« មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន
តើអ្នកធ្លាប់ដែលបានអធិស្ឋានសូមឲ្យមានអព្ភូតហេតុកើតឡើងដែរឬទេ ? តើអ្នកស្វែងរកសាក្សីខាងវិញ្ញាណដ៏ជ្រាលជ្រៅអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែរឬទេ ? តើមានអ្វីមួយដែលអ្នកសង្ឃឹមចង់ទទួលបានមកពីព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកនៅពេលនេះទេ ? សូមគិតពីសេចក្ដីសង្ឃឹម និងបំណងប្រាថ្នាទាំងនេះ នៅពេលអ្នកសិក្សាបន្ថែមទៀតអំពីសេចក្ដីជំនឿ និងរបៀបដែលព្រះគម្ពីរមរមនបង្រៀនយើងឲ្យអនុវត្តសេចក្ដីជំនឿ ។
ផ្នែកទី ១
តើការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យរៀនសូត្រ និងរីកចម្រើនយ៉ាងដូចម្ដេច នៅពេលខ្ញុំប្រឈមនឹងការសាកល្បង ?
នៅក្នុងគម្ពីរអេធើរ មរ៉ូណៃ បានកត់ត្រាថា នៅពេលសង្គ្រាម ការបះបោរ និងអំពើទុច្ចរិតបានហ៊ុមព័ទ្ធសង្គមរបស់សាសន៍យ៉ារេឌ នោះព្រះអម្ចាស់បានចាត់ព្យាការី អេធើរ ឲ្យប្រកាសពីសេចក្ដីជំនឿ ការប្រែចិត្ត និងសេចក្ដីសង្ឃឹមទៅកាន់ប្រជាជននោះ ។
ដោយសារព្រះអម្ចាស់ស្រឡាញ់យើង ហើយសព្វព្រះទ័យឲ្យយើងរីកចម្រើន នោះទ្រង់ផ្ដល់ឱកាសឲ្យយើងសាកល្បងសេចក្ដីជំនឿរបស់យើងលើទ្រង់ ។ អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
រាល់ពេលដែលបងប្អូនសាកល្បងសេចក្ដីជំនឿរបស់បងប្អូន—ដែលជាទង្វើនៅក្នុងភាពស័ក្ដិសមលើចំណាប់អារម្មណ៍មួយ—នោះបងប្អូននឹងទទួលបានភស្ដុតាងបញ្ជាក់ពីព្រះវិញ្ញាណ ។ នៅពេលបងប្អូនដើរទៅដល់ព្រំប្រទល់នៃការយល់ដឹងរបស់បងប្អូន ទៅក្នុងរាត្រីនៃភាពមិនប្រាកដប្រជា ដោយអនុវត្តសេចក្ដីជំនឿ នោះបងប្អូននឹងត្រូវបានដឹកនាំឲ្យរកឃើញដំណោះស្រាយ ដែលបងប្អូននឹងមិនអាចទទួលបានតាមរបៀបផ្សេងពីនេះឡើយ។( « The Transforming Power of Faith and Character » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៤ )
សូមគិតអំពីគ្រាទាំងឡាយនៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកបានប្រព្រឹត្តិដោយសេចក្ដីជំនឿលើព្រះអម្ចាស់ ហើយបន្ទាប់មកបានទទួលសាក្សីខាងវិញ្ញាណ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានពន្យល់ពីរបៀបដែលការបន្តស្មោះត្រង់នៅក្នុងពេលមានការសាកល្បង បានជួយលោកឲ្យរីកចម្រើនខាងវិញ្ញាណ ៖
ទោះជានៅពេលនោះខ្ញុំបានរងទុក្ខក្ដី តែពេលខ្ញុំក្រឡេកមើលទៅក្រោយវិញនៅពេលនេះ ខ្ញុំមានអំណរគុណដែលវាពុំមានដំណោះស្រាយភ្លាមៗចំពោះបញ្ហារបស់ខ្ញុំ ។ តាមពិតទៅ កាលដែលខ្ញុំត្រូវបានបង្ខំឲ្យងាកទៅសូមជំនួយពីព្រះស្ទើរតែរាល់ថ្ងៃអស់រយៈពេលជាច្រើនឆ្នាំ បានបង្រៀនខ្ញុំពីរបៀបអធិស្ឋាន និងទទួលបានចម្លើយពីការអធិស្ឋាន ហើយបង្រៀនខ្ញុំតាមរបៀបជាក់លាក់មួយដើម្បីមានសេចក្ដីជំនឿលើព្រះ ។ ខ្ញុំបានស្គាល់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ និងព្រះវរបិតាសួគ៌របស់ខ្ញុំតាមរបៀបមួយ និងទៅដល់កម្រិតមួយដែលមិនអាចកើតឡើងបានតាមរបៀបផ្សេង ឬថា ខ្ញុំអាចត្រូវចំណាយពេលយ៉ាងយូរដើម្បីសម្រេចបានឡើយ ។ … ខ្ញុំបានរៀនទុកចិត្តលើព្រះអម្ចាស់ដោយអស់ពីចិត្តខ្ញុំ ។ ខ្ញុំបានរៀនដើរជាមួយនឹងទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃ។( « Look to God Each Day » New Era ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ៤ )
ផ្នែកទី ២
តើខ្ញុំអាចមានពរជ័យ និងទទួលបានអំណាចយ៉ាងដូចម្ដេចតាមរយៈការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
ដូចបានកត់ត្រានៅក្នុង អេធើរ ១២:៧–២២មរ៉ូណៃ បានផ្ដល់គំរូអំពីប្រជាជនដែលបានអនុវត្តសេចក្ដីជំនឿ និងប្រទានពរជាអព្ភូតហេតុ វិវរណៈ ការដោះលែង ការប្រែចិត្តជឿ និងការសន្យានានា ។ ដោយអធិប្បាយអំពីបងប្រុសយ៉ារេឌ ដែលបានរើភ្នំស៊ីរិនដោយសារព្រះចេស្ដារបស់ព្រះអម្ចាស់ នោះ មរ៉ូណៃ បានសន្និដ្ឋានថា « ហើយបើសិនជាលោកពុំមានសេចក្ដីជំនឿទេ នោះភ្នំពុំរើចេញឡើយ ហេតុដូច្នោះហើយ [ ព្រះអម្ចាស់ ] ធ្វើការក្រោយពីមនុស្សមានសេចក្ដីជំនឿសិន » ( អេធើរ ១២:៣០ ) ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទបំផុសយើងឲ្យធ្វើកិច្ចការដែលយើងមិនអាចធ្វើបាន ។ សេចក្ដីជំនឿដែលលើកទឹកចិត្តយើងឲ្យធ្វើសកម្មភាព ផ្ដល់សិទ្ធិឲ្យយើងទទួលបានព្រះចេស្ដារបស់ទ្រង់កាន់តែច្រើន។( « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១ )
អែលឌើរ អិល វិតនី ក្លេតុន នៃគណៈប្រធាននៃពួកចិតសិបនាក់ បានបង្រៀនអំពីការរស់នៅដោយសេចក្តីជំនឿដូចខាងក្រោមនេះ ៖
ព្រះបង្គាប់យើងឲ្យទ្រាំនឹងទ្រង់—គឺទុកចិត្តលើទ្រង់ ហើយដើរតាមទ្រង់ ។ ទ្រង់អង្វរយើងថា « ចូរកុំជំទាស់ ដោយព្រោះអ្នករាល់គ្នាមើលមិនឃើញឡើយ » ។ ទ្រង់ព្រមានយើងថា យើងមិនគួររំពឹងទទួលបានចម្លើយងាយៗភ្លាមៗ និងដំណោះស្រាយមួយរំពេចពីស្ថានសួគ៌ឡើយ ។ អ្វីៗដំណើរការបានល្អ នៅពេលយើងឈរយ៉ាងរឹងមាំនៅអំឡុងពេលនៃ « ការល្បងនៃសេចក្តីជំនឿ [ របស់យើង ] » មិនថាការសាកល្បងនោះពិបាកនឹងទ្រាំប៉ុណ្ណានោះទេ ឬថាវាពន្យារពេលដើម្បីទទួលបានចម្លើយយ៉ាងណាក្ដី [ សូមមើល អេធើរ ១២:៦ ] ។ ខ្ញុំមិននិយាយអំពី « ការគោរពប្រតិបត្តិទាំងងងឹតងងុលឡើយ » [ សូមមើល ប៊យ ឃេ ផាកកឺ « Agency and Control » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៦៦–៦៨ ] ប៉ុន្តែខ្ញុំនិយាយពីទំនុកចិត្ត ដែលមានការគិតគូរនៅក្នុងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ និងពេលវេលាដ៏ឥតខ្ចោះនៃព្រះអម្ចាស់ ។ ( « Whatsoever He Saith unto You, Do It » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៩ )
ផ្នែកទី ៣
តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីទទួលបាន ឬពង្រឹងសាក្សីផ្ទាល់ខ្លួនរបស់ខ្ញុំអំពីព្រះគម្ពីរមរមន ?
