« មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការអធិស្ឋាន និងវិវរណៈផ្ទាល់ខ្លួន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ការអធិស្ឋាន និងវិវរណៈផ្ទាល់ខ្លួន
ព្រះយេស៊ូវគ្រីស្ទបានសន្យាថា « ត្បិតអស់អ្នកណាដែលសូម នោះរមែងបាន ហើយអ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ » ( នីហ្វៃទី ៣ ១៤:៨ ) ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ពីការសន្យានេះ ៖ « ការផ្តល់ឲ្យដែលគ្មានទីបញ្ចប់នេះ គឺជាការប្រទាននូវវិវរណៈផ្ទាល់ខ្លួនដែលកើតមានដល់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ វាហាក់ដូចជាល្អហួសពីការពិត ។ ប៉ុន្តែវាគឺពិតមែន ! »( « Ask, Seek, Knock » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨១ ) ។ នៅពេលអ្នកសិក្សាឯកសារនេះ សូមគិតពិចារណាពីប្រសិទ្ធភាពនៃការអធិស្ឋានរបស់អ្នក និងអ្វីដែលអ្នកអាចធ្វើដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ។
ផ្នែកទី ១
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យការអធិស្ឋានជាផ្នែកមួយដ៏កាន់តែមានអត្ថន័យនៅក្នុងជីវិតរបស់ខ្ញុំ ?
នៅពេល អាលម៉ា និងអាមូលេក បានដឹកនាំពួកអ្នកផ្សព្វផ្សាយសាសនាមួយក្រុមដើម្បីនាំពួកសាសន៍សូរាំ ដែលក្បត់សាសនាមកវិញនោះ ពួកលោកបានភ្ញាក់ផ្អើល កាលដែលពួកលោកបានឃើញពីរបៀបដែលសាសន៍សូរាំថ្វាយបង្គំ និងអធិស្ឋាននៅក្នុងសាលាប្រជុំរបស់ពួកគេ ។ ដោយឈរនៅលើវេទិកាដែលពួកគេហៅថា រ៉ាមីអុមតុម នោះបុគ្គលម្នាក់ៗប្ដូរវេនគ្នាសូត្រការអធិស្ឋានដែលបានសរសេរទុកជាមុន ដោយប្រកាសថា នឹងគ្មានព្រះគ្រីស្ទទេ ហើយថាព្រះបានជ្រើសយកពួកគេដើម្បីទទួលបានការសង្គ្រោះ ។ បន្ទាប់ពីកម្មវិធីថ្វាយបង្គំបានបញ្ចប់ ពួកសាសន៍សូរាំបានត្រឡប់ទៅផ្ទះវិញ « ដោយមិននិយាយអំពីព្រះរបស់ពួកគេទៀតឡើយ » រហូតដល់ពួកគេត្រឡប់មកវិញនៅសប្តាហ៍ក្រោយ ។ ( សូមមើល អាលម៉ា ៣១:១២–២៤ ) ។ ក្រោយមក អាលម៉ា និងអាមូលេក អាចបង្រៀនដំណឹងល្អបាន ដោយបានបញ្ជាក់ពីអត្ថន័យ និងគោលបំណងពិតប្រាកដនៃការអធិស្ឋានដល់ពួកសាសន៍សូរាំដ៏រាបសាមួយក្រុម ( សូមមើល អាលម៉ា ៣២–៣៤ ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន អាលម៉ា ៣៤:១៧–២៨ និងស្វែងរកគោលការណ៍ដែល អាមូលេក បានបង្រៀនសាសន៍សូរាំអំពីការអធិស្ឋាន ។
កត់ត្រាគំនិតរបស់អ្នក
សូមជ្រើសរើសខគម្ពីរមួយ ឬពីរចេញពី អាលម៉ា ៣៤:១៧–២៨ និងសូមសរសេរខគម្ពីរនោះឡើងវិញឲ្យដូចជា អាមូលេក កំពុងនិយាយជាភាសាសព្វថ្ងៃនេះទៅកាន់នរណាម្នាក់ដែលមានអាយុស្របាលនឹងអ្នកដែរ ។ ឧទាហរណ៍ សូមគិតអំពីយោបល់ដើម្បីអធិស្ឋាន « សម្រាប់ហ្វូងចៀម នៅឯវាលស្រែរបស់អ្នក » ( ខទី ២៥ ) និងអនុវត្តគំនិតដូចគ្នានេះទៅនឹងកាលៈទេសៈសម័យទំនើបរបស់យើង ។ សូមត្រៀមខ្លួនចែកចាយខគម្ពីរដែលបានកែលម្អឡើងវិញរបស់អ្នកនៅក្នុងថ្នាក់ ។ សូមពិចារណាពីរបៀបដែលអ្នកអាចអនុវត្តការបង្រៀនរបស់ អាមូលេក ដើម្បីកែលម្អការអធិស្ឋានដ៏ស្មោះសរ និងញឹកញាប់របស់អ្នកផ្ទាល់ ។
ផ្នែកទី ២
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ?
