« មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការរៀបចំសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ការរៀបចំសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ
ជំពូកនេះនឹងផ្ដោតលើការបង្ហាញព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ និងការងារបម្រើនៅក្នុងចំណោម « ប្រជាជននីហ្វៃ » ( នីហ្វៃទី៣ ១១:១ ) ។ ក្រុមនេះមានទាំងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនសុចរិត ដែលបានប្រែចិត្តជឿលើព្រះអម្ចាស់ ( សូមមើល នីហ្វៃទី៣ ១០:១៨–១៩ ) ។ នៅពេលអ្នកពិចារណាពីបទពិសោធន៍របស់ពួកគេជាមួយព្រះអង្គសង្គ្រោះ សូមព្យាយាមពង្រឹងទីបន្ទាល់របស់អ្នកផ្ទាល់អំពីបុគ្គលិកលក្ខណៈ គុណលក្ខណៈ និងបេសសកម្មដ៏ទេវភាពរបស់ទ្រង់ ។
ទិដ្ឋភាពដែលបានព្រាងទុកភាគច្រើននៃបេសកកម្មដ៏ទេវភាពរបស់ព្រះអម្ចាស់ គឺការយាងមកជាលើកទីពីររបស់ទ្រង់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « នៅក្នុងព្រះគម្ពីរមរមន យើងរកឃើញមាគ៌ាមួយដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤០ ) ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសពិចារណាពីរបៀបដែលការសិក្សាពីការព្យាករ និងព្រឹត្តិការណ៍នានាដែលបានកើតមាន មុនការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមប្រជាជននេះ អាចជួយអ្នកឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់បាន ។
ផ្នែកទី ១
តើខ្ញុំបានរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទបានល្អប៉ុណ្ណា ?
អស់រាប់ជំនាន់មកហើយ ពួកព្យាការីនៅក្នុងព្រះគម្ពីរមរមនបានព្យាករអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ផែនដី ។ ប្រាំមួយឆ្នាំមុនពេលព្រះគ្រីស្ទបានប្រសូតនៅក្បែរទីក្រុងយេរូសាឡិម សាំយូអែលជាសាសន៍លេមិនត្រូវបានបញ្ជូនមកដោយព្រះអម្ចាស់ ឲ្យទៅរៀបចំពួកសាសន៍នីហ្វៃទុច្ចរិតសម្រាប់ការយាងមករបស់ព្រះគ្រីស្ទ ។ សាំយូអែលបានព្យាករអំពីទីសម្គាល់ និងការណ៍អស្ចារ្យមួយចំនួន ដែលនឹងកើតមានតំណាលគ្នានឹងការប្រសូត ព្រមទាំងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល ហេលេមិន ១៣–១៥ ) ។
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ព្យាការីអាចជួយយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះអម្ចាស់បាន ៖
នៅមុនយប់ដ៏ពិសិដ្ឋនៅភូមិបេថ្លេហិមនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ និងពាក្យសម្ដីរបស់ព្យាការីមកពីគ្រប់គ្រាកាន់កាប់ត្រួតត្រា បានរៀបចំផ្លូវសម្រាប់ការយាងមកលើកទីមួយរបស់ព្រះអម្ចាស់ និងដង្វាយធួនរបស់ទ្រង់ ។ … តើយើងមានភ្នែកដើម្បីមើលឃើញថា ព្រឹត្តិការណ៍ និងការព្យាករទាំងឡាយអំពីជំនាន់របស់យើង កំពុងរៀបចំយើងសម្រាប់ការយាងមកជា លើកទីពីរ របស់ព្រះអង្គសង្គ្រោះដែរឬទេ ? ( « Preparations for the Restoration and the Second Coming: ‘My Hand Shall Be over Thee’ » Liahona ខែវិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៩២ )
ផ្នែកទី ២
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីនៅបន្ដស្មោះត្រង់ នៅពេលខ្ញុំបានឮសារដែលបណ្ដាលឲ្យមានមន្ទិលសង្ស័យអំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងភាពពិតនៃការយាងមកជាលើកទីពីររបស់ទ្រង់ ?
ពួកសាសន៍នីហ្វៃមួយចំនួនបានជឿលើពាក្យសម្ដីរបស់សាំយូអែល ។ អ្នកដទៃទៀតបានបដិសេធសារលិខិតរបស់សាំយូអែល ហើយបានព្យាយាមសម្លាប់លោកដោយថ្ម និងព្រួញ ។ ដោយសារពួកគេមិនអាចបាញ់ត្រូវលោក នោះមានមនុស្សជាច្រើនថែមទៀតបានជឿលើសារលិខិតរបស់លោក ហើយបានទៅរកនីហ្វៃឲ្យជ្រមុជទឹកឲ្យ ។ ក្រោយមក នៅពេលទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយដែលទាក់ទងទៅនឹងការប្រសូតរបស់ព្រះគ្រីស្ទបានចាប់ផ្ដើមបំពេញ នោះអ្នកជឿបានទទួលអំណរ ហើយអ្នកដែលគ្មានជំនឿបានធ្វើចិត្តរឹងរូស ។ ( សូមមើល ហេលេមិន ១៦:១–១៥ ) ។
ដោយថ្លែងពីសំឡេងនៃការសង្ស័យ នោះប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅបានថ្លែង ៖
យើងគ្រាន់តែត្រូវបន្ដទទួលទាន [ ផ្លែឈើនៃដើមជីវិត ] ហើយកុំស្ដាប់តាមអ្នកទាំងឡាយដែលចំអកដល់ជំនឿរបស់យើង ឬអ្នកទាំងឡាយដែលចូលចិត្តបង្កើតការសង្ស័យ ឬអ្នកទាំងឡាយដែលស្វែងរកកំហុសពីអ្នកដឹកនាំ និងគោលលទ្ធិរបស់សាសនាចក្រ ។ វាគឺជាជម្រើសមួយដែលយើងធ្វើប្រចាំថ្ងៃ—ដើម្បីជ្រើសរើសយកសេចក្ដីជំនឿ ជាជាងភាពសង្ស័យ ។( « Do I Believe? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៩ )
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចខាងក្រោម អំពីការបន្ដនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿរបស់យើងលើព្រះគ្រីស្ទ ៖
ដើម្បីបន្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿលើព្រះគ្រីស្ទ វាតម្រូវឲ្យដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជ្រាបចូលទៅក្នុងដួងចិត្ត និងព្រលឹងរបស់មនុស្សម្នាក់ វាមានន័យថា ដំណឹងល្អពុំមែនគ្រាន់តែក្លាយជាឥទ្ធិពលមួយនៅក្នុងជីវិតរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែវាក្លាយជាអាទិភាពដ៏សំខាន់បំផុតក្នុងជីវិត និងបុគ្គលិកលក្ខណៈរបស់គាត់ ។ …
សូមចងចាំការសន្យានេះជានិច្ចថា រឿងល្អៗនឹងកើតមានឡើង ទាំងនៅពេលនេះ និងបន្ទាប់ពីជីវិតនេះ ចំពោះអស់អ្នកដែលរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿលើព្រះគ្រីស្ទ ។ ( « Firm and Steadfast in the Faith of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៣១, ៣៣ )