ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៣ ឯកសារ​គ្រូបង្រៀន ៖ សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត


« មេរៀនទី ៣ ឯកសារ​គ្រូបង្រៀន ៖ សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ៣ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ៣ ឯកសារ​គ្រូបង្រៀន

សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត

សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត ជួយ​យើង​ឲ្យ​ដឹង​របៀប​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រកឃើញ​ពី​អ្វី​ដែល​អាច​ជួយ ឬ​បង្អាក់​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការមក​ឯ​ព្រះគ្រីស្ទ ។ ពួកគេ​ក៏​នឹង​មាន​ឱកាស​ផងដែរ ដើម្បី​កំណត់​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ​មាន​អាទិភាព​កាន់តែ​ខ្ពស់​ក្នុង​ជីវិត​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ព្យាយាម​ផ្ដោត​លើ​អ្នក​រៀន ។ ប្រធាន ដាល្លិន អេក អូក បាន​សង្កេត​ឃើញ​ថា « គ្រូ​បង្រៀន​ដំណឹងល្អ ដូចជា​លោក​ចៅហ្វាយ​ដែល​យើង​បម្រើ​ដែរ នឹង​ផ្ដោត​យកចិត្ត​ទុកដាក់​ទាំងស្រុង​ទៅលើ​អស់​អ្នក​ដែល​យើង​កំពុង​បង្រៀន » ( « Gospel Teaching » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៩ ) ។ កាល​ដែល​អ្នក​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​អ្នក​រៀន សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យល់​ពី​ប្រវត្តិ បទពិសោធន៍ ឧបសគ្គ និង​តម្រូវការ​សិស្ស​របស់​ខ្ញុំ​កាន់តែ​ប្រសើរ​ឡើង យ៉ាង​ដូច​ម្ដេច ? តើ​ខ្ញុំ​អាច​ជួយ​ពួកគេ​ឲ្យ​រីក​ចម្រើន​ថែម​ទៀត ពី​លើ​អ្វី​ដែល​ពួកគេ​ដឹង​ហើយ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​រៀន​ដ៏​សកម្ម និង​រួមចំណែក​ដល់​ការរៀនសូត្រ​របស់​អ្នក​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ?

លីហៃ​មាន​ការ​និមិត្ត​ពី​ដើម​ជីវិត ។

សុបិន​របស់​លីហៃ ដោយ ហ្គ្រេក ខេ អូលសិន

សូម​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ​នៃ​ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត ហើយ​សុំ​សិស្ស​ឲ្យ​ចែកចាយ​ដោយ​សង្ខេប នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការនិមិត្ត​នោះ ។ អ្នក​អាច​សុំ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​ខ្លីៗ អំពី​ដំណើរ​រឿង​នៃ​សុបិន​របស់​លីហៃ ។

សូម​ឲ្យ​សិស្ស​រំឭក នីហ្វៃទី១ ៨:១០–១២ និង នីហ្វៃទី១ ១១:២១–២២ ដែល​មាន​យោង​នៅក្នុង​ឯកសារ​រៀបចំ ដោយ​រកមើល​ពី​របៀប​ដែល​លីហៃ និង​នីហ្វៃ​បាន​ពិពណ៌នា​ពី​ដើម​ឈើ និង​ផ្លែ​វា ។

ផ្អែក​លើ​ការយល់​ដឹង​របស់​សិស្ស អំពី​សុបិន​របស់​លីហៃ អ្នក​អាច​សួរ​សំណួរ​មួយ​ចំនួន​ខាងក្រោម​នេះ ៖

  • តើ​ដើម​ឈើ និង​ផ្លែ របស់​វា​តំណាង​ឲ្យ​អ្វី ? ( សូមមើល ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ការពិពណ៌នា​របស់​លីហៃ​អំពី​ដើមឈើ និង​ផ្លែ​របស់​វា បង្រៀន​យើង​អ្វី​ខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការទទួល​បាន​សេចក្ដី​អំណរ ? ( សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូចនេះ ៖ ការមក​ឯ​ព្រះគ្រីស្ទ និង​ការទទួលទាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ នាំ​មក​នូវ​អំណរ​ដល់​យើង ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ « គួរ​ឲ្យ​មាន​ប្រាថ្នា​ជាង​ផ្លែ​ឈើ​ណាៗ​ទាំងអស់ » ? ( នីហ្វៃទី១ ៨:១២; ១១:២២ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។

