« មេរៀនទី ២៤ ឯកសារគ្រូបង្រៀន ៖ ព្រះចេស្ដានៃការដោះលែងរបស់ព្រះអម្ចាស់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៤ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៤ ឯកសារគ្រូបង្រៀន
ព្រះចេស្ដានៃការដោះលែងរបស់ព្រះអម្ចាស់
ទាំងបទពិសោធន៍របស់ប្រជាជនលិមហៃ និងបទពិសោធន៍នៃប្រជាជនរបស់អាលម៉ាបង្ហាញពីសមត្ថភាពរបស់ព្រះអម្ចាស់ដើម្បីផ្ដល់ការគាំទ្រ និងការដោះលែងដល់អ្នកដែលងាកទៅរកទ្រង់នៅក្នុងការសាកល្បងរបស់ពួកគេ ។ នៅក្នុងមេរៀននេះ សិស្សនឹងពង្រីកការយល់ដឹងរបស់ពួកគេលើរបៀបដែលពួកគេអាចអភិវឌ្ឍឲ្យមានទស្សនវិស័យដ៏អស់កល្បមួយ អំពីព្រះចេស្ដាដោះលែងរបស់ព្រះអម្ចាស់ ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យកំណត់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានព្រះចេស្ដារបស់ព្រះអម្ចាស់ កាលពួកគេប្រឈមមុខនឹងការសាកល្បងរបស់ពួកគេផ្ទាល់ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ពួកសាសន៍លេមិនបានដាក់ប្រជាជនរបស់អាលម៉ា និងប្រជាជនរបស់លិមហៃទៅក្នុងសេវកភាព ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំរូនានានៃការសាកល្បងដែលពួកគេ ឬមនុស្សដែលពួកគេស្គាល់កំពុងប្រឈមនាពេលនេះ ។
-
តើមានមូលហេតុខុសគ្នាណាខ្លះដែលយើងមានការសាកល្បង ? ( វាអាចមានប្រយោជន៍ដើម្បីរំឭកឧទាហរណ៍នៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
តើជាទូទៅមនុស្សអាចមានសំណួរ កង្វល់ ឬអារម្មណ៍អ្វីខ្លះ នៅពេលពួកគេប្រឈមមុខនឹងការសាកល្បង ?
ប្រជាជនរបស់អាលម៉ា
សូមរំឭកដោយសង្ខេបៗពីស្ថានភាពដែលបានដឹកនាំឲ្យប្រជាជនរបស់អាលម៉ា ជាប់ក្នុងសេវកភាពរបស់ពួកសាសន៍លេមិន ។ អ្នកអាចអញ្ជើញសិស្សឲ្យស្រមៃថា តើប្រជាជនរបស់អាលម៉ាដែលបានរស់នៅដោយសុចរិតនោះ អាចមានអារម្មណ៍យ៉ាងណា ពេលដែលបានបាត់បង់សេរីភាពរបស់ពួកគេក្នុងពេលមួយរំពេច ហើយត្រូវបានបង្ខំឲ្យបម្រើពួកសាសន៍លេមិននោះ ។
សូមអញ្ជើញសិស្សឲ្យរំឭកក្នុង ម៉ូសាយ ២៣:២១–២៤ ដោយរកមើលមូលហេតុណាមួយដែលព្រះអម្ចាស់អាចបានអនុញ្ញាតឲ្យប្រជាជនរបស់អាលម៉ាឆ្លងកាត់ការសាកល្បងនានា ។
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់មានព្រះរាជបំណងបែបណា ដែលបានអនុញ្ញាតឲ្យប្រជាជនរបស់អាលម៉ាឆ្លងកាត់ការសាកល្បងទាំងនេះ ?
-
តើការព្យាយាមស្វែងយល់ពីទស្សនវិស័យដ៏អស់កល្បជានិច្ចរបស់ព្រះអម្ចាស់អំពីការសាកល្បង អាចជួយយើងឲ្យកែតម្រូវរបៀបដែលយើងមើលទៅការសាកល្បងរបស់យើងផ្ទាល់តាមរបៀបណា ? ( អ្នកអាចបង្ហាញវីដេអូ « Examining Questions with an Eternal Perspective » [ ២:៥៦ ] ដែលបង្ហាញពីរបៀបដើម្បីកែតម្រូវសំណួរនានា ដោយប្រើការបង្រៀនទាំងឡាយនៃដំណឹងល្អ ) ។
សូមលើកទឹកចិត្តសិស្សឲ្យរកមើលសេចក្ដីពិតពេញមួយមេរៀននេះ ដែលអាចជួយពួកគេឲ្យទទួលបានទស្សនវិស័យដ៏អស់កល្បអំពីការសាកល្បងរបស់ពួកគេ ។
ប្រជាជនរបស់លិមហៃ
សូមរំឭកសិស្សថា ប្រជាជនរបស់លិមហៃក៏បានជាប់ក្នុងសេវកភាពដែរ ។ សូមសង្ខេបកាលៈទេសៈទាំងឡាយនៅជុំវិញការជាប់ឃុំឃាំងរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យអានត្រួសៗក្នុង ម៉ូសាយ ២១:៦–១២ ដោយរកមើលរបៀបដែលប្រជាជនរបស់លិមហៃបានព្យាយាមគេចចេញពីសេវកភាព ។ សូមពិចារណាសួរសំណួរខាងក្រោមនេះ ៖
-
តើមានរឿងអ្វីបានកើតឡើងដល់ប្រជាជនរបស់លិមហៃ នៅពេលពួកគេបានព្យាយាមរំដោះខ្លួនចេញពីសេវកភាព ?
