« មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ការក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ
សូមពិចារណាថាមានមនុស្សចំនួនប៉ុន្មាននាក់ដែលអ្នកឃើញរាល់ថ្ងៃ ដែលមិនរីករាយនឹងពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនាបច្ចុប្បន្ននេះ ។ តើជីវិតរបស់ពួកគេអាចផ្លាស់ប្ដូរយ៉ាងដូចម្ដេចទៅ ប្រសិនបើពួកគេបានរៀនបន្ថែមទៀតអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សុភមង្គលរបស់ពួកគេនោះ ? នៅពេលអ្នកសិក្សាពីគំរូរបស់អ្នកផ្សព្វផ្សាយសាសនានៅក្នុងព្រះគម្ពីរមរមន សូមអធិស្ឋានគិតដល់នរណាម្នាក់ ដែលអ្នកអាចចែកចាយដំណឹងល្អជាមួយបាន ។ សូមចាំថា នៅពេលអ្នកចែកចាយដំណឹងល្អជាមួយមនុស្សដទៃ នោះអ្នកកំពុងតែចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលហើយ ។
ផ្នែកទី ១
តើការពង្រឹងការប្រែចិត្តជឿរបស់ខ្ញុំ អាចបង្កើនបំណងប្រាថ្នារបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អតាមរបៀបណា ?
បុត្រាទាំងបួនអង្គរបស់ស្ដេចម៉ូសាយ ( អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ) បាននៅជាមួយនឹងអាលម៉ាជាកូន នៅពេលទេវតាមួយអង្គបានបង្ហាញព្រះកាយ ហើយបានហៅលោកឲ្យប្រែចិត្ត ។ យុវជនទាំងប្រាំនាក់បានមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះសកម្មភាពរបស់ពួកគេ បានប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយបានប្រែចិត្តជឿលើព្រះអម្ចាស់ ។ ក្រោយពីការប្រែចិត្តជឿរបស់ពួកគេ នោះពួកគេ « បានទៅជាគ្រឿងឧបករណ៍ទាំងឡាយនៅក្នុងព្រះហស្តនៃព្រះក្នុងការនាំមនុស្សជាច្រើនឲ្យស្គាល់សេចក្ដីពិត មែនហើយ ឲ្យស្គាល់ព្រះដ៏ប្រោសលោះរបស់គេ » ( ម៉ូសាយ ២៧:៣៦ ) ។
បន្ទាប់ពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាអស់ជាច្រើនឆ្នាំនៅក្នុងចំណោមពួកសាសន៍លេមិន នោះអាំម៉ូនបានថ្លែងដូចតទៅនេះទៅកាន់បងប្អូនប្រុសរបស់លោក ៖ « នេះហើយគឺជាព្រះពរ ដែលបានប្រទានដល់យើង ដែលថាយើងបានធ្វើជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្តនៃព្រះ ដើម្បីនាំមកនូវកិច្ចការដ៏មហិមា » នៃសេចក្ដីសង្គ្រោះនេះ ( អាលម៉ា ២៦:៣ ) ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀនដូចខាងក្រោមនេះ អំពីរបៀបដែលការប្រែចិត្តជឿរបស់យើងមានឥទ្ធិពលលើបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អ ៖
ការចែកចាយដំណឹងល្អពុំមែនជាបន្ទុកឡើយ ប៉ុន្តែជាអំណរវិញ ។ អ្វីដែលយើងហៅថា « កិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក » នោះគឺពុំមែនជាកម្មវិធីឡើយ ប៉ុន្តែវាជាឥរិយាបថនៃសេចក្តីស្រឡាញ់ និងឈោងទៅជួយអ្នកនៅជុំវិញយើងទៅវិញទេ ។ វាក៏ជាឱកាសមួយដើម្បីធ្វើទីបន្ទាល់ អំពីរបៀបដែលយើងទទួលអារម្មណ៍អំពីដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះអង្គសង្គ្រោះយើងផងដែរ ។ ដូចអែលឌើរ បាឡឺដ បានបង្រៀនថា « ភស្តុតាងដ៏សំខាន់បំផុតនៃការប្រែចិត្តជឿរបស់យើង និងរបៀបដែលយើងទទួលអារម្មណ៍អំពីដំណឹងល្អនៅក្នុងជីវិតយើងផ្ទាល់ គឺជាឆន្ទៈរបស់យើងដើម្បីចែកចាយវាជាមួយអ្នកដទៃ » [ អិម រ័សុល បាឡឺដ « Now Is the Time » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៨៩ ] ។ ( «Sharing the Restored Gospel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦០ )
ផ្នែកទី ២
តើខ្ញុំអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះឲ្យកាន់តែមានប្រសិទ្ធភាពដោយរបៀបណា ?
ពួកបុត្រារបស់ម៉ូសាយ និងអស់អ្នកដែលបានទៅជាមួយពួកទ្រង់បានប្រឈមនឹង « ប្រជាជនមួយដែលព្រៃផ្សៃ រឹងរូស និងសាហាវ » នៅពេលពួកគេបានទៅបង្រៀនពួកសាសន៍លេមិន ( អាលម៉ា ១៧:៨, ១៤ ) ។ នៅពេលពួកគេបានធ្វើការនៅក្នុងចំណោមសាសន៍លេមិន ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះ « បានរងទុក្ខជាច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចជាការអត់ឃ្លាន ការស្រេក និងការនឿយហត់ ព្រមទាំងការនឿយហត់ខាងផ្លូវវិញ្ញាណផង » ( អាលម៉ា ១៧:៥ ) ។
ផ្នែកទី ៣
តើព្រះវិញ្ញាណអាចជួយខ្ញុំឲ្យបម្រើមនុស្សដទៃ និងចែកចាយដំណឹងល្អកាន់តែប្រសើរឡើងតាមរបៀបណា ?
ពួកបុត្រារបស់ម៉ូសាយបានក្លាយទៅជាគ្រឿងឧបករណ៍ទាំងឡាយនៅក្នុងព្រះហស្តនៃព្រះ ក្នុងការជួយនាំពួកសាសន៍លេមិនជាច្រើនឲ្យស្គាល់ព្រះអង្គសង្គ្រោះ ។ អាំម៉ូនបានធ្វើដំណើរតែឯងទៅកាន់ដែនដីអ៊ីសម៉ាអែល ហើយលោកត្រូវបានគេចង ហើយនាំយកទៅគាលស្ដេចឡាម៉ូណៃ ។ ស្ដេចបានសួរអាំម៉ូនអំពីគោលបំណងរបស់លោក ហើយអាំម៉ូនបានទូលថា លោកចង់រស់នៅក្នុងចំណោមពួកសាសន៍លេមិន ប្រហែលអស់មួយជីវិតរបស់លោក ។ ការណ៍នេះបានធ្វើឲ្យស្ដេចសព្វព្រះទ័យ ហើយអាំម៉ូនបានក្លាយជាអ្នកបម្រើម្នាក់របស់ទ្រង់ ។ ( សូមមើល អាលម៉ា ១៧:១៩–២៥ ) ។
អាំម៉ូនត្រូវបានបញ្ជូនឲ្យទៅមើលហ្វូងចៀមរបស់ស្ដេច ។ នៅពេលពួកចោរបានព្យាយាមដេញបង្អើលចៀម នោះអាំម៉ូនបានបង្អាក់កិច្ចការរបស់ចោរដោយប្រើខ្សែដង្ហក់ និងដាវរបស់លោក ។ ពួកចោរបានភាំងនឹងកម្លាំងរបស់អាំម៉ូន ហើយបានរត់គេចខ្លួន ។ ( សូមមើល អាលម៉ា ១៧:២៥, ៣៣–៣៨ ) ។
នៅពេលស្ដេចឡាម៉ូណៃបានជ្រាបពីជោគជ័យរបស់អាំម៉ូនក្នុងការការពារហ្វូងចៀមរបស់ទ្រង់ នោះទ្រង់មានសេចក្ដីអស្ចារ្យ និងងឿងឆ្ងល់ថា តើអាំម៉ូនជា « ព្រះវិញ្ញាណដ៏មហិមា ដែលដាក់ទោសដ៏ធំមកលើប្រជាជននេះ » ឬយ៉ាងណា ( អាលម៉ា ១៨:២ ) ។ « អាំម៉ូនបានពោរពេញទៅដោយព្រះវិញ្ញាណនៃព្រះ » ( ខទី ១៦ ) អាចដឹងពីព្រះទ័យរបស់ស្ដេច ថ្លែងពីក្ដីកង្វល់របស់ទ្រង់ ហើយចាប់ផ្ដើមបង្រៀនទ្រង់អំពី ដំណឹងល្អ ( សូមមើល អាលម៉ា ១៨:១៥–២៤ ) ។
ស្ដេចឡាម៉ូណៃបានជឿពាក្យពេចន៍របស់អាំម៉ូន ហើយបានប្រែចិត្តជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ អាំម៉ូនក៏អាចបង្រៀនមហេសីរបស់ឡាម៉ូណៃ និងអ្នកបម្រើរបស់ស្ដេចផងដែរ ។ ពួកគេជាច្រើននាក់បានជឿលើការបង្រៀនរបស់អាំម៉ូន ហើយបានថ្លែងទីបន្ទាល់ថា « ចិត្តគេបានផ្លាស់ប្ដូរ » ( អាលម៉ា ១៩:៣៣ ) ។ ដោយសារអាំម៉ូនបានក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ នោះ « កិច្ចការនៃព្រះអម្ចាស់បានចាប់ផ្ដើមឡើងនៅក្នុងចំណោមពួកសាសន៍លេមិន [ នៅក្នុងផ្នែកនោះ ] » ( អាលម៉ា ១៩:៣៦ ) ។
ខណៈបទពិសោធន៍របស់យើងមិនអាចអស្ចារ្យខ្លាំងដូចជាបទពិសោធន៍របស់អាំម៉ូន ក៏យើងអាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់មនុស្សដទៃបានដែរ នៅពេលយើងរៀបចំខ្លួនយើងដើម្បីក្លាយជាឧបករណ៍ទាំងឡាយនៅក្នុងព្រះហស្ដនៃព្រះ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលយើងអាចចែកចាយដំណឹងល្អដល់អ្នកដទៃ ៖
មិនថាបងប្អូននៅកន្លែងណាលើផែនដីនេះទេ មានឱកាសច្រើនរាប់មិនអស់ដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដែលបងប្អូនជួប សិក្សាជាមួយ រស់នៅ ឬធ្វើការជាមួយ និងប្រាស្រ័យទាក់ទងជាមួយ ។ …
តាមវិធីណាក៏ដោយដែលវាងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សម្នាអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។ …
មិនអធិស្ឋានសម្រាប់តែពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីស្វែងរកមនុស្សជម្រើសប៉ុណ្ណោះនោះទេ ។ សូមអធិស្ឋានជាប្រចាំថ្ងៃដោយអស់ពីដួងចិត្តបងប្អូន ដើម្បីបងប្អូននឹងរកឃើញអ្នកទាំងឡាយដែលនឹង មកហើយមើល មកហើយជួយ និង មកហើយនៅ ។ ( «Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥, ១៧ )