« មេរៀនទី ៨ ឯកសារគ្រូបង្រៀន ៖ ជីវិតបន្ទាប់ពីសេចក្ដីស្លាប់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ៨ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ៨ ឯកសារគ្រូបង្រៀន
ជីវិតបន្ទាប់ពីសេចក្តីស្លាប់
នៅពេលសិស្សបញ្ចប់ជំពូកទី ២ « ផែនការដ៏មហិមានៃសេចក្ដីប្រោសលោះ » នោះពួកគេនឹងមានឱកាសពន្យល់ពីរបៀបដែលការយល់ដឹងត្រឹមត្រូវមួយអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ អាចផ្ដល់ឲ្យពួកគេនូវការលួងលោម និងសេចក្ដីសង្ឃឹមដ៏កើនឡើងនៅក្នុងជីវិតនេះ ។ ពួកគេក៏នឹងស្គាល់សកម្មភាពដែលពួកគេអាចធ្វើបាន ដើម្បីរៀបចំខ្លួនគេឲ្យកាន់តែប្រសើរឡើងដើម្បីទៅជួបនឹងព្រះ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា និងអាមូលេកបង្រៀនអំពីពិភពវិញ្ញាណ និងដំណើររស់ឡើងវិញ ។
សូមចាប់ផ្ដើមបង្រៀនដោយការប្រាប់ពីស្ថានភាពខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យពិភាក្សាពីអ្វីដែលពួកគេនឹងនិយាយ ឬរបៀបដែលពួកគេនឹងឆ្លើយតប ៖
សូមឲ្យសិស្សរំឭក អាលម៉ា ១១:៤៣–៤៤ និង អាលម៉ា ៤០:១១–១៤ ដោយរកមើលសេចក្ដីពិតអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ដែលអាចធ្វើឲ្យម្ដាយរបស់អាណាមានការលួងលោមចិត្ត និងសេចក្ដីសង្ឃឹម ។ ( សិស្សអាចរកឃើញគោលការណ៍ដូចតទៅនេះ ៖ ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះមនុស្សទាំងអស់នឹងបានរស់ឡើងវិញ ហើយនាំទៅឈរនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះដើម្បីទទួលការកាត់សេចក្ដី ។ នៅឯការរស់ឡើងវិញ រូបកាយរបស់យើងនឹងបានល្អឥតខ្ចោះ ។ ប្រសិនបើយើងសុចរិត នោះយើងនឹងបានសម្រាកពីបញ្ហា និងទុក្ខសោកទាំងអស់របស់យើងនៅពិភពវិញ្ញាណ ) ។
-
តើការបង្រៀនរបស់អាលម៉ា និងអាមូលេកអំពីការរស់ឡើងវិញត្រង់ណា ដែលអ្នកចាប់អារម្មណ៍បំផុត ? តើការមានទីបន្ទាល់អំពីការរស់ឡើងវិញ អាចជួយយើងឲ្យប្រឈមនឹងឧបសគ្គក្នុងជីវិតរមែងស្លាប់ដោយមានសេចក្ដីសង្ឃឹម និងទឹកចិត្តក្លៀវក្លាដោយរបៀបណា ? ( សូមពិចារណាអាន សេចក្ដីថ្លែងការណ៍របស់ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។
-
តើយើងដឹងអ្វីផ្សេងទៀត អំពីពិភពវិញ្ញាណចេញពីព្រះគម្ពីរ និងវិវរណៈសម័យទំនើប ? ( អ្នកអាចសុំឲ្យសិស្សរំឭក សេចក្ដីថ្លែងការណ៍ដោយប្រធាន ដាល្លិន អេក អូក នៅក្នុងផ្នែកទី ១ នៅក្នុងឯកសាររៀបចំ ) ។
-
តើគោលលទ្ធិរបស់ព្រះអម្ចាស់អំពីពិភពវិញ្ញាណ និងការរស់ឡើងវិញបង្ហាញពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះយើងយ៉ាងដូចម្តេចខ្លះ ?
