ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 84


កណ្ឌ​ទី ៨៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២២ និង​២៣ ខែ​កញ្ញា ឆ្នាំ​១៨៣២ (History of the Church, ១:២៨៦–២៩៥)។ នៅ​ក្នុង​ខែ​កញ្ញា ពួក​អែលឌើរ​បាន​ចាប់​ផ្ដើម​វិល​ទៅ​ធ្វើ​បេសកកម្ម​គេ​វិញ នៅ​រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត ហើយ​ដើម្បី​រាយការណ៍​ប្រាប់​ពី​ការងារ​របស់​ខ្លួន។ ក្នុង​កាល​ពួក​គេ​កំពុងតែ​ជួបជុំ​គ្នា​ក្នុង​រដូវ​នៃ​សេចក្ដី​អំណរ នោះ​ទើប​បាន​ទទួល​ដំណឹង​ដែល​មាន​ដូច​ត​ទៅ​នេះ។ ព្យាការី​បាន​ចាត់​វិវរណៈ​នេះ​ទុកជា​វិវរណៈ​អំពី​បព្វជិតភាព។

១–៥, ក្រុង​យេរូសាឡិម​ថ្មី និង​ព្រះ​វិហារ​នឹង​ត្រូវ​បាន​សង់​នៅ​រដ្ឋ​មិសសួរី; ៦–១៧, ខ្សែ​បព្វជិតភាព​ពី​លោក​ម៉ូសេ​ទៅ​ដល់​លោក​អ័ដាម​ត្រូវ​បាន​ប្រាប់; ១៨–២៥, បព្វជិតភាព​ដ៏​ធំ​ជាង​នោះ កាន់​កូន​សោ​នូវ​ចំណេះវិជ្ជា​ពី​ព្រះ; ២៦–៣២, បព្វជិតភាព​ដ៏​តូច​ជាង​នោះ កាន់​កូន​សោ​នូវ​ការ​បម្រើ​នៃ​ពួក​ទេវតា និង​នៃ​ដំណឹង​ល្អ​ខាង​ការ​រៀបចំ; ៣៣–៤៤, មនុស្ស​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​សម្បថ និង​សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព; ៤៥–៥៣, ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​បំភ្លឺ​ចិត្ត​មនុស្ស ហើយ​ពិភពលោក​ដេក​នៅ​ក្នុង​អំពើ​បាប; ៥៤–៦១, ពួក​បរិសុទ្ធ​ត្រូវ​ថ្លែង​ទី​បន្ទាល់​ពី​ការណ៍​ទាំង​នោះ ដែល​ពួក​គេ​បាន​ទទួល​មក; ៦២–៧៦, ពួក​គេ​ត្រូវ​ទៅ​ផ្សាយដំណឹង​ល្អ ហើយ​ទី​សំគាល់​ទាំង​ឡាយ​នឹង​មក​តាម​ក្រោយ; ៧៧–៩១, ពួក​អែលឌើរ​ត្រូវ​ចេញ​ទៅ​ដោយ​គ្មាន​កាបូប ឬ​យាម​ឡើយ ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ថែទាំ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ; ៩២–៩៧, គ្រោះ និង​ពាក្យ​បណ្ដាសា​រង់ចាំ​អស់​អ្នក​ណា​ដែល​បដិសេធ​ដំណឹង​ល្អ; ៩៨–១០២, ចម្រៀង​ថ្មី​អំពី​សេចក្ដី​ប្រោស​លោះ​នៃ​ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​ប្រាប់; ១០៣–១១០, ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​ឈរ​នៅ​ក្នុង​តំណែង​របស់​ខ្លួន ហើយ​ធ្វើ​ការ​នៅ​ក្នុង​ការ​ហៅ​របស់​ខ្លួន​ចុះ; ១១១–១២០, ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់​ត្រូវ​ប្រកាស​ប្រាប់​ពី​អំពើ​គួរ​ខ្ពើម​ឆ្អើម ដែល​បង្ខូច​បំផ្លាញ​នៅ​គ្រា​ចុង​ក្រោយ​បំផុត។

វិវរណៈ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ចំពោះ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ពួក​អែលឌើរ​ប្រាំមួយ​នាក់ ក្នុង​កាល​ពួក​គេ​កំពុងតែ​រួបរួម​ចិត្ត​គ្នា ហើយ​បន្លឺ​សំឡេង​របស់​ពួក​គេ​ឡើង​ទៅ​ស្ថាន​ដ៏​ខ្ពស់។

មែន​ហើយ ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ អំពី​សាសនាចក្រ​របស់​ទ្រង់ ដែល​បាន​តាំង​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត សម្រាប់​ការ​សាង​រាស្ត្រ​របស់​ទ្រង់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះ​បន្ទូល ដោយ​មាត់​នៃ​ពួក​ព្យាការី​របស់​ទ្រង់ និង​សម្រាប់​ការ​ប្រមូល​ពួក​បរិសុទ្ធ​ឲ្យ​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ដែល​នឹង​ត្រូវ​ទៅ​ជា​ទី​ក្រុង​យេរូសាឡិម​ថ្មី។

រីឯ​ទី​ក្រុង​នោះ​នឹង​ត្រូវ​បាន​សង់​ឡើង ចាប់​ផ្ដើម​និង​ទីធ្លា​នៃ​ព្រះ​វិហារ ដែល​ត្រូវ​បាន​ចាត់​ដោយ​ព្រះ​អង្គុលី​នៃ​ព្រះ​អម្ចាស់​នៅ​ព្រំប្រទល់​ខាង​លិច​នៃ​រដ្ឋ​មិសសួរី ដោយ​ដៃ​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​ពួក​អ្នក​ផ្សេងៗ​ទៀត ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ជា​ខ្លាំង។

ប្រាកដ​មែន នេះ​ហើយ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ថា​ទី​ក្រុង​យេរូសាឡិម​ថ្មី​នឹង​ត្រូវ​បាន​សង់​ឡើង ដោយ​សារ​ការ​ប្រមូល​ពួក​បរិសុទ្ធ​ចាប់​ផ្ដើម​នឹង​កន្លែង​នេះ គឺជា​កន្លែង​ព្រះ​វិហារ ជា​ព្រះ​វិហារ​ដែល​នឹង​ត្រូវ​បាន​ដំឡើង​ឡើង​នៅ​ក្នុង​តំណ​នេះ។

ត្បិត​ប្រាកដ​មែន តំណ​នេះ​នឹង​មិន​ត្រូវ​បាន​កន្លង​ផុត​ឡើយ រហូត​ដល់​ដំណាក់​មួយ​បាន​សង់​ឡើង​ថ្វាយ​ដល់​ព្រះ​អម្ចាស់ ហើយ​ពពក​មួយ​នឹង​សណ្ឋិត​នៅ​លើ​ព្រះ​វិហារ​នោះ ជា​ពពក​ដែល​នឹង​ទៅ​ដូច​ជា​សិរី​ល្អ​នៃ​ព្រះ​អម្ចាស់ ដែល​នឹង​មាន​ពាស​ពេញ​ក្នុង​ដំណាក់​នោះ។

ហើយ​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក​ម៉ូសេ តាម​បព្វជិតភាព​ដ៏​បរិសុទ្ធ ដែល​លោក​បាន​ទទួល​នៅ​ក្រោម​ដៃយេត្រូ ជា​ឪពុកក្មេក​របស់​លោក

ហើយ​យេត្រូ​បាន​ទទួល​បព្វជិតភាព​នៅ​ក្រោម​ដៃ​កាលែប

ហើយ​កាលែប​បាន​ទទួល​បព្វជិតភាព​នៅ​ក្រោម​ដៃ​អេលីហ៊ូវ

ហើយ​អេលីហ៊ូវ​នៅ​ក្រោម​ដៃ​យេរេមា

១០ហើយ​យេរេមា​នៅ​ក្រោម​ដៃ​កាឌ់

១១ហើយ​កាឌ់​នៅ​ក្រោម​ដៃ​អេលីយ៉ាស

១២ហើយ​អេលីយ៉ាស​បាន​ទទួល​បព្វជិតភាព​នៅ​ក្រោម​ព្រះ​ហស្ត​នៃ​ព្រះ។

១៣ហើយ​អេលីយ៉ាស​ក៏​បាន​រស់នៅ​សម័យ​លោក​អ័ប្រាហាំ ហើយ​ត្រូវ​ទទួល​ពរ​ពី​លោក —

១៤រីឯ​លោក​អ័ប្រាហាំ​បាន​ទទួល​បព្វជិតភាព​ពី​លោក​ម៉ិលគីស្សាដែក ដែល​បាន​ទទួល​តាម​រយៈ​វង្សា​នុវង្ស​នៃ​ពួក​អយ្យកោ​របស់​លោក គឺ​រហូត​ដល់​ទៅ​ដល់​លោក​ណូអេ

១៥ហើយ​ពី​លោក​ណូអេ​ទៅ​ដល់​លោក​ហេណុក តាម​រយៈ​វង្សានុវង្ស​នៃ​ពួក​អយ្យកោ​របស់​ពួក​គេ

១៦ហើយ​ពី​លោក​ហេណុក​ទៅ​ដល់​អេបិល ដែល​ត្រូវ​បាន​ប្រហារ​បង់ ដោយ​សារ​ការ​រួម​គំនិត​អាក្រក់​នៃ​បង​ប្រុស​របស់​គាត់ ដែល​បាន​ទទួល​បព្វជិតភាព ដោយ​បញ្ញត្តិ​ទាំង​ឡាយ​ពី​ព្រះ ដោយ​សារ​ដៃ​លោក​អ័ដាម ជា​ឪពុក​របស់​គាត់ ដែល​ជា​មនុស្ស​ទី​មួយ —

១៧រីឯ​បព្វជិតភាព​នេះ​មាន​បន្ត​មក​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ នៅ​គ្រប់​តំណ​ទាំង​អស់ ហើយ​គ្មាន​ថ្ងៃ​កំណើត ឬ​ឆ្នាំ​បញ្ចប់​ឡើយ។

១៨ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជាក់​បព្វជិតភាព​មួយ​មក​លើ​លោក​អើរ៉ុន និង​ពូជ​ពង្ស​លោក​ដែរ គឺ​តាម​គ្រប់​តំណ​របស់​ពួក​គេ​ទាំង​អស់ រីឯ​បព្វជិតភាព​នេះ​ក៏​មាន​បន្ត​មក ហើយ​នៅ​ជាប់​ដរាប​ជាមួយ​នឹង​បព្វជិតភាព ដែល​ធ្វើ​តាម​របៀប​ដ៏​បរិសុទ្ធ​បំផុត​នៃ​ព្រះ។

១៩ហើយ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ ចាត់ចែង​ដំណឹង​ល្អ ហើយ​កាន់​កូន​សោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ គឺជា​កូន​សោ​នៃ​ចំណេះវិជ្ជា​ពី​ព្រះ។

២០ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ។

២១ហើយ​បើ​សិន​ជា​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ទេ នោះ​អំណាច​នៃ​ព្រះ ពុំ​អាច​បាន​សម្ដែង​ដល់​មនុស្ស​នៅ​ក្នុង​សាច់​ឈាម​បាន​ឡើយ

២២ត្បិត​បើ​សិន​ជា​គ្មាន​ការណ៍​នេះ​ទេ នោះ​គ្មាន​មនុស្ស​ណា​មួយ អាច​មើល​ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ គឺ​ព្រះ​វរបិតា ហើយ​រស់​នៅ​បាន​ឡើយ។

២៣ឥឡូវ​នេះ លោក​ម៉ូសេ​នេះ​ហើយ​បាន​បង្រៀន​យ៉ាង​ច្បាស់លាស់​ដល់​កូន​ចៅ​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​បាន​ព្យាយាម​ស្វែងរក ដើម្បី​ញែក​ប្រជាជន​របស់​លោក​ចេញ​ជា​បរិសុទ្ធ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​មើល​ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ។

២៤ប៉ុន្តែ​ពួក​គេ​ពង្រឹង​ចិត្ត​របស់​គេ ហើយ​ពុំ​អាច​ទ្រាំ​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​នៅ​ក្នុង​សេចក្ដី​ក្រោធ​របស់​ទ្រង់ ត្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​បាន​ឆួល​ឡើង​ទាស់​នឹង​ពួក​គេ បាន​ជា​ព្រះ​អង្គ​ស្បថ​ថា ពួក​គេ​នឹង​មិន​ត្រូវ​បាន​ចូល​ក្នុង​សេចក្ដី​សម្រាក របស់​ទ្រង់​ឡើយ កាល​នៅ​ក្នុង​ទី​រហោស្ថាន ឯ​សេចក្ដី​សម្រាក​នេះ​គឺជា​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​របស់​ទ្រង់។

២៥ហេតុ​ដូច្នេះ​ហើយ ព្រះ​អង្គ​បាន​យក​លោក​ម៉ូសេ​ចេញ​ពី​កណ្ដាល​ពួក​គេ ព្រម​ទាំង​បព្វជិតភាព​ដ៏​បរិសុទ្ធ​ផង​ដែរ

២៦ហើយ​បព្វជិតភាព​ដ៏​តូច​ជាង​មាន​បន្ត​មក ជា​បព្វជិតភាព​ដែល​កាន់​កូន​សោ​ខាង​ការ​បម្រើ​នៃ​ពួក​ទេវតា និង​ដំណឹង​ល្អ​ខាង​ការ​រៀបចំ

