« មេរៀនទី ១៥ ឯកសារគ្រូបង្រៀន ៖ ការរៀបចំសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៥ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៥ ឯកសារគ្រូបង្រៀន
ការរៀបចំសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ
នៅក្នុងជំពូកនេះ សិស្សនឹងសិក្សាពីព្រឹត្តិការណ៍ ក៏ដូចជាការបង្រៀនដ៏សំខាន់ៗទាក់ទងនឹងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ នៅពេលអ្នករៀបចំខ្លួនដើម្បីពិភាក្សាពីឯកសារបង្រៀននៅក្នុងជំពូកនេះ សូមរកមើលវិធីជួយសិស្សឲ្យពង្រឹងទីបន្ទាល់របស់ពួកគេ អំពីបេសសកម្មដ៏ទេវភាពរបស់ទ្រង់កាន់តែស៊ីជម្រៅ ។
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសសិក្សាពីរបៀបដែលព្រះគម្ពីរមរមនផ្ដល់ជាគន្លងមួយ ក្នុងការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ពួកគេនឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីយកឈ្នះលើអារម្មណ៍ភ័យខ្លាច ហើយប្រឈមមុខនឹងសារនានាដែលអាចបណ្ដាលឲ្យមានមន្ទិលសង្ស័យ ដើម្បីពួកគេអាចមានអារម្មណ៍ថា បានរៀបចំខ្លួនកាន់តែប្រសើរសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
សាំយូអែលជាសាសន៍លេមិនព្យាករអំពីទីសម្គាល់ទាំងឡាយ ដែលនឹងកើតមានមុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមបង្ហាញរូបភាពដែលភ្ជាប់មកនេះ អំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយសូមសួរ ៖
-
តើមានទីសម្គាល់ ឬស្ថានភាពដែលបានព្យាករអ្វីខ្លះ ដែលទាក់ទងទៅនឹងថ្ងៃចុងក្រោយ និងការយាងមកជាលើកទីពីរ ដែលអាចបណ្ដាលឲ្យមនុស្សមានអារម្មណ៍ភ័យព្រួយ ? ( ប្រសិនបើសិស្សពិបាករកឃើញទីសម្គាល់អំពីពេលវេលា នោះអ្នកអាចអញ្ជើញពួកគេឲ្យរំឭកសង្ខេបៗនៅក្នុងប្រធានបទ « ទីសម្គាល់អំពីពេលវេលា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ [ សូមមើលលើគេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។
-
តើយើងអាចរៀនអ្វីខ្លះចេញពីការពិតដែលថា ព្រះអម្ចាស់បើកសម្ដែងទីសម្គាល់ទាំងឡាយ ពីមុនទ្រង់យាងមកជួបប្រជាជនរបស់ទ្រង់ ?
-
តើព្រះគម្ពីរមរមនអាចជួយយើងឲ្យមានអារម្មណ៍ថាមិនសូវអន្ទះសា បានរៀបចំខ្លួនកាន់តែប្រសើរ និងមានអំណរកាន់តែខ្លាំងឡើងចំពោះការយាងត្រឡប់មកកាន់ផែនដីវិញរបស់ព្រះអម្ចាស់ដោយរបៀបណា ? ( អ្នកអាចចង់រំឭក សេចក្ដីថ្លែងការណ៍របស់ប្រធាន ប៊ែនសឹន នៅក្នុងសេចក្ដីផ្ដើមនៃឯកសាររៀបចំ ) ។
សូមបង្ហាញសំណួរដូចតទៅនេះ ៖ យោងតាម ហេលេមិន ១៤:៩–១៣ ហេតុអ្វីបានជាសាំយូអែលបានមកផ្សាយសាសនា និងព្យាករដល់ពួកសាសន៍នីហ្វៃ ?
