« មេរៀនទី ២២ ឯកសារគ្រូបង្រៀន ៖ ការការពារខ្លួនយើងពីគោលលទ្ធិក្លែងក្លាយនៃថ្ងៃចុងក្រោយនេះ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២២ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២២ ឯកសារគ្រូបង្រៀន
ការការពារខ្លួនយើងពីគោលលទ្ធិក្លែងក្លាយនៃថ្ងៃចុងក្រោយនេះ
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « ព្រះគម្ពីរមរមនបង្ហាញពីសត្រូវរបស់ព្រះគ្រីស្ទ [ និង ] ផ្ចាញ់ផ្ចាលគោលលទ្ធិក្លែងក្លាយ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣២ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងស្គាល់ពីយុទ្ធសាស្ដ្រនានា ដែលពួកសត្រូវប្រើដើម្បីបំផ្លាញសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សិស្សក៏នឹងប្ដេជ្ញាផងដែរអំពីរបៀបដែលពួកគេអាចទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ដើម្បីពង្រឹងដល់ពួកគេឲ្យប្រឆាំងនឹងយុទ្ធសាស្ដ្របែបនេះ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃព្យាករអំពីការបង្រៀនក្លែងក្លាយនៅថ្ងៃចុងក្រោយ ។
សូមឲ្យសិស្សគិតអំពីគ្រាមួយដែលពួកគេ ( ឬនរណាម្នាក់ដែលពួកគេស្គាល់ ) បានឃើញគំនិត ឬការបង្រៀនដែលធ្វើឲ្យអន្ដរាយ ឬសាកល្បងដល់សេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ សូមឲ្យសិស្សម្នាក់ ឬពីរនាក់ចែកចាយពីបទពិសោធន៍របស់ពួកគេដោយសង្ខេបៗ ។
-
តើអ្នកគិតថា ព្រះគម្ពីរមរមនអាចការពារយើងពីគំនិត ឬការបង្រៀនដែលធ្វើឲ្យអន្ដរាយដល់សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដោយរបៀបណា ? ( សូមពិចារណារំឭកសេចក្ដីថ្លែងការណ៍ដោយ ប្រធាន ប៊ែនសឹន និង ប្រធាន រ័សុល អិម ណិលសុន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
សូមសរសេរឃ្លា ការបង្រៀនក្លែងក្លាយ ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យរំឭក នីហ្វៃទី២ ២៨:៧–៩, ២០–២២, ២៩–៣០ ហើយរកមើលការបង្រៀននានាដែលត្រូវនឹងចំណងជើងនេះ ។ រួចហើយសូមសរសេរចម្លើយរបស់សិស្សនៅក្រោមចំណងជើងនេះលើក្ដារខៀន ។
-
តើមានឧទាហរណ៍ណាខ្លះស្ដីពីការបង្រៀនទាំងនេះ ដែលអ្នកបានស្គាល់នៅជំនាន់របស់យើង ? តើការបង្រៀនទាំងនេះព្យាយាមធ្វើឲ្យអន្ដរាយដល់សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់តាមរបៀបណា ?
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនអ្នកពីគំនិតក្លែងក្លាយទាំងនេះ ?
សេរេម នីហូរ និង កូរីហូរ ព្យាយាមបំផ្លាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមចង្អុលបង្ហាញថា នៅក្នុងចំណោមបុគ្គលទាំងឡាយក្នុងព្រះគម្ពីរមរមនដែលបានបង្រៀនពីគោលលទ្ធិក្លែងក្លាយ មានអ្នកទទឹងនឹងព្រះគ្រីស្ទបីនាក់ ៖ សេរេម នីហូរ និង កូរីហូរ ។ ម្នាក់ៗបានប៉ុនប៉ងបំផ្លាញសេចក្ដីជំនឿរបស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមផ្ដល់ពេលពីរបីនាទីឲ្យសិស្សរំឭកដំណើររឿងដែលពួកគេបានផ្ដោតលើនៅក្នុង ផ្នែកទី ២ នៃឯកសាររៀបចំ ។ សូមអញ្ជើញសិស្សដែលមិនបានសិក្សាដំណើររឿងទាំងនេះណាមួយ ឲ្យអានដំណើររឿងមួយនៅពេលនេះ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបង្កើតក្រុមតូចៗជាមួយអ្នកដែលបានសិក្សាដំណើររឿងដូចគ្នានេះ ។ សូមឲ្យក្រុមនីមួយៗចាត់ឲ្យមានសមាជិកក្រុមម្នាក់ធ្វើជាមេក្រុម ។ សូមចែកសំណៅចែក « ការលាតត្រដាងពីយុទ្ធសាស្ដ្ររបស់សាតាំង » ដែលភ្ជាប់មកនេះទៅឲ្យមេក្រុមនីមួយៗ ។
ការលាតត្រដាងពីយុទ្ធសាស្ដ្ររបស់សាតាំង
ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន—មេរៀនទី ២២
សេចក្ដីណែនាំដល់មេក្រុមពិភាក្សា ៖ សូមដឹកនាំក្រុមរបស់អ្នកឲ្យពិភាក្សាសំណួរដូចខាងក្រោមនេះ ។ សូមឲ្យសមាជិកក្រុមប្រើប្រាស់បទគម្ពីរ និងសេចក្ដីថ្លែងការណ៍ដោយថ្នាក់ដឹកនាំក្នុងសាសនាចក្រនៅក្នុង ផ្នែកទី ២ នៃឯកសាររៀបចំ ។ សូមលើកទឹកចិត្តសមាជិកក្រុមរបស់អ្នកទាំងអស់ឲ្យចូលរួម ។ ប៉ុន្ដែ គ្មាននរណាម្នាក់គួរមានសម្ពាធថាត្រូវតែចែករំលែកយោបល់របស់ពួកគេនោះទេ ។
-
តើអ្នកទទឹងនឹងព្រះគ្រីស្ទរូបនេះបានប្រើយុទ្ធសាស្ដ្រអ្វីខ្លះ ដើម្បីបំផ្លាញសេចក្ដីជំនឿរបស់ប្រជាជនដែលជឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
តើមានឧទាហរណ៍នៅសម័យទំនើបនេះណាខ្លះ ដែលបង្ហាញពីការបង្រៀនគំនិតក្លែងក្លាយ ឬការប្រើប្រាស់វិធីសាស្ដ្ររបស់អ្នករឹងទទឹងនឹងព្រះគ្រីស្ទនៅក្នុងដំណើររឿងនេះ ? តើសាតាំងបានធ្វើឲ្យគំនិតទាំងនេះរាលដាលនៅជំនាន់របស់យើងតាមរបៀបណា ?
សូមរៀបចំខ្លួនចែកចាយយុទ្ធសាស្ដ្រមួយ និងឧទាហរណ៍នៅសម័យទំនើបមួយស្ដីពីយុទ្ធសាស្ដ្រនោះជាមួយនឹងសិស្សក្នុងថ្នាក់ ។
© 2021 by Intellectual Reserve, Inc. All rights reserved.
ការលាតត្រដាងពីយុទ្ធសាស្ដ្ររបស់សាតាំង
ក្រោយពីសិស្សបានពិភាក្សាសំណួរទាំងឡាយនៅលើសំណៅចែកហើយ សូមឲ្យមេក្រុមម្នាក់ៗឡើងសរសេរនៅលើក្ដារខៀននូវយុទ្ធសាស្ដ្ររបស់សាតាំងមួយ ឬច្រើន ដែលក្រុមរបស់ពួកគេបានរកឃើញ និងបានពិភាក្សា ។ សូមលើកទឹកចិត្តឲ្យមេក្រុមម្នាក់ៗចែកចាយដោយសង្ខេបពីឧទាហរណ៍មួយនៅសម័យទំនើបស្ដីពីយុទ្ធសាស្ដ្រទាំងនេះ ។ ពួកគេអាចសរសេរសេចក្ដីពិតមួយចំនួនដែលស្រដៀងគ្នានឹងសេចក្ដីពិតដូចតទៅនេះ ៖
-
សាតាំងប្រើការបញ្ជោរ និងអំណាចនៃការនិយាយដើម្បីដឹកនាំមនុស្សមិនឲ្យអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងឈប់ធ្វើតាមព្យាការីរបស់ទ្រង់ ( សូមមើល យ៉ាកុប ៧:៤ ) ។ ( វាអាចមានប្រយោជន៍ដើម្បីចង្អុលបង្ហាញថា ជារឿយៗ អស់អ្នកដែលវាយប្រហារលើសាសនារបស់យើងធ្វើដូច្នោះបានដោយនិយាយពីការពិតមិនពេញលេញ ភាសាធ្វើឲ្យជ្រួលច្របល់ អំណះអំណាងមិនមានតុល្យភាព ការសន្មតខុសឆ្គង និងការពិតដែលខុសពីបរិបទដើម ។ ជាញឹកញាប់ អំណះអំណាងទាំងនេះធ្វើឲ្យអ្នកស្ដាប់ភ្ញាក់ផ្អើល និងស្ដាប់ទៅហាក់សមហេតុផល ប៉ុន្ដែវាធ្វើឡើងដើម្បីបង្កើតឲ្យមានមន្ទិលសង្ស័យ ។ [ សូមមើល ដាល្លិន អេក អូក « Reading Church History » ( សុន្ទរកថាទៅកាន់អ្នកអប់រំខាងសាសនាក្នុងប្រព័ន្ធអប់រំសាសនាចក្រ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៨៥ ) ទំព័រ ១–២៧ ] ) ។
-
សាតាំងប្រើសេចក្ដីកំភូតលាយឡំជាមួយនឹងសេចក្ដីពិត ដើម្បីបោកបញ្ឆោតមនុស្ស ( សូមមើល អាលម៉ា ១:៤; សូមមើលផងដែរ យ៉ាកុប ៧:៧ ) ។
-
សាតាំងប្រើគោលលទ្ធិក្លែងក្លាយដើម្បីទាក់ទាញយើងមិនឲ្យគោរពព្រះ ហើយដោះសារការប្រព្រឹត្តអំពើបាបរបស់យើង ( សូមមើល អាលម៉ា ១:៤; ៣០:១៧–១៨ ) ។
-
សាតាំងព្យាយាមធ្វើឲ្យមនុស្សបោះបង់សេចក្ដីជំនឿរបស់ខ្លួនលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការសើចចំអកដល់ប្រាជ្ញារបស់ពួកគេ ឬជំនឿរបស់ពួកគេ ( សូមមើល អាលម៉ា ៣០:១៣–១៦, ២៧–២៨ ) ។
កំណត់ចំណាំ ៖ ប្រសិនបើសិស្សចែកចាយឧទាហរណ៍នៅសម័យទំនើប ដែលអាចបណ្ដាលឲ្យមានការយល់ខុស ឬការទាស់ទែងគ្នា សូមធ្វើតាមព្រះវិញ្ញាណដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីសេចក្ដីថ្លែងណាដែលមិនត្រឹមត្រូវ ហើយដឹកនាំការពិភាក្សាឲ្យត្រឡប់ទៅរកសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀននេះវិញ ។
ក្រោយពីមេក្រុមធ្វើបទបង្ហាញរួចហើយ សូមពិចារណាសួរថា
-
តើអ្វីទៅដែលអ្នកចាប់អារម្មណ៍បំផុតអំពីរបៀបដែលយ៉ាកុប គេឌាន និងអាលម៉ាបានឆ្លើយតបនឹងពាក្យសម្ដី ព្រមទាំងសកម្មភាពរបស់ពួកអ្នកទទឹងនឹងព្រះគ្រីស្ទនោះ ?
សូមពិចារណាសរសេរប្រយោគពុំពេញលេញដូចតទៅនេះនៅលើក្ដារខៀន ៖ យើងអាចយកឈ្នះឧបសគ្គចំពោះសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បាន តាមរយៈ …
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
ការស្វែងរក និងការយល់ដឹងពីគោលការណ៍ និងគោលលទ្ធិ ។ សូមអនុញ្ញាតឲ្យសិស្សស្វែងរកសេចក្ដីពិតចេញពីព្រះគម្ពីរ និងពាក្យសម្ដីរបស់ព្យាការី ។ សូមអញ្ជើញពួកគេឲ្យពន្យល់ពីមូលហេតុដែលសេចក្ដីពិតជាក់លាក់នោះលេចធ្លោចំពោះពួកគេ ។ សូមឲ្យសិស្សពិចារណាផងដែរពីអ្វីដែលគោលការណ៍ និងគោលលទ្ធិទាំងនេះបង្រៀនពួកគេអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ការធ្វើដូច្នោះនឹងជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃសេចក្ដីពិត ហើយមានអារម្មណ៍បំផុសគំនិតឲ្យអនុវត្តតាមសេចក្ដីពិតនោះ ។
សូមអញ្ជើញសិស្សឲ្យបំពេញប្រយោគនេះ ដោយប្រើអ្វីដែលពួកគេបានរៀនមកពីពាក្យសម្ដី និងសកម្មភាពរបស់យ៉ាកុប គេឌាន និងអាលម៉ា ។ សិស្សអាចបំពេញប្រយោគនេះតាមរបៀបមួយចំនួនដូចខាងក្រោម ៖
-
… ការចងចាំដល់បទពិសោធន៍កាលពីអតីតកាល ដែលបានពង្រឹងសេចក្ដីជំនឿរបស់យើងលើទ្រង់ ( សូមមើល យ៉ាកុប ៧:៥ ) ។
-
… ការពឹងផ្អែកលើការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល យ៉ាកុប ៧:៨ ) ។
-
… ការពឹងផ្អែកលើពាក្យសម្ដីរបស់ព្យាការី និងការចែកចាយទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ( សូមមើល យ៉ាកុប ៧:៩–១២; អាលម៉ា ១:៧; ៣០:៣៩–៤៤ ) ។
-
… ការទុកចិត្តលើព្រះ ហើយទុកលទ្ធផលទាំងឡាយទៅក្នុងព្រះហស្ដរបស់ទ្រង់ ( សូមមើល យ៉ាកុប ៧:១៣–១៤ ) ។
សូមឲ្យសិស្សសញ្ជឹងគិតថា តើប្រយោគពេញលេញមួយណានៅលើក្ដារខៀន ដែលពួកគេបានជួបប្រទះដោយផ្ទាល់នោះ ។ សូមឲ្យសិស្សមួយចំនួនចែកចាយពីអ្វីដែលពួកគេដឹង និងមានអារម្មណ៍អំពីប្រយោគដែលពួកគេបានជ្រើសរើស ។
ដើម្បីលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពសុចរិត សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញឲ្យសិស្សគិតយ៉ាងស៊ីជម្រៅអំពីបណ្ដុំសំណួរ ដែលពួកគេគិតថាទាក់ទងនឹងស្ថានភាពរបស់ពួកគេខ្លាំងបំផុត ។ អ្នកក៏អាចឲ្យសិស្សកត់ត្រាយោបល់ និងអារម្មណ៍របស់ពួកគេផងដែរ ។
-
តើមានមនុស្ស ប្លក់ ឬទំព័រវេបសាយមួយ ដែលខ្ញុំតាមដែលធ្វើឲ្យអន្ដរាយដល់សេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញដែរឬទេ ? ដោយពិចារណាពីអ្វីដែលខ្ញុំបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ តើខ្ញុំគួរតែធ្វើអ្វីខ្លះ ដើម្បីរឹតតែការពារសេចក្ដីជំនឿរបស់ខ្ញុំពីអ្នកដែលព្យាយាមបំផ្លាញវា ?
-
តើខ្ញុំស្គាល់នរណាខ្លះ ដែលកំពុងពុះពារនឹងសេចក្ដីជំនឿរបស់គាត់ ដោយសារតែឥទ្ធិពលនៃសារលិខិត ឬមនុស្សដែលប្រឆាំងនឹងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់នោះ ? ដោយពិចារណាពីអ្វីដែលខ្ញុំបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ តើខ្ញុំអាចនិយាយ ឬធ្វើអ្វីខ្លះ ដើម្បីជួយបុគ្គលនេះឲ្យពង្រឹងសេចក្ដីជំនឿរបស់គាត់ ?
-
តើការសិក្សាព្រះគម្ពីរមរមនកាន់តែស្មោះត្រង់ជាងមុន អាចបង្កើនអំណាចរបស់ខ្ញុំដើម្បីទប់ទល់នឹងមនុស្ស ឬសារដែលព្យាយាមធ្វើឲ្យសេចក្ដីជំនឿរបស់ខ្ញុំអន្ដរាយដោយរបៀបណា ? តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីកែលម្អវិធីសាស្ដ្រសិក្សាព្រះគម្ពីរមរមននាពេលបច្ចុប្បន្នរបស់ខ្ញុំ ?
-
តើមានវិធីជាក់លាក់ណាខ្លះ ដែលខ្ញុំអាចយាងព្រះអង្គសង្គ្រោះឲ្យជួយខ្ញុំស្ថាបនា ឬពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់ និងដំណឹងល្អរបស់ទ្រង់ ?
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលជាការសាកល្បងដល់ការគោរពប្រតិបត្តិដែលពិបាកបំផុតសម្រាប់ពួកគេ នៅក្នុងជីវិតរបស់ពួកគេកន្លងមកនេះ ។ រួចហើយសូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានីដល់ពួកគេ ហើយសូមអញ្ជើញពួកគេឲ្យសិក្សា ឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ ដោយមានគោលដៅដើម្បីរៀនពីព្រះយេស៊ូវគ្រីស្ទ ស្ដីពីរបៀបទុកចិត្ត និងគោរពតាមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ។