« មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ព្រះយេស៊ូវគ្រីស្ទផ្ដល់ការងារបម្រើម្ដងម្នាក់ៗ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ព្រះយេស៊ូវគ្រីស្ទផ្ដល់ការងារបម្រើម្ដងម្នាក់ៗ
ការងារបម្រើរបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ នៅក្នុងចំណោមប្រជាជននៅដែនដីបរិបូរណ៍ ផ្ដល់ដល់យើងនូវសាក្សីដ៏មានអានុភាពអំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងគំរូដ៏ជ្រាលជ្រៅមួយស្ដីពីរបៀបដើម្បីផ្ដល់ការងារបម្រើដល់មនុស្សដទៃ ។ នៅពេលអ្នកសិក្សាឯកសារមេរៀននេះ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់អ្នក ។ នៅពេលអ្នកគិតពីរបៀបដែលទ្រង់បានផ្ដល់ការងារបម្រើ សូមពិចារណាប្រកបដោយការអធិស្ឋាន អំពីអ្នកដែលអាចត្រូវការមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះតាមរយៈអ្នក ។
ផ្នែកទី ១
តើខ្ញុំអាចពង្រឹងទីបន្ទាល់របស់ខ្ញុំថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំដោយរបៀបណា ?
បន្ទាប់ពីការបំផ្លិចបំផ្លាញដ៏ធំ និងភាពងងឹតចំនួនបីថ្ងៃ ដែលជាទីសម្គាល់ដល់ប្រជាជនថា ព្រះអង្គសង្គ្រោះបានសុគត នោះប្រហែលជាបុរស ស្ដ្រី និងកុមារចំនួន ២៥០០ នាក់បានជួបជុំគ្នានៅជុំវិញព្រះវិហារបរិសុទ្ធក្នុងដែនដីបរិបូរណ៍ ។ ពួកគេបានស្ដាប់ឮសំឡេងមួយ ដែលពីដំបូងពួកគេស្ដាប់មិនយល់ទេ ។ នៅពេលពួកគេបានបន្ដស្ដាប់តទៅទៀត នោះពួកគេបានដឹងថា វាគឺជាព្រះសូរសៀងរបស់ព្រះវរបិតាសួគ៌ ដែលណែនាំឲ្យស្គាល់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល នីហ្វៃទី៣ ១១:១–១០ ) ។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានយាងចុះពីស្ថានសួគ៌ ហើយបានប្រកាសថា « មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការីបានធ្វើបន្ទាល់ថានឹងយាងមកឯលោកិយ » ( នីហ្វៃទី៣ ១១:១០ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងអំពីគ្រានេះដូច្នេះ ៖
ការបង្ហាញព្រះកាយនោះ និងការប្រកាសនោះបានបង្កើតជាចំណុចប្រសព្វដ៏សំខាន់ ជាគ្រាដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ដ្រទាំងមូលនៃព្រះគម្ពីរមរមន ។ វាគឺជាការបើកសម្ដែង និងការត្រាស់បង្គាប់ដែលបានប្រាប់ និងបំផុសគំនិតដល់ព្យាការីសាសន៍នីហ្វៃគ្រប់រូប អស់រយៈពេលប្រាំមួយរយឆ្នាំមកហើយ ។…
គ្រប់គ្នាបាននិយាយពីទ្រង់ ច្រៀងពីទ្រង់ សុបិន្តពីទ្រង់ និងអធិស្ឋានសម្រាប់ការបង្ហាញព្រះកាយរបស់ទ្រង់—ប៉ុន្តែពេលនេះ ទ្រង់ពិតជានៅទីនេះពិតមែន ។ ជាថ្ងៃមួយអស្ចារ្យបំផុតជាងថ្ងៃនានាទាំងអស់ ! ព្រះដែលត្រឡប់យប់ដ៏ងងឹតរាល់យប់ឲ្យទៅជាពន្លឺនាពេលព្រឹក បានយាងមកដល់ហើយ ។( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–៥១ )
អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស នៃពួកចិតសិបនាក់បានបង្រៀនដូចតទៅនេះ អំពីបទពិសោធន៍របស់ប្រជាជននេះក្នុងការធ្វើជាសាក្សីដល់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ៖
« មករកយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចស្ទាប ហើយឃើញយើង » [ នីហ្វៃទី៣ ១៨:២៥ ] ។ នេះគឺជាបទបញ្ញត្តិមួយ ដែលព្រះអង្គសង្គ្រោះបានប្រទានដល់ប្រជាជន ដែលរស់នៅអាមេរិកពីបុរាណ ។ ពួកគេបានស្ទាបដោយផ្ទាល់ដៃរបស់ពួកគេ ហើយបានឃើញដោយភ្នែករបស់ពួកគេថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ បទបញ្ញត្តិនេះមានសារៈសំខាន់សម្រាប់ពួកយើងនាសព្វថ្ងៃនេះ ដូចដែលវាសំខាន់ចំពោះពួកគេនៅជំនាន់របស់ពួកគេដែរ ។ នៅពេលយើងមករកព្រះគ្រីស្ទ នោះយើងអាចមានអារម្មណ៍ និង « ដឹងយ៉ាងជាក់ច្បាស់ » [ នីហ្វៃទី៣ ១១:១៥ ]—មិនមែនដោយដៃ និងភ្នែករបស់យើងនោះទេ ប៉ុន្ដែដោយដួងចិត្ត និងគំនិតរបស់យើងទាំងស្រុងវិញ—ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
របៀបមួយដើម្បីមករកព្រះគ្រីស្ទ គឺតាមរយៈការព្យាយាមរៀនពីសេចក្ដីពិតដ៏សំខាន់ៗដោយដួងចិត្តរបស់យើង ។ នៅពេលយើងធ្វើដូច្នោះ នោះចំណាប់អារម្មណ៍ដែលកើតមកពីព្រះ នឹងផ្ដល់ចំណេះដឹងដល់យើង ដែលយើងមិនអាចទទួលបានតាមរយៈមធ្យោបាយផ្សេងទៀតឡើយ ។( « Learning with Our Hearts » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៨១ )
ផ្នែកទី ២
តើខ្ញុំអាចរៀនអ្វីខ្លះអំពីការងារបម្រើចេញពីគំរូរបស់ព្រះអង្គសង្គ្រោះ ?