-
តើយើងអាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះ នៅពេលយើងព្យាយាមយកឈ្នះលើការសាកល្បងរបស់យើង ដោយមិនស្វែងរកជំនួយពីព្រះអម្ចាស់នោះ ? តើមានអ្វីខ្លះដែលអាចរារាំងយើងមិនឲ្យងាកទៅរកព្រះអម្ចាស់នៅក្នុងការសាកល្បងរបស់យើង ?
សូមអញ្ជើញសិស្សឲ្យរំឭក ម៉ូសាយ ២១:១៣–១៦ ឬ សូមឲ្យសិស្សម្នាក់សង្ខេបអ្វីដែលប្រជាជនរបស់លិមហៃបានធ្វើ ក្រោយពីដឹងថា ពួកគេមិនអាចរំដោះខ្លួនគេចេញពីសេវកភាពបាននោះ ។ បន្ទាប់មក សូមអញ្ជើញសិស្សម្នាក់ឲ្យសង្ខេបពីរបៀបដែលប្រជាជនរបស់លិមហៃត្រូវបាន រំដោះនៅទីបញ្ចប់ ។ សូមពិចារណាសួរសំណួរខាងក្រោមនេះមួយ ឬច្រើនដើម្បីជួយសិស្សឲ្យអភិវឌ្ឍទស្សនវិស័យដ៏អស់កល្បអំពីការសាកល្បងផ្ទាល់ខ្លួនរបស់ពួកគេ ៖
-
តើអ្នកបានរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ប្រជាជនលិមហៃ អំពីរបៀបដែលព្រះគាំទ្រ ឬរំដោះអ្នកដែលងាកទៅរកទ្រង់នៅក្នុងការសាកល្បងរបស់ពួកគេ ? ( បន្ថែមពីលើសេចក្ដីពិតដែលសិស្សបានចែករំលែក សូមជួយពួកគេឲ្យរកឃើញគោលការណ៍មួយដែលស្រដៀងគ្នាដូចតទៅនេះ ៖ នៅពេលយើងបន្ទាបខ្លួនយើង ហើយអំពាវនាវរកព្រះ នោះទ្រង់នឹងស្ដាប់ឮការអធិស្ឋានរបស់យើង ហើយរំដោះយើងចេញពីការសាកល្បងរបស់យើងតាមពេលវេលារបស់ទ្រង់ផ្ទាល់ ) ។
-
តើយើងអាចទុកចិត្តលើពេលវេលារបស់ព្រះអម្ចាស់ ជាជាងលើពេលវេលារបស់យើងផ្ទាល់ ពេលយើងប្រឈមមុខនឹងការសាកល្បងដោយរបៀបណា ? ( វាអាចមានប្រយោជន៍ដើម្បីរំឭក សេចក្ដីថ្លែងការណ៍ដោយប្រធាន ដាល្លិន អេក អូក នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។
-
តើអ្នកបានទទួលពរជ័យអ្វីខ្លះ នៅពេលអ្នកបានធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ និងទុកចិត្តលើពេលវេលារបស់ទ្រង់ក្នុងជីវិតរបស់អ្នក ?
អ្នកអាចឲ្យសិស្សមានពេលពីរបីនាទីដើម្បីគិតដល់ការសាកល្បងមួយ ដែលពួកគេកំពុងជួបនាពេលថ្មីៗនេះ ហើយកំណត់ពីរបៀបដែលពួកគេអាចកែតម្រូវការគិតពីការសាកល្បងនោះដោយការមានទស្សនវិស័យដ៏អស់កល្បជានិច្ច ។
ព្រះអម្ចាស់ពង្រឹងប្រជាជនរបស់អាលម៉ា និងរំដោះពួកគេចេញពីសេវកភាព ។
សូមរំឭកសិស្សថា ប្រជាជនរបស់អាលម៉ាក៏បានជាប់ក្នុងសេវកភាពរបស់ពួកសាសន៍លេមិនផងដែរ ។ សូមឲ្យសិស្សមានពេលពីរបីនាទីដើម្បីរំឭកក្នុង ម៉ូសាយ ២៤:១០–១៦ ដោយរកមើលភាពស្រដៀងគ្នា និងភាពខុសគ្នារវាងការសាកល្បងដែលប្រជាជនរបស់អាលម៉ា និងប្រជាជនរបស់លិមហៃបានជួបប្រទះ ។
-
តើអ្នកបានរកឃើញភាពស្រដៀងគ្នាអ្វីខ្លះ ? តើបទពិសោធន៍របស់ប្រជាជនទាំងពីរក្រុមនេះខុសគ្នាយ៉ាងដូចម្ដេច ? ( ចម្លើយអាចរួមមានដូចតទៅនេះ ៖ ប្រជាជនទាំងពីរក្រុមនេះត្រូវបានគាំទ្រដោយព្រះអម្ចាស់ ហើយត្រូវបានរំដោះនៅទីបំផុត; សេវកភាពរបស់ប្រជាជនអាលម៉ាបានកើតមានជាការសាកល្បងដល់សេចក្ដីជំនឿរបស់ពួកគេ ខណៈពួកគេខិតខំធ្វើតាមព្រះអម្ចាស់ ចំណែកឯសេវកភាពរបស់ប្រជាជនលិមហៃបានកើតឡើងដោយសារតែអំពើបាប; ប្រជាជនរបស់អាលម៉ាបានងាកទៅរកព្រះភ្លាម ចំណែកឯប្រជាជនរបស់លិមហៃបានងាកទៅរកទ្រង់ ក្រោយពីការប៉ុនប៉ងរំដោះខ្លួនគេដោយសមត្ថភាពរបស់ពួកគេផ្ទាល់បានបរាជ័យ ) ។
-
តើអ្នកឃើញមានភស្ដុតាងអ្វីខ្លះ អំពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់នៅក្នុងដំណើររឿងទាំងពីរនេះ ?
-
តើយើងអាចរៀនមេរៀនបន្ថែមអ្វីខ្លះ មកពីបទពិសោធន៍របស់ប្រជាជនអាលម៉ា អំពីរបៀបដែលព្រះគាំទ្រ ឬរំដោះអ្នកដែលងាកទៅរកទ្រង់នៅក្នុងការសាកល្បងរបស់ពួកគេ ? ( នៅពេលសិស្សចែកចាយសេចក្ដីពិតដែលពួកគេបានរកឃើញ សូមជួយពួកគេឲ្យស្គាល់គោលការណ៍មួយដែលស្រដៀងគ្នាដូចតទៅនេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿ និងការអត់ធ្មត់ ពេលយើងរងទុក្ខ ហើយអំពាវនាវរកព្រះ នោះទ្រង់អាចពង្រឹងយើងឲ្យមានកម្លាំងរែកបន្ទុករបស់យើងបានកាន់តែប្រសើរ ។ កំណត់ចំណាំ ៖ អាលម៉ាជាកូនបង្រៀនពីគោលការណ៍ស្រដៀងគ្នានេះនៅក្នុង អាលម៉ា ៣៦:៣, ២៧ ) ។
សូមបំបែកសិស្សជាក្រុមដែលមានគ្នាពីរ ឬបីនាក់ ហើយអញ្ជើញពួកគេឲ្យរំឭក សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ដេវីឌ អេ បែដណា នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ សូមដាក់បង្ហាញសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យពិភាក្សាពីសំណួរទាំងនេះនៅក្នុងក្រុមរបស់ពួកគេ ៖
-
តើវាអាចមានប្រយោជន៍យ៉ាងដូចម្ដេចខ្លះ ពេលដឹងថា ព្រះអម្ចាស់មិនដកយកការសាកល្បងរបស់យើងចេញភ្លាមជានិច្ចនោះទេ ?
-
ស្របតាមអែលឌើរបែដណា តើការរក្សាសេចក្ដីសញ្ញារបស់យើងអាចផ្ដល់កម្លាំងបន្ថែមដល់យើងដោយរបៀបណា កាលយើងប្រឈមមុខនឹងការសាកល្បងទាំងឡាយ ?
-
តើព្រះអម្ចាស់បានគាំទ្រ និងផ្ដល់កម្លាំងដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ដោយរបៀបណា កាលអ្នកបានស៊ូទ្រាំនឹងការសាកល្បងមួយ ឬបានរែកបន្ទុកមួយនោះ ? តើមានពរជ័យអ្វីខ្លះដែលបានកើតមាន ដោយសារការមិនត្រូវបានរំដោះពីការសាកល្បងភ្លាមៗនោះ ?
សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ពីការពិភាក្សាជាក្រុមរបស់ពួកគេ ។ សូមទុកពេលពីរបីនាទីឲ្យសិស្សកត់ត្រាចំណាប់អារម្មណ៍ណាមួយដែលពួកគេបានទទួល ទាក់ទងទៅនឹងរបៀបដែលពួកគេអាចបង្កើនការទុកចិត្តរបស់ពួកគេលើព្រះអម្ចាស់ កាលពួកគេប្រឈមមុខនឹងការសាកល្បង ។
សម្រាប់ពេលក្រោយ
សូមសួរសិស្សថា តើពួកគេមានសំណួរណាដែលចង់ឲ្យព្រះអម្ចាស់ឆ្លើយតបដែរឬទេ ។ សូមលើកទឹកចិត្តពួកគេឲ្យសិក្សាព្រះគម្ពីរមរមន និង ឯកសាររៀបចំ ដោយយកចិត្តទុកដាក់សម្រាប់មេរៀនក្រោយ ដើម្បីឃើញថាតើពួកគេអាចរៀនអ្វីខ្លះអំពីការទទួលបានចម្លើយមកពីព្រះអម្ចាស់ ។