ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រែចិត្ត និង​ការអភ័យទោស


« មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រែចិត្ត និង​ការអភ័យទោស » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការប្រែចិត្ត និង​ការអភ័យទោស

យុវនារី​កំពុង​សញ្ជឹង​គិត

ការប្រែចិត្ត​គឺ​ផ្នែក​មួយ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ វា​គឺជា​អំណោយទាន​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​មាន​បំណង​ចង់​ផ្លាស់ប្ដូរ ហើយ​បាន​ស្អាត​ពី​អំពើបាប ។ តើ​អ្នក​អាច​ចាំ​ពី​អារម្មណ៍ នៅពេល​អ្នក​បាន​សុំទោស​ដោយ​ស្មោះសរ ហើយ​បាន​ប្រែចិត្ត​ពី​អ្វីមួយ​កាលពី​អតីតកាល​ដែរ​ឬ​ទេ ? អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « សូម​ចាំ​ថា ការប្រែចិត្ត​ពុំ​មែន​ជា​ការដាក់​ទណ្ឌកម្ម​ទេ ។ វា​គឺ​ជា​ផ្លូវ​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម ដើម្បី​ទៅកាន់​អនាគត​កាន់​តែ​រុងរឿង » ( « Personal Strength through the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៤ ) ។ នៅពេល​អ្នក​សិក្សា​រៀបចំ​ដើម្បី​បង្រៀន សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អំណោយ​ទាន​នៃ​ការប្រែចិត្ត និង​ការអភ័យទោស​របស់​ព្រះអង្គ​សង្គ្រោះ អនុញ្ញាត​ឲ្យ​អ្នក​រៀន រីកចម្រើន និង​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ប្រែចិត្ត​យ៉ាង​ពិតប្រាកដ ហើយ​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់​ចំពោះ​អំពើបាប​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាលម៉ា​ជា​កូន​ពុំ​ជឿ​លើ​ការបង្រៀន​របស់​ឪពុក​លោក អាលម៉ា​ជា​ឪពុក​ឡើយ ។ ជាមួយ​នឹង​ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ អាលម៉ា​ជា​កូន​បាន​ព្យាយាម​បំផ្លាញ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​សកម្ម ។ នៅពេល​ពួកគេ​បាន​ប្រឡូក​ក្នុង​កិច្ចការ​អាក្រក់​នេះ នោះ​មាន​ទេវតា​មួយ​អង្គ​របស់​ព្រះអម្ចាស់​​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកគេ ហើយ​បាន​ព្រមាន​អាលម៉ា​ឲ្យ​ឈប់​ធ្វើ​អ្វី​ដែល​លោក​កំពុង​ធ្វើ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ត្រូវ « បោះបង់​ចោល » ( ម៉ូសាយ ២៧:១៦ ) ។ ដោយ​បាន​សន្ធប់​នឹង​បទពិសោធន៍​នេះ នោះ​អាលម៉ា​មិន​អាច​និយាយ ឬ​កម្រើក​បាន​ឡើយ ។ ពួកបុត្រា​របស់​ម៉ូសាយ​បាន​សែង​អាលម៉ា​ជា​កូន​ទៅ​រក​ឪពុក​របស់​លោក ហើយ​បាន​ពន្យល់​ប្រាប់​នូវ​អ្វី​ដែល​បាន​កើត​ឡើង ។ ( សូមមើល ម៉ូសាយ ២៧:៨–២០ ) ។

ឪពុក​របស់​លោក​បាន​រីករាយ ដោយ វ៉លធើរ រ៉េន
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន​អំពី​បទពិសោធន៍​របស់​អាលម៉ា​ជា​កូន​នៅក្នុង ម៉ូសាយ ២៧:៣៥ និង អាលម៉ា ៣៦:១២–១៣, ១៧–២១, ២៤ ។ នៅពេល​អ្នក​អាន សូម​ពិចារណា​គូស​ចំណាំ ឬ​ធ្វើ​បញ្ជី​មួយ​អំពី​គោលការណ៍​នានា​ស្ដីពី​ការប្រែចិត្ត និង​ការអភ័យទោស​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​គោលការណ៍​ទាំងនេះ​នៅក្នុង​ថ្នាក់ ។ សូម​ចាំ​ថា បទពិសោធន៍​របស់​អាលម៉ា​គឺ​ខ្លាំង​ជាង​អ្វី​ដែល​ពួកយើង​ភាគច្រើន​ឆ្លងកាត់ នៅពេល​ពួកយើង​ប្រែចិត្ត ។ ទោះជា​យ៉ាងណា យើង​នៅតែ​អាច​រៀន​អំពី​គោលការណ៍​ដ៏​មាន​អានុភាព​ចេញពី​ដំណើររឿង​ទាំងនេះ​បាន ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​អង្កេត​ឃើញ​ដូច​តទៅ​នេះ អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះអម្ចាស់​នៅក្នុង​ការប្រែចិត្ត​របស់​យើង ៖

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

ព្រះគ្រីស្ទ​គឺជា​ព្រះចេស្ដា​នៅ​ពីក្រោយ​ការប្រែចិត្ត​ទាំងអស់ ។ … អាលម៉ា​ត្រូវបាន​ប៉ះពាល់​ចិត្ត​ដោយ​ការបង្រៀន​របស់​ឪពុក​របស់​លោក ប៉ុន្ដែ​វា​សំខាន់​ជាពិសេស​ត្រង់​ថា ការព្យាករ​ដែល​លោក​នៅ​ចាំ​គឺជា​ការព្យាករ​មួយ​ដែល​ទាក់ទង​នឹង « ការយាង​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​នៃ​មនុស្ស​លោក » ។( អាលម៉ា ៣៦:១៧ ) ។ នោះ​គឺជា​ព្រះនាម ហើយ​នោះ​គឺជា​សារលិខិត​ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​ស្ដាប់​ឮ ។ … មិនថា​ការអធិស្ឋាន​ផ្សេងទៀត​ណា​ក៏​ដោយ​ដែល​យើង​អធិស្ឋាន មិនថា​សេចក្ដី​ត្រូវការ​ផ្សេងណាទៀត​ក៏ដោយ​ដែល​យើង​ត្រូវការ ទាំងអស់​គឺ​ផ្អែកលើ​ការអង្វរករ​នោះ ៖ « ឱ​ព្រះយេស៊ូវ​អើយ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ សូម​ព្រះអង្គ​មាន​សេចក្ដី​មេត្តា​ករុណា​មកលើ​ទូលបង្គំ​ផង » ។ ទ្រង់​បាន​រៀបចំ​ដើម្បី​ប្រទាន​សេចក្ដី​មេត្តា​ករុណា​នោះ ។ ទ្រង់​បាន​បង់​ថ្លៃ​ដោយ​ព្រះជន្ម​របស់​ទ្រង់​ផ្ទាល់​ដើម្បី​ប្រទាន​វា​មក ។( However Long and Hard the Road [ ឆ្នាំ ១៩៨៥ ] ទំព័រ ៨៥ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ជ្រើសរើស​សំណួរ​មួយ​នៃ​សំណួរ​ខាងក្រោម​នេះ ដែល​អ្នក​ចង់​រៀន​ពី​របៀប​ឆ្លើយ​ឲ្យ​បាន​ល្អ​ជាងមុន ៖

  • តើ​ការប្រែចិត្ត​ពិត​ជា​មាន​ន័យ​យ៉ាង​ដូចម្ដេច ? ខ្ញុំ​បាន​ឆ្លងកាត់​ជំហាន​ទាំងឡាយ ប៉ុន្ដែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ខុសគ្នា​អ្វីទេ ។

  • តើ​ខ្ញុំ​អាច​រកឃើញ​កម្លាំង​ដើម្បី​ផ្លាស់ប្ដូរ​យ៉ាង​ពិតប្រាកដ​ដោយ​របៀប​ណា ? ខ្ញុំ​បាក់​ទឹកចិត្ត ដោយសារ​ខ្ញុំ​ពិតជា​បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ធ្វើឲ្យ​បាន​ប្រសើរ ប៉ុន្ដែ​ខ្ញុំ​នៅតែ​បន្ដ​ធ្វើ​ខុស​រឿង​ដដែលៗ ។

  • ហេតុអ្វី​ខ្ញុំ​ត្រូវ​ព្យាយាម​ប្រែចិត្ត​នោះ ? អំពើបាប​របស់​ខ្ញុំ​អាក្រក់​ខ្លាំង​ណាស់ រហូត​ដល់​ខ្ញុំ​មិន​អាច​ទទួល​បាន​ការអភ័យទោស​ឡើយ ។

សូម​សញ្ជឹងគិត​ពី​បទពិសោធន៍​របស់​អាលម៉ា និង​ដំណើររឿង​ផ្សេងទៀត​ចេញ​ពី​ព្រះគម្ពីរ​មរមន ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​ត្រៀម​ខ្លួន​ចែកចាយ​គោលការណ៍ និង​វគ្គ​បទគម្ពីរ​ដែល​អ្នក​គិត​ថា​នឹង​ឆ្លើយ​សំណួរ​នេះ​បាន​ល្អ​បំផុត ។

ផ្នែក​ទី ២

តើ​ការថ្វាយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​ដល់​ព្រះអម្ចាស់ ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត​ដ៏​ស្មោះសរ​ដោយ​របៀប​ណា ?

ពួកសាសន៍​នីហ្វៃ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​ម៉ូសេ រហូតដល់​មួយរយៈ​ពេលខ្លី​មុន​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​មកកាន់​ពួកគេ​ដោយ​ផ្ទាល់ ។ ជា​ផ្នែក​មួយ​នៃ​ក្រឹត្យវិន័យ​ម៉ូសេ ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ថ្វាយ​យញ្ញបូជា​សត្វ​ទុកជា​ទីសម្គាល់​នៃ​ពលិកម្ម​ដ៏​ធួន ដែល​ទ្រង់​បាន​ធ្វើ ។

លីហៃ និង​គ្រួសារ​ថ្វាយ​ដង្វាយ​ដុត​យញ្ញបូជា
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅកាន់​សាសន៍​នីហ្វៃ ដែល​នៅរស់​ពី​ការបំផ្លិច​បំផ្លាញ​ដែល​បាន​កើតឡើង​ទន្ទឹម​ពេល​នឹង​ការសុគត​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​លែង​ទទួល​យក​យញ្ញបូជា​សត្វ​ទៀត​ហើយ ។ សូម​អាន នីហ្វៃ​ទី​៣ ៩:១៩–២០ ដោយ​រកមើល​យញ្ញបូជា​ថ្មី ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវឲ្យ​រាស្ដ្រ​របស់​ទ្រង់​ថ្វាយ ។

អែលឌើរ ប្រ៊ូស ឌី ផតធ័រ ក្នុង​ពួក​ចិតសិប​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា​ថា « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ( នីហ្វៃ​ទី​៣ ៩:២០ ) ៖

អែលឌើរ ប្រ៊ូស ឌី ផតធ័រ

ពេល​យើង​ធ្វើ​អំពើបាប ហើយ​ប្រាថ្នា​ចង់​បាន​ការអភ័យទោស នោះ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​មាន​ន័យ​ថា ទទួល​បទពិសោធន៍​នូវ « សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ [ ដែល ] រមែង​នាំ​ឲ្យ​ប្រែចិត្ត​ឡើង » ( កូរិនថូស ទី២ ៧:១០ ) ។ ការណ៍​នេះ​កើតមាន នៅពេល​យើង​មាន​បំណង​បាន​ជ្រះ​ស្អាត​ពី​អំពើបាប​ដែល​កំពុង​ឈឺចាប់​យ៉ាង​ខ្លាំង រហូតដល់​ដួងចិត្ត​របស់​យើង​ឈឺផ្សារ​នឹង​ទុក្ខសោក​នោះ ហើយ​យើង​ចង់​បាន​សេចក្ដី​សុខសាន្ដ​ជាមួយ​នឹង​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ ។ អ្នក​ទាំងឡាយ​ណា​ដែល​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​នឹង​មាន​ឆន្ទៈ​ចង់​ធ្វើ​អ្វីៗ​ទាំងអស់ និង​អ្វី​គ្រប់យ៉ាង​ដែល​ព្រះ​បង្គាប់​ពួកគេ​ឲ្យ​ធ្វើ ដោយ​គ្មាន​ការទទូចសុំ ឬ​ការថ្នាក់​ថ្នាំង​ឡើយ ។ យើង​ឈប់​ចង់​ធ្វើ​អ្វីៗ​តាម​ចំណង់​យើង​ទៀត​ហើយ ហើយ​រៀន​ធ្វើ​វា​តាម​មាគ៌ា​របស់​ព្រះ​វិញ ។ នៅក្នុង​ស្ថានភាព​នៃ​ការចេះ​ស្តាប់​បង្គាប់​បែប​នោះ ដង្វាយធួន​អាច​មាន​អានុភាព ហើយ​ការប្រែចិត្ត​ដ៏​ពិត​អាច​កើតឡើង​បាន ។( « A Broken Heart and a Contrite Spirit » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៣២ )

យុវនារី​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​អំពើបាប
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ព្រះអម្ចាស់​ពី​បំណង​ប្រាថ្នា​ដ៏​ស្មោះសរ​របស់​អ្នក​ដើម្បី​ថ្វាយ​ដល់​ទ្រង់​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ?

ផ្នែក​ទី ៣

ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​អភ័យទោស​ឲ្យ​ខ្ញុំ​ចំពោះ​អំពើបាប​របស់​ខ្ញុំ ?

អំឡុង​រជ្ជកាល​របស់​ស្ដេច​ម៉ូសាយ « មនុស្ស​ជាច្រើន​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ » ( ម៉ូសាយ ២៦:១ ) បាន​បញ្ចុះបញ្ចូល​សមាជិក​សាសនាចក្រ​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ ដោយ​មិន​ច្បាស់​ពី​របៀប​ដោះស្រាយ​ស្ថានភាព​នេះ នោះ​អាលម៉ា​ជា​ឪពុក​បាន​ងាក​ទៅរក​ព្រះអម្ចាស់​ទូលសូម​ការណែនាំ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ២៦:២២, ៣០ ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​ជា​ឪពុក​បាន​រៀន​អំពី​ការស្ម័គ្រ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ដើម្បី​អភ័យទោស ។

អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ឌេល ជី រេនឡាន់

ព្រះយេស៊ូវគ្រីស្ទ អាច អភ័យទោស​បាន ដោយសារ​ទ្រង់​បាន​បង់ថ្លៃ​អំពើបាប​របស់​យើង​រួច​ហើយ [ សូមមើល អេសាយ ៥៣:៥ ] ។

ព្រះ​ដ៍ប្រោសលោះ​របស់​យើង ជ្រើសយក ការអភ័យទោស ដោយសារ​ក្តី​អាណិត​អាសូរ សេចក្តី​មេត្តា​ករុណា និង​សេចក្តី​ស្រឡាញ់​ដ៏ឥត​ប្រៀប​ផ្ទឹម​របស់​ទ្រង់ ។

ព្រះអង្គ​សង្គ្រោះ​យើង មាន​ព្រះទ័យ អភ័យទោស ដោយសារ​នេះ​គឺជា​លក្ខណៈ​មួយ​នៃ​ភាពជា​ព្រះ​របស់​ទ្រង់ ។

ហើយ​ដោយ​ទ្រង់​ជា​អ្នក​គង្វាល​ល្អ នោះ​ទ្រង់​សព្វព្រះទ័យ ពេល​យើង​ជ្រើស​ប្រែចិត្ត [ សូមមើល លូកា ១៥:៤–៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០–១៣ ] ។ ( «Repentance: A Joyful Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២៣; បាន​បន្ថែម​អក្សរ​ទ្រេត )

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ក៏​បាន​ធានា​អះអាង​ថា

អែលឌើរ នែល អិល អាន់ឌើរសិន

ខ្ញុំ​មាន​ភាព​អស្ចារ្យ​ណាស់​ចំពោះ​ព្រះហស្ត​ឱប​ក្រសោប ដោយ​ក្ដីមេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ និង​ក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ជន​ដែល​ប្រែចិត្ត មិន​ថា​អ្នក​ដែល​បាន​លះបង់​អំពើបាប​នោះមាន​ភាពអត្មា​និយម​ប៉ុណ្ណា​ទេ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​អាច​អភ័យទោស​ឲ្យ​យើង​បាន ហើយ​ទ្រង់​ចង់​អភ័យ​ទោស​ចំពោះ​អំពើបាប​របស់​យើង ។( « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការជឿ និង​ការទទួល​យក​ថា ព្រះយេស៊ូវ​គ្រីស្ទ​ស្ម័គ្រ​ព្រះទ័យ អាច​ធ្វើបាន ហើយ​អន្ទះសា​ចង់​អភ័យទោស​ឲ្យ​អំពើបាប​របស់​អ្នក និង​ដក​យក​កំហុស​របស់​អ្នក​ចេញ អាច​មាន​ឥទ្ធិពល​លើ​ការប្រែចិត្ត​របស់​អ្នក​ដោយ​របៀប​ណា ?