« មេរៀនទី ២១ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការយកឈ្នះលើភាពឆ្មើងឆ្មៃ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២១ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២១ ឯកសាររៀបចំសម្រាប់ថ្នាក់
ការយកឈ្នះលើភាពឆ្មើងឆ្មៃ
គ្រោះថ្នាក់ខាងវិញ្ញាណមួយដែលត្រូវបានគូសបញ្ជាក់នៅក្នុងព្រះគម្ពីរមរមន គឺជាអំពើបាបនៃភាពឆ្មើងឆ្មៃ ។ ចេញពីកំណត់ត្រានោះ យើងរៀនពីរបៀបដែលភាពឆ្មើងឆ្មៃបានបង្អាក់ដល់ភាពសុខដុមនៅក្នុងក្រុមគ្រួសាររបស់លីហៃ បានបង្កើតឲ្យមានការបែងចែកនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ បាននាំឲ្យមានសង្គ្រាមដ៏ច្រើនរាប់មិនអស់ និងទីបំផុតបាននាំទៅរកការបំផ្លិចបំផ្លាញអារ្យធម៌សាសន៍នីហ្វៃ ។ ប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានព្រមានថា « ភាពឆ្មើងឆ្មៃគឺជាអំពើបាបសកលមួយ ជាគុណវិបត្តិដ៏ខ្លាំង » ( « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៦ ) ។ នៅពេលអ្នកសិក្សារៀបចំសម្រាប់ថ្នាក់រៀន សូមរកមើលការបង្រៀននានា ដែលអាចជួយអ្នកឲ្យស្គាល់សញ្ញានៃការឆ្មើងឆ្មៃនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។ សូមពិចារណាផងដែរអំពីរបៀបដែលការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យយកឈ្នះលើភាពឆ្មើងឆ្មៃបាន ។
ផ្នែកទី ១
តើខ្ញុំអាចស្គាល់ឥទ្ធិពលបំផ្លាញ ដែលភាពឆ្មើងឆ្មៃអាចបង្កឲ្យមាននៅក្នុងជីវិតរបស់ខ្ញុំឲ្យកាន់តែច្បាស់ដោយរបៀបណា ?
ក្រោយពីការស្លាប់របស់នីហ្វៃ នោះយ៉ាកុបបានកើតទុក្ខដោយសារការកើនឡើងនៃអំពើទុច្ចរិតនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ ព្រះអម្ចាស់បានដឹកនាំយ៉ាកុបឲ្យថ្លែងពីអំពើបាបរបស់ប្រជាជន ( សូមមើល យ៉ាកុប ១:១៥–២:៤, ១១ ) ។ យ៉ាកុបបានគោរពតាមព្រះអម្ចាស់ ហើយបានថ្លែងទៅកាន់ប្រជាជននៅក្នុងព្រះវិហារបរិសុទ្ធអំពីអំពើបាបរបស់ពួកគេ រួមទាំងពីរបៀបដែលទ្រព្យសម្បត្តិរបស់ពួកគេបាននាំពួកគេចេញពីព្រះអម្ចាស់ផងដែរ ។
នៅចុងបញ្ចប់នៃព្រះគម្ពីរមរមន មរមន និងមរ៉ូណៃបានធ្វើជាសាក្សីថា ការខកខានមិនបានប្រែចិត្តពីភាពឆ្មើងឆ្មៃនេះបានដឹកនាំទៅរកការបំផ្លិចបំផ្លាញពួកសាន៍នីហ្វៃយ៉ាងធ្ងន់ធ្ងរ ( សូមមើល មរ៉ូណៃ ៨:២៧ ) ។ ក្រោយពីធ្វើជាសាក្សីដល់ការបំផ្លិចបំផ្លាញរបស់ពួកគេហើយ នោះមរ៉ូណៃបានឃើញនៅក្នុងការនិមិត្តមួយអំពីរបៀបដែលភាពឆ្មើងឆ្មៃក៏នឹងជាបញ្ហាមួយសម្រាប់មនុស្សនៅជំនាន់របស់យើងផងដែរ ។
