ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៦ ឯកសារ​គ្រូបង្រៀន ៖ ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ


« មេរៀនទី ៦ ឯកសារ​គ្រូបង្រៀន ៖ ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ៦ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ៦ ឯកសារ​គ្រូបង្រៀន

ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​មរមន​គឺជា​សាក្សី​ដ៏​មាន​អានុភាព​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រោសលោះ​ដែល​នឹង​កើតឡើង​តាមរយៈ​ទ្រង់ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ពន្យល់​ពី​របៀប​ដែល​យើង​ត្រូវបាន​ប្រោសលោះ​ចេញពី​ការធ្លាក់​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ សិស្ស​ក៏​នឹង​កំណត់​បាន​ផងដែរ​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​ទំនោរ​ចិត្ត​នៃ​ភាពជា​មនុស្ស​ពី​ធម្មជាតិ​របស់​ពួកគេ​ផ្ទាល់ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ប្រាស្រ័យ​ទាក់ទង​អំពី​លទ្ធផល​រៀនសូត្រ​របស់​សិស្ស ។ លទ្ធផល​រៀនសូត្រ​គឺជា​សេចក្ដី​ថ្លែងការណ៍ ដែល​ពិពណ៌នា​ពី​ចំណេះដឹង និង​ជំនាញ​ដែល​សិស្ស​គួរតែ​អភិវឌ្ឍ​អំឡុងពេល​បទពិសោធន៍​រៀនសូត្រ​មួយ ។ សូម​ពិចារណា​ចែកចាយ​ជាមួយ​នឹង​សិស្ស​នូវ​លទ្ធផល​ដែល​ចង់​បាន ដែល​មាន​រាយបញ្ជី​នៅក្នុង​សេចក្ដីផ្ដើម​នៃ​មេរៀន​នីមួយៗ ។ លទ្ធផល​ដែល​បាន​រៀបរាប់​ទាំងនេះ អាច​ជួយ​គ្រូបង្រៀន និង​សិស្ស​ឲ្យ​វាយតម្លៃ​រួមគ្នា​ពី​ជោគជ័យ​នៃ​ការសិក្សា និង​ការពិភាក្សា​របស់​ពួកគេ ។

ព្យាការី​នៃ​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ត្រូវការ​ចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បង្ហាញ​សំណួរ​មិន​ពេញលេញ​ដូច​តទៅ​នេះ ៖ តើ​ជីវិត​របស់​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាងណា បើ​គ្មាន …?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​សំណួរ​នេះ​បាន សូម​បង្ហាញ​រូបភាព ឬ​ពាក្យពេចន៍​ពីរ​បី​ខុសៗគ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ខ្លីៗ​រក​ចំណុច ឬ​គំនិត​នីមួយៗ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នេះ ។ អ្នក​អាច​ប្រើ​រូបភាព​ដែល​ភ្ជាប់​មក​នេះ ឬ​រូបភាព​ណា​ដែល​អ្នក​ជ្រើសរើស​ខ្លួនឯង ។ សូម​ធានា​ថា រូបភាព​ចុងក្រោយ​គឺជា​រូប​តំណាង​ឲ្យ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​សិស្ស​អាច​ពិភាក្សា​ពី​សភាព​នៃ​ជីវិត​របស់​ពួកគេ បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ ។

យុវនារី​កាន់​ទូរសព្ទ
យុវនារី​សើច
ឪពុក​ម្ដាយ និង​កូន​សើច
ព្រះគ្រីស្ទ​នៅ​សួន​គេតសេម៉ានី ដោយ ហារី អាន់ដើរសិន

សូម​សរសេរ​សេចក្តី​ថ្លែងការណ៍​មិន​ពេញលេញ​ដូចត​ទៅ​នេះ​នៅ​លើក្ដារ​ខៀន ៖ បើ​គ្មាន​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ យើង​នឹង …

សូម​រំឭក​សិស្ស​ថា យ៉ាកុប និង​អាមូលេក​បាន​ថ្លែង​ទេសនកថា​ដ៏​សំខាន់​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​សិស្ស​រំឭក នីហ្វៃ​ទី​២ ៩:៦–១០ និង អាលម៉ា ៣៤:៩ ដោយ​រកមើល​ឃ្លា​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នៅលើ​ក្ដារខៀន​នេះ ។

  • តើ​មាន​ឃ្លា​ណាខ្លះ​ចេញ​មកពី​វគ្គ​បទគម្ពីរ​នេះ ដែល​យើង​អាច​ប្រើ​ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នៅលើ​ក្ដារខៀន ? ( នៅពេល​សិស្ស​ចែកចាយ​វិធី​ខុសៗ​គ្នា​ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ សូម​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅ​ក្រោម​សេចក្ដី​ថ្លែង​នោះ​លើ​ក្ដារខៀន ។ សិស្ស​អាច​នឹង​សម្គាល់​ឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូចនេះ ៖ បើ​គ្មាន​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ យើង​នឹង​ចៀស​ពី​ស្លាប់​មិន​រួចឡើយ ។ សេចក្ដីពិត​ផ្សេងទៀត​ដែល​ពួកគេ​អាច​រកឃើញ រួមមាន​ដូច​តទៅ​នេះ ៖ បើ​គ្មាន​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ យើង​នឹង​ត្រូវ​កាត់ចញ​ពី​វត្តមាន​របស់​ព្រះអម្ចាស់ មិន​អាច​រស់ឡើង​វិញ​ឡើយ ត្រូវ​ចាញ់​អារក្ស ក្លាយ​ដូចជា​អារក្ស បន្ដ​នៅក្នុង​ទុក្ខសោក ហើយ​ត្រូវ​ជួប​នឹង​វិរូប​ដ៏​គួរ​ស្ញែង​ខ្លាច​នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​អត្ថន័យ​នៃ​ឃ្លា​ទាំងនេះ ) ។

  • តើ​អ្វី​ជា « វិរូប​ដ៏​គួរ​ស្ញែង​ខ្លាច » ដែល​យ៉ាកុប​បាន​រៀបរាប់​នៅក្នុង នីហ្វៃ​ទី​២ ៩:១០ ? ហេតុអ្វី​វា​គួរឲ្យ​ស្ញែងខ្លាច​ខ្លាំង ? ( បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ការស្លាប់​ខាង​រូបកាយ និង​ខាងវិញ្ញាណ​ជា​រៀង​រហូត​តទៅ នឹង​រារាំង​យើង​មិន​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ។ សូម​កត់ចំណាំ​ថា ការស្លាប់​ខាង​វិញ្ញាណ​ជា​លទ្ធផល​មកពី​ការធ្លាក់​ផង និង​ការមិន​គោរព​ប្រតិបត្តិ​របស់​យើង​ផ្ទាល់​ផង ។ [ សូមមើល « Death, Spiritual » ( សេចក្តីស្លាប់ ខាងវិញ្ញាណ ) និង « Death, Physical » ( សេចក្តីស្លាប់ ខាង​រូបកាយ ) Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ] ) ។

  • តើ​ការស្គាល់​ឥទ្ធិពល​នៃ​ការធ្លាក់ ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូម​អាន នីហ្វៃ​ទី​២ ៩:១១–១២, ១៩–២២ រួមគ្នា ហើយ​សូម​ឲ្យ​សិស្ស​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រោសលោះ​យើង​ពី « វិរូប​ដ៏​គួរ​ស្ញែង​ខ្លាច​នេះ » ( ខទី ១០ ) នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​រត់គេច​ចេញពី « វិរូប​ដ៏​គួរ​ស្ញែង​ខ្លាច​នេះ » នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក​ដោយ​របៀប​ណា ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះអង្គ​សង្គ្រោះ ពេល​ដឹង​ថា ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ផង ហើយ​អាច​ជួយ​ដោះលែង​អ្នក​ចេញពី​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក​បាន​ផង​នោះ ?

សូម​រំឭក​សិស្ស​ថា ទាំង​យ៉ាកុប និង​អាមូលេក​បាន​ពិពណ៌នា​ពី​តម្រូវការ​ឲ្យ​មាន​ដង្វាយធួន ឬ​ពលិកម្ម « ដ៏​និរន្ដរ៍ » មួយ​ធ្វើ​ឡើង ( សូមមើល នីហ្វៃ​ទី​២ ៩:៧; អាលម៉ា ៣៤:១០ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន រ័សុល អិម ណិលសុន និង ប្រធាន ថាត អរ ខាលីស្ទើរ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ហើយ​រកមើល​របៀប​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​និរន្ដរ៍ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​និរន្ដរ៍ ?

