« មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការរស់នៅដោយសុចរិតនៅក្នុងគ្រានៃភាពទុច្ចរិត » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់
ការរស់នៅដោយសុចរិតនៅក្នុងគ្រានៃភាពទុច្ចរិត
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ព្រះគម្ពីរមរមន « ពង្រឹងដល់អ្នកដើរតាមដ៏រាបសារបស់ព្រះគ្រីស្ទ ឲ្យប្រឆាំងនឹងការរៀបចំដ៏អាក្រក់ យុទ្ធសាស្ដ្រ និងគោលលទ្ធិរបស់អារក្សនៅជំនាន់របស់យើង » ( « The Book of Mormon Is the Word of God » Ensign ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៣ ) ។ នៅក្នុងជំពូកនេះ អ្នកនឹងមានឱកាសសិក្សាពីរបៀបដែលព្រះគម្ពីរមរមនប្រាប់ពីគ្រោះថ្នាក់ទាំងនេះ ដើម្បីអាចការពារខ្លួនអ្នកបានកាន់តែប្រសើរឡើង ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលគោលការណ៍ ដែលអាចជួយអ្នកឲ្យរស់នៅដោយសុចរិតនៅក្នុងគ្រានៃភាពទុច្ចរិត ។
ផ្នែកទី ១
តើខ្ញុំអាចបន្ដនៅស្មោះត្រង់ចំពោះព្រះអម្ចាស់ដោយរបៀបណា នៅពេលខ្ញុំប្រឈមមុខនឹងការបៀតបៀនដោយសារតែការរស់នៅតាមដំណឹងល្អនោះ ?
នៅពេលហេលេមិន ដែលជាកូនប្រុសរបស់ហេលេមិន បានកាន់បំពេញវេទិកាជំនុំជម្រះ នោះពួកសាសន៍នីហ្វៃបានមានសេចក្ដីសុខសាន្ដក្នុងពេលមួយរយៈ ហើយប្រជាជនរាប់ពាន់នាក់បានចូលរួមក្នុងសាសនាចក្រ ។ ទោះបីជាសាសនាចក្របានរីកចម្រើនឡើងក្ដី ក៏សមាជិកមួយចំនួនទៅជាមានសេចក្ដីឆ្មើងឆ្មៃ ហើយចាប់ផ្ដើមបៀតបៀនអ្នកដើរតាមដ៏រាបសារបស់ព្រះយេស៊ូវគ្រីស្ទដែរ ។ ( សូមមើល ហេលេមិន ៣:២០–៣៤ ) ។
ផ្នែកទី ២
តើខ្ញុំអាចធ្វើជាមនុស្សសុចរិត នៅពេលខ្ញុំត្រូវបានហ៊ុមព័ទ្ធដោយភាពទុច្ចរិតដោយរបៀបណា ?
ព្យាការីមរមន និងកូនប្រុសរបស់លោក មរ៉ូណៃ បានតស៊ូនឹងគ្រាដែលភាពទុច្ចរិតបានរាលដាល ។ ដោយសារតែអំពើបាប និងការឥតមានជំនឿ នោះអព្ភូតហេតុលែងកើតមាន ហើយព្រះវិញ្ញាណបរិសុទ្ធក៏លែងគង់នៅជាមួយនឹងប្រជាជនផងដែរ ។ អំណាចរបស់សាតាំងបានមានជ័យជំនះនៅទូទាំងដែនដី ។ ( សូមមើល មរមន ១:១៣–១៩ ) ។ នៅក្នុងសំបុត្រមួយច្បាប់ទៅកាន់កូនប្រុសរបស់លោក មរ៉ូណៃ នោះមរមនបានពិពណ៌នាពីស្ថានភាពរបស់ប្រជាជន ហើយបានសរុបថា ពួកគេលែងមានសីលធម៌យ៉ាងខ្លាំង រហូតដល់ពួកគេ « គ្មានអារ្យធម៌បន្តិចសោះ » ( មរ៉ូណៃ ៩:១១ ) ។ អំពើហិង្សា សង្គ្រាម និងការសម្លាប់រង្គាលបានបោសសម្អាតដែនដី កាលពួកសាសន៍លេមិន និងពួកសាសន៍នីហ្វៃបានបន្ដប្រយុទ្ធគ្នា ។ នៅទីបញ្ចប់ ពួកសាសន៍លេមិនបានទទួលជ័យជំនះ ហើយមរមន និងមរ៉ូណៃបានធ្វើជាសាក្សីដល់ការបំផ្លិចបំផ្លាញពួកសាសន៍នីហ្វៃទាំងស្រុង ( សូមមើល មរមន ២–៦; ៨:១–៣, ៧ ) ។