នៅក្នុងឆ្នាំ ១៩៨៩ ប្រធាន ប៊ែនសឹន បានថ្លែងសុន្ទរកថាដ៏មានឥទ្ធិពលមួយស្ដីពីភាពឆ្មើងឆ្មៃ ។ នៅពេលអ្នកអានសេចក្ដីសម្រង់នេះស្រង់ពីសុន្ទរកថារបស់លោក សូមពិចារណាគូសចំណាំពាក្យ និងឃ្លាគន្លឹះដែលពិពណ៌នាពីអត្ថន័យដ៏សំខាន់នៃភាពឆ្មើងឆ្មៃ ។
ពួកយើងភាពច្រើនគិតដល់ភាពឆ្មើងឆ្មៃថា ជាការគិតតែពីខ្លួនឯង ការប្រកាន់ខ្លួន ការមានអំនួត ភាពក្រអឺតក្រទម ឬភាពព្រហើន ។ ទាំងអស់នេះគឺជាធាតុផ្សំនៃអំពើបាបនេះ ប៉ុន្ដែបេះដូង ឬស្នូលវានៅបាត់នៅឡើយ ។
មុខងារចម្បងនៃភាពឆ្មើងឆ្មៃគឺភាពអមិត្ត—ភាពអមិត្តចំពោះព្រះ និងភាពអមិត្តចំពោះមនុស្សជាតិរបស់យើង ។ ភាពអមិត្ត មានន័យថា « ការស្អប់ ភាពជាសត្រូវ ឬសភាពប្រឆាំង » ។ វាគឺជាអំណាចដែលសាតាំងចង់បាន ដើម្បីគ្រប់គ្រងលើពួកយើង ។
ភាពឆ្មើងឆ្មៃមានលក្ខណៈប្រកួតប្រជែងពីធម្មជាតិ ។ យើងរឹងទទឹងចង់ធ្វើអ្វីដែលយើងចង់ធ្វើ ជាជាងធ្វើតាមព្រះទ័យរបស់ព្រះ ។ …
ពួកអ្នកឆ្មើងឆ្មៃមិនអាចទទួលយកសិទ្ធិអំណាចរបស់ព្រះ ដែលប្រទានការដឹកនាំដល់ជីវិតរបស់ពួកគេឡើយ ។ ( សូមមើល ហេលេមិន ១២:៦ ) ។ …
ពួកអ្នកឆ្មើងឆ្មៃរាប់មនុស្សគ្រប់គ្នាជាសត្រូវរបស់ពួកគេ ដោយការប្រើប្រាជ្ញា ទស្សនៈ ការងារ ទ្រព្យសម្បត្តិ ទេពកោសល្យរបស់ពួកគេ ឬឧបករណ៍វាស់វែងណាមួយខាងលោកិយប្រឆាំងនឹងអ្នកដទៃ ។ នៅក្នុងសម្ដីរបស់ ស៊ី អេស លូវីស ៖ « ភាពឆ្មើងឆ្មៃមិនមានការរីករាយក្នុងការមានអ្វីមួយឡើយ ប៉ុន្ដែរីករាយតែចំពោះការមានបានច្រើនជាងអ្នកដទៃប៉ុណ្ណោះ ។ … វាគឺជាការប្រៀបធៀបដែលធ្វើឲ្យអ្នកមានមោទនភាព ៖ ការរីករាយនឹងការមានបានលើសអស់មនុស្សទាំងប៉ុន្មានទៀត ។ កាលណាធាតុផ្សំនៃការប្រកួតប្រជែងបានបាត់បង់ទៅ នោះភាពឆ្មើងឆ្មៃក៏បាត់ទៅដែរ » ។( Mere Christianity, New York: Macmillian ឆ្នាំ ១៩៥២ ទំព័រ ១០៩–១០ ) ។ …
ការភ័យខ្លាចនឹងការកាត់សេចក្ដីរបស់មនុស្សបង្ហាញឲ្យឃើញច្បាស់នៅក្នុងការប្រកួតប្រជែងចង់បានការយល់ព្រមរបស់មនុស្ស ។ …
… ពួកយើងភាគច្រើនចាត់ទុកថា ភាពឆ្មើងឆ្មៃគឺជាអំពើបាបមួយរបស់មនុស្សដែលមានឋានៈខ្ពស់ ដូចជាពួកអ្នកមាន និងអ្នកចេះដឹងជាដើម ដែលមើលងាយមកលើពួកយើងទាំងអស់គ្នា ។ ( សូមមើល នីហ្វៃទី២ ៩:៤២ ) ។ ប៉ុន្ដែមានជំងឺទូទៅជាងនេះខ្លាំងមួយនៅក្នុងចំណោមពួកយើង—ហើយនោះគឺជាភាពឆ្មើងឆ្មៃពីអ្នកតូចមើលទៅលើ ។ វាបង្ហាញតាមរបៀបជាច្រើនក្រៃលែង ដូចជាការស្វែងរកកំហុស ការនិយាយដើមគេ ការនិយាយអាក្រក់ពីក្រោយខ្នងគេ ការរអ៊ូរទាំ ការរស់នៅហួសសមត្ថភាពដែលយើងរកបាន ការច្រណែនឈ្នានីស ការលោភលន់ ការទប់មិនបញ្ចេញការដឹងគុណ និងការសរសើរដែលអាចលើកស្ទួយមនុស្សដទៃ ព្រមទាំងការមិនអភ័យទោស និងការច្រណែនគេ ។( « Beware of Pride » ទំព័រ ៤, ៥ )
ផ្នែកទី ២
តើខ្ញុំអាចយកឈ្នះលើអំពើបាបនៃភាពឆ្មើងឆ្មៃយ៉ាងដូចម្តេច ?