២៧រីឯ​ដំណឹង​ល្អ​នេះ គឺជា​ដំណឹង​ល្អ​ពី​ការ​ប្រែ​ចិត្ត និង​ពី​បុណ្យ​ជ្រមុជ​ទឹក និង​ពី​ការ​ផ្ដាច់​បាប និង​ពី​ក្រឹត្យ​វិន័យ​អំពី​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ខាង​លោកិយ ដែល​ព្រះ​អម្ចាស់​ក្នុង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បណ្ដាល​ឲ្យ​មាន​បន្ត​មក​នៅ​ជាមួយ​វង្ស​អើរ៉ុន ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល រហូត​មក​ដល់​យ៉ូហាន ដែល​ព្រះ​ទ្រង់​បាន​លើក​ឡើង ដោយ​បាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្ដាយ​លោក​មក។

២៨ត្បិត​លោក​ត្រូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក តាំង​ពី​លោក​នៅ​ក្មេង ហើយ​ត្រូវ​បាន​តែងតាំង​ដោយ​ទេវតា​នៃ​ព្រះ​ក្នុង​កាល​លោក​មាន​អាយុ​៨​ថ្ងៃ​ឲ្យ​មាន​អំណាច​នេះ ដើម្បី​ទម្លាក់​នគរ​នៃ​ពួក​សាសន៍​យូដា ហើយ​ដើម្បី​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់ នៅ​មុខ​ប្រជាជន​របស់​លោក ដើម្បី​រៀបចំ​ពួក​គេ​ចាំ​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់ ដែល​គ្រប់​អំណាច​ទាំង​អស់ ត្រូវ​បាន​ប្រទាន​ដល់​ព្រះ​ហស្ត​របស់​ទ្រង់។

២៩ហើយ​ជា​ថ្មី​ទៀត តំណែង​ទាំង​ឡាយ​នៃ​អែលឌើរ និង​ប៊ីស្សព​សុទ្ធ​តែ​ជា​ការ​បន្តោង​បញ្ជាប់​ចាំ​បាច់ ដែល​ជា​របស់​ផង​បព្វជិតភាព​ជាន់​ខ្ពស់។

៣០ហើយ​ជា​ថ្មី​ទៀត តំណែង​ទាំង​ឡាយ​នៃ​គ្រូ និង​ឌីកុន សុទ្ធ​តែ​ជា​ការ​បន្តោង​បញ្ជាប់​ចាំ​បាច់ ដែល​ជា​របស់​ផង​បព្វជិតភាព​តូច​ជាង គឺជា​បព្វជិតភាព​ដែល​ត្រូវ​បាន​បញ្ជាក់​មក​លើ​លោក​អើរ៉ុន និង​ពួក​កូន​ប្រុស​របស់​លោក។

៣១ហេតុ​ដូច្នេះ​ហើយ ដូច​ជា​យើង​បាន​មាន​បន្ទូល​អំពី​ពួក​កូន​ប្រុស​របស់​លោក​ម៉ូសេ — ត្បិត​ពួក​កូន​ប្រុស​របស់​លោក​ម៉ូសេ ហើយ​ព្រម​ទាំង​ពួក​កូន​ប្រុស​របស់​លោក​អើរ៉ុន​ដែរ ត្រូវ​ថ្វាយ​ដង្វាយ និង​យញ្ញ​បូជា​ដ៏​សមរម្យ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់ គឺជា​ដំណាក់​ដែល​នឹង​ត្រូវ​បាន​សង់​ឡើង​ថ្វាយ​ដល់​ព្រះ​អម្ចាស់​នៅ​ក្នុង​តំណ​មនុស្ស​នេះ គឺ​នៅ​លើ​កន្លែង​ដែល​បាន​ធ្វើ​ពិធី​ឆ្លង​ដែល​យើង​បាន​កំណត់​ទុក —

៣២ហើយ​ពួក​កូន​ប្រុស​នៃ​លោក​ម៉ូសេ និង​លោក​អើរ៉ុន នឹង​ត្រូវ​បាន​ពោរ​ពេញ​ទៅ​ដោយ​សិរី​ល្អ​នៃ​ព្រះ​អម្ចាស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន នៅ​ក្នុង​ដំណាក់​របស់​ព្រះ​អម្ចាស់ ឯ​ពួក​កូន​ប្រុស​របស់​ពួក​គេ គឺ​ពួក​អ្នក​រាល់​គ្នា ហើយ​ព្រម​ទាំង​មនុស្ស​ជា​ច្រើន​ផង ដែល​យើង​បាន​ហៅ ហើយ​ចាត់​ឲ្យ​ចេញ​ទៅ ដើម្បី​សង់​សាស​នាច​ក្រ​របស់​យើង​ឡើង។

៣៣ត្បិត​អស់​អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​កាល​បាន​បព្វជិតភាព​ទាំង​ពីរ​នេះ ដែល​យើង​បាន​ពោល​ដល់ ហើយ​បាន​តម្កើង​ការ​ហៅ​របស់​ខ្លួន នោះ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​ព្រះ​វិញ្ញាណ ចំពោះ​ការ​សាង​រូប​កាយ​របស់​ពួក​គេ​ជា​ថ្មី។

៣៤ពួក​គេ​ត្រឡប់​ជា​កូន​ប្រុស​នៃ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​ជា​ពូជ​នៃ​លោក​អ័ប្រាហាំ និង​ជា​សាសនាចក្រ និង​នគរ និង​ជា​ពួក​រើស​តាំង​នៃ​ព្រះ។

៣៥ហើយ​អស់​អ្នក​ណា​ដែល​ទទួល​បព្វជិតភាព​នេះ ឈ្មោះ​ថា​ទទួល​យើង​ដែរ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ

៣៦ត្បិត​អ្នក​ណា​ដែល​ទទួល​ពួក​អ្នក​បម្រើ​របស់​យើង ឈ្មោះ​ថា​ទទួល​យើង​ដែរ

៣៧ហើយ​អ្នក​ណា​ដែល​ទទួល​យើង ឈ្មោះ​ថា​ទទួល​ព្រះ​វរបិតា​យើង​ដែរ

៣៨ហើយ​អ្នក​ណា​ដែល​ទទួល​ព្រះ​វរបិតា​យើង ឈ្មោះ​ថា​ទទួល​នគរ​របស់​ព្រះ​វរបិតា​យើង​ដែរ ហេតុ​ដូច្នេះ​ហើយ គ្រប់​អ្វី​ទាំង​អស់ ដែល​ព្រះ​វរបិតា​យើង​មាន នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ​ដែរ។