ក្រោយពីព្រះអង្គសង្គ្រោះបានផ្ដល់ឱកាសដល់មនុស្សម្នាក់ៗ ឲ្យស្ទាបស្នាមរបួសនៅលើព្រះហស្ដ និងព្រះបាទារបស់ទ្រង់ហើយ ទ្រង់បានហៅពួកសិស្សទាំងដប់ពីរនាក់ ហើយបានបង្រៀនដល់ហ្វូងមនុស្សអំពីសេចក្ដីពិតដ៏សំខាន់ៗជាច្រើន ( សូមមើល នីហ្វៃទី៣ ១១–១៦ ) ។ នៅពេលព្រះយេស៊ូវបានរៀបចំចាកចេញ នោះទ្រង់បានមានបន្ទូលថា « យើងឃើញថា … អ្នករាល់គ្នាពុំយល់ពាក្យទាំងអស់របស់យើងទេ » ហើយទ្រង់បានអញ្ជើញប្រជាជនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ សញ្ជឹងគិតពីអ្វីដែលទ្រង់បានបង្រៀនពួកគេ ហើយរៀបចំខ្លួនគេសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់នៅថ្ងៃស្អែក ( នីហ្វៃទី៣ ១៧:១–៣ ) ។
បន្ទាប់ពីព្រះអង្គសង្គ្រោះបានព្យាបាលហ្វូងមនុស្សហើយ នោះទ្រង់បានបង្គាប់ « ឲ្យគេនាំកូនក្មេងតូចៗមករក » ទ្រង់ទាំងអស់ ( នីហ្វៃទី៣ ១៧:១១ ) ហើយថា មនុស្សទាំងអស់គ្នាផ្សេងទៀតគួរតែលុតជង្គង់ចុះ ។ រួចហើយទ្រង់បានធ្វើការអធិស្ឋានជំនួសឲ្យពួកគេដែលជាការអធិស្ឋាន « ដ៏អស្ចារ្យ និងមហិមា » ( ខទី ១៦–១៧ ) រហូតដល់ប្រជុំជនបានពោរពេញដោយអំណរ ។ ( សូមមើល នីហ្វៃទី៣ ១៧:១០–១៩ ) ។
ប្រធាន ជេន ប៊ី ប៊ីងហាំ ដែលជាប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនអំពីសារៈសំខាន់នៃការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលយើងផ្ដល់ការងារបម្រើ ៖
នៅទីបំផុត ការបម្រើពិតគឺសម្រេចបានម្ដងមួយៗដោយសេចក្ដីស្រឡាញ់ជាការលើកទឹកចិត្ត ។ គុណតម្លៃ និងគុណសម្បត្តិ និងភាពអស្ចារ្យនៃការងារបម្រើដោយស្មោះ គឺថាវាពិតជាបានផ្លាស់ប្ដូរជីវិត ! នៅពេលដួងចិត្តរបស់យើងបើក ហើយមានឆន្ទៈស្រឡាញ់ និងរាប់អាន លើកទឹកចិត្ត និងលួងលោមចិត្ត នោះអំណាចនៃការងារបម្រើរបស់យើងនឹងមានអំណាចយ៉ាងខ្លាំងពុំអាចទប់បានឡើយ ។ ដោយមានសេចក្ដីស្រឡាញ់ជាការលើកទឹកចិត្ត នោះអព្ភូតហេតុជាច្រើននឹងកើតមានឡើង ។ …
ព្រះអង្គសង្គ្រោះជាគំរូរបស់យើងនៅគ្រប់រឿង—ពុំគ្រាន់តែនៅក្នុងអ្វីដែលយើងគួរធ្វើប៉ុណ្ណោះទេ ប៉ុន្តែពីមូលហេតុយើងគួរធ្វើវាផងដែរ [ សូមមើល អេភេសូរ ៥:២ ] ។( « Ministering as the Savior Does » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៦ )