  • តើ​ការដឹង​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​និរន្ដរ៍ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​យល់ ហើយ​ឆ្លើយតប​នឹង​ការលំបាក និង​ទុក្ខ​កង្វល់​ផ្ទាល់​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​បង្ហាញ​ព្រះអម្ចាស់​ថា អ្នក​ជឿ​លើ​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់ ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​បាន ? ( សូម​ពិចារណា​ឲ្យ​សិស្ស​មាន​ពេល​កត់ត្រា​ទុក​យោបល់​របស់​ពួកគេ ) ។

សេ្តច​បេនយ៉ាមីន​បង្រៀន​ប្រជាជន​របស់​ទ្រង់​ថា ពួកគេ​អាច​សម្រាត​ចោល​មនុស្ស​ខាងសាច់​ឈាម​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ ៖ « មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពី​ការធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ » ( ម៉ូសាយ ៣:១៩ ) ។ សូម​រំឭក​សិស្ស​ថា ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ពី​សេចក្ដីពិត​នេះ ។

សូម​អាន ម៉ូសាយ ៣:១៩ រួមគ្នា​ក្នុង​ថ្នាក់ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់​អំពី​ការយកឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម ។

  • តើ​យើង​អាច​រៀន​បាន​គោលការណ៍​អ្វីខ្លះ មកពី​ការបង្រៀន​របស់​ស្ដេច​បេនយ៉ាមីន ដែល​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​នៅក្នុង​ខ្លួន​យើង​បាន ? ( សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូច​នេះ ៖ នៅពេល​យើង​ព្រមធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​សម្រាត​ភាពជា​មនុស្ស​ខាង​សាច់ឈាម ហើយ​ក្លាយជា​ពួកបរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលការណ៍​នេះ​កាន់តែ​ស៊ីជម្រៅ សូម​ពិចារណា​សួរ​សំណួរ​ខាង​ក្រោម​មួយ ឬ​ច្រើន​ស្របតាម​តម្រូវការ​របស់​សិស្ស ៖

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដើម្បី « [ ព្រមធ្វើ ]​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការទោរទន់​ទៅរក​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ដោយ​របៀប​ណា ?

  • ហេតុអ្វី​ការសម្រាត​ចោល​មនុស្ស​ខាង​សាច់ឈាម អាច​កើតឡើង​បាន​តែ​ពេល​ណា​ដែល​យើង​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ប៉ុណ្ណោះ ?

  • តើ​ការពឹងផ្អែក​លើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​ក្លាយជា​ជនបរិសុទ្ធ—បុគ្គល​ដែល​ត្រូវបាន​បន្សុទ្ធ និង​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​ការបង្រៀន​នៅក្នុង ម៉ូសាយ ៣:១៩ អាច​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម និង​កម្លាំង នៅពេល​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​គ្រប់គ្រង ឬ​យកឈ្នះ​លើ​ចំណង់ និង​សន្ទុះ​ចិត្ត​នៃ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​បាន​ដោយ​របៀប​ណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​អាច​កំពុង​ពុះពារ​នឹង​ចំណង់ បំណងប្រាថ្នា ឬ​សន្ទុះចិត្ត​នៃ​ភាពជា​មនុស្ស​ខាង​សាច់ឈាម ។ សូម​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត និង​កត់ត្រា​ទុក​យោបល់ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ៖

  • តើ​អ្វី​ទៅ​ដែល​អាច​រារាំង​ខ្ញុំ​មិន​ឲ្យ​ធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ណាខ្លះ ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ ៣:១៩ ដែល​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ពេញលេញ​នោះ ?

  • តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​សកម្មភាព​អ្វីខ្លះ ដើម្បី​ខ្ញុំ​អាច​ទទួលបាន​ជំនួយ​កាន់តែ​ច្រើន​មកពី​ព្រះអង្គ​សង្គ្រោះ កាល​ខ្ញុំ​ខិតខំ​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នេះ ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោសលោះ​យើង​ចេញពី​ការធ្លាក់ ហើយ​អាច​ប្រោសលោះ​យើង​ចេញពី​អំពើបាប​ផ្ទាល់​ខ្លួន​របស់​យើង និង​ផ្លាស់ប្ដូរ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​គិត​អំពី​ការពុះពារ​ខាង​រាងកាយ ខាង​ស្មារតី ខាង​សតិ​អារម្មណ៍ ឬ​ខាង​វិញ្ញាណ​ដែល​ពួកគេ​អាច​កំពុង​តែ​ជួប​ប្រទះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ នៅពេល​ពួកគេ​សិក្សា ឯកសារ​រៀបចំ សម្រាប់​មេរៀន​ក្រោយ​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ក្នុង​ការពុះពារ​របស់​ពួកគេ​បាន ។