ប្រធាន រ័សុល អិម ណិលសុន

បងប្អូន​ប្រុសស្រី អំណរ​ដែល​យើង​មាន នោះ​វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ ។

ពេល [ យើង ] ផ្តោត … [ លើ ] ព្រះយេស៊ូវគ្រីស្ទ ព្រម​ទាំង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅក្នុង​ជីវិត​របស់​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ … ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អំណរ ! ( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ក្លាយ​ជា​ការផ្ដោត​ដែល​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក ដើម្បី​អ្នក​អាច​ដក​ពិសោធន៍​អំណរ​ដែល​កាន់តែ​ធំធេង ? ( សូម​ទុក​ពេល​គ្រប់​គ្រាន់​ឲ្យ​សិស្ស​ពិចារណា និង​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​ពួកគេ ) ។

លីហៃ និង​នីហ្វៃ​រៀន​ថា ព្រះបន្ទូល​នៃ​ព្រះ​នាំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

សូម​បំបែក​ថ្នាក់​ទៅជា​ក្រុម​តូចៗ ហើយ​ផ្ដល់​សំណៅ​ចែក​ដូច​ខាង​ក្រោម​នេះ​ទៅ​សិស្ស​ម្នាក់ៗ ។

ឧបសគ្គ​ចំពោះ​ការទទួល​បាន​ផ្លែ​នៃ​ដើមជីវិត

ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន—មេរៀនទី ៣

សូម​អាន​កថាខណ្ឌ​នេះ​ជា​ក្រុម​មួយ ៖ នៅក្នុង​ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត ទឹកកខ្វក់ « អ័ព្ទ​នៃ​សេចក្ដី​ងងឹត » ( នីហ្វៃទី១ ១២:១៧ ) និង « អគារ​ដ៏​ធំ ហើយ​ទូលាយ » ( នីហ្វៃទី១ ៨:២៦ ) ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​សម្រាប់​មនុស្ស​ក្នុង​ការមក​ដល់ ហើយ​បន្ត​នៅ​ឯ​ដើម​ឈើ និង​ទទួលទាន​ផ្លែ​របស់​វា ។ នៅក្នុង​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ អ្នក​អាច​បាន​រកឃើញ​ឧទាហរណ៍​ក្នុង​សម័យ​ទំនើប​មួយ​ចំនួន អំពី​គ្រោះថ្នាក់ ឬ​ការរំខាន​ទាំងនេះ ដែល​រារាំង​មនុស្ស​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ។ ជាមួយ​នឹង​សមាជិក​ក្នុង​ក្រុម​អ្នក សូម​ពិភាក្សា​ពី​របៀប​នានា​ដែល​យុវមជ្ឈិមវ័យ​សព្វថ្ងៃ​នេះ ជួប​ប្រទះ​នឹង​ស្ថានភាព​ដូច​ខាង​ក្រោម​នេះ ៖

ភាព​ស្មោកគ្រោក ឬ​អំពើបាប ( ទន្លេ​នៃ​ភាពស្មោកគ្រោក ៖ នីហ្វៃទី១ ៨:១៣; ១២:១៦; ១៥:២៧ )

ការបោកបញ្ឆោត និង​ការល្បួង ( « អ័ព្ទ​នៃ​សេចក្ដី​ងងឹត » ៖ នីហ្វៃទី១ ៨:២៣; ១២:១៧ )

ការឆ្មើងឆ្មៃ និង​ការចំអក​នៃ​ពិភពលោក ( « អគារ​ដ៏​ធំ ហើយ​ទូលាយ » ៖ នីហ្វៃទី១ ៨:២៥–២៨; ១២:១៨ )

ពិភាក្សា ៖ តើ​នៅ​ក្នុង​របៀប​ណា​ខ្លះ ដែល​ឧទាហរណ៍​ដែល​អ្នក​បាន​ពិភាក្សា រារាំង​យុវមជ្ឈិមវ័យ​ពី​ការមកឯ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ? តើ​អ្នក​បាន​ព្យាយាម​យក​ឈ្នះ​ឧបសគ្គ​ទាំងនេះ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ឧបសគ្គ​ចំពោះ​ការទទួល​បាន​ផ្លែ​នៃ​ដើមជីវិត

សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​បី​បួននាក់​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា​នៅក្នុង​ក្រុម​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ក្រុម​មនុស្ស​ទាំង​បួន ដែល​លីហៃ​បាន​ឃើញ​នៅក្នុង​ការនិមិត្ត​របស់​ទ្រង់ ( សូមមើល ផ្នែក​ទី ៣ នៃ​ឯកសាររៀបចំ ) ។ សូម​សរសេរ​ចំណងជើង​នៅលើ​ក្ដារខៀន​ដូច​តទៅ​នេះ ៖ ក្រុមទី ១ ( នីហ្វៃទី១ ៨:២១–២៣ ), ក្រុមទី ២ ( នីហ្វៃទី១ ៨:២៤–២៨ ), ក្រុមទី ៣ ( នីហ្វៃទី១ ៨:៣០, ៣៣ ), ក្រុមទី ៤ ( នីហ្វៃទី១ ៨:៣១–៣២ ) ។

  • តើ​ដំបង​ដែក ឬ​ព្រះបន្ទូល​នៃ​ព្រះ មាន​តួនាទី​អ្វី​នៅក្នុង​ក្រុម​នីមួយៗ ? ( សូម​កត់ត្រា​ការឆ្លើយតប​របស់​សិស្ស នៅក្រោម​ចំណងជើង​ត្រឹមត្រូវ ) ។

  • តើ​អ្វី​ជា​សារៈសំខាន់​អំពី​ឃ្លា​ថា ពួកគេ « ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ » នៅក្នុង នីហ្វៃទី១ ៨:៣៣ ? តើ​ការណ៍​នេះ​អាច​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​នៅ​ជំនាន់​របស់​យើង ?

  • តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី សម្រាប់​ពួក​អ្នក​ដែល​លែង​កាន់​ដំបង​ដែក ហើយ​វង្វេង​ចេញ​ពី​ផ្លូវ ? ( អ្នក​អាច​នឹង​ចង់​សុំ​ឲ្យ​សិស្ស​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​ស៊ីស្ទើរ អាន អិម ឌិប នៅក្នុង​ឯកសារ​រៀបចំ ) ។

សូម​ពន្យល់​ថា ពេល​នីហ្វៃ​បាន​អធិស្ឋាន​ដើម្បី​យល់​ពី​សុបិន​របស់​ឪពុក​លោក លោក​ត្រូវបាន​បង្ហាញ​ការនិមិត្ត​មួយ ហើយ​បាន​រៀន​ពី​អត្ថន័យ​នៃ​សុបិន​នោះ ។ ក្រោយ​មក លោក​បាន​បង្រៀន​បងប្រុស​របស់​លោក នូវ​អ្វី​ដំបង​ដែក​តំណាង​ឲ្យ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី១ ១៥:២៣–២៤ ឮៗ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​អ្នក​បាន​រៀន​អ្វី ពី​ការពន្យល់ និង​ការអញ្ជើញ​របស់​នីហ្វៃ​ទៅ​កាន់​បងៗ​របស់​លោក ? ( ក្នុង​ចំណោម​សេចក្ដីពិត​ផ្សេងៗ​ទៀត សិស្ស​អាច​នឹង​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូចនេះ ៖ ការកាន់​ឲ្យ​ជាប់​ទៅ​នឹង​ព្រះបន្ទូល​នៃ​ព្រះ ជួយ​យើង​ឲ្យ​ទប់ទល់​ការព្យាយាម​របស់​សាតាំង​ដើម្បី​ដឹកនាំ​យើង​ឲ្យ​ឆ្ងាយ​ពី​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​អ្នក​គិត​ថា « [ កាន់ ] ខ្ជាប់​ជានិច្ច » តាម​ព្រះបន្ទូល​នៃ​ព្រះ មានន័យ​ដូច​ម្ដេច ? ( នីហ្វៃ​ទី​១ ៨:៣០ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ខេវីន ដបុលយូ ភើសុន នៃ​ពួកចិតសិប​នាក់ ។