សូមឲ្យសិស្សពិចារណាដោយស្ងាត់ស្ងៀមអំពីអ្នកដែលអាចត្រូវការស្ដាប់ឮទីបន្ទាល់របស់ពួកគេអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ និងរបៀបដែលពួកគេអាចចែកចាយទីបន្ទាល់របស់ពួកគេជាមួយអស់អ្នកដែលត្រូវការស្ដាប់ឮវា ។ ( សូមទុកពេលឲ្យសិស្សសញ្ជឹងគិតពីចម្លើយរបស់ពួកគេ ) ។
កំណត់ចំណាំ ៖ សិស្សអាចបានស្ដាប់ឮគំនិតយោបល់ខុសៗគ្នាអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ។ សូមរំឭកពួកគេថា យើងគួរតែប្រើប្រាស់ធនធានដែលបានតែងតាំងមកពីព្រះ ដូចជាព្រះគម្ពីរ និងការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រដើម្បីវាយតម្លៃពីគំនិតយោបល់ទាំងនេះ ។ អ្នកអាចឃើញថាវាមានប្រយោជន៍ដើម្បីចែកចាយ និងពិភាក្សានូវការព្រមានមកពីប្រធាន ដាល្លិន អេក អូក ដូចខាងក្រោមនេះ ៖
ដូច្នេះ [ លើសពីអ្វីដែលយើងរៀនមកពីព្រះគម្ពីររបស់យើង ] តើយើងដឹងអ្វីខ្លះទៀតអំពីពិភពវិញ្ញាណ ? សមាជិកជាច្រើននៃសាសនាចក្របានមានការនិមិត្ត ឬការបំផុសគំនិតផ្សេងៗទៀតដែលប្រាប់ពួកគេអំពីរបៀបដំណើរការ និងរៀបចំកិច្ចការនានានៅក្នុងពិភពវិញ្ញាណ ប៉ុន្តែបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនទាំងនេះគឺមិនត្រូវធ្វើឲ្យយល់ ឬបង្រៀនជាគោលលទ្ធិផ្លូវការរបស់សាសនាចក្រឡើយ ។ ហើយពិតណាស់ មានការប៉ាន់ស្មានជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់សមាជិក និងមនុស្សផ្សេងទៀតទៅលើធនធានដែលបានបោះពុម្ពដូចជាសៀវភៅទាំងឡាយអំពីបទពិសោធន៍ដែលហៀបនឹងស្លាប់ ។( « Trust in the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៧ )
អាលម៉ា និងអាមូលេកបង្រៀនថា យើងគួរតែប្រុងប្រៀបទៅជួបព្រះ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖
-
ខ្ញុំស្គាល់មនុស្សដែលមិនគោរពតាមបទបញ្ញត្តិ ហើយនិយាយថា « វាមិនមែនជារឿងធំដុំអ្វីទេ ដោយសារខ្ញុំអាចប្រែចិត្តតាមក្រោយបានជានិច្ច » ។
-
ព្រះពេញទៅដោយសេចក្តីស្រឡាញ់ ។ ទ្រង់មិនទុកឲ្យខ្ញុំនៅក្រៅនគរសេឡេស្ទាល ដោយព្រោះតែខ្ញុំគ្រាន់តែមិនបានប្រែចិត្តពីអំពើបាបពីរបីនោះទេ ។
-
មិនថាខ្ញុំខិតខំខ្លាំងប៉ុណ្ណាទេ ខ្ញុំនឹងបរាជ័យជានិច្ច ហើយនឹងមិនដែលបានរៀបចំខ្លួនរួចរាល់ដើម្បីជួបព្រះឡើយ ។
សូមពិចារណាបង្កើតសិស្សជាក្រុមតូចៗ ហើយឲ្យក្រុមនីមួយៗជ្រើសរើសសេចក្ដីថ្លែងការណ៍មុនមួយ ដែលពួកគេចង់ពិភាក្សា ។ សូមអញ្ជើញក្រុមនីមួយៗឲ្យអាន អាលម៉ា ៣៤:៣២–៣៤ ហើយប្រើប្រាស់ការបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ដើម្បីវាយតម្លៃពីសេចក្ដីថ្លែងការណ៍ដែលពួកគេបានជ្រើសរើស ។ អ្នកអាចចែកសំណួរខាងក្រោមនេះដល់ក្រុមនីមួយៗ ដើម្បីជួយធ្វើឲ្យការពិភាក្សារបស់ពួកគេកាន់តែស៊ីជម្រៅ ៖
-
តើផ្នែកណានៃសេចក្ដីថ្លែងការណ៍នេះគឺពិត ហើយតើផ្នែកណាដែលអាចខុស ឬនាំឲ្យយល់ខុស ?
-
តើមានគោលការណ៍អ្វីដែលត្រូវបានបង្រៀននៅក្នុង អាលម៉ា ៣៤:៣២–៣៤ ដែលទាក់ទងខ្លាំងបំផុតនឹងសេចក្ដីថ្លែងការណ៍នេះ ? តើអ្នកនឹងពន្យល់ពីគោលការណ៍ទាំងនេះដល់នរណាម្នាក់ដែលបាននិយាយដូច្នេះយ៉ាងដូចម្ដេច ? ( សិស្សអាចរកឃើញ ហើយពន្យល់ពីគោលការណ៍មួយចំនួនដូចតទៅនេះ ៖ ជីវិតនេះគឺជាពេលវេលាដើម្បីប្រុងប្រៀបខ្លួនទៅជួបព្រះ ហើយធ្វើកិច្ចការរបស់យើង ។ យើងប្រុងប្រៀបខ្លួនទៅជួបព្រះ តាមរយៈការប្រែចិត្ត និងការកែលម្អខ្លួននៅថ្ងៃនេះ ។ ប្រសិនបើយើងពន្យារពេលការប្រែចិត្តរបស់យើង នោះយើងនឹងមិនបានត្រៀមខ្លួនទៅជួបព្រះឡើយ ) ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីសំណួរទាំងនេះហើយ សូមឲ្យក្រុមមួយចំនួនឡើងចែកចាយពីអ្វីដែលពួកគេបានរៀនជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
