« មេរៀនទី ១១ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១១ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១១ ឯកសាររៀបចំសម្រាប់ថ្នាក់
ឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ចំពោះសមាជិកសាសនាចក្រម្នាក់ៗ ខ្ញុំសូមប្រាប់ថា សូមបន្ដដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញានោះ នឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង » ( « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៤ ) ។ នៅពេលអ្នកបន្ដការសិក្សារបស់អ្នកអំពីគោលលទ្ធិនៃព្រះគ្រីស្ទ សូមពិចារណាពីរបៀបដែលការចុះ និងការរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ការទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ជួយអ្នកឲ្យកាន់តែក្លាយដូចជាព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ។
ផ្នែកទី ១
តើសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំអាចផ្ដល់ពរជ័យដល់ខ្ញុំ និងអស់អ្នកដែលខ្ញុំទាក់ទងជាមួយដោយរបៀបណា ?
ព្រះអម្ចាស់បានបញ្ជូនព្យាការីអ័ប៊ីណាដៃឲ្យទៅជួបនឹងស្ដេចណូអេ និងប្រជាជនរបស់ទ្រង់ ដើម្បីព្រមានពួកគេថា ប្រសិនបើពួកគេមិនប្រែចិត្តទេនោះ ពួកគេនឹងត្រូវដាក់នៅក្នុងសេវកភាព ។ ស្ដេចណូអេបានបដិសេធសារលិខិតរបស់អ័ប៊ីណាដៃ ហើយបានឲ្យគេសម្លាប់លោក ។ អាលម៉ា ដែលជាសង្ឃម្នាក់របស់ណូអេ បានកត់ត្រាទុក រួចហើយបានលួចបង្រៀនពាក្យសម្ដីរបស់អ័ប៊ីណាដៃដល់ប្រជាជន ។ កាលក្រុមអ្នកជឿរបស់អាលម៉ាបានកើនឡើង នោះពួកគេបានប្រជុំគ្នានៅឯទឹកមរមន ហើយបានចូលទៅក្នុងសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
ដោយថ្លែងអំពីការសន្យារបស់យើងដើម្បីទួញយំជាមួយ និងលួងលោមមនុស្សដទៃ នោះអែលឌើរ ឌែល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
នៅក្នុងសាសនាចក្រ ដើម្បីបម្រើមនុស្សដទៃឲ្យមានប្រសិទ្ធភាព យើងត្រូវមើលពួកគេតាមរយៈកែវភ្នែករបស់ឪពុក ឬម្ដាយម្នាក់ គឺតាមរយៈព្រះនេត្ររបស់ព្រះវរបិតាសួគ៌ ។ នៅពេលនោះហើយទើបយើងអាចចាប់ផ្ដើមយល់ពីតម្លៃដ៏ពិតនៃព្រលឹងមួយ ។ នៅពេលនោះហើយទើបយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ ដែលព្រះវរបិតាសួគ៌មានចំពោះកូនចៅរបស់ទ្រង់ទាំងអស់ ។ នៅពេលនោះហើយទើបយើងទទួលអារម្មណ៍ពីការព្រួយព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។ យើងមិនអាចបំពេញកាតព្វកិច្ចនៃសេចក្ដីសញ្ញារបស់យើងទាំងស្រុង ដើម្បីទួញយំនឹងអ្នកណាដែលទួញយំ កម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក្ខបានឡើយ ទាល់តែយើងមើលឃើញពួកគេតាមរយៈព្រះនេត្ររបស់ព្រះសិន ។ [ សូមមើល ម៉ូសាយ ១៨:៨–១០ ] ។ ការពង្រីកទស្សនវិស័យនេះនឹងបើកដួងចិត្តយើងចំពោះការខកចិត្ត ការភ័យខ្លាច និងការខូចចិត្តរបស់មនុស្សដទៃទៀត ។( « Through God’s Eyes » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥)
ផ្នែកទី ២
តើអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំដោយរបៀបណា ?
នៅក្នុងការសរសេររបស់លោកអំពីគោលលទ្ធិនៃព្រះគ្រីស្ទ នីហ្វៃបានបង្រៀនថា អស់អ្នកដែលធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ និងបានជ្រមុជទឹក នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធមកពីព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី២ ៣១:១២ ) ។
ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងដូច្នេះអំពីការនិយាយដោយភាសានៃពួកទេវតា ៖
នីហ្វៃបានពន្យល់ថា ទេវតាមានបន្ទូលដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយបងប្អូនអាចនិយាយដោយភាសានៃពួកទេវតាបាន ដែលមានន័យសាមញ្ញថា បងប្អូនអាចនិយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ វានឹងស្ងៀមស្ងាត់ ។ … ប៉ុន្ដែព្រះចេស្ដានឹងមាននៅទីនោះ ។( « The Gift of the Holy Ghost: What Every Member Should Know » Ensign ខែ សីហា ឆ្នាំ ២០០៦ ទំព័រ ៤៩–៥០ )
ហើយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់អំពីបុណ្យជ្រមុជដោយភ្លើង ។
សូមធ្វើសកម្មភាពខាងក្រោមនេះមួយ ឬទាំងពីរ ៖
-
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖
ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គញែកឲ្យបរិសុទ្ធដែលសម្អាត និងដុតបញ្ឆេះស្នឹម ព្រមទាំងសេចក្ដីអាក្រក់ចេញពីព្រលឹងមនុស្សដូចជាដោយភ្លើងដែរ ។ [ សូមមើល នីហ្វៃទី៣ ២៧:១៩–២១ ] ។ …
ក្នុងនាមជាសមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ យើងត្រូវបានប្រទានពរទាំងដោយ ការសម្អាតពីអំពើបាបរបស់យើងពីដំបូង ទាក់ទងនឹងពិធីបុណ្យជ្រមុជទឹក និងដោយសក្តានុពលនៃ ការសម្អាតពីអំពើបាបជាបន្ដបន្ទាប់ ដែលកើតមានតាមរយៈភាពជាដៃគូ និងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ …
… ប៉ុន្តែ នៅពេលយើងរៀបចំខ្លួនដោយយកចិត្តទុកដាក់ និងចូលរួមនៅក្នុង [ ពិធីសាក្រាម៉ង់ ] ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប នោះការសន្យានឹងមានចំពោះយើងថា យើងអាចមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយយើង ជានិច្ច ។ ហើយតាមរយៈអំណាចញែកចេញជាបរិសុទ្ធរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង នោះយើងអាចទទួលការផ្ដាច់បាបរបស់យើង ជានិច្ច ។ ( «Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩, ៦១–៦២ )
ផ្នែកទី ៣
តើខ្ញុំអាចរកឃើញក្តីសង្ឃឹម និងអំណរដ៏ធំអស្ចារ្យ ពេលខ្ញុំខិតខំស៊ូទ្រាំដល់ទីបញ្ចប់ដោយរបៀបណា ?
ទន្ទឹមនឹងសេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នីហ្វៃបានបង្រៀនថា ការស៊ូទ្រាំដល់ទីបញ្ចប់គឺជាគោលការណ៍ដ៏សំខាន់មួយនៅក្នុងគោលលទ្ធិនៃព្រះគ្រីស្ទ ។
សូមមើល ឬអានសារលិខិតខាងក្រោមនេះពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយពិចារណាពីរបៀបដែលអ្នកអាចស៊ូទ្រាំដល់ទីបញ្ចប់ដោយអំណរដ៏ធំអស្ចារ្យ ។
សូមអានសារលិខិតខាងក្រោមនេះពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយពិចារណាពីរបៀបដែលអ្នកអាចស៊ូទ្រាំដល់ទីបញ្ចប់ដោយអំណរដ៏ធំអស្ចារ្យ ។
ការស៊ូទ្រាំដល់ទីបញ្ចប់ ឬការបន្ដនៅស្មោះត្រង់តាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់បងប្អូន គឺជាកិច្ចតម្រូវជាមូលដ្ឋានគ្រឹះមួយសម្រាប់សេចក្ដីសង្គ្រោះនៅក្នុងនគររបស់ព្រះ ។ ជំនឿនេះបែងចែកពួកបរិសុទ្ធថ្ងៃចុងក្រោយពីនិកាយគ្រីស្ទានផ្សេងទៀតជាច្រើន ដែលបង្រៀនថា សេចក្ដីសង្គ្រោះត្រូវបានផ្ដល់ដល់មនុស្សទាំងអស់ដែលគ្រាន់តែជឿ ហើយទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ព្រះអម្ចាស់បានប្រកាសយ៉ាងច្បាស់ថា « បើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះអ្នកនឹងបានជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គ.&ស ១៤:៧ ) ។
ហេតុដូច្នេះហើយ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតពុំមែនគ្រាន់តែជាបញ្ហាមួយនៃកាលៈទេសៈលំបាកនៃជីវិតអត់ធ្មត់ ឬ « ការតស៊ូ » នោះទេ ។ សាសនារបស់យើងគឺជាសាសនាដ៏សកម្មមួយ ដែលជួយបុត្រាបុត្រីរបស់ព្រះនៅតាមផ្លូវតូច ហើយចង្អៀតឲ្យអភិវឌ្ឍសក្ដានុពលពេញលេញរបស់ពួកគេនៅក្នុងជីវិតនេះ ហើយត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃណាមួយ ។
ដោយមើលចេញពីទស្សនវិស័យនេះ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺមានភាពតម្កើងឡើង ហើយរុងរឿង ពុំមែនគួរឲ្យខ្លាច ហើយអាប់អួរនោះទេ ។ នេះគឺជាសាសនាមួយដ៏រីករាយ មានសង្ឃឹម កម្លាំង និងការជួយសង្គ្រោះ ។( « Have We Not Reason to Rejoice? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២០ )