« មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការគោរពតាមព្រះបញ្ញតិ្តទាំងឡាយរបស់ព្រះ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់
ការគោរពតាមព្រះបញ្ញតិ្តទាំងឡាយរបស់ព្រះ
នៅក្នុងជំពូកនេះ អ្នកនឹងមានឱកាសពិចារណាពីរបៀបដែលអ្នកអាចបង្កើនការទុកចិត្តរបស់អ្នកលើព្រះបាន ។ ធាតុដ៏សំខាន់មួយក្នុងការទុកចិត្តលើព្រះ គឺការរៀនស្ម័គ្រចិត្តគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ តើអ្នកដាក់ការគោរពតាមព្រះបញ្ញតិ្តទាំងឡាយរបស់ព្រះសំខាន់ប៉ុណ្ណាដែរ ? តើមានបទបញ្ញត្តិមួយ ដែលអ្នកឃើញថាវាពិបាកខ្លាំងដើម្បីកាន់តាមដែរឬទេ ? នៅពេលអ្នកសិក្សាព្រះគម្ពីរមរមនដើម្បីរៀបចំខ្លួនសម្រាប់ថ្នាក់ សូមសញ្ជឹងគិតពីគោលបំណងនៃព្រះបញ្ញតិ្តទាំងឡាយរបស់ព្រះ និងពរជ័យទាំងឡាយដែលអ្នកអាចទទួលបាន នៅពេលអ្នកព្យាយាមធ្វើតាមគំរូអំពីការគោរពប្រតិបត្តិរបស់ព្រះអង្គសង្គ្រោះ ។
ផ្នែកទី ១
តើខ្ញុំអាចរៀនអ្វីខ្លះអំពីការគោរពប្រតិបត្តិមកពីព្រះយេស៊ូវគ្រីស្ទ ?
ចេញពីព្រះគម្ពីរសញ្ញាថ្មី យើងរៀនថា ព្រះយេស៊ូវគ្រីស្ទបានទៅឯ យ៉ូហាន បាទីស្ទ ឲ្យលោកធ្វើពិធីជ្រមុជទឹកឲ្យទ្រង់ ដើម្បីទ្រង់ និងលោកអាច « សម្រេចតាមគ្រប់ទាំងសេចក្តីសុចរិត » ( ម៉ាថាយ ៣:១៣–១៧ ) ។ ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន នីហ្វៃបានពន្យល់ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ ដែលពុំមានអំពើបាបសោះនោះ បានទទួលបុណ្យជ្រមុជទឹក ( សូមមើល នីហ្វៃទី២ ៣១:៦–៧ ) ។
នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃនៅដែនដីបរិបូរណ៍ នោះទ្រង់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះវរបិតាទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កេតឃើញដូច្នេះ ៖
ក្នុងចំណោមសារលិខិតទាំងអស់ដែលអាចចេញមកពីក្រាំងនៃភាពអស់កល្បជានិច្ច តើ [ ព្រះអង្គសង្គ្រោះ ] បាននាំយកសេចក្ដីប្រកាសអ្វីមក ? ពួកសាសន៍នីហ្វៃដ៏ស្មោះត្រង់បានស្ដាប់ កាលទ្រង់បានមានបន្ទូល ៖ « យើងជាពន្លឺ ហើយជាជីវិតនៃពិភពលោក ហើយយើងបានផឹកនូវពែងល្វីង ដែលព្រះវរបិតាបានប្រគល់ដល់យើង ហើយបានតម្កើងព្រះវរបិតាដោយបានទទួលមកដាក់លើខ្លួននូវបាបទាំងឡាយនៃមនុស្សលោក យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ចាប់តាំងពីដើមដំបូងមក » [ នីហ្វៃទី៣ ១១:១១ ] ។ ពាក្យពេចន៍ទាំងប៉ុន្មាន ។ វាជាសារដ៏សំខាន់នៃបេសកកម្មលើផែនដីរបស់ទ្រង់ ។ ការគោរពប្រតិបត្តិតាម និងការស្មោះត្រង់ចំពោះព្រះទ័យនៃព្រះវរបិតា មិនថាពែងនោះលី្វង ឬឈឺចាប់យ៉ាងណានោះទេ ។( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥១ )
នៅជិតចុងបញ្ចប់នៃការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រះអម្ចាស់បានប្រកាសថា « យើងបានមកឯលោកិយនេះ ដើម្បីធ្វើតាមព្រះហឫទ័យនៃព្រះវរបិតារបស់យើង ពីព្រោះព្រះវរបិតារបស់យើងទ្រង់បានចាត់ឲ្យយើងមក » ( នីហ្វៃទី៣ ២៧:១៣ ) ។
ផ្នែកទី ២
តើខ្ញុំអាចមានពរជ័យដោយសារការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះតាមរបៀបណា ?
