ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ


« មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

យុវវ័យ​កាន់​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ

តើ​អ្នក​ធ្លាប់​មាន​បំណង​ដ៏​ខ្លាំង​មួយ​ចង់​កែលម្អ និង​ផ្លាស់ប្ដូរ​ខ្លួន ដើម្បី​អ្នក​អាច​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬទេ ? បងប្រុស ប្រៃអិន ខេ អាស្ដុន អតីត​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​បាន​បង្រៀន​ថា « វា​គឺជា​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ដែល​អនុញ្ញាត​ឲ្យ​យើង​មាន​អំណាច​ខាង​វិញ្ញាណ ដែល​នឹង​លើក​ស្ទួយ​យើង​ចេញពី​សភាព​ខាង​វិញ្ញាណ​នាពេល​បច្ចុប្បន្ន​របស់​យើង ទៅកាន់​សភាព​មួយ​ដែល​យើង​អាច​ក្លាយជា​ឥតខ្ចោះ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ » ( « The Doctrine of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៦ ) ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​សំដៅ​ទៅលើ​ការមាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជ​ទឹក ការទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូមមើល នីហ្វៃ​ទី​២ ៣១:២, ១០–២១; នីហ្វៃ​ទី​៣ ២៧:១៣–២២ ) ។ នៅពេល​អ្នក​សិក្សា​ពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​ជំនឿ​លើ​ទ្រង់ សូម​គិត​អំពី​របៀប​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ ហើយ​គិត​ពី​បុគ្គល​ដែល​អ្នក​ចង់​ក្លាយ​ទៅជា ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សេចក្ដី​សង្ខេប​ខាងក្រោម​នេះ​ពន្យល់​អំពី​អត្ថន័យ​នៃ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖

ការមាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​ថា ការពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​លើ​ព្រះចេស្ដា ព្រះបញ្ញា​ញាណ និង​សេចក្តីស្រឡាញ់​ដ៏​និរន្តរ៍​របស់​ទ្រង់ ។ វា​រួម​មាន​ទាំង​ការជឿ​លើ​ការបង្រៀន​របស់​ទ្រង់​ផងដែរ ។ វា​មាន​ន័យ​ថា យើង​ត្រូវ​មាន​ជំនឿ​ទោះបីជា​យើង​មិន​យល់​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ទ្រង់​ធ្វើ​ក៏​ដោយ ។ … ទ្រង់​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​យើង ដូច​ដែល​យើង​នៅ​ចងចាំ​ដល់​ការអង្វរ​របស់​ទ្រង់​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦ ) ។ ( «Faith in Jesus Christ » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

ប៊ីស្សព រីឆាត ស៊ី អេជ្ជលី អតីត​ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី​បាន​ថ្លែង​ថា « សេចក្ដី​ជំនឿ​គឺជា​ជម្រើស​មួយ ហើយ​យើង​ត្រូវតែ​ព្យាយាម​ស្វែងរក​វា និង​អភិវឌ្ឍ » ( « Faith—the Choice Is Yours » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣២ ) ។

ព្យាការី​អាលម៉ា​បាន​បង្រៀន​យ៉ាង​មាន​អានុភាព​អំពី​គោលការណ៍​នៃ​សេចក្ដី​ជំនឿ ។ អាលម៉ា​បាន​ព្រួយ​បារម្ភ​អំពី​ពួកសាសន៍​សូរាំ ដែល​ឈប់​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បានឃ្លាតឆ្ងាយ​ចេញពី​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​អាលម៉ា និង​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​បាន​ទៅ​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ចំណោម​ពួកគេ នោះ​លោក​បាន​ឃើញ​ថា ពួកសាសន៍​សូរាំ​មួយ​ចំនួន​បាន​បន្ទាប​ខ្លួន ដោយសារតែ​ភាពក្រីក្រ​របស់​ខ្លួន ហើយ​បាន​ទទួល​សារលិខិត​របស់​លោក ។ លោក​ចង់​ឲ្យ​ពួកគេ​យល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​បាន ។ ( សូមមើល អាលម៉ា ៣១–៣២ ) ។

ខណៈ​កំពុង​បង្រៀន​ពួកសាសន៍​សូរាំ អាលម៉ា​បាន​ប្រៀបធៀប​ព្រះបន្ទូល​របស់​ព្រះ​ទៅនឹង​គ្រាប់ពូជ​មួយ ហើយ​បាន​ពន្យល់​ថា វា​នឹង​ដុះ ពេល​យើង​ដាំ​វា​នៅក្នុង​ដួងចិត្ត​របស់​យើង ហើយ​ថែទាំ​វា​ដោយ​ប្រុង​ប្រយ័ត្ន​តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ ( សូមមើល អាលម៉ា ៣២:២៦–៣៣ ) ។