ក្រោយពីយ៉ាកុបបានព្រមានប្រជាជនរបស់លោកអំពីអំពើបាបនៃភាពឆ្មើងឆ្មៃហើយ នោះលោកបានបង្រៀនពីសេចក្ដីពិតសំខាន់ៗអំពីរបៀបដើម្បីយកឈ្នះលើវា ។
នៅក្នុងព្រះគម្ពីរមរមន ពួកសាសន៍នីហ្វៃបានមានសេចក្ដីឆ្មើងឆ្មៃជាច្រើនដង ។ ឧទាហរណ៍ ក្រោយពីយកឈ្នះលើសង្គ្រាមដ៏យូរអង្វែងមួយជាមួយនឹងពួកចោរកាឌីអានតុន នោះពួកសាសន៍នីហ្វៃបានរីកចម្រើនឡើង ហើយភ្លាមៗនោះបានក្លាយទៅជាមានអំនួត ដោយលើកខ្លួនគេស្របតាមទ្រព្យសម្បត្តិ និងចំណេះដឹងរបស់ពួកគេ ។ អ្នកខ្លះបានចាប់ផ្ដើមបៀតបៀនអ្នកដែលមានទ្រព្យតិចជាងខ្លួនគេ ។ ( សូមមើល នីហ្វៃទី៣ ៦:៤–១២ ) ។
ប្រធាន ប៊ែនសឹន បានបង្រៀនដូចខាងក្រោមនេះអំពីរបៀបដើម្បីយកឈ្នះលើការឆ្មើងឆ្មៃ ៖
ថ្នាំបន្សាបសម្រាប់ការឆ្មើងឆ្មៃគឺជាការបន្ទាបខ្លួន—ចុះចូល ហើយស្លូតបូត ។ ( សូមមើល អាលម៉ា ៧:២៣ ) ។ …
ចូរយើងជ្រើសរើសដើម្បីបន្ទាបខ្លួន ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើងបាន តាមរយៈការយកឈ្នះលើភាពអមិត្តចំពោះបងប្អូនប្រុសស្រីរបស់យើង ការគោរពពួកគេដូចជាខ្លួនយើង ហើយការលើកស្ទួយពួកគេឲ្យបានខ្ពង់ខ្ពស់ ឬខ្ពស់ជាងយើងទៅទៀត ។ [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៤ ] ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការទទួលបានការប្រឹក្សា និងការផ្ចាញ់ផ្ចាល ។ [ សូមមើល យ៉ាកុប ៤:១០ ] ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការអភ័យទោសឲ្យអស់អ្នកដែលបានធ្វើខុសចំពោះយើង ។ [ សូមមើល នីហ្វៃទី៣ ១៣:១១, ១៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០ ] ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការចុះចូលក្នុងការបម្រើដោយមិនគិតពីខ្លួនឯង ។ ( សូមមើល ម៉ូសាយ ២:១៦–១៧ ) ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការចេញបេសកកម្ម និងការផ្សព្វផ្សាយព្រះបន្ទូលដែលអាចធ្វើឲ្យអ្នកដទៃបន្ទាបខ្លួន ។ [ សូមមើល អាលម៉ា ៤:១៩ ] ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការទៅព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់ជាងមុន ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការសារភាព និងការបោះបង់ចោលអំពើបាបរបស់យើង និងការកើតមកពីព្រះ ។ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣ ] ។
យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនយើង តាមរយៈការស្រឡាញ់ព្រះ ការមានឆន្ទៈស្របតាមព្រះទ័យរបស់ទ្រង់ និងការដាក់ទ្រង់ជាទីមួយនៅក្នុងជីវិតរបស់យើង ។ [ សូមមើល នីហ្វៃទី៣ ១១:១១ ] ។ ( « Beware of Pride » ទំព័រ ៦–៧ )