ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៩ ឯកសារ​គ្រូបង្រៀន ៖ ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត


« មេរៀនទី ១៩ ឯកសារ​គ្រូបង្រៀន ៖ ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៩ ឯកសារ​គ្រូបង្រៀន

ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត

ប្រធាន រ័សុល អិម ណិលសុន បាន​សង្កេត​ឃើញ​ថា « ព្រះគម្ពីរ​មរមន​បញ្ជាក់​ពី​ការបង្រៀន​របស់​លោក​ចៅ​ហ្វាយ ហើយ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​មារសត្រូវ » ( « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២; សូមមើល​ផងដែរ នីហ្វៃ​ទី​២ ២៦–៣៣ ) ។ ជំពូក​ទី ៦ នឹង​ជួយ​សិស្ស​ឲ្យ​ស្គាល់​យុទ្ធសាស្ដ្រ​របស់​សាតាំង​កាន់តែ​ច្បាស់ ហើយ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​ខ្លួន​គេ​ប្រឆាំង​នឹង​ផែនការ​ដ៏​អាក្រក់​របស់​សាតាំង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បន្ដ​នៅ​រឹងមាំ ពេល​ពួកគេ​ប្រឈម​មុខ​នឹង​ការបៀតបៀន និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​រស់នៅ​ដោយ​សុចរិត​នៅក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាពទុច្ចរិត ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ប្រើប្រាស់​ស្ថានភាព​ជាក់ស្ដែង ។ នៅពេល​សិស្ស​ឃើញ​ភាពទាក់ទង​គ្នា​រវាង​ជីវិត​របស់​ពួកគេ​ផ្ទាល់ និង​អ្វី​ដែល​ពួកគេ​កំពុង​សិក្សា​នៅក្នុង​បទគម្ពីរ នោះ​ពួកគេ​នឹង​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​កោត​សរសើរ​ដល់​ភាពទាក់ទង​គ្នា​នៃ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ឃើញ​ពី​របៀប​ដែល​ព្រះបន្ទូល​នេះ​អាច​ដឹកនាំ​ទៅរក​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព និង​សុចរិត ។ ស្ថានភាព​នានា​ដែល​បង្ហាញ​ពី​ស្ថានភាព​ជីវិត​ពិត ហើយ​ឆ្លើយ​នឹង​សំណួរ កង្វល់ ក៏​ដូចជា​ឧបសគ្គ​ជាក់ស្ដែង​ដែល​សិស្ស​ប្រឈម អាច​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ជីវិត​របស់​ពួកគេ​ទៅនឹង​គោលលទ្ធិ ព្រមទាំង​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅក្នុង​ព្រះបន្ទូល​របស់​ព្រះ ។ ស្ថានភាព​ជាក់ស្ដែង​ក៏​អាច​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​ដោយ​ខ្លួន​គេ​ថា ពេលខ្លះ​ជីវិត​គឺ​សាំញ៉ាំ ហើយ​វា​មិន​ងាយ​រកឃើញ​ចម្លើយ​ជានិច្ច​នោះ​ទេ ។

អ្នកដើរតាម​ដ៏​សុចរិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវបាន​ពង្រឹង​ឡើង​នៅពេល​មាន​ការបៀតបៀន ។

ដើម្បី​ចាប់ផ្ដើម​មេរៀន សូម​ពិចារណា​ចែកចាយ​ស្ថានភាព​ខាងក្រោម​នេះ ឬ​ស្ថានភាព​ទាក់ទង​មួយ​ទៀត​ដែល​អ្នក​អាច​គិត​ដល់ ។

អាខារី គឺជា​សមាជិក​ម្នាក់​ដែល​ទើបតែ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ថ្មីៗ​នៅក្នុង​សាសនាចក្រ ។ ឪពុកម្ដាយ​របស់​នាង​លែង​ទទួល​ស្គាល់​នាង នៅពេល​នាង​បាន​ជ្រមុជទឹក ។ ដំបូង គ្រប់គ្នា​នៅក្នុង​វួដ​របស់​នាង​រួសរាយ​រាក់ទាក់​ណាស់ ។ ប៉ុន្ដែ ថ្មីៗ​នេះ​មាន​សមាជិក​មួយ​ចំនួន​បាន​និយាយ​ពាក្យ​មិន​ល្អ​ខ្លះ​អំពី​អតីតកាល​របស់​អាខារី ហើយ​ថែមទាំង​បាន​សើច​ចំអក​ដាក់​នាង ដោយសារតែ​ការអន្ទះសា​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​របស់​នាង​ទៀតផង ។ នាង​ចង់​ធ្វើជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៅក្នុង​សាសនាចក្រ ប៉ុន្ដែ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង ។

  • ហេតុអ្វី​វា​អាច​ជា​ការប្រឈម​ដ៏​លំបាក​មួយ​ចំពោះ អាខារី ដែល​ត្រូវ​សមាជិក​សាសនាចក្រ​ដូចគ្នា ធ្វើ​ការបៀតបៀន​បែបនេះ ?

