ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន ៖ យើង​ត្រូវការ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ


« មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន ៖ យើង​ត្រូវការ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន

យើង​ត្រូវការ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ

នៅក្នុង​ស្ថានភាព​ធ្លាក់​របស់​យើង នោះ​យើង​មិន​ស័ក្ដិសម​នឹង​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ឡើយ ។ ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ និង​តាមរយៈ​ព្រះចេស្ដា​ដ៏​ធួន​របស់​ទ្រង់ នោះ​យើង​អាច​កើត​ជាថ្មី​ខាង​វិញ្ញាណ​ជា​បុត្រា​បុត្រី​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ហើយ​ស័ក្ដិសម​នឹង​សិរីល្អ​សេឡេស្ទាល ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​យល់​កាន់​តែ​ស៊ីជម្រៅ​ពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ហើយ​ពន្យល់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង​បាន ។ សិស្ស​ក៏​នឹង​ប្ដេជ្ញា​ផងដែរ​ចំពោះ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ជួយ​សិស្ស​ឲ្យ​មាន​ទំនួល​ខុសត្រូវ​លើ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ « ការរៀនសូត្រ​ត្រូវតែ​បាន​ធ្វើ​ឡើង​ដោយ [ សិស្ស ] ។ ហេតុដូច្នេះ​ហើយ គឺ [ សិស្ស ] ដែល​ត្រូវ​ធ្វើ​សកម្មភាព » ( Teaching the Gospel: A Handbook for CES Teachers and Leaders [ ឆ្នាំ ១៩៩៤ ] ទំព័រ ១៤ ) ។ ស៊ីស្ទើរ វើរជីនៀ អេច ភាស អតីត​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បាន​អង្កេត​ឃើញ​ថា « គ្រូដ៏ចំណាន​ម្នាក់​មិន​គិត​ថា ‹ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៅ​នៅ​ក្នុង​ថ្នាក់​ថ្ងៃ​នេះ ? › ប៉ុន្តែ​សួរ​ថា ‹ តើ​សិស្ស​របស់​ខ្ញុំ​នឹង​ធ្វើ​អ្វី​នៅ​ក្នុង​ថ្នាក់​ថ្ងៃ​នេះ ? › មិនមែន ‹ តើ​ខ្ញុំ​នឹង​បង្រៀន​ពី​អ្វី​នៅ​ថ្ងៃ​នេះ › តែ​គួរ​តែ​សួរ​ថា ‹ តើ​ខ្ញុំ​នឹង​ជួយ​សិស្ស​ខ្ញុំ​រកឃើញ​អ្វី ដែល​ពួកគេ​ត្រូវការ​ដឹង​យ៉ាងដូចម្ដេច​ទៅ ? ›[ Teaching the Gospel: A Handbook for CES Teachers and Leaders ទំព័រ ១៣ ] » ( « The Ordinary Classroom—a Powerful Place for Steady and Continued Growth » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ១២ ) ។

ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​ដក​ពិសោធន៍​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន ដាល្លិន អេក អូក ៖ « វា​មិន … គ្រប់គ្រាន់​សម្រាប់​យើង​ដើម្បី បាន​ជឿ ដំណឹងល្អ​នោះ​ទេ ។ យើង​ត្រូវតែ​ធ្វើ​សកម្មភាព និង​គិត ដើម្បី​យើង​បាន ប្រែចិត្ត​ជឿ លើ​ដំណឹងល្អ » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២ ) ។

សូម​រំឭក​សិស្ស​ថា នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ពួកគេ​អាន​ដំណើររឿង​មួយ​អំពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន ។ បើ​ចាំបាច់ សិស្ស​អាច​រំឭក ម៉ូសាយ ៤:២–៣ និង ម៉ូសាយ ៥:២–៧ ដោយ​រកមើល​ទំនាក់ទំនង​រវាង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ការប្រែចិត្ត​ជឿ ។ អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន ឬ​ទាំងអស់​ដើម្បី​ជួយ​ពង្រីក​ការយល់ដឹង​របស់​សិស្ស​អំពី​សេចក្ដីពិត ដែល​ពួកគេ​រកឃើញ ។

  • តើ​ផ្នែក​អ្វី​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ដែល​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​អនុវត្ត ហើយ​តើ​វា​បាន​មាន​ឥទ្ធិពល​លើ​ការកើត​ជាថ្មី​ខាង​វិញ្ញាណ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូច​នេះ ៖ នៅពេល​យើង​ខិតខំ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​ព្រះអង្គ​សង្គ្រោះ​នឹង​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​បាន​កើត​ជាថ្មី​ខាង​វិញ្ញាណ ) ។

  • ហេតុ​អ្វី​វា​ចាំបាច់ ដើម្បី​ទទួលស្គាល់​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការកើត​ជាថ្មី​ខាង​វិញ្ញាណ និង​ការប្រែចិត្ត​ជឿ​របស់​អ្នក ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បំផុស​គំនិត​អ្នក​ឲ្យ​ងាកទៅរក​ទ្រង់ ដើម្បី​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​អ្នក ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​​ទៅកាន់​ទ្រង់ ពេល​ទ្រង់​ជួយ​អ្នក​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​នោះ ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា ដែល​មិន​ផ្ទាល់ខ្លួន​ខ្លាំង​ពេក ឬ​សូម​ឲ្យ​ពួកគេ​កត់ត្រា​បទពិសោធន៍​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ) ។

  • តើ​ធាតុ​នីមួយៗ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ( សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការតស៊ូ​ដល់​ចុង​បញ្ចប់ ) បើក​ទ្វារ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​អ្នក​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ការផ្លាស់ប្ដូរ​ដួងចិត្ត​មួយ ដែល​ពួកគេ​ចង់​ដក​ពិសោធន៍ ហើយ​សួរ ៖

ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​កប់​សស្ត្រាវុធ​របស់​គេ​ចោល ។

សូម​ពន្យល់​ថា ទោះជា​ក្រោយពេល​នរណា​ម្នាក់​បាន​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុងចិត្ត​ក៏​ដោយ ក៏​ភក្ដីភាព​របស់​គាត់ ឬ​នាង​អាច​សាប​រលាប​ទៅវិញ​បាន​ដែរ ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ដោយ​អែលឌើរ ឌេល ជី រេនឡាន់ ៖

អែលឌើរ ឌេល ជី រេនឡាន់

« យើង​ទាំងអស់​គ្នា​ស្គាល់​បុគ្គល​ដែល​បាន​មាន​ការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុង​ចិត្ត​នេះ ប៉ុន្ដែ​បន្ដិច​ម្ដងៗ​​បាន​ទោរទន់​តាម​ភាពជា​មនុស្ស​ខាង​សាច់ឈាម ។ ពួកគេ​ប្រែជា​លែង​ខ្វល់​ក្នុង​ការថ្វាយ​បង្គំ និង​ភក្ដីភាព​របស់​ពួកគេ​ចំពោះ​ព្រះ ដួងចិត្ត​របស់​ពួកគេ​បាន​រឹង​ទទឹង ហើយ​ពួកគេ​បាន​ធ្វើឲ្យ​អន្ដរាយ​ដល់​សេចក្ដី​សង្គ្រោះ​ដ៏​អស់កល្ប​របស់​ពួកគេ ។( « Preserving the Heart’s Mighty Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩៨ )

  • ហេតុអ្វី​បានជា​នរណា​ម្នាក់ ដែល​បាន​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុងចិត្ត​ហើយ បែរជា​លែង​ខ្វល់​ក្នុង​ការថ្វាយ​បង្គំ និង​ភក្ដីភាព​របស់​គេ​ចំពោះ​ព្រះ​ទៅវិញ ?

ដើម្បី​ផ្ដល់​ការប្រៀបធៀប​មួយ​ទៅនឹង​បុគ្គល​ដែល​បាន​ពិពណ៌នា​ដោយ​អែលឌើរ រេនឡាន់ សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​ដំណើររឿង​របស់​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ហើយ​រៀបរាប់​ពី​បុព្វហេតុ​ដែល​បាន​បណ្ដាល​ឲ្យ​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​កប់​គ្រឿង​សស្រា្ដវុធ​សង្គ្រាម​របស់​ពួកគេ​ចោល ។

ផ្លូវ​ដែល​ធ្វើឲ្យ​បរិសុទ្ធ​នៃ​ការគោរព​ប្រតិបត្តិ ពលិកម្ម និង​ការញែក​ជា​បរិសុទ្ធ ដោយ ដាន ប៊ើរ

នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ នោះ​អ្នក​អាច​ប្រើ​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ដូច​តទៅ​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​ជម្រៅ​នៃ​ការផ្លាស់ប្ដូរ និង​ការប្រែចិត្ត​ជឿ​របស់​ប្រជាជន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖ អាលម៉ា ២៣:៦–៧; អាលម៉ា ២៤:៩–១១, ១៥; និង អាលម៉ា ២៧:២៧ ។

  • តើ​អ្វី​ទៅ​ដែល​រារាំង​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ មិន​ឲ្យ​ឈប់​ខ្វល់​ក្នុង​ការថ្វាយ​បង្គំ និង​ភក្ដីភាព​របស់​ពួកគេ​ចំពោះ​ព្រះ ?

  • តើ​មាន​មេរៀន​អ្វីខ្លះ​ចេញពី​វគ្គ​បទគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​កិច្ចខិតខំ​របស់​អ្នក​ដើម្បី « មាន​ចិត្ត​រឹងប៉ឹង​នៅក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ គឺ​រហូត​ដល់​ចុង​បំផុត » ( អាលម៉ា ២៧:២៧ ) ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​មាន​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​អ្វីខ្លះ ដែល​អាច​រារាំង​ពួកគេ​មិន​ឲ្យ​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុងចិត្ត​របស់​ពួកគេ​ផ្ទាល់​បាន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ និង​ជំពូក​នេះ សូម​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ចាត់​ឲ្យ​មាន​អ្នកដឹកនាំ​ការពិភាក្សា​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ សូម​ប្រគល់​សំណៅ​ចែក​ខាងក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ហើយ​ធ្វើឲ្យ​ប្រាកដ​ថា សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​មួយ ។ នៅពេល​ដែល​ពេលវេលា​អនុញ្ញាត សូម​ឲ្យ​សិស្ស​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