គ្រាប់​ចាប់ផ្ដើម​ដុះឡើង
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

នៅពេល​អ្នក​អាន អាលម៉ា ៣២:២១, ២៧–៣០ សូម​ពិចារណា​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ណា​ដែល​បង្រៀន​ពី​របៀប​ដែល​យើង​អាច​បង្កើន​សេចក្ដី​ជំនឿ​បាន ។

ដោយ​ថ្លែង​ពី​ការប្រៀបធៀប​គ្រាប់ពូជ​របស់​អាលម៉ា ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​របស់​ព្រះ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាល​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ជាញឹកញាប់​បំផុត យើង​ទទួល​ដំណឹងល្អ ដូចជា​កសិករ​ដែល​ដាក់​គ្រាប់ពូជ​ដាំ​ក្នុង​ដី​នា​ពេល​ព្រឹក ហើយ​រំពឹង​ថា​បាន​បណ្ដូល​ពោត​នៅ​ពេល​រសៀល ។ …

ការដឹង​ថា គ្រាប់ពូជ​នោះ​ល្អ គឺ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ។ យើង​ត្រូវតែ « ថែទាំ​វា​ដោយ​ថ្នាក់​ថ្នម ដើម្បី​វា​អាច​ដុះ​ឫស » [ អាលម៉ា ៣២:៣៧ ] ។ …

… ភាពជា​សិស្ស​មិនមែន​ជា​ការអង្គុយ​មើល​កីឡា​ឡើយ ។ យើង​មិន​អាច​រំពឹង​ថា​នឹង​បាន​ដកពិសោធន៍​ពរជ័យ​នៃ​សេចក្ដី​ជំនឿ ដោយ​ការឈរ​ធ្មឹង​នៅ​មួយ​កន្លែង​ឡើយ គឺ​ដូចជា​ការដែល​យើង​មិន​អាច​ទទួល​បាន​ប្រយោជន៍​នៃ​សុខភាព​បាន​ដែរ ដោយ​ការគ្រាន់តែ​អង្គុយ​លើ​សាឡុង​មើល​ព្រឹត្តិការណ៍​កីឡា​លើ​ទូរទស្សន៍ ហើយ​ផ្ដល់​ដំបូន្មាន​ដល់​អត្តពលករ​នោះ ។( « The Way of the Disciple » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧៦, ៧៧ )

រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាច​ផ្ដល់​ដំបូន្មាន​អ្វីខ្លះ ដល់​នរណាម្នាក់​ដែល​បាក់​ទឹកចិត្ត​ដោយសារ​គាត់ ឬ​នាង​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ប៉ុន្ដែ​មិន​ទាន់​បាន​ទទួល​ផលផ្លែ​នៃ​សេចក្ដី​ជំនឿ​នៅឡើយ ?

ផ្នែក​ទី ២

តើ​ការថែទាំ​ព្រះបន្ទូល​របស់​ព្រះ​តាមរយៈ​សេចក្ដី​ជំនឿ អាច​នាំ​ខ្ញុំ​ឲ្យ​ខិតជិត​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

អាលម៉ា​បាន​បង្រៀន​ថា នៅពេល​គ្រាប់ពូជ​នោះ​ដុះ​ឡើង ហើយ​ចាប់ផ្ដើម​លូតលាស់ នោះ​យើង​នឹង​ដឹង​ថា គ្រាប់ពូជ​នោះ​ល្អ ហើយ​សេចក្ដី​ជំនឿ​របស់​យើង​នឹង​ត្រូវបាន​ពង្រឹង ។ បន្ទាប់ពី​ការលូតលាស់​ដំបូង​នេះ អាលម៉ា​បាន​ព្រមាន​ថា​កុំ​ឲ្យ « ទុក​សេចក្ដី​ជំនឿ​របស់​ខ្លួន​មួយ​អន្លើ​ឡើយ » ហើយ​ភ្លេច​ថែទាំ​ដើមឈើ​នោះ​ឡើយ ( សូមមើល អាលម៉ា ៣២:៣០–៣៨ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៣២:៤១–៤៣ ហើយ​រកមើល​ពរជ័យ​ដែល​កើតមាន នៅពេល​យើង​ថែទាំ​ដើមឈើ​ដោយ​សេចក្ដី​ជំនឿ​ជា​បន្ដ​បន្ទាប់​ពេញ​មួយ​ជីវិត ។

មនុស្ស​កាន់​ផ្លែ​ឈើ​ដើម​ជីវិត

នៅពេល​អាលម៉ា​បាន​បញ្ចប់​ការបង្រៀន​អំពី​សេចក្ដី​ជំនឿ​ដល់​ពួកសាសន៍​សូរាំ នោះ​លោក​បាន​ចង្អុល​បង្ហាញ​ថា គ្រាប់ពូជ​ដែល​លោក​ចង់​ឲ្យ​ពួកគេ​ដាំ​ក្នុង​ចិត្ត​របស់​ពួកគេ​នោះ គឺ​សារលិខិត​ដែល​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​បាន « ធ្វើឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​របស់​ពួកគេ ហើយ​ថា​ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ » ( អាលម៉ា ៣៣:២២–២៣ ) ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សរសេរ ៖