អែលឌើរ ខេវីន ដបុលយូ ភើសុន

លុះត្រា​តែ​យើង « កាន់​ខ្ជាប់​ជានិច្ច » [ នីហ្វៃទី១ ៨:៣០ ] ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ហើយ​រស់នៅ​តាម​ព្រះបន្ទូល បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ត្រូវ​ក្លាយ​ជា​មនុស្ស​ខ្វាក់​ខាង​វិញ្ញាណ ជាជាង​គំនិត​ដែល​ជាប់​ទៅខាង​វិញ្ញាណ​វិញ ។ សូម​ព្យាយាម​សិក្សា​ព្រះគម្ពីរ​មរមន និង​ពាក្យ​សម្តី​របស់​ព្យាការី​ដែល​កំពុង​រស់នៅ​ឲ្យ​បាន​រៀងរាល់​ថ្ងៃ រៀងរាល់ថ្ងៃ រៀងរាល់ថ្ងៃ ! វា​គឺជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​ការសង្គ្រោះ​ខាង​វិញ្ញាណ និង​ចៀសផុត​ពី​ការបោក​បញ្ឆោត ។ បើ​គ្មាន​ព្រះគម្ពីរ​ទេ នោះ​យើង​នឹង​វង្វេង​ខាង​វិញ្ញាណ ។ ( « Stay by the Tree » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១៥ )

សុំ​សិស្ស​ឲ្យ​ចែកចាយ​ថា ការកាន់​ខ្ជាប់​ទៅ​នឹង​ព្រះបន្ទូល​នៃ​ព្រះ បាន​ជួយ​ពួកគេ​ឲ្យ​រស់រាន​ខាង​វិញ្ញាណ ឬ​ចៀសវាង​ពី​ការបោក​បញ្ឆោត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ផងដែរ ពី​របៀប​ដែល​ព្រះបន្ទូល​នៃ​ព្រះ​បាន​ជួយ​ពួកគេ​ឲ្យ​ខិត​មក​ជិត​ព្រះយេស៊ូវគ្រីស្ទ និង​អំណាច​ដ៏ធួន​របស់​ទ្រង់ ។

ដើម្បី​ជួយ​សិស្ស​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​ទទួល​អារម្មណ៍ អ្នក​អាច​បង្ហាញ​សំណួរ​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា និង​កត់ត្រា​ចម្លើយ​របស់​ពួកគេ ។

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី ដើម្បី​កាន់​ខ្ជាប់​ទៅនឹង​​ព្រះបន្ទូល​នៃ​ព្រះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ?

  • តើ​នរណា​ខ្លះ​អាច​ទទួល​ពរជ័យ​ដោយ​ការឮ​ទីបន្ទាល់​របស់​ខ្ញុំ អំពី​សារសំខាន់​ក្នុង​ការកាន់​ខ្ជាប់​ទៅ​នឹង​ព្រះបន្ទូល​នៃ​ព្រះ ?

សូម​ពិចារណា​ក្នុង​ការសុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នោះ ។

សម្រាប់​ពេល​ក្រោយ

ដោយ​គិត​ពី​ការពិភាក្សា​អំពី​ដំបង​ដែក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា ពួកគេ​មាន​ភាពឧស្សាហ៍​ព្យាយាម​យ៉ាង​ណា ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ថ្មីៗ​នេះ ។ នៅពេល​សិស្ស​សិក្សា ឯកសារ​រៀបចំ សម្រាប់​មេរៀន​ក្រោយ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​ថា ការធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​ជា​អាទិភាព​មួយ អាច​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។