៣៩ហើយ​ការណ៍​នេះ គឺ​ស្រប​តាម​សម្បថ និង​សេចក្ដី​សញ្ញា ដែល​ជា​របស់​ផង​បព្វជិតភាព។

៤០ប៉ុន្តែ​អស់​អ្នក​ទាំង​នោះ​ដែល​ទទួល​បព្វជិតភាព ឈ្មោះ​ថា​ទទួល​សម្បថ និង​សេចក្ដី​សញ្ញា​នេះ​ពី​ព្រះ​វរបិតា​យើង ដែល​ទ្រង់​ពុំ​អាច​បណ្ដាច់ ឬ​អាច​រើ​បាន​ឡើយ។

៤១ប៉ុន្តែ​អស់​អ្នក​ណា​ដែល​បណ្ដាច់​សេចក្ដី​សញ្ញា​នេះ បន្ទាប់​ពី​អ្នក​នោះ​បាន​ទទួល​រួច​ស្រេច ហើយ​បែរ​ចេញ​ប្រ​ងើយ នោះ​នឹង​មិន​ត្រូវ​បាន​អត់​ទោស​ឲ្យ​ឡើយ ទោះ​ជា​នៅ​លោកិយ​នេះ ឬ​ក៏​នៅ​បរលោក​ក្ដី។

៤២ហើយ​វេទនា​ដល់​អស់​អ្នក​ណា ដែល​ពុំ​ចូល​មក​ក្នុង​បព្វជិតភាព​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ដែល​យើង​កំពុងតែ​បញ្ជាក់​មក​លើ​អ្នក​ឥឡូវ​នេះ ដែល​ជា​អ្នក​មាន​វត្ត​មាន​នៅ​ថ្ងៃ​នេះ ដោយ​សារ​សំឡេង​របស់​យើង​ផ្ទាល់​ចេញ​មក​ពីលើ​មេឃ ហើយ​គឺ​យើង​នេះ​ហើយ ដែល​បាន​បង្គាប់​ដល់​ពួក​ពល​បរិវារ​នៅ​លើ​ស្ថាន​សួគ៌ និង​ពួក​ទេវតា​របស់​យើង​ពី​ដំណើរ​អ្នក។

៤៣ហើយ​ឥឡូវ​នេះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក ដើម្បី​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន ដើម្បី​ព្យាយាម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

៤៤ត្បិត​អ្នក​ត្រូវ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក។

៤៥ត្បិត​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​គឺជា​សេចក្ដី​ពិត ហើយ​អ្វីៗ​ក៏​ដោយ​ដែល​ជា​សេចក្ដី​ពិត គឺជា​ពន្លឺ និង​អ្វីៗ​ក៏​ដោយ​ដែល​ជា​ពន្លឺ គឺជា​ព្រះ​វិញ្ញាណ គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។

៤៦ហើយ​ព្រះ​វិញ្ញាណ​ប្រទាន​ពន្លឺ​ដល់​មនុស្ស​គ្រប់​រូប​ណា​ដែល​មក​ក្នុង​លោកិយ ហើយ​ព្រះ​វិញ្ញាណ​បំភ្លឺ​គ្រប់​មនុស្ស​ពាស​ពេញ​លោកិយ ដែល​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ។

៤៧ហើយ​មនុស្ស​គ្រប់​រូប​ណា​ដែល​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ នោះ​មក​រក​ព្រះ គឺ​ព្រះ​វរបិតា។

៤៨ហើយ​ព្រះ​វរបិតា ទ្រង់​បង្រៀន​អ្នក​នោះ​អំពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជា​ថ្មី ហើយ​បាន​បញ្ជាក់​មក​លើ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បាន​បញ្ជាក់​មក​លើ​អ្នក ជា​ប្រយោជន៍​ដល់​អ្នក ហើយ​ពុំ​មែន​ជា​ប្រយោជន៍​ដល់​អ្នក​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ។

៤៩ហើយ​ពិភពលោក​ទាំង​មូល​ដេក​នៅ​ក្នុង​អំពើ​បាប ហើយ​ថ្ងូរ​នៅ​ក្រោម​សេចក្ដី​ងងឹត និង​នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប។

៥០ហើយ​ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​អាច​ដឹង​ថា ពួក​គេ​កំពុងតែ​នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប ពី​ព្រោះ​ពួក​គេ​ពុំ​មក​រក​យើង​ឡើយ។

៥១ត្បិត​អស់​អ្នក​ណា ដែល​ពុំ​មក​រក​យើង នោះ​នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប​ហើយ។

៥២ហើយ​អស់​អ្នក​ណា ដែល​មិន​ទទួល​សំឡេង​យើង នោះ​ពុំ​ដែល​ស្គាល់​សំឡេង​យើង​ទេ ហើយ​មិនមែន​ជា​របស់​ផង​យើង​ឡើយ។

៥៣ហើយ​ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​អាច​ស្គាល់​ពួក​សុចរិត​ពី​ពួក​ទុច្ចរិត​បាន ហើយ​ថា​ពិភពលោក​ទាំង​មូល​ថ្ងូរ​នៅ​ក្រោម​អំពើ​បាប និង​សេចក្ដី​ងងឹត សូម្បីតែ​ពេល​នេះ​ក្ដី។

៥៤ហើយ​ពេល​កន្លង​មក​ហើយ នោះ​គំនិត​របស់​អ្នក​ត្រូវ​បាន​ងងឹត ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ ហើយ​ពី​ព្រោះ​អ្នក​បាន​រាប់​ការណ៍​ទាំង​ឡាយ​ដែល​អ្នក​បាន​ទទួល​ម​ក​ទុកជា​គ្មាន​ផល​ប្រយោជន៍​វិញ —

៥៥រីឯ​ការ​អសារ​ឥត​ការ និង​ការ​ឥត​ជំនឿ​នេះ​ហើយ ដែល​បាន​នាំ​សាសនាចក្រ​ទាំង​មូល ឲ្យ​នៅ​ក្រោម​ការ​ដាក់​ទោស។

៥៦ហើយ​ការ​ដាក់​ទោស​នេះ គឺ​នៅ​លើ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន គឺ​គ្រប់​ទាំង​អស់​គ្នា។

៥៧ហើយ​ពួក​គេ​នឹង​ត្រូវ​នៅ​ក្រោម​ការ​ដាក់​ទោស​នេះ រហូត​ដល់​ពួក​គេ​ប្រែ​ចិត្ត ហើយ​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​ថ្មី គឺជា​ព្រះ​គម្ពីរ​មរមន ព្រម​ទាំង​ព្រះ​បញ្ញត្តិ​មុនៗ ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ មិន​គ្រាន់តែ​សម្រាប់​ថា​ទេ ប៉ុន្តែ​សម្រាប់​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​បាន សរសេរ​ទុក​ដែរ —

