« មេរៀនទី ១៤ ឯកសារគ្រូបង្រៀន ៖ ការក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៤ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៤ ឯកសារគ្រូបង្រៀន
ការក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ
ក្រោយពីពួកបុត្រារបស់ម៉ូសាយបានប្រែចិត្ត និងបានប្រែចិត្តជឿលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកទ្រង់បានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានអានុភាព ហើយបានជួយពួកសាសន៍លេមិនជាច្រើននាក់ឲ្យមករកទ្រង់ ។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យសិស្សចែកចាយពីរបៀបដែលការពង្រឹងការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់ពួកគេ អាចបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីចែកចាយដំណឹងល្អជាមួយនឹងមនុស្សដទៃ ។ សិស្សនឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីក្លាយជាឧបករណ៍ឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងព្រះហស្ដរបស់ព្រះ នៅពេលពួកគេប្រមូលផ្ដុំអ៊ីស្រាអែល ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា និងពួកបុត្រារបស់ម៉ូសាយបានប្រែចិត្តជឿ ហើយទៅផ្សាយដំណឹងល្អដល់ពួកសាសន៍លេមិន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។ សូមឲ្យសិស្សដាក់ពិន្ទុឲ្យខ្លួនឯងដោយស្ងាត់ស្ងៀមសម្រាប់ប្រយោគនីមួយៗ ដែលមានពិន្ទុពី ១ ដល់ ៥ ( ១ = មិនយល់ព្រមខ្លាំង និង ៥ = យល់ព្រមខ្លាំង ) ។
-
ខ្ញុំមានបំណងប្រាថ្នាចែកចាយដំណឹងល្អជាមួយនឹងមនុស្សដទៃ ។
-
ខ្ញុំអធិស្ឋានស្វែងរកឱកាសដើម្បីចែកចាយដំណឹងល្អ ។
-
ការចែកចាយដំណឹងល្អគឺជាផ្នែកមួយដែលសាមញ្ញ និងងាយស្រួលនៅក្នុងជីវិតខ្ញុំ ។
-
ខ្ញុំខិតខំធ្វើជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយនៅក្នុងព្រះហស្ដនៃព្រះ តាមរយៈការចែកចាយដំណឹងល្អ ។
ក្រោយពីសិស្សមានពេលធ្វើការវាយតម្លៃខ្លួននេះហើយ សូមបង្ហាញសំណួរដូចតទៅនេះ ៖ តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីក្លាយជាឧបករណ៍ដែលកាន់តែមានប្រសិទ្ធភាពនៅក្នុងការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ? សូមឲ្យសិស្សស្ដាប់រក និងកត់ត្រាការបំផុសគំនិតណាមួយដែលអាចជួយពួកគេឲ្យឆ្លើយនឹងសំណួរនេះ ។
សូមរំឭកសិស្សថា ពួកបុត្រារបស់ម៉ូសាយបានក្លាយជាឧបករណ៍ទាំងឡាយនៅក្នុងព្រះហស្ដនៃព្រះ នៅពេលពួកគេបានតមអាហារ ហើយបានអធិស្ឋានសូមព្រះវិញ្ញាណរបស់ទ្រង់ និងផ្សាយដំណឹងល្អរបស់ទ្រង់ ( សូមមើល អាលម៉ា ១៧:៣, ៩, ១១; ២៦:៣, ១៥ ) ។ សូមឲ្យសិស្សអាន ម៉ូសាយ ២៧:៣៥–៣៦ និង ម៉ូសាយ ២៨:១–៣ ដោយរកមើលរបៀបដែលដួងចិត្តរបស់ពួកបុត្រារបស់ម៉ូសាយបានផ្លាស់ប្ដូរ បន្ទាប់ពីការប្រែចិត្តជឿរបស់ពួកគេ ។
-
តើអ្នកបានសម្គាល់ឃើញអ្វីខ្លះអំពីបំណងប្រាថ្នារបស់ពួកបុត្រាស្ដេចម៉ូសាយ ? តើយើងអាចរៀនអ្វីខ្លះ ចេញពីរបៀបដែលការប្រែចិត្តជឿរបស់ពួកទ្រង់បានមានឥទ្ធិពលលើបំណងប្រាថ្នារបស់ទ្រង់ទាំងបួនអង្គ ដើម្បីធ្វើជាឧបករណ៍ទាំងឡាយក្នុងព្រះហស្ដនៃព្រះ ? ( អ្នកអាចឲ្យសិស្សរំឭក សេចក្ដីថ្លែងការណ៍ដោយប្រធាន ដាល្លិន អេក អូក នៅក្នុងផ្នែកទី ១ នៅក្នុងឯកសាររៀបចំ ។ ដោយប្រើចម្លើយរបស់សិស្ស សូមសរសេរគោលការណ៍មួយដែលស្រដៀងគ្នានេះនៅលើក្ដារខៀន ៖ នៅពេលការប្រែចិត្តជឿរបស់យើងបានស៊ីជម្រៅ នោះបំណងប្រាថ្នា និងឆន្ទៈរបស់យើងដើម្បីធ្វើជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះ និងចែកចាយដំណឹងល្អនឹងកើនឡើង ) ។
-
ហេតុអ្វីអ្នកគិតថា ការប្រែចិត្តជឿរបស់យើងកាន់តែស៊ីជម្រៅ អាចពង្រឹងបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អ ? តើការយល់ដឹងអំពីគោលការណ៍នេះអាចជួយយើងឲ្យរៀបចំខ្លួនសម្រាប់បេសកកម្ម ឬអាចចែកចាយដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងកាន់តែប្រសើរឡើងយ៉ាងដូចម្ដេច ?