នៅដើមនៃព្រះគម្ពីរមរមន នីហ្វៃ បានកត់ត្រាបំណងប្រាថ្នារបស់លោកដើម្បីយល់ និងមានសាក្សីផ្ទាល់ខ្លួនពីសុបិនរបស់ឪពុករបស់លោក ពីដើមឈើជីវិត និងការបង្រៀនរបស់លោកដទៃៗទៀត ( សូមមើល នីហ្វៃទី ១ ១០:១៧ ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន នីហ្វៃទី ១ ១០:១៧–១៩ ហើយរកមើលពីអ្វីដែលយើងអាចរៀនពីនីហ្វៃ អំពីការទទួលបានវិវរណៈផ្ទាល់ខ្លួន ។ ( កំណត់ចំណាំ ៖ « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ គឺជាសេចក្ដីពិតខាងវិញ្ញាណ ដែលបានដឹងដោយសារវិវរណៈប៉ុណ្ណោះ » [ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។ ឧទាហរណ៍ សេចក្ដីអាថ៌កំបាំងនៃព្រះបានបើកសម្តែងចំពោះយើង នៅពេលយើងទទួលសាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ។
ខណៈពេលដែល នីហ្វៃ កំពុងសញ្ជឹងគិតពីការបង្រៀនរបស់ លីហៃ លោក « ត្រូវបាននាំទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ » ហើយបានទទួលការនិមិត្តរបស់លោកផ្ទាល់ ( នីហ្វៃទី ១ ១១:១ ) ។ នៅក្នុងទស្សននិមិត្តនេះ នីហ្វៃ បានទទួលចំណេះដឹងបន្ថែមអំពីសុបិនរបស់ឪពុកលោកពីដើមឈើជីវិត ការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្រ្គោះ ពូជពង្សរបស់លោកនាពេលអនាគត និងការស្តារឡើងវិញនៃដំណឹងល្អនៅក្នុងថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី ១ ១១–១៤ ) ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើនីហ្វៃបានទុកចិត្ត ហើយជឿលើអ្វីខ្លះ អំពីព្រះដែលបង្កើនសមត្ថភាពរបស់លោកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួននេះ ?
បន្ទាប់ពីបទពិសោធន៍នៃវិវរណៈនេះ នីហ្វៃ បានត្រឡប់ទៅកាន់ត្រសាលរបស់ឪពុកលោកវិញ ហើយបានឃើញបងៗរបស់គាត់ « កំពុងតែប្រកែកគ្នាអំពីរឿងទាំងឡាយ ដែល [ លីហៃ ] បាននិយាយប្រាប់គេ » ( នីហ្វៃទី ១ ១៥:២ ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន នីហ្វៃទី ១ ១៥:៣–៤, ៨–១១ ហើយសូមពិចារណាពីមូលហេតុដែល លេមិន និងលេមយួល ពិបាកយល់ពីការបង្រៀនរបស់លីហៃ ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើចម្ងល់ ឬ សំណួរអ្វីដែលអ្នកបានទូលដល់ព្រះអម្ចាស់ ហើយតើអ្នកមានបទពិសោធន៍អ្វីខ្លះ ? តើមានចម្ងល់ ឬសំណួរណាដែលអ្នកអាចទូលទៅព្រះអម្ចាស់នៅក្នុងការអធិស្ឋានបាន ប៉ុន្តែពុំទាន់បានទូលទៅដែរឬទេ ? បើមាន តើអ្វីដែលរារាំងអ្នកពីការអធិស្ឋានអំពីចម្ងល់ និងសំណួរនោះ ?