៥៨ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បង្កើត​ផល​ដែល​សំណំ​នឹង​នគរ​នៃ​ព្រះ​វរបិតា​របស់​ពួក​គេ បើ​ពុំ​នោះ​សោត​ទេ នោះ​មាន​ការ​វាយ និង​ការ​ជំនុំ​ជំរះ ដែល​នឹង​ចាក់​មក​លើ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន។

៥៩ត្បិត​តើ​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​នៃ​នគរ ធ្វើ​ឲ្យ​ដែនដី​ដ៏​បរិសុទ្ធ​របស់​យើង​កខ្វក់​ឬ? ប្រាកដ​មែន យើង​ប្រាប់​ដល់​អ្នក​ថា ៖ ទេ។

៦០ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ឮ​ព្រះ​បន្ទូល​របស់​យើង​ឥឡូវ​នេះ ដែល​ជា​សំឡេង​របស់​យើង នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ដរាបណា​អ្នក​រាល់​គ្នា​ទទួល​ការណ៍​ទាំង​នេះ

៦១ត្បិត​យើង​នឹង​អត់​ទោស​អំពើ​បាប​ទាំង​ឡាយ​ដល់​អ្នក ព្រម​ទាំង​ព្រះ​បញ្ញត្តិ​នេះ​ផង​ថា — ប្រយោជន៍​ឲ្យ​អ្នក​នៅ​ខ្ជាប់​ខ្ជួន​ក្នុង​គំនិត​អ្នក ក្នុង​ភាព​ម៉ឺងម៉ាត់ និង​វិញ្ញាណ​ខាង​ការ​អធិស្ឋាន ក្នុង​ការ​ថ្លែង​ទី​បន្ទាល់​ដល់​សព្វ​ក្នុង​លោកិយ​ទាំង​មូល អំពី​ការណ៍​ទាំង​នោះ ដែល​បាន​ប្រាប់​ដល់​អ្នក។

៦២ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ទៅ​សព្វ​ក្នុង​លោកិយ​ទាំង​មូល និង​ដល់​កន្លែង​ណា​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​ផ្ញើ ប្រយោជន៍​ឲ្យ​ទី​បន្ទាល់​នោះ​អាច​បាន​ចេញ​ពី​អ្នក​ទៅ​សព្វ​ក្នុង​លោកិយ​ទាំង​មូល ដល់​គ្រប់​មនុស្ស​ទាំង​អស់។

៦៣ហើយ​ដូច​ជា​យើង​ប្រាប់​ដល់​ពួក​សាវក​របស់​យើង​យ៉ាង​ណា នោះ​យើង​ក៏​ប្រាប់​ដល់​អ្នក​យ៉ាង​នោះ​ដែរ ត្បិត​អ្នក​រាល់​គ្នា​ជា​សាវក​របស់​យើង គឺជា​ពួក​សង្ឃ​ជាន់​ខ្ពស់​របស់​ព្រះ អ្នក​រាល់​គ្នា​នេះ​ហើយ ជា​ពួក​អ្នក​ដែល​ព្រះ​វរបិតា​របស់​យើង​បាន​ប្រទាន​ដល់​យើង អ្នក​រាល់​គ្នា​ជា​មិត្ត​របស់​យើង

៦៤ហេតុ​ដូច្នេះ​ហើយ ដូច​ជា​យើង​បាន​ប្រាប់​ដល់​ពួក​សាវក​របស់​យើង​យ៉ាង​ណា នោះ​យើង​ក៏​ប្រាប់​ដល់​អ្នក​ម្ដង​ទៀត​ជា​យ៉ាង​នោះ​ដែរ ថា​មនុស្ស​គ្រប់​រូប​ណា​ដែល​ជឿ​ដល់​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ នោះ​ឈ្មោះ​ថា​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

៦៥ហើយ​ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​ពួក​អ្នក​ដែល​ជឿ —

៦៦ដោយ​នូវ​ព្រះ​នាម​របស់​យើង នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន

៦៧ដោយ​នូវ​ព្រះ​នាម​របស់​យើង នោះ​ពួក​គេ​នឹង​ដេញ​អារក្ស​ចេញ

៦៨ដោយ​នូវ​ព្រះ​នាម​របស់​យើង នោះ​ពួក​គេ​នឹង​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា

៦៩ដោយ​នូវ​ព្រះ​នាម​របស់​យើង នោះ​ពួក​គេ​នឹង​បើកភ្នែក​មនុស្ស​ខ្វាក់ ហើយ​ស្រាយ​ត្រចៀក​មនុស្ស​ថ្លង់

៧០ហើយ​អណ្ដាត​នៃ​មនុស្ស​គ​ក៏​នឹង​និយាយ​រួច

៧១ហើយ​បើ​សិន​ជា​មនុស្ស​ណា​មួយ​នឹង​ដាក់​បំពុល​ដល់​ពួក​គេ នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ឡើយ

៧២ហើយ​ពិស​នៃ​ពស់​នឹង​ពុំ​មាន​អំណាច ដើម្បី​ធ្វើ​ទុក្ខ​ដល់​ពួក​គេ​ឡើយ។

៧៣ប៉ុន្តែ​យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​ពួក​គេ ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​អួត​ខ្លួន​ពី​ការណ៍​ទាំង​នេះ ឬ​និយាយ​ពី​ការណ៍​ទាំង​នេះ​នៅ​ចំពោះ​ពិភពលោក ត្បិត​ការណ៍​ទាំង​នេះ ត្រូវ​បាន​ប្រទាន​ដល់​អ្នក សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​អ្នក និង​សម្រាប់​សេចក្ដី​សង្គ្រោះ។

៧៤ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​អ្នក​ដែល​មិន​ជឿ​ដល់​ពាក្យ​សម្ដី​របស់​អ្នក ហើយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ទឹក​ដោយ​នូវ​ព្រះ​នាម​របស់​យើង សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ នោះ​នឹង​ត្រូវ​ជាប់​ទោស ហើយ​នឹង​ពុំ​ត្រូវ​បាន​ចូល​មក​ក្នុង​នគរ​របស់​ព្រះ​វរបិតា​យើង ជាទី​ដែល​ព្រះ​វរបិតា និង​យើង​គង់នៅ​ឡើយ។

៧៥ហើយ​វិវរណៈ​នេះ​មាន​ដល់​អ្នក និង​ព្រះ​បញ្ញត្តិ​នេះ​ផង គឺ​អនុវត្ត​ចាប់​ពី​ម៉ោង​នេះ​ទៅ នៅ​លើ​សព្វ​លោកិយ​ទាំង​មូល ហើយ​ដំណឹង​ល្អ គឺ​ដល់​មនុស្ស​ទាំង​អស់​ដែល​ពុំ​បាន​ទទួល​ដំណឹង​ល្អ។