-
តើឧទាហរណ៍មួយចំនួនអ្វីខ្លះចេញពីព្រះគម្ពីរ ឬប្រវត្តិសាសនាចក្រដែលបង្ហាញពីគោលការណ៍នេះ ? តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យដឹងថា គោលការណ៍នេះគឺពិត ? ( អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងដៃគូម្នាក់ ) ។
សូមឲ្យសិស្សមានពេលពីរបីនាទី ដើម្បីរំឭកពីការវាយតម្លៃខ្លួនដែលពួកគេបានធ្វើ ហើយសញ្ជឹងគិតពីសំណួរដែលបានចោទសួរនៅដើមមេរៀន ។ សូមពិចារណាអញ្ជើញពួកគេឲ្យកត់ត្រាយោបល់ និងអារម្មណ៍ដែលពួកគេមានអំឡុងពេលរៀនមេរៀននេះ ។
ពួកបុត្រាសេ្ដចម៉ូសាយក្លាយជាឧបករណ៍ទាំងឡាយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។
សូមឲ្យសិស្សចែកចាយឧបសគ្គណាមួយ ដែលពួកគេបានជួប នៅពេលពួកគេបានព្យាយាមចែកចាយដំណឹងល្អ ។ ( អ្នកអាចចង់សរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ហើយពិភាក្សាពីរបៀបដែលឧបសគ្គទាំងនេះអាចរារាំងយើងពីការចែកចាយដំណឹងល្អ ) ។
សូមសរសេរប្រយោគពុំពេញលេញដូចតទៅនេះនៅលើក្ដារខៀន ៖ យើងអាចក្លាយជាឧបករណ៍ដែលកាន់តែមានប្រសិទ្ធភាពនៅក្នុងព្រះហស្ដនៃព្រះ នៅពេលយើង …
សូមរំឭកខ្លីៗពីឧបសគ្គដែលពួកបុត្រារបស់ស្ដេចម៉ូសាយបានជួបប្រទះ នៅពេលពួកទ្រង់បានចាប់ផ្ដើមផ្សាយដំណឹងល្អនៅក្នុងចំណោមពួកសាសន៍លេមិន ( សូមមើល ផ្នែកទី ២ នៃឯកសាររៀបចំ ) ។ សូមឲ្យសិស្សរំឭក អាលម៉ា ១៧:២–៣, ៩–១១ ដោយរកមើលអ្វីដែលពួកបុត្រារបស់ម៉ូសាយបានធ្វើដើម្បីយកឈ្នះលើឧបសគ្គរបស់ពួកគេ ហើយក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងព្រះហស្ដនៃព្រះ ។
-
ដោយប្រើអ្វីដែលយើងបានរៀនមកពីពួកបុត្រារបស់ស្ដេចម៉ូសាយ តើយើងអាចបំពេញប្រយោគនៅលើក្ដារខៀនដោយរបៀបណា ដើម្បីបង្កើតជាគោលការណ៍មួយ ? ( ដោយប្រើសម្ដីរបស់សិស្ស សូមបំពេញប្រយោគនេះ ដើម្បីឲ្យវាបង្កើតជាគោលការណ៍មួយដែលស្រដៀងគ្នានឹងប្រយោគនេះ ៖ យើងអាចក្លាយជាឧបករណ៍ដែលកាន់តែមានប្រសិទ្ធភាពនៅក្នុងព្រះហស្ដនៃព្រះ នៅពេលយើងអធិស្ឋាន តមអាហារ និងសិក្សាព្រះគម្ពីរ ) ។
សូមឲ្យសិស្សកត់សម្គាល់ក្នុង អាលម៉ា ១៧:២–៣ ថាតើមានពរជ័យខាងវិញ្ញាណណាដែលកើតមានដល់អ្នកផ្សព្វផ្សាយសាសនាទាំងនេះ នៅពេលពួកគេបានអធិស្ឋាន តមអាហារ និងសិក្សាព្រះគម្ពីរ ។ ( សូមជួយសិស្សឲ្យកំណត់គោលការណ៍មួយទៀតដែលស្រដៀងគ្នាដូចតទៅនេះ ៖ នៅពេលយើងអធិស្ឋាន តមអាហារ និងសិក្សាព្រះគម្ពីរ នោះយើងអាចទទួលបានវិញ្ញាណនៃវិវរណៈ ) ។
-
តើវិញ្ញាណនៃវិវរណៈបានជួយអាំម៉ូនឲ្យធ្វើជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយនៅក្នុងព្រះហស្ដនៃព្រះដោយរបៀបណា ? ( អ្នកអាចអញ្ជើញឲ្យសិស្សម្នាក់តំណាលដោយសង្ខេបពីបទពិសោធន៍របស់អាំម៉ូនជាមួយស្ដេចឡាម៉ូណៃ រួចហើយអានក្នុង អាលម៉ា ១៨:៣៣–៣៥ ) ។
-
ហេតុអ្វីវាសំខាន់ដើម្បីមានវិញ្ញាណនៃវិវរណៈ នៅពេលយើងព្យាយាមធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ?
-
តើវិញ្ញាណនៃវិវរណៈបានជួយអ្នកឲ្យធ្វើជាឧបករណ៍ដែលកាន់តែមានប្រសិទ្ធភាពមួយនៅក្នុងព្រះហស្ដនៃព្រះដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ៖
នៅពេលយើងព្យាយាមស្ដាប់—ពិតជាស្ដាប់—[ ព្រះយេស៊ូវគ្រីស្ទ ] នោះយើងនឹងត្រូវបានដឹកនាំឲ្យដឹងនូវអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពនានា ។ …
ខ្ញុំសូមធ្វើការអង្វរកជាថ្មីទៅកាន់បងប្អូន សូមធ្វើ អ្វីក៏ដោយ ដើម្បីចម្រើនសមត្ថភាពខាងវិញ្ញាណបងប្អូនក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ។ ( «Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០ )
សូមឲ្យសិស្សរំឭក សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុងផ្នែកទី ៣ នៅក្នុងឯកសាររៀបចំ ហើយសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំអាចអញ្ជើញនរណាឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីធ្វើជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ដើម្បីជួយបុគ្គលទាំងនោះឲ្យមកកាន់តែជិតព្រះគ្រីស្ទ ?
អ្នកអាចឲ្យសិស្សមានពេលកត់ត្រាយោបល់ និងអារម្មណ៍របស់ពួកគេ ។ អ្នកក៏អាចសូមឲ្យសិស្សណាដែលស្ម័គ្រចិត្តឡើងមកចែកចាយអ្វីដែលពួកគេគ្រោងធ្វើផងដែរ ។
សូមចង្អុលបង្ហាញថា ដោយសារតែការរៀបចំខ្លួនរបស់ពួកគេ នោះពួកបុត្រារបស់ម៉ូសាយក៏បានទទួលវិញ្ញាណនៃការព្យាករផងដែរ ហើយអាចបង្រៀនដោយអំណាច និងសិទ្ធិអំណាច ។ ( វាអាចមានប្រយោជន៍ដើម្បីពន្យល់ថា ឃ្លា « វិញ្ញាណនៃសេចក្តីទំនាយ » អាចសំដៅទៅលើ « ការធ្វើបន្ទាល់ពីព្រះយេស៊ូវ » [ វិវរណៈ ១៩:១០ ] ) ។ សូមធានាដល់សិស្សថា យើងក៏អាចទទួលបានពរជ័យស្រដៀងគ្នានេះបានដែរ នៅពេលយើងរៀបចំខ្លួនធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកថា ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះពួកយើងម្នាក់ៗអាចធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ និងជួយប្រមូលផ្ដុំអ៊ីស្រាអែលបាន ។
សម្រាប់ពេលក្រោយ
សូមឲ្យសិស្សពិចារណាថា តើពួកគេមានអារម្មណ៍ថាពួកគេបានរៀបចំខ្លួនល្អប៉ុណ្ណាសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ។ សូមពន្យល់ថា ជំពូកក្រោយគឺនិយាយអំពីការយាងមកជួបពួកសាសន៍នីហ្វៃរបស់ព្រះអង្គសង្គ្រោះនៅទ្វីបអាមេរិក ។ នៅពេលសិស្ស រៀបចំខ្លួនសម្រាប់មេរៀនក្រោយ សូមលើកទឹកចិត្តពួកគេឲ្យរកមើលអ្វីដែលព្រឹត្តិការណ៍ទាំងឡាយដែលនាំទៅរកការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ អាចបង្រៀនពួកគេអំពីការរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។