« មេរៀនទី ៥ ឯកសារគ្រូបង្រៀន ៖ ការធ្លាក់របស់អ័ដាម និងអេវ៉ា និងអំណោយទាននៃសិទ្ធិជ្រើសរើស » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ៥ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ៥ ឯកសារគ្រូបង្រៀន
ការធ្លាក់របស់អ័ដាម និងអេវ៉ា និងអំណោយទាននៃសិទ្ធិជ្រើសរើស
ព្យាការីលីហៃបានបង្រៀនថា ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ាបានសម្រេចនូវគោលបំណងទាំងឡាយរបស់ព្រះដ៏អស់កល្បជានិច្ចសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ( សូមមើល នីហ្វៃទី២ ២:១៥–២៥ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីរបៀបដែលការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា សិទ្ធិជ្រើសរើស ព្រមទាំងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់យ៉ាងណាចំពោះផែនការនៃការប្រោសលោះរបស់ព្រះវរបិតាសួគ៌ ។ សិស្សក៏នឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីប្រើសិទ្ធជ្រើសរើសរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។
យោបល់សម្រាប់ការបង្រៀន
លីហៃបង្រៀនកូនប្រុសរបស់លោក យ៉ាកុប អំពីឥទ្ធិពលនៃការធ្លាក់ ។
សូមចង្អុលបង្ហាញថា សិស្សកំពុងចាប់ផ្ដើមជំពូកថ្មីមួយអំពីផែនការនៃសេចក្ដីប្រោសលោះរបស់ព្រះវរបិតាសួគ៌ ។ វាអាចមានប្រយោជន៍ដើម្បីពន្យល់ថា ក្នុងចំណោមឈ្មោះជាច្រើនដែលសំដៅទៅលើផែនការរបស់ព្រះវរបិតាសួគ៌ មានឈ្មោះទូទៅបំផុតមួយដែលប្រើនៅក្នុងព្រះគម្ពីរមរមនគឺ « ផែនការនៃសេចក្ដីប្រោសលោះ » ( ឧទាហរណ៍ សូមមើល យ៉ាកុប ៦:៨; អាលម៉ា ១២:៣០, ៣២–៣៣; ៣៤:៣១ ) ។
សូមដាក់បង្ហាញសេចក្តីថ្លែងការណ៍ដូចតទៅនេះ ហើយសូមឲ្យសិស្សវាយតម្លៃវាដោយផ្អែកលើការបង្រៀនក្នុងព្រះគម្ពីរមរមន ៖ ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ាគឺជាកំហុស ឬគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ដែលផ្ទុយនឹងផែនការរបស់ព្រះ ។
ក្រោយពីសិស្សចែកចាយការយល់ដឹងរបស់ពួកគេហើយ សូមដាក់បង្ហាញសេចក្ដីពិតដូចតទៅនេះ ៖ ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ាគឺជាផ្នែកមួយដ៏ចាំបាច់នៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅពីសេចក្តីពិតនេះ សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនេះដាក់លើក្ដារខៀន ( សូមទុកកន្លែងទំនេរឲ្យធំនៅចន្លោះប្រយោគនេះ ) ៖
ប្រសិនបើលោកអ័ដាម និងនាងអេវ៉ាមិនបានទទួលទានផ្លែឈើទេនោះ …
ដោយសារពួកលោកបានទទួលទានផ្លែឈើនោះ …
សូមអញ្ជើញសិស្សឲ្យរំឭក នីហ្វៃទី២ ២:១៩–២៥ ហើយរកមើលលទ្ធផល ឬឥទ្ធិពលនៃការធ្លាក់ ដែលពួកគេអាចប្រើដើម្បីបំពេញប្រយោគនីមួយៗ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀននៅក្រោមឃ្លានីមួយៗ ។
សូមបង្ហាញ និងអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អួសុន អេហ្វ វិតនី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ការធ្លាក់របស់លោកអ័ដាមគឺជាការបោះជំហានចុះក្រោម ប៉ុន្ដែវាក៏ជាជំហានទៅមុខផងដែរ—ជាជំហានមួយនៅក្នុងព្យុះហយាត្រាដ៏អស់កល្បនៃការរីកចម្រើនរបស់មនុស្សលោក ។ ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩០៨ ទំព័រ ៩០ ) ។
-
តើការធ្លាក់ជា « ជំហានចុះក្រោម » ផង និងជា « ជំហានទៅមុខ » ផងនៅក្នុងការរីកចម្រើនខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច ? ( ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចសូមឲ្យសិស្សរំឭកសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន និង អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ហើយចែកចាយអ្វីដែលលេចធ្លោចំពោះពួកគេ ) ។
-
តើការយល់ដឹងពីការធ្លាក់ជួយអ្នកឲ្យមើលឃើញថា សូម្បីតែឧបសគ្គក្នុងជីវិតរមែងស្លាប់នេះក៏ជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ដែរយ៉ាងដូចម្ដេច ?