តើមានរឿងណាខ្លះដែលរារាំងយើងមិនឲ្យរៀបចំខ្លួនទៅជួបនឹងព្រះ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
សូមរំឭកសិស្សថា អាលម៉ាបានសួរសំណួរមួយចំនួន ដែលធ្វើឲ្យប្រជាជនសារ៉ាហិមឡានឹកសួរដល់ព្រលឹងរបស់ខ្លួន ។ ( សិស្សបានរំឭកពីសំណួរទាំងនេះ នៅពេលពួកគេបានសិក្សា អាលម៉ា ៥:១៥–១៧, ១៩, ២៧ ៣៣ នៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ) ។ សូមឲ្យសិស្សចំណាយពេលពីរបីនាទីដើម្បីសិក្សាបន្ថែមឲ្យកាន់តែស៊ីជម្រៅតាមរយៈការអានឡើងវិញ និងការសញ្ជឹងគិតបន្ថែមទៀតពីសំណួរ និងការបង្រៀនរបស់អាលម៉ា ដែលមាននៅក្នុង អាលម៉ា ៥:១៤–៣៥ ។ អ្នកអាចជួយពួកគេឲ្យដឹងថា អ្វីដែលពួកគេសញ្ជឹងគិតគឺសំខាន់ជាងចំនួនខគម្ពីរដែលពួកគេបានអានទៅទៀត ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ អ្នកអាចសួរសំណួរដូចខាងក្រោមមួយ ឬទាំងពីរដើម្បីឲ្យសិស្សសញ្ជឹងគិត ៖
-
តើព្រះអង្គសង្គ្រោះនឹងជួយអ្នកតាមរបៀបណា នៅពេលអ្នកខិតខំប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ ?
-
តើអ្នកត្រូវធ្វើការផ្លាស់ប្ដូរអ្វីខ្លះនៅថ្ងៃនេះ ដើម្បីប្រុងប្រៀបខ្លួនឲ្យបានប្រសើរដើម្បីទៅជួបព្រះ ?
សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អូក ៖
ការជំនុំជម្រះចុងក្រោយគឺពុំគ្រាន់តែជាការវាយតម្លៃមួយនៃការបូកសរុបនូវសកម្មភាពល្អៗ និងសកម្មភាពអាក្រក់—ដែលយើងបាន ធ្វើប៉ុណ្ណោះនោះទេ ។ វាជាការទទួលស្គាល់មួយអំពីឥទ្ធិពលនៃទង្វើ និងគំនិតរបស់យើងនៅចុងក្រោយ—ជាអ្វីដែលយើងបាន ប្រែក្លាយ ។ ( «The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២ )
អ្នកអាចសូមឲ្យសិស្សគិតអំពីបុគ្គលដែលពួកគេចង់ក្លាយទៅជា ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកជាមួយសិស្សថា ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះមានព្រះរាជបំណង និងសមត្ថភាពដើម្បីជួយពួកគេឲ្យក្លាយជាប្រភេទមនុស្ស ដែលមានសេចក្ដីសុខសាន្ដនៅក្នុងវត្តមានរបស់ពួកទ្រង់ ។
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិត ដាក់ផែនការ ឬសរសេរសកម្មភាពជាក់លាក់ដែលពួកគេនឹងធ្វើនៅថ្ងៃនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះសររបស់ពួកគេដើម្បីបានប្រុងប្រៀបខ្លួនកាន់តែប្រសើរដើម្បីទៅជួបនឹងព្រះ ។ ( វាក៏អាចមានប្រយោជន៍ផងដែរដើម្បីរំឭក សេចក្ដីថ្លែងការណ៍ដោយប្រធាន ហិនរី ប៊ី អាវរិង នៅក្នុងផ្នែកទី ៣ នៅក្នុងឯកសាររៀបចំ ) ។
អ្នកអាចបញ្ចប់មេរៀនក្នុងថ្នាក់ដោយការអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនមកពីបទពិសោធន៍របស់ពួកគេជាមួយគ្នា ពេលសិក្សាជំពូកទី ២ « ផែនការដ៏មហិមានៃសេចក្ដីប្រោសលោះ » ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពីរបៀបដែលចំណេះដឹងនេះមានឥទ្ធិពលលើការកោតស្ងប់ស្ញែងរបស់ពួកគេចំពោះព្រះអង្គសង្គ្រោះ និងបំណងប្រាថ្នារបស់ពួកគេដើម្បីក្លាយកាន់តែដូចទ្រង់ ។
សម្រាប់ពេលក្រោយ
សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ពួកយើងម្នាក់ៗឲ្យត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។ ផ្លូវដើម្បីឲ្យយើងត្រឡប់ទៅកាន់ទ្រង់វិញនេះមានឈ្មោះថា គោលលទ្ធិនៃព្រះគ្រីស្ទ ហើយប្រធានបទនោះគឺជាការផ្ដោតរបស់យើងនៅក្នុង មេរៀនក្រោយ ។ នៅពេលសិស្ស រៀបចំខ្លួនសម្រាប់មេរៀនក្រោយ សូមឲ្យពួកគេគិតអំពីរបៀបដែលការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ រៀបចំខ្លួនពួកគេទៅជួបនឹងព្រះ ។