« មេរៀនទី ២៨ ឯកសារគ្រូបង្រៀន ៖ មករកព្រះគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៨ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៨ ឯកសារគ្រូបង្រៀន
មករកព្រះគ្រីស្ទ
ពីមុនបញ្ចប់កំណត់ត្រារបស់លោក ព្យាការី មរ៉ូណៃ បានអញ្ជើញអ្នកអានឲ្យ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីមូលហេតុដែលវាមានសារៈសំខាន់ដើម្បីស្ថាបនាជីវិតរបស់ពួកគេនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ និងដើម្បីពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីមករកទ្រង់ឲ្យកាន់តែពេញលេញ ។ ពួកគេក៏នឹងមានឱកាសចែកចាយអំពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនរបស់ពួកគេនៅក្នុងវគ្គសិក្សានេះ បានជួយពួកគេឲ្យមករកព្រះគ្រីស្ទផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន បង្រៀនកូនប្រុសៗរបស់លោកឲ្យសង់នៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ។
សូមមើលវីដេអូ « Spiritual Whirlwinds » ( រហូតដល់កូដពេលវេលា ១:២៥ ) ឬ បង្ហាញ ហើយអានសេចក្តីថ្លែងការណ៍ដូចតទៅ ដោយអែលឌើរ នែល អិល អាន់ឌើរសិន ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលការបង្រៀនរបស់អែលឌើរ អាន់ឌើរសិន ទាក់ទងនឹងកាលៈទេសៈពិសេសៗរបស់ពួកគេ ។
មិត្តវ័យក្មេងរបស់ខ្ញុំអើយ ពិភពលោកនេះនឹងមិនក្លាយជាទីស្ងប់ស្ងាត់ឡើយ កាលយើងខិតទៅកាន់តែជិតនឹងការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ព្រះគម្ពីរប្រកាសថា « គ្រប់ទាំងអស់នឹងនៅក្នុងស្ថានភាពចលាចល » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩១ ] ។ …
កង្វល់ដែលធំជាងការរញ្ជួយដី និងសង្គ្រាមដែលបានព្យាករទុកនោះ [ សូមមើល ដាល្លិន អេក អូក « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ] គឺខ្យល់គួចខាងវិញ្ញាណដែលអាចផ្ដាច់អ្នកចេញពីគ្រឹះខាងវិញ្ញាណរបស់អ្នក ហើយដាក់វិញ្ញាណអ្នកនៅទីដែលអ្នកនឹងនឹកស្មានមិនដល់ ពេលខ្លះអ្នកមិនបានទាំងដឹងខ្លួនថា អ្នកត្រូវបានផ្ដាច់ចេញឡើយ ។
ខ្យល់គួចដ៏អាក្រក់នេះគឺជាការល្បួងពីមារសត្រូវ ។ អំពើបាបតែងមាននៅក្នុងពិភពលោកនេះជានិច្ច ប៉ុន្តែវាពុំធ្លាប់ងាយ ហើយមិនចេះស្កប់ស្កល់ និងទទួលយកដូចសព្វថ្ងៃនេះឡើយ ។( « SpiritualWhirlwinds » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ )
-
តើខ្យល់គួចខាងវិញ្ញាណមួយចំនួនដែលយុវមជ្ឈិមវ័យប្រឈមមុខសព្វថ្ងៃនេះមានអ្វីខ្លះ ? ( អ្នកអាចនឹងចង់កត់ត្រាចម្លើយរបស់សិស្សនៅលើក្តារខៀន ) ។
-
តើអ្នកអាចរៀបចំខ្លួនបានល្អបំផុតសម្រាប់ខ្យល់គួចខាងវិញ្ញាណដែលអ្នកនឹងប្រឈមមុខយ៉ាងដូចម្តេច ? ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា អែលឌើរ អាន់ឌើរសិន បានសួរសំណួរស្រដៀងគ្នានេះនៅក្នុងសុន្ទរកថារបស់លោក រួចហើយបានដកស្រង់ ហេលេមិន ៥:១២ ) ។
សូមអាន ហេលេមិន ៥:១២ រួមគ្នា ហើយសូមឲ្យសិស្សរកមើលគោលការណ៍ដែលអាចជួយពួកគេឲ្យទប់ទល់នឹងខ្យល់គួចខាងវិញ្ញាណបាន ។ ( ដោយប្រើចម្លើយរបស់សិស្ស នោះអ្នកអាចសរសេរគោលការណ៍មួយដូចតទៅនេះនៅលើក្តារខៀន ៖ ប្រសិនបើយើងសង់គ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះសាតាំងនឹងគ្មានអំណាចបំផ្លាញយើងឡើយ ) ។
-
តើមនុស្សដែលបានស្ថាបនាជីវិតរបស់ពួកគេនៅលើតម្លៃ ឬទស្សនវិជ្ជាទាំងឡាយរបស់ពិភពលោក អាចទទួលឥទ្ធិពលពីខ្យល់គួចខាងវិញ្ញាណយ៉ាងដូចម្ដេច ?