ការពិភាក្សា​ក្រុម​តូច​ស្ដីពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ

ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន—មេរៀន​ទី ១២

កំណត់​ចំណាំ​សម្រាប់​អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​ស្ថានភាព​ខាងក្រោម​នេះ​ជាមួយ​នឹង​សមាជិក​ក្រុម​របស់​អ្នក ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្រុម​របស់​អ្នក​ទាំងអស់​ឲ្យ​ចូលរួម ។ ប៉ុន្ដែ គ្មាន​នរណាម្នាក់​គួរ​មាន​សម្ពាធ​ថា​ត្រូវតែ​ចែក​រំលែក​យោបល់​របស់​ពួកគេ​នោះ​ទេ ។

ផាប្លូ ស្រឡាញ់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់ ហើយ​មាន​អារម្មណ៍​ថា ដំណឹងល្អ​បាន​ចូលជ្រាប​ចូល​យ៉ាង​ជ្រាលជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​គាត់ ។ គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ពី​បេសកកម្ម​របស់​គាត់ ពោរពេញ​ដោយ​ក្ដី​អំណរ និង​ការរំពឹង​ទុក​ខ្ពស់​ពី​អនាគត​របស់​គាត់ ។ បន្ទាប់ពី​គាត់​បាន​មក​ដល់​ផ្ទះ​ពីរ​បី​សប្ដាហ៍​មក គាត់​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា គេ​មិន​ត្រូវការ​គាត់ និង​បាត់បង់​គោលដៅ ។ ជាញឹក​ញាប់ គាត់​មាន​អារម្មណ៍​ឯកោ ។ ក្នុង​កិច្ច​ខិតខំ​ដើម្បី​យកឈ្នះ​លើ​អារម្មណ៍​ទាំងនេះ គាត់​បាន​ចូលរួម​ក្នុង​សកម្មភាព និង​គម្រោង​ជាច្រើន​ខុសៗ​គ្នា ។ បន្ដិច​ម្ដងៗ​ គាត់​បាន​ចាប់ផ្ដើម​ភ្លេច​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​គាត់ ។ វត្តមាន​របស់​គាត់​ក្នុង​ព្រះវិហារ​មិន​សូវ​ទៀងទាត់ ហើយ​ថ្មីៗ​នេះ គាត់​ត្រូវ​បាន​ល្បួង​ឲ្យ​ត្រឡប់​ទៅរក​ទម្លាប់​អាក្រក់​មួយ​ចំនួន ដែល​គាត់​បាន​មាន​ពីមុន​បេសកកម្ម​របស់​គាត់ ។

សំណួរ​ពិភាក្សា ៖

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ និង​ការផ្លាស់ប្ដូរ​ដួងចិត្ត​អាច​ទាក់ទង​ខ្លាំង​បំផុត​ទៅនឹង​ស្ថានភាព​របស់​ផាប្លូ ?

  • ប្រសិនបើ​ផាប្លូ​ជា​មិត្ត​របស់​អ្នក តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ​ជាមួយ​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​គាត់​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដួងចិត្ត​ឡើងវិញ ?

  • តើ​ផាប្លូ​អាច​រៀន​មេរៀន​អ្វីខ្លះ​មកពី​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ?

ការពិភាក្សា​ក្រុម​តូច​ស្ដីពី​ការកើត​ជាថ្មី​ខាង​វិញ្ញាណ

សំណៅ​ចែក​របស់​គ្រូបង្រៀន

សូម​ពិចារណា​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការពិភាក្សា​ក្រុម​របស់​ពួកគេ ។ អ្នក​ក៏​អាច​ផ្ដល់​ពេល​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ ដោយសារតែ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃនេះ​ផងដែរ ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការយល់ដឹង និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​បាន​រីកចម្រើន​ឡើង នៅពេល​ពួកគេ​បាន​សិក្សា​ជំពូក​នេះ ។

សម្រាប់​ពេល​ក្រោយ

នៅពេល​អ្នក​រៀបចំ​បញ្ចប់​មេរៀន​នេះ អ្នក​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖ « យើង​ចង់​និយាយ​ជាមួយ​ក្មួយៗ​អំពី​ឧបសគ្គ ដ៏​ធំបំផុត បុព្វហេតុ ដ៏ធំបំផុត និង​កិច្ចការ ដ៏​ធំបំផុត នៅលើ​ផែនដី​នេះ ។ ហើយ​ពួកយើង​ចង់​អញ្ជើញ ក្មួយៗ ឲ្យ​ចូលរួម ! » ( រ័សុល អិម ណិលសុន និង វិនឌី ដបបិលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ៣ នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។ នៅពេល​សិស្ស​សិក្សា ឯកសារ​រៀបចំ សម្រាប់​មេរៀន​ក្រោយ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​ពី​តួនាទី​របស់​ពួកគេ​នៅក្នុង​បុព្វហេតុ​ដ៏​ធំ​បំផុត​នេះ ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល ។