទគម្ពីរ​ជា​រឿយៗ ដើម្បី​ពិពណ៌នា​អំពី​ការខ្វល់​ខ្វាយ និង​ការយក​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះគ្រីស្ទ​ចំពោះ​យើង ។ តាម​ពិត​វា​មាន​ន័យ​ថា « រត់​ទៅ​ជួយ » ។ វា​ជា​វិធី​ដ៏​រុងរឿង​យ៉ាង​ពិត​ប្រាកដ​មួយ ដើម្បី​ពិពណ៌នា​អំពី​ការខិតខំ​ជា​បន្ទាន់​របស់​ព្រះអង្គ​សង្គ្រោះ​ជំនួស​ឲ្យ​យើង​នោះ ។ ទោះបីជា​ទ្រង់​ហៅ​យើង​ឲ្យ​មករក​ទ្រង់ ហើយ​ធ្វើតាម​ទ្រង់​ក្ដី ក៏​ទ្រង់​មិន​ដែល​ខកខាន​រត់​មក​ជួយ​យើង​ដែរ ។( « Come unto Me » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​ថ្ងៃ​ទី ២ ខែ មីនា ឆ្នាំ ១៩៩៧ ] ទំព័រ ៩ នៅលើ​គេហទំព័រ speeches.byu.edu )

ក្រោយពី​ការពិភាក្សា​អំពី​ការបង្រៀន​ចេញពី អាលម៉ា ៧:១១–១២ សូម​ជួយ​សិស្ស​ឲ្យ​រក​គោលការណ៍​មួយ​ដែល​ស្រដៀង​នឹង​អ្វី​ដូច​តទៅ​នេះ ៖ ព្រះអង្គ​សង្គ្រោះ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់ ជំងឺ និង​ការល្បួង​របស់​យើង ដើម្បី​ទ្រង់​អាច​ជួយ​យើង ពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

  • ហេតុអ្វី​វា​មាន​សារៈសំខាន់​ដែល​ត្រូវ​យល់​ពី​ផ្នែក​នៃ​គោលលទ្ធិ​នេះ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​សេចក្ដីពិត​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​និស្ស័យ និង​ចរិត​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ការមាន​សេចក្ដី​ជំនឿ​លើ​សេចក្ដីពិត​នេះ​អាច​ជួយ​អ្នក ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក អំឡុងពេល​ប្រឈម​នឹង​ឧបសគ្គ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ?

សូម​អាន សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ បែដណា មកពី​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ រួម​គ្នា​ជា​ថ្នាក់ ឬ​ជា​ក្រុម​តូចៗ ហើយ​ពិភាក្សា​ពី​សំណួរ​មកពី​ឯកសារ​រៀបចំ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះអង្គ​សង្គ្រោះ​ឈោង​មក​ជួយ លួងលោម ឬ​ពង្រឹង​អ្នក ពេល​អ្នក​បាន​ជួប​នឹង​ឧបសគ្គ​ក្នុង​ជីវិត​របស់​អ្នក​នៅពេល​ណា​ដែរ ?

ព្រះអម្ចាស់​បង្រៀន​មរ៉ូណៃ​អំពី​ព្រះចេស្ដា​នៃ​ព្រះគុណ​របស់​ទ្រង់ ។

សូម​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មកជាមួយ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​អារម្មណ៍​របស់​មរ៉ូណៃ​អំពី​សមត្ថភាព​របស់​លោក​ក្នុង​ការសរសេរ​គម្ពីរ​ដ៏​បរិសុទ្ធ ។ ( បើ​ចាំបាច់ សូម​រំឭក អេធើរ ១២:២៣–២៥ ជាមួយ​នឹង​សិស្ស ) ។

មរ៉ូណៃ​លាក់​ផ្ទាំង​ចំណារ​នៅ​ភ្នំ​គូម៉ូរ៉ា ដោយ ថម ឡូវេល

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​សរសេរ ឬ​សញ្ជឹង​គិត​ពី​ភាពមិន​គ្រប់គ្រាន់ និង​ភាពទន់ខ្សោយ​របស់​ពួកគេ​មួយ​ចំនួន ។

សូម​អាន អេធើរ ១២:២៧ រួមគ្នា ហើយ​សូម​ឲ្យ​សិស្ស​រកមើល​គោលការណ៍​នានា ដែល​អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ភាពទន់ខ្សោយ​របស់​យើង​តាម​របៀប​របស់​ព្រះអម្ចាស់​បាន ។ សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូចនេះ ៖ នៅពេលល​យើង​មករក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ភាពទន់ខ្សោយ​របស់​យើង ។ ការទទួល​ស្គាល់​ភាពទន់ខ្សោយ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​មាន​ការបន្ទាប​ខ្លួន ។ នៅពេល​យើង​បន្ទាប​ខ្លួន​យើង ហើយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​ព្រះគុណ​របស់​ទ្រង់​អាច​ធ្វើឲ្យ​ភាពទន់ខ្សោយ​របស់​យើង​ក្លាយទៅជា​ខ្លាំងពូកែ​វិញ។ សូម​បង្ហាញ​សេចក្ដីពិត​ដែល​សិស្ស​រកឃើញ ដើម្បី​ពួកគេ​អាច​យោង​ទៅ​វា​នៅក្នុង​សកម្មភាព​បន្ទាប់​នេះ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​យល់ពី​គោលការណ៍ និង​គោលលទ្ធិ ។ ក្រោយពី​សិស្ស​រកឃើញ​គោលការណ៍ និង​គោលលទ្ធិ​ចេញពី​បទគម្ពីរ និង​ពាក្យសម្ដី​របស់​ព្យាការី​ហើយ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ និង​ភាពខុសគ្នា​នៃ​សេចក្ដីពិត​ទាំងនេះ ព្រមទាំង​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។ ចំណេះដឹង និង​ការយល់ដឹង​នេះ​អាច​កើត​មាន នៅពេល​សិស្ស​ពន្យល់​ពី​សេចក្ដី​ថ្លែង​ការណ៍​នៃ​គោលលទ្ធិ ឬ​គោលការណ៍​មួយ ហើយ​ចែកចាយ​ឧទាហរណ៍ និង​បទពិសោធន៍​ដែល​ទាក់ទង​នឹង​វា ។ សូម​អធិស្ឋាន​សូម​ជំនួយ​ដើម្បី​សួរ​សំណួរ​ដែល​បើក​គំនិត និង​ដួងចិត្ត​របស់​សិស្ស​ឲ្យ​ឃើញ​ភាពពាក់ព័ន្ធ និង​សារៈសំខាន់​នៃ​គោលការណ៍​ដែល​ពួកគេ​រកឃើញ​នេះ ។

ជាថ្នាក់​រួមគ្នា ឬ​ជា​ក្រុម​តូចៗ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​គោលការណ៍​ទាំងនេះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត និង​មាន​អារម្មណ៍​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត​អំពី​គោលការណ៍​ទាំងនេះ អ្នក​អាច​បង្ហាញ​សំណួរ​ខាង​ក្រោម​នេះ​មួយ​ចំនួន ហើយ​ឲ្យ​សិស្ស​ជ្រើសរើស​សំណួរ​ណាមួយ​ដើម្បី​ពិភាក្សា​ជាមួយគ្នា ។ ប្រហែល​ជា​អ្នក​នឹង​មិនមាន​ពេល​ដើម្បី​ពិភាក្សា​ពី​សំណួរ​ទាំងអស់​នោះ​ទេ ។

សូម​ថ្លែង​ទីបន្ទាល់ ( ឬ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់ ) អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ជាពិសេស​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ទុក្ខ​វេទនា ទុក្ខសោក ភាពទន់ខ្សោយ និង​ភាពមិន​គ្រប់គ្រាន់ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត ឬ​កត់ត្រា​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន ដែល​ពួកគេ​មាន​អំឡុង​ម៉ោង​រៀន​នៅ​ថ្ងៃនេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​កាន់តែ​ខ្លាំង​ថែម​ទៀត ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​ភាពទន់ខ្សោយ​ដែល​អ្នក​កំពុង​មាន​នាពេល​បច្ចុប្បន្ន ដោយ​ការបន្ទាបខ្លួន និង​សេចក្ដី​ជំនឿ​ដ៏​ខ្លាំងក្លា​លើ​ព្រះគ្រីស្ទ ?

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​គិត​ដល់​សំណួរ​ដែល​ពួកគេ​អាច​មាន​អំពី​ពិភព​វិញ្ញាណ ការរស់​ឡើង​វិញ ឬ​ការកាត់​សេចក្ដី​លើក​ចុងក្រោយ ។ នៅពេល​ពួកគេ រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​រៀបចំ​សម្រាប់​ជីវិត​ក្រោយពី​ការស្លាប់ ។