មិនយូរប៉ុន្មានបន្ទាប់ពីលីហៃ និងក្រុមគ្រួសាររបស់លោកបានចាកចេញពីទីក្រុងយេរូសាឡិមចូលទៅទីរហោស្ថាន នោះលេមិន និងលេមយួលបានចាប់ផ្ដើមរអ៊ូរទាំប្រឆាំងនឹងឪពុករបស់ពួកគេ ។ ដោយកើតទុក្ខមកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ នោះនីហ្វៃបានអធិស្ឋានសម្រាប់បងប្រុសរបស់លោក ។ ជាការឆ្លើយតបចំពោះការអង្វរកររបស់លោក ព្រះអម្ចាស់បានបង្រៀននីហ្វៃពីសេចក្ដីពិតដ៏សំខាន់មួយអំពីការគោរពប្រតិបត្តិ ។ ( សូមមើល នីហ្វៃទី១ ២:១១–១២, ១៨–២១ ) ។
ដោយថ្លែងពីសេចក្ដីសន្យានៅក្នុងព្រះគម្ពីរនេះ ប៊ីស្សព ហ្គែរ៉ល កូសសែ ដែលជាប៊ីស្សពអធិបតី បានបង្រៀនថា
សេចក្ដីសន្យានេះគឺសំខាន់ខ្លាំងណាស់ចំពោះដំណើររឿង និងការបង្រៀននៃព្រះគម្ពីរមរមន ។ វាប្រាកដឡើងនៅក្នុងខគម្ពីរ ១៨ ខុសគ្នា និងក្នុងគម្ពីរចំនួនប្រាំពីរក្នុងចំណោមគម្ពីរ ១៥ ។ ទោះបីជាពរជ័យនៃការរីកចម្រើនដែលបានលើកឡើងនៅក្នុងបទគម្ពីរទាំងនេះ គឺភាគច្រើនកើតពីនិស្ស័យខាងវិញ្ញាណមែន ក៏វារួមមាននូវលទ្ធភាពឲ្យប្រជាជនរបស់ព្រះរីករាយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច ហើយមានភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាមផងដែរ ។( « The Spiritual Foundations of Church Financial Self-Reliance » Ensign ខែ កក្កដា ឆ្នាំ ២០១៨ ទំព័រ ៤៦ )
នៅពេលស្ដេចបេនយ៉ាមីនជិតចូលទិវង្គត ទ្រង់បានប្រមូលប្រជាជនរបស់ទ្រង់មកជុំគ្នា ដើម្បីធ្វើទេសនកថាចុងក្រោយមួយ ។ នៅក្នុងផ្នែកមួយនៃទេសនកថារបស់ទ្រង់ ទ្រង់បានបង្រៀនថា យើងទាំងអស់គឺជា « អ្នកបម្រើដ៏ឥតប្រយោជន៍ » ហើយនឹងជាប់ជំពាក់គុណដល់ព្រះជានិច្ច ( ម៉ូសាយ ២:២០–២១ ) ។ នៅក្នុងបរិបទនៃការជាប់ជំពាក់គុណរបស់យើង ស្ដេចបេនយ៉ាមីនបានបង្រៀនពីមូលហេតុដែលព្រះតម្រូវឲ្យយើងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ដោយបញ្ចេញយោបល់ពីគោលបំណងនៃព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ នោះប្រធាន ជីន ប៊ី ប៊ីងហាំ ដែលជាប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖
ហេតុអ្វីព្រះប្រទានព្រះបញ្ញត្តិដល់យើង ? តើវាដើម្បីបំបិទសិទ្ធិយើង ហើយក្រាបលូនទៅរកទ្រង់ឬ ? តើវាដើម្បីដកយកឱកាសសប្បាយនានាក្នុងពិភពលោកនេះឬ ? មិនមែនទេ ចម្លើយផ្ទុយពីនេះគឺពិត ៖ ព្រះបានប្រទានព្រះបញ្ញត្តិដល់យើង ដោយសារទ្រង់ស្រឡាញ់យើង ។ ទ្រង់ចង់ការពារយើងពីការឈឺចិត្ត ទុក្ខវេទនា និងការស្ដាយក្រោយ ។ ទ្រង់ញាណដឹងថា របៀបតែមួយគត់ដើម្បីមានភាពរីករាយយ៉ាងពិតប្រាកដនៅក្នុងជីវិតនេះ និងទទួលបានអំណរដ៏គ្មានព្រំដែននៅក្នុងបរលោកនាយ គឺតាមរយៈការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ស្ដីពីការគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះ ។( « Obedience Brings Blessings » [ សុន្ទរកថានៅឯ Brigham Young University–Hawaii commencement នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ speeches.byuh.edu )
ផ្នែកទី ៣
តើខ្ញុំអាចរៀនអ្វីខ្លះអំពីការគោរពប្រតិបត្តិមកពីកងពលកំលោះ ?
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ការគោរពតាមព្រះបញ្ញត្តិរបស់ព្រះដោយស្មោះត្រង់ គឺជារឿងសំខាន់បំផុតដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ » ។ បន្ទាប់មក លោកបានចង្អុលបង្ហាញទៅកងពលកំលោះទុកជាគំរូនៃការគោរពប្រតិបត្តិ ហើយបានពោលថាយើង « គួរតែខិតខំដើម្បីក្លាយដូចជា [ ពួកគេ ] » ( « Receive the Holy Ghost » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៦, ៩៧ ) ។
កងពលកំលោះទាំងនេះគឺជាកូនៗរបស់ពួកសាសន៍លេមិន ដែលបានប្រែចិត្តជឿលើព្រះអម្ចាស់ ក្រោយពីពួកគេត្រូវបានបង្រៀនដោយពួកបុត្រារបស់ស្ដេចម៉ូសាយ ។ ពួកសាសន៍លេមិនទាំងនេះត្រូវបានហៅថា ប្រជាជនអាំម៉ូន ឬ អាន់តៃ-នីហ្វៃ-លីហៃ ។ ក្រោយពីការប្រែចិត្តជឿរបស់ពួកគេ ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានសន្យាថា ពួកគេនឹងមិនប្រើគ្រឿងសស្រា្ដវុធពិជ័យសង្គ្រោះរបស់ពួកគេម្ដងទៀតឡើយ ។ ( សូមមើល អាលម៉ា ២៣:៤–៧, ១៦–១៧ ) ។ ក្រោយមក ពួកកូនប្រុសរបស់ពួកគេដែលមិនបានធ្វើសេចក្ដីសញ្ញានេះ បានជ្រើសរើសដើម្បីចូលរួមនឹងកងទ័ពសាសន៍នីហ្វៃ ដើម្បីការពារប្រទេសរបស់ពួកគេ ។ កងពលកំលោះដ៏វ័យក្មេងទាំងនេះបានមានបំណងឲ្យហេលេមិនធ្វើជាមេដឹកនាំរបស់ពួកគេ ។ ពួកគេបានប្រយុទ្ធក្នុងចម្បាំងជាច្រើនប្រឆាំងនឹងពួកសាសន៍លេមិន ។ ខណៈពួកគេបានរងរបួសជាច្រើន ប៉ុន្ដែដោយអព្ភូតហេតុពុំមានពួកគេណាម្នាក់បានស្លាប់នៅក្នុងចម្បាំងឡើយ ។ ( សូមមើល អាលម៉ា ៥៣:១០–១៩; ៥៧:២២–២៥; ៥៨:៣៩ ) ។