  • ប្រសិនបើ​អាខារី​បាន​មក​ជួប​អ្នក​ដើម្បី​សូម​ជំនួយ តើ​អ្នក​នឹង​និយាយ ឬ​ធ្វើ​អ្វីខ្លះ ?

សូម​រំឭក​សិស្ស​ថា នៅក្នុង ហេលេមិន ៣:២៤–៣៤ យើង​អាន​ថា ប្រជាជន​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ប្រជាជន​បាន​រីកចម្រើន​ឡើង​យ៉ាង​ខ្លាំង ។ ប៉ុន្ដែ​នៅ​ទីបំផុត សេចក្ដី​ឆ្មើងឆ្មៃ​បាន​ជ្រាប​ចូល​ក្នុង​ដួងចិត្ត​របស់​សមាជិក​សាសនាចក្រ​មួយ​ចំនួន ដែល​បាន​ចាប់ផ្ដើម​បៀតបៀន​អស់​អ្នក​ដែល​បាន​បន្ដ​រាបសា និង​ស្មោះត្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ហេលេមិន ៣:៣៣–៣៥ ហើយ​រកមើល​អ្វី​ដែល​បាន​ជួយ​សមាជិក​សាសនាចក្រ​ដែល​រាបសា​ទាំងនោះ ឲ្យ​ឈរ​យ៉ាង​រឹងមាំ​កាល​ប្រឈម​មុខ​នឹង​ការបៀតបៀន ។ សូម​ពិចារណា​ថា តើ​អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​មួយ​ណា ដើម្បី​ជួយ​បំផុស​ដល់​ការរៀនសូត្រ​របស់​សិស្ស​អ្នក​បាន​ល្អ​បំផុត ៖

  • តើ​ការបង្រៀន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​ដល់ អាខារី ឬ​នរណាម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀងគ្នា​ដូច្នេះ ? ( អ្នក​អាច​សរសេរ​សេចក្ដីពិត​មួយ​ចំនួន​ដែល​សិស្ស​រកឃើញ​ដូច​តទៅ​នេះ ៖ នៅពេល​យើង​តម​អាហារ អធិស្ឋាន និង​សម្រប​ដួងចិត្ត​របស់​យើង​តាម​ព្រះ នោះ​ការបន្ទាប​ខ្លួន និង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​រីក​ដុះដាល​កាន់តែ​ខ្លាំង​ឡើង ហើយ​ដួងចិត្ត​របស់​យើង​នឹង​ត្រូវបាន​បន្សុទ្ធ—មិន​ថា​មនុស្ស​ដទៃ​មាន​អាកប្បកិរិយា​អាក្រក់​បែប​ណា​នោះ​ទេ ) ។

  • តើ​ការតម​អាហារ ការអធិស្ឋាន និង​ការសម្រប​ដួងចិត្ត​របស់​អ្នក​តាម​ព្រះ បាន​មាន​ឥទ្ធិពល​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? (សូមមើល ហេលេមិន ៣:៣៥ ) ។ តើ​សកម្មភាព​សុចរិត​ទាំងនេះ​បាន​ជួយ​អ្នក នៅពេល​អ្នក​ប្រឈម​មុខ​នឹង​អាកប្បកិរិយា​អាក្រក់​របស់​មនុស្ស​ដទៃ​ដោយ​របៀប​ណា ?

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​ឲ្យ​សិស្ស​មាន​ពេល​ផ្ទាល់ខ្លួន​ខ្លះៗ​ដើម្បី​វាយតម្លៃ​ពី​សំណួរ​មួយ ឬ​ច្រើន ហើយ​ដាក់​ផែនការ​មួយ​ស្ដីពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ចំពោះ​ការបំផុស​គំនិត​ណាមួយ​ដែល​ពួកគេ​ទទួលបាន ៖

  • តើ​អ្នក​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ដែរ នៅ​ក្នុង​ការស្វាគមន៍ និង​ការរាប់អាន​មនុស្ស​ដទៃ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ដែរ នៅក្នុង​ការសម្រប​ដួងចិត្ត​របស់​អ្នក​តាម​ព្រះ ?

  • មិន​ថា​មនុស្ស​ដទៃ​មាន​អាកប្បកិរិយា​អាក្រក់​បែប​ណា​នោះ​ទេ តើ​អ្នក​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ឬ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​ដែល​កើត​មាន នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ និង​សម្រប​ដួងចិត្ត​របស់​យើង​តាម​ព្រះ ។

នៅពេល​ពួកសាសន៍​នីហ្វៃ​បាន​ទុំ​ក្នុង​សេចក្ដី​ទុច្ចរិត នោះ​មរមន និង​មរ៉ូណៃ​បាន​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​រំលែក​ឧទាហរណ៍​នានា​អំពី​ដំណើររឿង​ក្នុង​សារព័ត៌មាន ទំនោរ​វប្បធម៌ ព្រមទាំង​ប្រធានបទ​នៃ​ការសន្ទនា​ផ្សេងៗ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​អាច​ធ្វើឲ្យ​វា​ពិបាក​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៅ​ជំនាន់​របស់​យើង ។

  • តើ​មាន​កាលៈទេសៈ​អ្វីខ្លះ ដែល​ធ្វើឲ្យ​ពិបាក​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៅ​ជំនាន់​របស់​មរមន និង​កូនប្រុស​របស់​លោក​មរ៉ូណៃ ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ឬ​អាន​ត្រួសៗ​ក្នុង​ក្បាល​ជំពូក មរមន ១–៦ និង មរ៉ូណៃ ៩ ) ។

  • តើ​អ្នក​ស្រមៃ​ថា វា​អាច​មាន​សភាព​យ៉ាងណា​ទៅ​ដើម្បី​រស់នៅ​ក្នុង​ជំនាន់​របស់​មរមន និង​មរ៉ូណៃ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក មរមន ១:១–២, ១៥ និង មរ៉ូណៃ ៩:២៥–២៦ ហើយ​រកមើល​មូលហេតុ​មួយ​ចំនួន​ដែល​មរមន និង​មរ៉ូណៃ​អាច​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​បាន កាល​ពួកលោក​បាន​តស៊ូ​នឹង​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ភាពទុច្ចរិត​នោះ ។

  • តើ​មាន​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត ? ( សូម​ជួយ​សិស្ស​ឲ្យ​កំណត់​គោលការណ៍​មួយ​ស្រដៀង​គោលការណ៍​ដូច​តទៅ​នេះ ៖ យើង​អាច​យកឈ្នះ​លើ​ភាពទុច្ចរិត​នៃ​ពិភពលោក​នេះ​បាន នៅពេល​យើង​ទទួលបាន​សេចក្ដី​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្ដ​ស្មោះត្រង់​ចំពោះ​ទ្រង់ ) ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច ដើម្បី​ទទួលបាន​សេចក្ដី​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ការមើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការទទួល​បាន​សេចក្ដី​ល្អ​របស់​ទ្រង់​អាច​ជួយ​យើង​ឲ្យ​បន្ដ​នៅ​សុចរិត នៅពេល​អំពើ​ទុច្ចរិត​ហ៊ុមព័ទ្ធ​យើង​ដោយ​របៀប​ណា ? ( អ្នក​អាច​អញ្ជើញ​ឲ្យ​សិស្ស​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ចយ ឌី ចូនស៍ និង អែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​បាន​ជួយ​អ្នក​ឲ្យ​ធ្វើការ​ជ្រើសរើស​សុចរិត នៅពេល​អ្នក​ប្រឈម​នឹង​ភាពទុច្ចរិត​ដោយ​របៀប​ណា ?

សូម​រំឭក​សិស្ស​ថា នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​នៅក្នុង​ព្រះគម្ពីរ​មរមន ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​ច្បាស់ ដែល​បាន​ប្រឈម​នឹង​ភាពទុច្ចរិត ហើយ​បន្ដ​នៅ​ស្មោះត្រង់​ដដែល ។ ( ប្រសិនបើ​ចាំបាច់ សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​រំឭក​នូវ​អ្វី​ដែល​ពួកគេ​បាន​កត់ត្រា​ទុក ) ។ ដោយ​ផ្អែកលើ​ទំហំ​ថ្នាក់​របស់​អ្នក សូម​ជ្រើសរើស​វិធីសាស្ដ្រ​មួយ​ដែល​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ម្នាក់ៗ​បាន​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ ។

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ៖

  • យោងតាម​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ និង​មាន​អារម្មណ៍​នៅ​ថ្ងៃនេះ តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ក្នុង​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ នៅពេល​អ្នក​ប្រឈម​មុខ​នឹង​អំពើ​ទុច្ចរិត​នៃ​ពិភពលោក​នេះ ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​ការបំផុស​គំនិត​នានា ដែល​ពួកគេ​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ទាំងនោះ ) ។

សម្រាប់​ពេល​ក្រោយ

សូម​ចែកចាយ​សម្ដី​ដកស្រង់​នេះ​មកពី​ព្យាការី យ៉ូសែប ស៊្មីធ ៖ « វា​គឺជា​សេចក្ដី​ស្រឡាញ់​សេរីភាព​មួយ ដែល​បំផុស​គំនិត​ដល់​ព្រលឹង​របស់​ខ្ញុំ—សេរីភាព​ខាង​ស៊ីវិល និង​ខាង​សាសនា ដល់​ជាតិសាសន៍​មនុស្សលោក​ទាំងមូល » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៤៥ ) ។ នៅពេល​សិស្ស​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ក្រោយ សូម​អញ្ជើញ​ពួកគេ​សញ្ជឹង​គិត​ពី​អត្ថន័យ​នៃ​សេរីភាព​ខាង​សាសនា​ចំពោះ​ពួកគេ ហើយ​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​លើក​ស្ទួយ ឬ​រក្សា​សេរីភាព​នោះ ។