បន្ទាប់ពីការបំផ្លិចបំផ្លាញអារ្យធម៌របស់សាសន៍នីហ្វៃ មក មរ៉ូណៃ ត្រូវបានទុកឲ្យនៅម្នាក់ឯងដើម្បីបង្ហើយព្រះគម្ពីរមរមន ។ ពីមុនបិទកំណត់ត្រា លោកបានផ្តល់នូវពាក្យណែនាំ និងការលើកទឹកចិត្តពីរបីម៉ាត់ ។ លោកបានជំរុញចិត្តដល់ពួកអ្នកអាននៅពេលខាងមុខ ឲ្យអានព្រះគម្ពីរមរមនដោយសេចក្តីជំនឿ ដើម្បីពួកគេអាចទទួលបានសាក្សីផ្ទាល់ខ្លួនមកពីព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរការពិត ។
ពេលបម្រើជាសមាជិកនៃកូរ៉ុមនៃពួកចិតសិបនាក់ អែលឌើរ ជីន អ័រ ឃុក បានពន្យល់ពីរបៀបដែលការទទួលយកការអញ្ជើញរបស់ មរ៉ូណៃ គឺជាការប្រព្រឹត្តដោយសេចក្តីជំនឿ ៖
សូមកត់សម្គាល់នូវលក្ខណៈពិសេសដែលយើងទទួលចម្លើយពីព្រះ ៖ យើងត្រូវ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៤ ] ។ សូមពិចារណាភាសានេះម្តងទៀតថា « មានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » ។ ការណ៍នេះបញ្ជាក់ប្រាប់ពីសភាពដ៏សំខាន់នៃចិត្តគំនិត ។ ការមានសេចក្តីជំនឿលើព្រះគ្រីស្ទ មានន័យថា យើងទទួលយកថា មានព្រះមួយអង្គពិតមែន ទទួលយកថា តាមរយៈព្រះចេស្តានៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នោះព្រះអាចឆ្លើយការអធិស្ឋានរបស់យើង និងជឿថា ព្រះអាចបើកបង្ហាញសេចក្តីពិតដល់យើង ។ យើងដកខ្លួនយើងចេញពីការមានតែសេចក្ដីជំនឿអកម្ម តាមរយៈការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទវិញ ។ យើងធ្វើសកម្មភាព ! ទោះបីជាសេចក្តីជំនឿរបស់យើងហាក់ដូចជាតូចតាចក្តី ក៏យើងធ្វើដូចជា អាលម៉ា បានបង្រៀនដែរ ៖ យើង « អនុវត្តសេចក្ដីជំនឿមួយតូច មែនហើយ គឺបើសិនជា [ យើង ] ពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការចង់ជឿ [ នោះព្រះអាចជួយយើងបាន ] សូមឲ្យចំណង់នេះមាននៅក្នុងខ្លួន [ យើង ] » ( អាលម៉ា ៣២:២៧ ) ។ ( « Moroni’s Promise » Ensign ខែ មេសា ឆ្នាំ ១៩៩៤ ទំព័រ ១៤ )