-
តើស្ថានភាពដែលកើតឡើងដោយសារការធ្លាក់ អនុញ្ញាតឲ្យយើងមានឱកាសរីកចម្រើនខាងវិញ្ញាណ និងមានអំណរដោយរបៀបណា ? ( សូមមើល នីហ្វៃទី២ ២:២៥ ) ។
ជាផ្នែកនៃការពិភាក្សារបស់អ្នក សូមពិចារណាបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
ច្បាស់ណាស់ លីហៃបានស្គាល់នូវការផ្ទុយ ការអន្ទះសា ការឈឺចិត្ត ការឈឺចាប់ ការខកចិត្ត និងទុក្ខសោក ។ ប៉ុន្តែលោកបានប្រកាសយ៉ាងម៉ឺងម៉ាត់ និងដោយឥតរុញរាអំពីគោលការណ៍មួយដែលព្រះអម្ចាស់បានបើកសម្តែង ៖ « មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » [ នីហ្វៃទី២ ២:២៥ ] ។ ចូរស្រមៃមើលចុះ ! ក្នុងពាក្យទាំងអស់ដែលលោកបានប្រើដើម្បីពិពណ៌នាអំពីលក្ខណៈ និងគោលបំណងនៃជីវិតរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ លោកបានជ្រើសយកពាក្យ សេចក្ដីអំណរ !
ជីវិតនេះពោរពេញដោយការខកបំណង និងមិនអាចសម្រេចតាមអ្វីដែលយើងចង់បានឡើយ មានការសាកល្បង និងឧបសគ្គគ្រប់ជំពូក ។ យើងម្នាក់ៗទំនងជាមានគ្រាដែលកើតទុក្ខ ឈឺចាប់ និងអស់សង្ឃឹមដែលស្ទើរតែបំផ្លាញយើងទាំងស្រុង ។ ប៉ុន្តែ តើយើងមកផែនដីនេះដើម្បីមានអំណរមែនឬ ?
មែនហើយ ! ចម្លើយនោះគឺលាន់ខ្ទររំពងថា មែនហើយ ! »( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )
សូមអញ្ជើញសិស្សឲ្យរកមើលដោយស្ងាត់ស្ងៀមនូវឧបសគ្គជាក់លាក់មួយ ដែលពួកគេជួប ។ សូមបង្ហាញសំណួរខាងក្រោម ហើយសូមឲ្យសិស្សសញ្ជឹងគិតអំពីចម្លើយរបស់ពួកគេចំពោះសំណួរនេះ ហើយកត់ត្រាយោបល់របស់ពួកគេទុក ។ ( បើអាចធ្វើបាន សូមឲ្យសិស្សម្នាក់ ឬពីរនាក់ចែកចាយពីអ្វីដែលពួកគេបានសរសេរនោះ ។ សូមរំឭកសិស្សថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬឯកជនខ្លាំងពេកនោះទេ ) ។
-
តើការយល់ដឹងពីគោលបំណងនៃការធ្លាក់នេះ អាចជួយខ្ញុំឲ្យមើលឃើញបទពិសោធន៍នេះថាជាឱកាសមួយសម្រាប់ការរីកចម្រើន និងសេចក្ដីអំណរខាងវិញ្ញាណដោយរបៀបណា ?
លីហៃបង្រៀនថា យើងមានសេរីភាពដើម្បីជ្រើសរើសសេរីភាព និងជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ៖ « [ ការធ្លាក់ ] បានធ្វើឲ្យអំណោយទានបន្ថែមពីរដែលស្អិតរមួតជាប់គ្នាមកពីព្រះបានសកម្មឡើង ដែលវាស្ទើរតែមានតម្លៃស្មើនឹងជីវិត—គឺសិទ្ធិជ្រើសរើស និងការទទួលខុសត្រូវ » ( « Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៣៤ ) ។
-
តើមានស្ថានភាពណាខ្លះ ដែលលីហៃបានប្រាប់ដែលធ្វើឲ្យសិទ្ធិជ្រើសរើស និងការទទួលខុសត្រូវអាចកើតឡើងបាន ? ( ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សឲ្យរំឭក ផ្នែកទី ២ នៃឯកសាររៀបចំ ។ អ្នកអាចសូមឲ្យសិស្សពន្យល់ដោយសង្ខេបពីមូលហេតុដែលស្ថានភាពទាំងនេះនីមួយៗគឺចាំបាច់ ដើម្បីឲ្យមានសិទ្ធិជ្រើសរើស ) ។
សូមអាន នីហ្វៃទី២ ២:២៦–២៩ រួមគ្នា ដោយរកមើលរបៀបផ្សេងទៀត ដែលសិទ្ធិជ្រើសរើសរបស់យើងត្រូវបានរងឥទ្ធិពលដោយសារដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងការដែលទ្រង់ប្រោសលោះយើងពីឥទ្ធិពលនៃការធ្លាក់ ។ គោលការណ៍ដែលសិស្សអាចរកឃើញចេញពីវគ្គបទគម្ពីរនេះ អាចរួមមានដូចតទៅនេះ ៖ ពលិកម្មដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះអនុញ្ញាតឲ្យយើងមានសេរីភាពដើម្បីជ្រើសរើសជីវិតដ៏នៅអស់កល្បជានិច្ច ។ ផែនការរបស់ព្រះវរបិតាសួគ៌ផ្ដល់លក្ខខណ្ឌដ៏ចាំបាច់ឲ្យយើងមានសេរីភាពដើម្បីជ្រើសរើសសេរីភាព និងជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទ ឬជ្រើសរើសការជាប់ឃុំឃាំង និងសេចក្តីស្លាប់តាមរយៈអារក្ស ។
សូមពិចារណាថា តើសំណួរខាងក្រោមនេះមួយណាដែលអាចជួយសិស្សរបស់អ្នកឲ្យយល់ពីសិទ្ធិជ្រើសរើសបានល្អបំផុត ហើយសម្រេចចិត្តសម្រាប់ខ្លួនពួកគេពីសកម្មភាពសុចរិតណា ដែលពួកគេគួរតែធ្វើនៅក្នុងជីវិតរបស់ពួកគេ ។ ( អ្នកអាចជ្រើសរើសសំណួរមួយឈុតខាងក្រោមនេះ ហើយលើកទឹកចិត្តសិស្សឲ្យកត់ត្រាយោបល់ និងចំណាប់អារម្មណ៍របស់ពួកគេ ) ។
-
តើអ្នកគិតថា វាមានអត្ថន័យយ៉ាងណាដែរ ដែលយើងបាន « មានឥស្សរភាពរហូតតទៅ … ដើម្បីធ្វើសកម្មភាពដោយខ្លួន [ យើង ] ហើយពុំមែនទទួលសកម្មភាពទេ លើកលែងតែដោយការធ្វើទោសតាមក្រឹត្យវិន័យនៅក្នុងថ្ងៃដ៏មហិមា ហើយចុងក្រោយបង្អស់ » ? ( នីហ្វៃទី២ ២:២៦ ) ។ តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីអ្នកអាចធ្វើអំពើសុចរិតនៅថ្ងៃនេះ ?
-
តើមានឧទាហរណ៍ណាខ្លះនៃជម្រើសតូចៗ ដែលអ្នកជ្រើសរើសរាល់ថ្ងៃ ដែលអាចមានឥទ្ធិពលយូរអង្វែង ? តើជម្រើសប្រចាំថ្ងៃប្រភេទណា ដែលនឹងជួយអ្នកឲ្យខិតកាន់តែជិតទៅព្រះយេស៊ូវគ្រីស្ទ និងជីវិតដ៏អស់កល្បនោះ ? តើអ្នកកំពុងធ្វើការជ្រើសរើសអ្វីខ្លះនាពេលបច្ចុប្បន្ន ដែលអាចរារាំង ឬកាត់បន្ថយការរីកលូតលាស់ ឬឱកាសខាងវិញ្ញាណរបស់អ្នក ?
-
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានអនុញ្ញាតឲ្យអ្នករៀនចេញពីកំហុសរបស់ខ្លួនឯងតាមរបៀបណា ? ( សូមមើលឡើងវិញនូវ សេចក្ដីថ្លែងការណ៍របស់អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ប្រសិនបើចាំបាច់ ) ។ តើអ្នកអាចរៀនបានអ្វីខ្លះ មកពីអំពើបាបមួយដែលអ្នកបានប្រព្រឹត្ត ឬកំហុសមួយដែលអ្នកបានធ្វើ ?
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សណាដែលចង់ចែកចាយយោបល់ ឬទីបន្ទាល់របស់ពួកគេឲ្យឡើងចែកចាយ ។ សូមពន្យល់ដល់សិស្សថា ពួកគេមិនគួរចែកចាយអ្វីមួយដែលផ្ទាល់ខ្លួនពេក ឬនិយាយអំពីអំពើបាបជាក់លាក់ ដែលពួកគេអាចបានប្រព្រឹត្តនោះទេ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមអ្វីដែលពួកគេបានសរសេរ និងសញ្ជឹងគិតនៅថ្ងៃនេះ ។ សូមថ្លែងទីបន្ទាល់អំពីគោលការណ៍ទាំងឡាយនៅក្នុងមេរៀននេះ និងព្រះរាជបំណងរបស់ព្រះអម្ចាស់ដើម្បីជួយសិស្សឲ្យរកឃើញទិសដៅនៃជម្រើសក្នុងជីវិតរបស់ពួកគេ ។
សម្រាប់ពេលក្រោយ
សូមចង្អុលបង្ហាញថា នៅអំឡុងថ្នាក់លើកក្រោយ យើងនឹងពិភាក្សាពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យសិក្សា ឯកសាររៀបចំ ដោយប្រុងប្រយ័ត្ន ហើយសញ្ជឹងគិតពីមូលហេតុដែលព្រះគម្ពីរមរមនពិពណ៌នាពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទថាជានិរន្ដរ៍ និងអស់កល្ប ( សូមមើល នីហ្វៃទី២ ៩:៧; អាលម៉ា ៣៤:១០ ) ។