ក្រោយមកនៅក្នុងព្រះគម្ពីរមរមន យើងបានអានអំពីអ្នកច្បាប់ម្នាក់ដែលមានឈ្មោះថា ស៊ីអែសរ៉ុម ដែលជាអ្នកព្យាយាមបំផ្លាញការបង្រៀនរបស់អាលម៉ា និងអាមូលេក ។ ក្រោយពី អាមូលេក ចាប់បានស៊ីអែសរ៉ុម នៅពេលគាត់ភូតកុហក នោះស៊ីអែសរ៉ុម បានបន្ទាបខ្លួន និងចាប់ផ្តើមសួរ អាលម៉ា នូវសំណួរដ៏ស្មោះសរអំពីដំណឹងល្អ ។ អាលម៉ា បានបង្រៀន ស៊ីអែសរ៉ុម ថា សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ ឬវិវរណៈអាចប្រទានឲ្យដល់តែអស់អ្នកដែលមានចិត្តរាបសា និងស្មោះត្រង់ប៉ុណ្ណោះ ។ ( សូមមើល អាលម៉ា ១១:២១–១៣:៣១ ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន អាលម៉ា ១២:៩–១០ ហើយសូមពិចារណាពីរបៀបដែលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកបច្ចុប្បន្នអាចបង្កើន ឬបន្ថយសមត្ថភាពដើម្បីទទួលវិវរណៈ ។
ដោយថ្លែងពីអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើនសមត្ថភាពរបស់យើងដើម្បីទទួលវិវរណៈ នោះប្រធាន ណិលសុន បានបង្រៀន ៖
សូមស្វែងរកកន្លែងស្ងប់ស្ងាត់មួយ ជាកន្លែងដែលបងប្អូនអាចទៅជាប្រចាំ ។ សូមធ្វើចិត្តរាបសានៅចំពោះព្រះ ។ សូមចាក់ស្រោចដួងចិត្តរបស់បងប្អូនទៅរកព្រះវរបិតាសួគ៌ ។ សូមងាកមករកទ្រង់ទូលសូមចម្លើយ និងការលួងលោមចិត្ត ។
សូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអំពីកង្វល់ ការភ័យខ្លាច ភាពទន់ខ្សោយរបស់បងប្អូន—ពិតណាស់ ជាបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់បងប្អូន ។ បន្ទាប់មក ចូរស្តាប់ ! សូមសរសេរគំនិតដែលកើតមានក្នុងគំនិតរបស់បងប្អូន ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូន ហើយធ្វើសកម្មភាពតាមអ្វីដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើ ។ កាលបងប្អូនធ្វើតាមដំណើរការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ បងប្អូននឹង « រីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ » [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៣២ ] ។ …
គ្មានអ្វីមួយដែលធ្វើឲ្យស្ថានសួគ៌បើកចំហដូចជាការដាក់បញ្ចូលគ្នានៃការកើនឡើងនូវបរិសុទ្ធភាព ការគោរពប្រតិបត្តិយ៉ាងមុតមាំ ការស្វែងរកដោយស្មោះ ការទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទរៀងរាល់ថ្ងៃនៅក្នុងព្រះគម្ពីរមរមន [ សូមមើល នីហ្វៃទី ២ ៣២:៣ ] និងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិជាទៀងទាត់នោះឡើយ ។ …
… ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥, ៩៦ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើអ្នកបានធ្វើអ្វីខ្លះកាលពីអតីតកាលដែលបានជួយអ្នកច្រើនបំផុតក្នុងការទទួលវិវរណៈ ? តើអ្នកអាចធ្វើអ្វីខ្លះទៀត ដើម្បីបង្កើនសមត្ថភាពរបស់អ្នកក្នុងការទទួលវិវរណៈ ?