ដោយថ្លែងទៅកាន់ឪពុកម្ដាយ អំពីការបង្រៀនពីសារៈសំខាន់នៃការគោរពប្រតិបត្តិទៅដល់កូនៗរបស់ពួកគេ នោះប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ការប្រឹក្សាដូចខាងក្រោមនេះ ៖
សូមបង្រៀនអំពីសេចក្ដីជំនឿដើម្បីកាន់តាមព្រះបញ្ញតិ្ត ទាំងអស់ របស់ព្រះ ដោយដឹងថា វាត្រូវបានប្រទានមកដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ទ្រង់ ហើយនាំឲ្យពួកគេមានអំណរ [ សូមមើល នីហ្វៃទី២ ២:២៥ ] ។ សូមព្រមានពួកគេថា ពួកគេនឹងជួបមនុស្សដែលរើសថាបទបញ្ញត្តិមួយណាដែលពួកគេនឹងរក្សា ហើយមិនអើពើនឹងបទបញ្ញត្តិផ្សេងទៀត ដែលពួកគេជ្រើសរើសមិនគោរពតាម ។ ខ្ញុំហៅការណ៍នេះថា ការគោរពបញ្ញត្តិដូចជាការហូបអាហារប៊ូហ្វេ ។ ការអនុវត្តនៃការរើសមួយទុកមួយនេះនឹងគ្មានបានការទេ ។ វានឹងនាំទៅរកសេចក្ដីវេទនា ។ ដើម្បីរៀបចំខ្លួនទៅជួបនឹងព្រះ បុគ្គលម្នាក់ត្រូវកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ទាំងអស់ ។ វាត្រូវការសេចក្ដីជំនឿដើម្បីគោរពតាមព្រះបញ្ញត្តិទាំងឡាយ ហើយការកាន់តាមព្រះបញ្ញត្តិទាំងឡាយនឹងពង្រឹងដល់សេចក្ដីជំនឿនោះ ។( « Face the Future with Faith » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៤ )
ពេលខ្លះ យើងអាចមានអារម្មណ៍ថាសន្ធប់ ពេលយើងខិតខំកាន់តាមព្រះបញ្ញត្តិទាំងអស់របស់ព្រះដោយឥតល្អៀង ។ ដើម្បីជួយយើងឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចបង្កើនសមត្ថភាពរបស់យើងដើម្បីគោរពប្រតិបត្តិតាម អែលឌើរ បែដណា បានបង្រៀនថា
បងប្អូនប្រុសស្រី វាពិតជាសំខាន់ខ្លាំងណាស់ដើម្បីឲ្យយើងទាំងអស់គ្នាចងចាំថា ការរីកចម្រើនទៅកាន់កម្រិតមួយដែលខ្ពស់ជាង និងពោរពេញខាងវិញ្ញាណជាង មិនមែនគ្រាន់តែជាបញ្ហាស្ដីពីការតាំងចិត្តផ្ទាល់ខ្លួនខ្លាំងជាងមុន ចិត្តរឹងដូចថ្ម និងថាមពលខ្លាំងជាងមុននោះទេ ប៉ុន្ដែវាអាចសម្រេចបានតាមរយៈព្រះចេស្ដានៃដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចធ្វើឲ្យវាកើតឡើងបាន ។ ( « In a State of Happiness (Mormon 7:7) » [ ការប្រជុំធម្មនិដ្ឋាននៅ Brigham Young University–Idaho នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០០៤ ] នៅលើគេហទំព័រ byui.edu )