-
តើអ្វីទៅដែលធ្វើឲ្យព្រះយេស៊ូវគ្រីស្ទ ជាគ្រឹះពិតប្រាកដតែមួយគត់ដែលយើងត្រូវស្ថាបនាជីវិតរបស់យើងនៅលើ ? ( អ្នកអាចឲ្យសិស្សរំឭក សេចក្ដីថ្លែងការណ៍ដោយស៊ីស្ទើរ ឈើរី អិល ឌូ នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
-
តើអ្វីទៅដែលអាចរារាំងយើងពីការស្ថាបនាគ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ? តើយើងអាចយកឈ្នះលើការសាកល្បងទាំងនេះដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យចែកចាយសកម្មភាពជាក់លាក់មួយចំនួន ដែលពួកគេបានធ្វើ ដើម្បីស្ថាបនាជីវិតរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ ( អ្នកអាចសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ) ។ បន្ទាប់ពីសិស្សបានចែកចាយបទពិសោធន៍របស់ពួកគេរួចហើយ សូមផ្តល់ពេលវេលាឲ្យពួកគេកត់ត្រាសកម្មភាពមួយ ដែលពួកគេអាចធ្វើបាន ដើម្បីស្ថាបនាជីវិតរបស់ពួកគេឲ្យកាន់តែពេញលេញលើព្រះយេស៊ូវគ្រីស្ទ ។
មរ៉ូណៃ បានបញ្ចប់ព្រះគម្ពីរមរមនតាមរយៈការអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាពីការបង្ហាញវីដេអូ « Come unto Christ » ( ៣:៥៤ ) ដែលអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ចែកចាយពីរបៀបដែលប្រជាជនមួយចំនួននៅក្នុងប្រទេសបូលីវីបានផ្លាស់ប្តូរ កាលដែលពួកគេមករកព្រះយេស៊ូវគ្រីស្ទ ។ ម៉្យាងវិញទៀត អ្នកអាចចែកចាយបទពិសោធន៍ផ្សេងមួយទៀត ស្ដីពីរបៀបដែលជីវិតរបស់មនុស្សម្នាក់បានផ្លាស់ប្តូរ នៅពេលគាត់ ឬនាងបានជ្រើសរើសមករកព្រះគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាពីអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។
សូមអាន មរ៉ូណៃ ១០:៣២–៣៣ រួមគ្នា ហើយសូមឲ្យសិស្សពិភាក្សាពីមូលហេតុដែលការអញ្ជើញនេះ គឺត្រឹមត្រូវសម្រាប់ជំពូកចុងក្រោយនៃព្រះគម្ពីរមរមន ។ សូមជួយសិស្សឲ្យស្វែងរកតាមរយៈខគម្ពីរទាំងនេះនូវគោលការណ៍មួយស្រដៀងគ្នានឹងគោលការណ៍ដូចតទៅ ៖ នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានញែកចេញឲ្យបរិសុទ្ធ និងបានល្អឥតខ្ចោះតាមរយៈព្រះគុណរបស់ទ្រង់ ។
-
តើអ្នកនឹងពន្យល់ពីអត្ថន័យនៃការ « មករកព្រះគ្រីស្ទ » ទៅកាន់នរណាម្នាក់ដែលបានស្តាប់ការអញ្ជើញនេះ ជាលើកដំបូងដោយរបៀបណា ? ( វាអាចមានប្រយោជន៍ដើម្បីរំឭក សេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ) ។
-
តើវាមានន័យដូចម្ដេចក្នុងការ « លះបង់ចោលអស់ទាំងអំពើដ៏ឥតបរិសុទ្ធ [ របស់យើង ] » ? ( មរ៉ូណៃ ១០:៣២ ) ។
-
ហេតុអ្វីយើងត្រូវការព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីបានល្អឥតខ្ចោះ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីអញ្ជើញព្រះចេស្តាដែលអាចធ្វើបាន ឬព្រះគុណរបស់ព្រះអម្ចាស់មកក្នុងជីវិតរបស់យើង ? ( សូមលើកទឹកចិត្តសិស្សឲ្យរំឭក សេចក្ដីថ្លែងការណ៍របស់ប្រធាន ថាត អរ ខាលីស្ទើរ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ) ។
សូមលើកទឹកចិត្តឲ្យសិស្សពីរបីនាក់ចែកចាយពីរបៀបដែលព្រះគុណរបស់ព្រះអម្ចាស់ បានជួយពួកគេឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
សូមអានការអញ្ជើញរបស់ មរ៉ូណៃ នៅក្នុង មរ៉ូណៃ ១២:៤១ ជាមួយគ្នា ហើយសូមរំឭកសិស្សថា ពួកគេត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេបានឆ្លើយតបទៅនឹងការអញ្ជើញនេះ ។ សូមអញ្ជើញសិស្សឲ្យបើកទៅផ្នែកទី ៣ នៃឯកសាររៀបចំនេះ និងមើលជម្រើសទាំងបីនេះ ក្រោមចំណងជើងថា « កត់ត្រាគំនិតរបស់អ្នក » ។ សូមឲ្យសិស្សមានពេលពិនិត្យមើលអ្វីដែលពួកគេបានសរសេរ ឬប្រសិនបើពួកគេពុំមានពេលដើម្បីរៀបចំខ្លួនទេ សូមលើកទឹកចិត្តពួកគេឲ្យជ្រើសរើសជម្រើសមួយនៃជម្រើសទាំងនេះ ហើយរៀបចំគំនិតខ្លះៗដើម្បីចែកចាយ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានសរសេរ ។ ( បើអ្នកមានសិស្សច្រើន អ្នកអាចចង់បំបែកសិស្សទៅជាក្រុមតូចៗ ដើម្បីសិស្សគ្រប់គ្នាមានឱកាសចែកចាយ ) ។
នៅពេលអ្នកបញ្ចប់មេរៀន និងវគ្គសិក្សានេះ សូមពិចារណាធ្វើការថ្លែងទីបន្ទាល់ពីរបៀបដែលព្រះគម្ពីរមរមន បានជួយអ្នកឲ្យមករកព្រះគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តមករកព្រះគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរមរមនប្រចាំថ្ងៃ ។