ដោយថ្លែងពីអំណាចនៃការផ្ដោតលើព្រះអង្គសង្គ្រោះនៅក្នុងពិភពលោកដ៏មានបាបមួយ នោះប្រធាន ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅបានបង្រៀនថា
ប្រសិនបើកម្លាំងទាញខាងលោកិយ មានកម្លាំងខ្លាំងជាងសេចក្ដីជំនឿ និងការទុកចិត្តដែលយើងមានទៅលើព្រះអង្គសង្គ្រោះ នោះកម្លាំងទាញខាងលោកិយនឹងឈ្នះគ្រប់ពេល ។ …
… ខណៈដែលវាងាយនឹងទទួលរងសកម្មភាពខាងវិញ្ញាណជាងដាក់ការខិតខំខាងវិញ្ញាណដើម្បីចងចាំ និងឱបក្រសោបយកអត្តសញ្ញាណដ៏ទេវភាពរបស់យើង នោះយើងមិនអាចបណ្ដោយទៅតាមរឿងនោះនៅក្នុងថ្ងៃចុងក្រោយនេះបានទេ ។ សូមឲ្យយើង … « មានភាពស្មោះត្រង់ទៅលើព្រះគ្រីស្ទ… សូមឲ្យព្រះគ្រីស្ទលើក [ យើង ] ឡើង ហើយសូមឲ្យការរងទុក្ខ និងការសុគត… និងក្ដីមេត្តាករុណារបស់ទ្រង់ និងការអត់ធ្មត់ និងសេចក្ដីសង្ឃឹមទៅលើសិរីល្អរបស់ទ្រង់ និងជីវិតអស់កល្បជានិច្ច ចាំដក់ជាប់នៅក្នុង [ គំនិតរបស់យើង ] ជារៀងរហូត » [ មរ៉ូណៃ ៩:២៥ ] ។ នៅពេលព្រះអង្គសង្គ្រោះលើកយើងឡើងកាន់ទីខ្ពស់ នោះយើងអាចមើលឃើញកាន់តែច្បាស់ជាងការគ្រាន់តែមើលឃើញថាយើងជានរណា ប៉ុន្តែយើងទៅកាន់តែជិតនឹងទ្រង់ ជាងយើងអាចនឹកស្រមៃដល់ ។( « Value beyond Measure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៥ )
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ដូចតទៅនេះអំពីរបៀបដែលព្រះអម្ចាស់នឹងជួយអ្នកស្មោះត្រង់ឲ្យប្រឈមនឹងពិភពលោកដ៏ទុច្ចរិតមួយ ៖
ជំនាន់របស់យើងមិនមែនជាជំនាន់ដែលមិនបានរំពឹងទុកនោះទេ ហើយព្រះអម្ចាស់បានប្រទានអ្វីៗសម្រាប់សុវត្ថិភាពខាងវិញ្ញាណរបស់យើង ។ … ដោយសារតែអំពើអាក្រក់កើនឡើងនៅក្នុងពិភពលោកនេះ នោះមានអំណាចនៃវិវរណៈ និងអំណោយទានខាងវិញ្ញាណដែលអាចប៉ះប៉ូវបានសម្រាប់ពួកសុចរិត ។ ព្រះអម្ចាស់បានប្រទានដល់យើងនូវអំណាចបន្ថែមទៀត នៅពេលយើងស្ម័គ្រចិត្តបន្ដធ្វើជាមនុស្សសុចរិតនៅក្នុងពិភពលោកដ៏ទុច្ចរិតមួយ ។( « A Classroom of Faith, Hope, and Charity » [ ជំនួបជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ] នៅលើគេហទំព័រ ChurchofJesusChrist.org )