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាដៃគូ ដើម្បីសិក្សាវគ្គបទគម្ពីរដែលបានចាត់តាំង ហើយពិភាក្សាពីរបៀបដែលពួកគេឆ្លើយនឹងសំណួរនេះ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរៀន ។ ដោយផ្អែកលើយោបល់របស់សិស្ស សូមពិចារណាថាអ្នកអាចសួរសំណួរណាមួយនៃសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនអនុវត្តតាមអ្វីដែលពួកគេកំពុងរៀន ៖
-
តើការដឹង និងការជឿលើទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយនៃការយាងមករបស់ព្រះគ្រីស្ទអាចផ្លាស់ប្ដូរជីវិតរបស់យើងដោយរបៀបណា ? ( សូមផ្ដល់ពេលវេលាឲ្យសិស្សពិភាក្សាសំណួរនេះជាមួយគ្នា រួចហើយអញ្ជើញពួកគេឲ្យចែកចាយការយល់ដឹងរបស់ពួកគេជាមួយសិស្សផ្សេងទៀតក្នុងថ្នាក់ ។ សូមជួយសិស្សឲ្យកំណត់គោលការណ៍មួយស្រដៀងនឹងគោលការណ៍ដូចតទៅនេះ ៖ ការដឹង និងការទទួលស្គាល់ទីសម្គាល់ទាំងឡាយនៃការយាងមករបស់ព្រះគ្រីស្ទ អាចជួយដឹកនាំយើងឲ្យជឿលើទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់យើងបាន ) ។
-
ហេតុអ្វីទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយដែលទាក់ទងទៅនឹងការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ គួរតែជួយបង្កើនសេចក្ដីសង្ឃឹមរបស់យើង ហើយមិនមែនបង្កើនការភ័យខ្លាចរបស់យើង ? តើទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយដែលទាក់ទងទៅនឹងការយាងមកជាលើកទីពីរ បង្ហាញពីសេចក្ដីស្រឡាញ់ និងការខ្វល់ខ្វាយរបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់តាមរបៀបណា ?
-
តើការបង្រៀនរបស់ព្យាការី ឬទីសម្គាល់នៃការយាងមកជាលើកទីពីរអ្វីខ្លះ ដែលបានបំផុសគំនិតអ្នកឲ្យរៀបចំខ្លួនកាន់តែប្រសើរឡើងសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ? ( ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានបង្ហាញនៅជំនាន់របស់យើង នោះអ្នកអាចអញ្ជើញពួកគេឲ្យចែកចាយ ឬរកមើលអ្វីដែលពួកព្យាការី និងពួកសាវកដែលនៅរស់បានបង្រៀនអំពីការរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នាពេលថ្មីៗនេះ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ៖
ទីមួយ ហើយជារឿងដ៏សំខាន់សម្រាប់ការយាងត្រឡប់មករបស់ព្រះអម្ចាស់ គឺជាវត្តមាននៃមនុស្សដែលបានត្រៀមខ្លួនដើម្បីទទួលទ្រង់នៅឯការយាងមករបស់ទ្រង់នៅលើផែនដី ។ ( « Preparing for the Lord’s Return » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨២ )
សូមឲ្យសិស្សមានពេលពីរបីនាទីដើម្បីសញ្ជឹងគិត និងកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកត្រូវចាប់ផ្ដើមធ្វើអ្វីខ្លះ ឬឈប់ធ្វើអ្វីខ្លះ ដើម្បីអ្នកអាចមានអារម្មណ៍ថាបានរៀបចំខ្លួនកាន់តែប្រសើរ ដើម្បីទទួលព្រះយេស៊ូវគ្រីស្ទនៅឯការយាងមករបស់ទ្រង់ ?
សេចក្ដីជំនឿរបស់អ្នកជឿត្រូវបានសាកល្បង នៅពេលពួកគេរង់ចាំយ៉ាងខ្ជាប់ខ្ជួននូវទីសម្គាល់ទាំងឡាយដែលបានព្យាករទុកមកថានឹងបានបំពេញ ។
សូមពិចារណាចែកសិស្សជាក្រុមពិភាក្សាតូចៗ ។ សូមឲ្យក្រុមនីមួយៗរំឭក ហេលេមិន ១៦:១៣–២២ និង នីហ្វៃទី៣ ១:៤–១៥, ២២ រួមគ្នា ហើយរកមើលរបៀបដែលសាតាំងបានបំផុសបំផុលឲ្យមានការសង្ស័យលើការប្រសូតរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលពួកអ្នកស្មោះត្រង់បានឆ្លើយតប ។ បន្ទាប់ពីទុកពេលឲ្យគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សម្នាក់មកពីក្រុមនីមួយៗឲ្យចែករំលែកនូវអ្វីដែលគាត់បានរកឃើញ ។ នៅពេលសិស្សចែកចាយការយល់ដឹងរបស់ពួកគេ សូមពិចារណាសួរសំណួរខាងក្រោមនេះមួយចំនួន ឬទាំងអស់ដើម្បីជួយធ្វើឲ្យការពិភាក្សាក្នុងថ្នាក់របស់អ្នកកាន់តែស៊ីជម្រៅ ៖
-
តើមធ្យោបាយក្នុងការបង្កឲ្យមានការសង្ស័យដដែលនេះ ត្រូវបានប្រើប្រាស់នៅជំនាន់របស់យើងយ៉ាងដូចម្ដេច ?
-
តើពួកសាសន៍នីហ្វៃ និងសាសន៍លេមិនមួយចំនួនបានធ្វើអ្វីខ្លះ ដើម្បីបន្ដនៅស្មោះត្រង់ ពេលពួកគេត្រូវប្រឈមនឹងមន្ទិលសង្ស័យ ព្រមទាំងការផ្ទុយពីសំណាក់ពួកអ្នកមិនជឿនោះ ? ( អ្នកអាចបង្ហាញគោលការណ៍មួយដូចតទៅនេះ ៖ ការពឹងផ្អែកលើព្រះអម្ចាស់ និងការរង់ចាំដោយខ្ជាប់ខ្ជួនសម្រាប់ការយាងមករបស់ទ្រង់ អាចជួយយើងឲ្យឆ្លើយតបដោយសេចក្ដីជំនឿចំពោះមន្ទិលសង្ស័យទាំងឡាយ ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យប្រាកដថា យើងនៅបន្ដរឹងមាំ និងខ្ជាប់ខ្ជួន កាលយើងទន្ទឹងរង់ចាំដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនោះ ? ( សូមពិចារណារំឭកសេចក្ដីថ្លែងការណ៍ដោយ ប្រធាន បូនី អិល អូស្ការសុន និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។
-
តើការពឹងផ្អែកលើព្រះអម្ចាស់បានជួយអ្នកយ៉ាងដូចម្ដេចខ្លះ នៅពេលកំពុងប្រឈមនឹងមនុស្សដែលចេះតែសង្ស័យ ព្រមទាំងសារទាំងឡាយដែលអាចបណ្ដាលឲ្យមានការសង្ស័យនោះ ? តើយើងអាចជួយគ្នាឲ្យបន្ដនៅខ្ជាប់ខ្ជួន នៅពេលយើងត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ដោយរបៀបណា ?
សូមអញ្ជើញឲ្យសិស្សពិចារណាដោយស្ងាត់ស្ងៀមនូវអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ និងការយាងមកជាលើកទីពីរ នៅពេលពួកគេរៀបចំខ្លួន និងមករៀនក្នុងថ្នាក់នេះ ។ បន្ទាប់មក សូមផ្ដល់ពេលឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអម្ចាស់ និងសេចក្ដីសង្ឃឹមដែលពួកគេមាន ពេលដឹងថា ទ្រង់នឹងយាងមកវិញនោះ ។
សម្រាប់ពេលក្រោយ
សូមពន្យល់ថា នៅមេរៀនក្រោយនេះ សិស្សនឹងមានឱកាសស្រមៃពីស្ថានភាពនៃការបាននៅក្នុងវត្តមានរបស់ព្រះអង្គសង្គ្រោះ និងការប្រាស្រ័យទាក់ទងជាមួយទ្រង់ ។ នៅពេលសិស្សសិក្សា ឯកសាររៀបចំសម្រាប់ថ្នាក់ សូមអញ្ជើញពួកគេឲ្យរកមើលអ្វីដែលពួកគេអាចរៀនអំពីនិស្ស័យ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ចេញពីការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមប្រជាជននៅក្នុងទ្វីបអាមេរិក ។