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

នៅក្នុង​ការថ្លែង​ដ៏​អស្ចារ្យ​នេះ អាលម៉ា​ជំរុញ​ចិត្ត​អ្នកអាន​ពី​ការអត្ថា​ធិប្បាយ​ទូទៅ​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះបន្ទូល​របស់​ព្រះ​ដែល​ដូចជា​គ្រាប់ពូជ ទៅជា​ការថ្លែង​ផ្តោតលើ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ដែល​ជា​ព្រះបន្ទូល​របស់​ព្រះ ដែល​បាន​លូតលាស់​ទៅ​ដើមឈើ​ដែល​បង្កើត​ផលផ្លែ ជា​ដើមឈើ​ដែល​មាន​ផ្លែ​ដូច​ការយល់ឃើញ​ពីមុន​របស់​លីហៃ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ … ព្រះគ្រីស្ទ​គឺជា​គ្រាប់ពូជ ជា​ដើមឈើ និង​ផលផ្លែ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៦៩ )

ព្រះយេស៊ូវគ្រីស្ទ
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ និង​ការដាំ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នៅក្នុង​ចិត្ត​យើង មាន​ឥទ្ធិពល​លើ​ទីបន្ទាល់ និង​ការប្រែចិត្ត​ជឿ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​មាន​ពរជ័យ​ដោយ​ការអនុវត្ត​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណាខ្លះ ?

កាល​មរ៉ូណៃ​បាន​បញ្ចប់​កិច្ចការ​របស់​លោក​ក្នុង​ព្រះគម្ពីរ​មរមន លោក​បាន​ដាក់​បញ្ចូល​ទេសនកថា​ដែល​ឪពុក​របស់​លោក គឺ​មរមន បាន​ថ្លែង​ជាច្រើន​ឆ្នាំ​មុន ( សូមមើល មរ៉ូណៃ ៧:១ ) ។ នៅក្នុង​ទេសនកថា​នេះ មរមន​បាន​បង្រៀន​ពី​អ្វី​ដែល​អាច​សម្រេច​បាន តាមរយៈ​អំណាច​នៃ​សេចក្ដី​ជំនឿ ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន មរ៉ូណៃ ៧:២៥–២៦ ៣៣ ហើយ​ពិចារណា​ពី​ពរជ័យ និង​អព្ភូតហេតុ​នានា​ដែល​យើង​អាច​ដក​ពិសោធន៍​បាន នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ នាំ​មក​នូវ​អំណាច​បន្ថែម​ទៀត​ចូល​មក​ក្នុង​ជីវិត​របស់​យើង ៖

អែលឌើរ រីឆាដ ជី ស្កត

ការមាន​សេចក្ដី​ជំនឿ​ដែល​មិន​រង្គោះរង្គើ​លើ​ព្រះយេស៊ូវគ្រីស្ទ គឺ​ការពន្លិច​ជីវិត​របស់​បងប្អូន​ដោយ​ពន្លឺ​ដ៏​ភ្លឺ​ចែងចាំង ។ អ្នក​លែង​នៅ​តែឯង​ដើម្បី​ពុះពារ​នឹង​ឧបសគ្គ ដែល​អ្នក​ដឹង​ថា​អ្នក​មិន​អាច​ដោះស្រាយ​បាន ឬ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ទៀត​ហើយ ដោយសារ​ទ្រង់​បាន​មាន​បន្ទូល​ថា « បើសិន​ជា​អ្នករាល់គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នករាល់គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា ការចំបាច់​ដល់​យើង »មរ៉ូណៃ ៧:៣៣; បាន​បន្ថែម​អក្សរ​ទ្រេត ] ។

ប្រសិនបើ​អ្នក​ខូច​ចិត្ត ត្រូវបាន​ញាំញី​ដោយ​ការរំលង ឈឺ នៅ​ឯកោ ឬ​ត្រូវការ​ការលួងលោម និង​ការគាំទ្រ​ខ្លាំង​នោះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​មុតមាំ​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក ពេល​អ្នកគោរព​តាម​ក្រឹត្យវិន័យ​ខាង​វិញ្ញាណ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ការគោរព​តាម​នឹង​ផ្ដល់​ជំនួយ ។ ទ្រង់​គឺជា​បិតា​របស់​អ្នក ។ អ្នក​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​នឹង​មិន​ធ្វើឲ្យ​អ្នក​ខកចិត្ត​ឡើយ ។ ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ប្រទានពរ​ដល់​អ្នក ។( « Obtaining Help from the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៨៦ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កំណត់​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កត់ត្រា​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​ពរជ័យ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​នៅក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​ពិចារណា​ពី​របៀប​ដែល​អ្នក​បាន​ដក​ពិសោធន៍​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ កាល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់​ផងដែរ ។