« មេរៀនទី ៩ ឯកសារគ្រូបង្រៀន ៖ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ៩ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ៩ ឯកសារគ្រូបង្រៀន
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
គោលលទ្ធិនៃព្រះគ្រីស្ទធ្វើឲ្យយើងអាចផ្លាស់ប្ដូរ ក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើង ហើយទទួលបានពរជ័យទាំងអស់ដែលទ្រង់ធ្វើឲ្យកើតឡើងបានតាមរយៈដង្វាយធួនរបស់ទ្រង់ ។ នៅក្នុងមេរៀននេះ សិស្សនឹងពិភាក្សាពីធាតុទីមួយនៃគោលលទ្ធិរបស់ព្រះអម្ចាស់ ៖ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ពួកគេនឹងមានឱកាសរកមើលពរជ័យនៃសេចក្ដីជំនឿ ហើយពន្យល់ពីរបៀបដើម្បីអភិវឌ្ឍសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សិស្សក៏នឹងកំណត់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះអម្ចាស់ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ាបង្រៀនពួកសាសន៍សូរាំពីរបៀបបង្កើនសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចចាប់ផ្ដើមមេរៀននេះដោយការបង្ហាញកថាខណ្ឌនៃសេចក្តីផ្ដើមនៅក្នុងឯកសាររៀបចំ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។ អ្នកអាចថ្លែងទីបន្ទាល់ថា សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការស៊ូទ្រាំដល់ចុងបញ្ចប់ អាចបើកទ្វារឲ្យព្រះយេស៊ូវគ្រីស្ទផ្លាស់ប្ដូរយើងទៅជាមនុស្សបរិសុទ្ធ និងរីករាយជាងនេះយ៉ាងពិតប្រាកដ ។ អំឡុងការពិភាក្សានៅក្នុងថ្នាក់នេះ សូមឲ្យសិស្សពិចារណាពីរបៀបដែលពួកគេអាចបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ដើម្បីផ្លាស់ប្ដូរ ព្យាបាល និងជួយពួកគេ ។
សូមឲ្យសិស្សដែលស្ម័គ្រចិត្តចែកចាយពីរបៀបដែលគាត់ ឬនាងពន្យល់ពីអត្ថន័យនៃសេចក្ដីជំនឿ និងមូលហេតុដែលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់យ៉ាងខ្លាំង ។
សូមបង្ហាញ និងអានស្ថានភាពខាងក្រោមនេះរួមគ្នា ៖
-
តើអ្នកនឹងឆ្លើយសំណួររបស់ វិកថូរៀ យ៉ាងដូចម្ដេច ?
កាលសិស្សឆ្លើយតប សូមពិចារណាប្រើវគ្គបទគម្ពីរ និងសំណួរខាងក្រោមនេះដើម្បីជួយធ្វើឲ្យការពិភាក្សាកាន់តែស៊ីជម្រៅ ដោយផ្អែកលើតម្រូវការរបស់សិស្ស ។
ប្រសិនបើចាំបាច់ សូមរំឭកសិស្សថា អាលម៉ាបានបង្រៀនពួកសាសន៍សូរាំក្រីក្រពីរបៀបដែលការធ្វើសកម្មភាពដោយសេចក្ដីជំនឿតាមព្រះបន្ទូលរបស់ព្រះ អាចជួយពង្រឹងដល់សេចក្ដីជំនឿរបស់យើងបាន ។ អ្នកអាចអញ្ជើញសិស្សឲ្យរំឭក អាលម៉ា ៣២:២១, ២៧–៣០, ៤១–៤៣ ហើយរកមើលគោលការណ៍ដែលអាចជួយ វិកថូរៀ បាន ។ នៅពេលសិស្សចែកចាយពីគោលការណ៍នានាដែលអាលម៉ាបានបង្រៀន សូមពិចារណាសួរសំណួរមួយចំនួនដូចខាងក្រោម ៖
-
តើអ្នកនឹងពន្យល់ពីអត្ថន័យនៃនិយមន័យនៃសេចក្ដីជំនឿរបស់អាលម៉ា តាមរបៀបមួយដែលសូម្បីតែកូនក្មេងម្នាក់ក៏អាចយល់បានដែរដោយរបៀបណា ? ( សូមមើល អាលម៉ា ៣២:២១ ) ។
-
យោងតាម អាលម៉ា ៣២:២៧–៣០ តើការអនុវត្តសេចក្ដីជំនឿអាចដឹកនាំទៅរកសេចក្ដីជំនឿដ៏កើនឡើងដោយរបៀបណា ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយដែលស្រដៀងគ្នាដូចនេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿ និងការពិសោធន៍លើព្រះបន្ទូលរបស់ព្រះ នោះយើងនឹងទទួលបានការបញ្ជាក់ខាងវិញ្ញាណមួយ ហើយសេចក្ដីជំនឿរបស់យើងនឹងត្រូវបានពង្រឹង ។ សូមពិចារណាសរសេរគោលការណ៍នេះ ឬគោលការណ៍ស្រដៀងគ្នាមួយដោយប្រើពាក្យសម្ដីរបស់សិស្សដាក់នៅលើក្ដារខៀន ) ។ តើអ្នកបានអនុវត្តគោលការណ៍នេះ ហើយមានអារម្មណ៍ថា សេចក្ដីជំនឿរបស់អ្នកត្រូវបានពង្រឹងនៅពេលណាដែរ ? តើអ្នកអាចផ្ដល់ដំបូន្មានអ្វីខ្លះ ដល់នរណាម្នាក់ដែលបាក់ទឹកចិត្តដោយសារគាត់ ឬនាងបានធ្វើសកម្មភាពដោយសេចក្ដីជំនឿ ប៉ុន្ដែមានអារម្មណ៍ថា គាត់ ឬនាងមិនទាន់បានទទួលផលផ្លែនៃសេចក្ដីជំនឿនៅឡើយ ? ( វាអាចមានប្រយោជន៍ដើម្បីរំឭក សេចក្ដីថ្លែងការណ៍របស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
ស្របតាម អាលម៉ា ៣២:២៨ តើយើងអាចដឹងថា ព្រះបន្ទូលល្អក្នុងការសាកល្បងសេចក្ដីជំនឿរបស់យើងដោយរបៀបណា ? ( សិស្សអាចរកឃើញឃ្លាដូចជា « គ្រាប់នោះរីកឡើង » « ពង្រីកព្រលឹងរបស់ខ្ញុំ » « បំភ្លឺយោបល់របស់ខ្ញុំ » និង « មានរសជាតិឆ្ងាញ់ចំពោះខ្ញុំ » ) ។ ប្រសិនបើអ្នកបានដកពិសោធន៍ឥទ្ធិពលទាំងនេះណាមួយ តើអ្នកនឹងពន្យល់ពីបទពិសោធន៍របស់អ្នកទៅកាន់នរណាម្នាក់ផ្សេងទៀតយ៉ាងដូចម្ដេច ?
-
តើអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងទំនាក់ទំនងរបស់ទ្រង់ទៅនឹងគ្រាប់ពូជ ផលផ្លែ និងដើមឈើនេះ ? ( សូមមើល ផ្នែកទី ២ នៃឯកសាររៀបចំ ) ។ តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿ និងការដាំព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នៅក្នុងចិត្តរបស់អ្នក មានឥទ្ធិពលលើទីបន្ទាល់ និងការប្រែចិត្តជឿរបស់អ្នកយ៉ាងដូចម្ដេច ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំដើមឈើនេះ ដើម្បីឲ្យវាចាក់ឫសក្នុងដួងចិត្តរបស់អ្នក ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលនឹងបង្កើនទំនុកចិត្ត និងការទុកចិត្តរបស់អ្នកលើទ្រង់ ?
មរមនបង្រៀនអំពីអំណាច និងពរជ័យនៃការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមឲ្យសិស្សរំឭក មរ៉ូណៃ ៧:២៥–២៦, ៣៣ ហើយថ្លែងទីបន្ទាល់ថា នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងមានអំណាចដើម្បីធ្វើអ្វីដែលជាការចាំបាច់ដល់ព្រះគ្រីស្ទ ។ ( អ្នកអាចពន្យល់ថា នៅក្នុងបរិបទនេះ ពាក្យ ការចាំបាច់ រៀបរាប់ពីអ្វីមួយដែលនឹងផ្ដល់ពរជ័យដល់យើង ដែលស្របតាមព្រះទ័យរបស់ព្រះ ) ។ សូមរំឭកសិស្សថា ឯកសាររៀបចំបានអញ្ជើញពួកគេឲ្យកំណត់បុគ្គលនៅក្នុងព្រះគម្ពីរមរមន ដែលបានទទួលពរជ័យ ឬជួបនឹងអព្ភូតហេតុ នៅពេលពួកគេបានអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល ផ្នែកទី ៣ ) ។ សូមឲ្យសិស្សធ្វើការពិភាក្សារួមគ្នាជាថ្នាក់ ឬជាក្រុមតូចៗដើម្បីចែកចាយឧទាហរណ៍របស់ពួកគេ ។ សំណួរខាងក្រោមនេះអាចនឹងជួយធ្វើឲ្យការពិភាក្សារបស់ពួកគេបានស៊ីជម្រៅ ៖
-
តើបុគ្គលទាំងនេះបានអនុវត្តសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើពួកគេបានទទួលពរជ័យ ឬអព្ភូតហេតុណាខ្លះ តាមរយៈការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកទទួលបានពរជ័យ ឬអព្ភូតហេតុអ្វីខ្លះតាមរយៈការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ? ( អ្នកអាចចង់រំឭក សេចក្ដីថ្លែងការណ៍ដោយអែលឌើរ រីឆាដ ជី ស្កត នៅក្នុងផ្នែកទី ៣ នៅក្នុងឯកសាររៀបចំ ) ។
សូមឲ្យសិស្សមានពេលសញ្ជឹងគិតពីសេចក្ដីជំនឿរបស់ពួកគេផ្ទាល់ខ្លួនលើព្រះយេស៊ូវគ្រីស្ទ ហើយពិចារណាពីអ្វីដែលពួកគេគួរតែធ្វើដើម្បីពង្រឹង និងអនុវត្តសេចក្ដីជំនឿលើទ្រង់ ។
សម្រាប់ពេលក្រោយ
សូមពន្យល់ថា សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទដឹកនាំដោយស្វ័យប្រវត្តិទៅរកការប្រែចិត្ត ដែលជាគោលការណ៍ដ៏សំខាន់ទីពីរនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ( សូមមើល ហេលេមិន ១៤:១៣ ) ។ សូមអញ្ជើញសិស្សឲ្យសិក្សា ឯកសាររៀបចំ ហើយសញ្ជឹងគិតពីមូលហេតុដែលយើងគួរតែមើលទៅការប្រែចិត្តថាជាអំណោយទានមួយមកពីព្រះ ដែលត្រូវឱបក្រសោបយក ហើយមិនមែនជាបន្ទុកដ៏គួរឲ្យខ្លាច ដែលត្រូវចៀសវាងនោះទេ ។