៧៦ប៉ុន្តែ​ប្រាកដ​មែន យើង​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​នគរ​ឲ្យ — ចេញ​ពី​អ្នក​រាល់​គ្នា នោះ​ដំណឹង​ល្អ​ត្រូវ​តែ​ផ្សាយ​ដល់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ពី​កិច្ចការ​អាក្រក់​របស់​ពួក​គេ​ពី​ដើម​ចេញ ត្បិត​ពួក​គេ​ត្រូវ​បាន​បន្ទោស​ចំពោះ​ចិត្ត​អាក្រក់​ខាង​ការ​ឥត​ជំនឿ​របស់​ពួក​គេ ហើយ​ពួក​បង​ប្អូន​របស់​អ្នក​ខាង​សាសនា​នៅ​ក្រុង​ស៊ីយ៉ូន ចំពោះ​ការ​បះបោរ​របស់​ពួក​គេ​ទាស់​នឹង​អ្នក នៅ​ពេល​យើង​បាន​ចាត់​ឲ្យ​អ្នក​ទៅ។

៧៧ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា មិត្ត​យើង​អើយ ត្បិត​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត គឺជា​ការ​ចាំ​បាច់​ដែល​យើង​ប្រទាន​បញ្ញត្តិ​នេះ​ដល់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិត្ត​យើង នៅ​គ្រា​ដែល​យើង​បាន​គង់នៅ​ជាមួយ​ពួក​គេ ដោយ​ធ្វើ​ដំណើរ​ទៅ​ផ្សាយដំណឹង​ល្អ ដោយ​នូវ​ព្រះ​ចេស្ដា​របស់​យើង

៧៨ត្បិត​យើង​មិន​ទ្រាំ​ឲ្យ​ពួក​គេ​មាន​កាបូប ឬ​យាម ឬ​អាវ​ដល់​ទៅ​ពីរ​ឡើយ។

៧៩មើល​ចុះ យើង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​បញ្ជាក់​ដល់​ពិភព​លោក ហើយ​អ្នក​ដែល​ធ្វើ​ការ​នោះ​គួរ​នឹង​បាន​ឈ្នួល​របស់​ខ្លួន​ហើយ។

៨០ហើយ​មនុស្ស​ណា​មួយ​ដែល​នឹង​ទៅ ហើយ​ផ្សាយដំណឹង​ល្អ​នេះ​ពី​នគរ ហើយ​មិន​ខកខាន ដើម្បី​មាន​ចិត្ត​ស្មោះត្រង់​រហូត​ត​ទៅ​ក្នុង​គ្រប់​ទាំង​អស់ នោះ​នឹង​ពុំ​មាន​ភាព​ទន់ខ្សោយ​ខាង​គំនិត ឬ​ក៏​ងងឹត​ដែរ ឬ​ខាង​រូប​កាយ ខាង​ដៃ​ជើង ឬ​ខាង​សន្លាក់​ឆ្អឹង​ដែរ ហើយ​សក់​ក្បាល​មួយ​សរសៃ​របស់​អ្នក​នោះ ក៏​នឹង​មិន​ជ្រុះ​ទៅ​ដល់​ដី​ដោយ​មិន​ដឹង​នោះ​ឡើយ។ ហើយ​ពួក​គេ​នឹង​ពុំ​ឃ្លាន ឬ​ស្រេក​ឡើយ។

៨១ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​ពី​ថ្ងៃ​ស្អែក ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ ឬ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ផឹក ឬ​ពី​អ្វី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្លៀកពាក់​នោះ​ឡើយ។

៨២ត្បិត​ចូរ​រំពឹង​គិតតែ​ពី​ផ្កាឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្ដេច គឺ​វា​មិន​នឿយហត់​នឹង​ធ្វើ​ការ​ស្រាវ​រវៃ​ទេ ហើយ​រីឯ​នគរ​ទាំង​ឡាយ​នៅ​លើ​ពិភពលោក ក្នុង​អស់​ទាំង​ភាព​រុងរឿង​របស់​គេ ក៏​ពុំ​បាន​តែង​ដូច​ជា​ផ្កា​មួយ​នោះ​ដែរ។

៨៣ត្បិត​ព្រះ​វរបិតា​របស់​អ្នក​ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ។

៨៤ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ថ្ងៃ​ស្អែក​ខ្វល់​ខ្វាយ​ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ចុះ។

៨៥ហើយ​ចូរ​អ្នក​រាល់​គ្នា​កុំ​ថប់​ព្រួយ​ទុកជាមុន​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថា​នោះ​ឡើយ ប៉ុន្តែ​ចូរ​រក្សាទុក​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា បន្ត​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​ខាង​ជីវិត​វិញ ហើយ​សេចក្ដី​ដែល​ត្រូវ​និយាយ​នឹង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នៅ​ចំ​ម៉ោង​នោះ​ឯង នូវ​ចំណែក​ដែល​នឹង​បាន​វាល់​ដល់​មនុស្ស​គ្រប់​រូប។

៨៦ហេតុ​ដូច្នេះ​ហើយ ត្បិត​បញ្ញត្តិ​នេះ​គឺ​ដល់​ពួក​ស្មោះត្រង់​ទាំង​អស់ ដែល​បាន​ហៅ​ពី​ព្រះ នៅ​ក្នុង​សាសនាចក្រ​ឲ្យ​ធ្វើ​ការងារ​បម្រើ គឺ​ពី​ម៉ោង​នេះ ចូរ​កុំ​ឲ្យ​មនុស្ស​ណា​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​ចេញ​ទៅ​ផ្សាយ​ពី​ដំណឹង​ល្អ​នេះ​នៃ​នគរ យក​កាបូប ឬ​យាម​ទៅ​ឡើយ។

៨៧មើល​ចុះ យើង​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ទៅ​ស្ដី​បន្ទោស​មនុស្ស​លោក​ពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត​របស់​ពួក​គេ ហើយ​ឲ្យ​ទៅ​បង្រៀន​ពួក​គេ​ពី​សេចក្ដី​ជំនុំ​ជំរះ​មួយ​ដែល​ត្រូវ​មក។

៨៨ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទី​នោះ​ដែរ ត្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះ​វិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង។

៨៩អស់​អ្នក​ណា​ដែល​ទទួល​អ្នក ក៏​ទទួល​យើង​ដែរ ហើយ​អ្នក​នោះ​ហើយ ដែល​នឹង​ឲ្យ​អាហារ​ដល់​អ្នក ហើយ​បំពាក់​សំលៀកបំពាក់​ដល់​អ្នក ហើយ​ឲ្យ​ប្រាក់​កាស​ដល់​អ្នក។

៩០ហើយ​អ្នក​ណា​ដែល​ឲ្យ​អាហារ​ដល់​អ្នក ឬ​បំពាក់​សំលៀកបំពាក់​ឲ្យ​អ្នក ឬ​ឲ្យ​ប្រាក់​កាស​ដល់​អ្នក នោះ​នឹង​ពុំ​ត្រូវ​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ។

៩១ហើយ​អ្នក​ណា​ដែល​ពុំ​ធ្វើ​ការណ៍​ទាំង​នេះ នោះ​ឈ្មោះ​ថា ពុំ​មែន​ជា​សិស្ស​របស់​យើង​ឡើយ ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​អាច​ស្គាល់​ពួក​សិស្ស​របស់​យើង។

៩២អ្នក​ណា​ដែល​មិន​ទទួល​អ្នក​ទេ នោះ​ចូរ​ចេញ​ពី​អ្នក​នោះ​ដោយ​ខ្លួន​ដាច់ឡែក ហើយ​លាង​ជើង​អ្នក​ដោយ​ទឹក គឺ​ទឹក​សុទ្ធ ទោះ​ជា​នៅ​ពេល​ក្ដៅ ឬ​នៅ​ពេល​ត្រជាក់​ក្ដី ហើយ​ថ្លែង​ទី​បន្ទាល់​ពី​ការណ៍​នេះ​ចំពោះ​ព្រះ​វរបិតា​របស់​អ្នក ដែល​គង់​នៅ​លើ​ស្ថាន​សួគ៌ ហើយ​ចូរ​កុំ​វិល​ទៅ​រក​មនុស្ស​នោះ​ទៀត​ឡើយ។

៩៣ហើយ​នៅ​ភូមិ ឬ​ទី​ក្រុង​ណា​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​ចូល ចូរ​ធ្វើ​យ៉ាង​ដូច្នោះ​ចុះ។

៩៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​ព្យាយាម​ស្វែងរក ហើយ​ចូរ​កុំ​សំចៃ​ឡើយ ហើយ​វេទនា​ដល់​ផ្ទះ​នោះ ឬ​ដល់​ភូមិ​នោះ ឬ​ដល់​ទី​ក្រុង​ណា​ដែល​មិន​ទទួល​អ្នក ឬ​ពាក្យ​សម្ដី​អ្នក ឬ​ទី​បន្ទាល់​អ្នក​ថ្លែង​អំពី​យើង។

៩៥យើង​ប្រាប់​ម្ដង​ទៀត​ថា វេទនា​ដល់​ផ្ទះ​នោះ ឬ​ដល់​ភូមិ​នោះ ឬ​ទី​ក្រុង​នោះ​ដែល​មិន​ទទួល​អ្នក ឬ​ពាក្យ​សម្ដី​អ្នក ឬ​ទី​បន្ទាល់​អ្នក​អំពី​យើង

៩៦ត្បិត​យើង ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ បាន​ដាក់​ព្រះ​ហស្ត​របស់​យើង​មក​លើ​សាសន៍​ទាំង​ឡាយ ដើម្បី​វាយ​ពួក​គេ​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពួក​គេ។

៩៧ហើយ​ជំងឺ​អាសន្នរោគ​នឹង​ចេញ​ទៅ ហើយ​ជំងឺ​ទាំង​នោះ​នឹង​មិន​ត្រូវ​ដក​ចេញ​ពី​ផែនដី​ឡើយ រហូត​ដល់​យើង​បាន​សម្រេច​កិច្ចការ​របស់​យើង​សិន ដែល​នឹង​ត្រូវ​កាត់​យ៉ាង​ខ្លី​ដោយ​សេចក្ដី​សុចរិត —

៩៨រហូត​ដល់​មនុស្ស​ទាំង​អស់​បាន​ស្គាល់​យើង ជា​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន គឺ​ចាប់​តាំង​ពី​មនុស្ស​តូច​ទៅ​ដល់​មនុស្ស​ធំ ហើយ​នឹង​ត្រូវ​បាន​ពោរ​ពេញ​ទៅ​ដោយ​ការ​ចេះ​ដឹង​ពី​ព្រះ​អម្ចាស់ ហើយ​នឹង​បាន​ឃើញ​ដោយ​ភ្នែក​ផ្ទាល់ ហើយ​នឹង​បន្លឺ​សំឡេង​ឡើង និង​ដោយ សំឡេង​ច្រៀង​ព្រម​គ្នា​នូវ​ចម្រៀង​ថ្មី​នេះ​ថា ៖

៩៩ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​ក្រុង​ស៊ីយ៉ូន​ចេញ​មក​ម្ដង​ទៀតព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់ គឺ​សាសន៍​អ៊ីស្រាអែលតាម​ការ​រើស​តាំង​ដោយ​ព្រះ​គុណដែល​បាន​បណ្ដាល​ឲ្យ​កើត​ឡើង ដោយ​សេចក្ដី​ជំនឿនិង​សេចក្ដី​សញ្ញា​នៃ​ពួក​អយ្យកោ​របស់​ពួក​គេ។

១០០ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់​ហើយ​សាតាំង​ត្រូវ​ជាប់ ហើយ​គ្មាន​ពេល​បង្អង់​ទៀត​ឡើយ។ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រមូល​របស់​ទាំង​អស់​មក​តែ​មួយ។ព្រះ​អម្ចាស់​ទ្រង់​បាន​ទម្លាក់​ក្រុង​ស៊ីយ៉ូន​មក​ពី​ស្ថាន​លើ។ព្រះ​អម្ចាស់​ទ្រង់​បាន​ដំ​ឡើង​ក្រុង​ស៊ីយ៉ូន​មក​ពី​ស្ថាន​ខាង​ក្រោម។

១០១ផែនដី​បាន​ឈឺពោះ ហើយ​សម្រាល​បាន​កម្លាំង​នាង​មក​ហើយ​សេចក្ដី​ពិត​ត្រូវ​បាន​តាំង​ឡើង​ក្នុង​ពោះ​នាង​ហើយ​ស្ថាន​សួគ៌​បាន​ញញឹម​ដាក់​នាង​ហើយ​នាង​ត្រូវ​បាន​ពាក់​ដោយ​សិរី​ល្អ​នៃ​ព្រះ​របស់​នាងត្បិត​ទ្រង់​ឈរ​នៅ​កណ្ដាល​រាស្ត្រ​របស់​ទ្រង់​ហើយ។

១០២សូម​ថ្វាយ​សិរី​ល្អ និង​កិត្តិនាម និង​ព្រះ​ចេស្ដា និង​ឥទ្ធិ​ឫទ្ធិ​ដល់​ព្រះ​របស់​យើង ត្បិត​ទ្រង់​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណាសេចក្ដី​យុត្តិធម៌ ព្រះ​គុណ និង​សេចក្ដី​ពិត និង​សេចក្ដី​សុខសាន្ត​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​ត​ទៅ។ អាម៉ែន។

១០៣ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ការ​ចាំ​បាច់​ថា​មនុស្ស​គ្រប់​រូប​ណា​ដែល​ចេញ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង គឺថា​ដរាបណា​ពួក​គេ​មាន​គ្រួសារ ហើយ​ទទួល​ប្រាក់​កាស​ជា​រង្វាន់​ក្ដី នោះ​ពួក​គេ​ត្រូវ​ផ្ញើ​ប្រាក់​នោះ​ទៅ​ឲ្យ​គ្រួសារ​ពួក​គេ ឬ​យក​មក​ប្រើ​ប្រាស់​សម្រាប់​ប្រយោជន៍​ដល់​គ្រួសារ​របស់​ពួក​គេ ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​នឹង​ចាត់​ដល់​ខ្លួន​គេ ត្បិត​យ៉ាង​នោះ​ហើយ ទើប​ឃើញ​ថា​ល្អ​ដល់​យើង។

១០៤ហើយ​ចូរ​អស់​អ្នក​ទាំង​នោះ​ដែល​គ្មាន​គ្រួសារ ដែល​ទទួល​ប្រាក់​កាស ឲ្យ​ផ្ញើ​ប្រាក់​ឡើង​ទៅ​ឲ្យ​ប៊ីស្សព​នៅ​ក្រុង​ស៊ីយ៉ូន ឬ​ទៅ​ឲ្យ​ប៊ីស្សព​នៅ​រដ្ឋ​អូហៃអូ ប្រយោជន៍​ឲ្យ​វា​អាច​បាន​ថ្វាយ​ទុក​សម្រាប់​ការ​នាំ​ចេញ​មក​នូវ​វិវរណៈ​ទាំង​ឡាយ និង​ការ​បោះពុម្ព​វិវរណៈ​ទាំង​នោះ និង​សម្រាប់​ការ​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង។

១០៥ហើយ​បើ​សិន​ជា​មនុស្ស​ណា​មួយ​ឲ្យ​អាវ​មួយ ឬ​អាវ​ខោ​មួយ​កំប្លេ នោះ​ចូរ​យក​របស់​ចាស់ ហើយ​បោះ​វា​ទៅ​ឲ្យ​មនុស្ស​ទ័ល​ក្រ ហើយ​ចូរ​ទៅ​តាម​ផ្លូវ​ដោយ​អរ​សប្បាយ​ចុះ។

១០៦ហើយ​បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​កម្លាំង​ខ្លាំង​ឡើង នៅ​ក្នុង​ព្រះ​វិញ្ញាណ ចូរ​ឲ្យ​អ្នក​នោះ​យក​អ្នក​ណា​មួយ​ដែល​ទន់ខ្សោយ​ទៅ​ជា​មួយ​គាត់ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​ស្អាង​ឡើង​ក្នុង​ភាព​ស្លូតបូត​គ្រប់​យ៉ាង ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​ត្រឡប់​ជា​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ។

១០៧ហេតុ​ដូច្នេះ​ហើយ ចូរ​យក​អស់​អ្នក​ណា​ដែល​បាន​តែងតាំង​ឡើង​ចំពោះ​បព្វជិតភាព​តូច​ជាង​ទៅ​ជា​មួយ​អ្នក​ចុះ ហើយ​ចាត់​ឲ្យ​ពួក​គេ​ទៅ​មុន​អ្នក ដើម្បី​ណាត់​ពេល​ទុក ហើយ​ដើម្បី​រៀបចំ​ផ្លូវ និង​ដើម្បី​បំពេញ​កិច្ចការ​ទាំង​ឡាយ​ណា ដែល​រូប​អ្នក​ផ្ទាល់​ពុំ​អាច​បំពេញ​បាន​នោះ។

១០៨មើល​ចុះ នេះ​ហើយ​ជា​មាគ៌ា​ដែល​ពួក​សាវក​របស់​យើង​នៅ​សម័យ​បុរាណ បាន​សាង​សាសនាចក្រ​របស់​យើង​ឡើង​ដល់​យើង។

១០៩ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​ឈរ​នៅ​ក្នុង​តំណែង​របស់​ខ្លួន ហើយ​ចូរ​ធ្វើ​ការ​ក្នុង​ការ​ហៅ​របស់​ខ្លួន​ចុះ ហើយ​ចូរ​កុំ​ឲ្យ​ក្បាល​និយាយ​ដល់​ជើង​ថា ខ្លួន​មិន​ត្រូវ​ការ​ដល់​ជើង​នោះ​ឡើយ ត្បិត​បើ​សិន​ជា​គ្មាន​ជើង​ទេ នោះ​តើ​រូប​កាយ​នឹង​ឈរ​យ៉ាង​ណា​បាន?

១១០រីឯ​រូប​កាយ​ក៏​ត្រូវ​ការ​អវយវៈ​ទាំង​អស់​ដែរ ប្រយោជន៍​ឲ្យ​ទាំង​អស់​អាច​បាន​ស្អាង​ឡើង​ទាំង​អស់​គ្នា ប្រយោជន៍​ឲ្យ​អង្គការ​អាច​បាន​រក្សាទុក​ដោយ​ល្អ​ឥត​ខ្ចោះ។

១១១ហើយ​មើល​ចុះ ពួក​សង្ឃ​ជាន់​ខ្ពស់​គួរ​ធ្វើ​ដំណើរ និង​ពួក​អែលឌើរ​ផង​ដែរ និង​ពួក​សង្ឃ​ជាន់​ទាប​ផង​ដែរ ប៉ុន្តែ​ពួក​ឌីកុន និង ពួក​គ្រូ គួរ​តាំង​ឲ្យ​មើល​លើ​សាសនាចក្រ ដើម្បី​ធ្វើ​ជា​ពួក​អ្នក​បម្រើ​អចិន្ត្រៃយ៍​ចំពោះ​សាសនាចក្រ។

១១២ហើយ​ប៊ីស្សព នូវល ខេ វិតនី ក៏​គួរ​ធ្វើ​ដំណើរ​ជុំវិញ និង​នៅ​ក្នុង​ចំណោម​សាសនាចក្រ​ទាំង​អស់ ដោយ​ស្វែងរក​មនុស្ស​ទាល់​ក្រ ដើម្បី​ចាត់ចែង​ដល់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ ដោយ​បន្ទាប​ពួក​អ្នក​មាន និង​ពួក​អ្នក​ឆ្មើងឆ្មៃ។

១១៣គាត់​គួរ​ជួល​ភ្នាក់​ងារ​ណា​មួយ​ឲ្យ​មើល​ខុសត្រូវ និង​ធ្វើ​ធុរៈ​ខាង​សាច់​ឈាម​របស់​គាត់ តាម​ដែល​គាត់​នឹង​ចាត់ចែង។

១១៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​ឲ្យ​ប៊ីស្សព​ទៅ​ឯ​ទី​ក្រុង​ញូវយ៉ក និង​ទៅ​ទី​ក្រុង​អាលប៉ានី​ផង និង​ទៅ​ទី​ក្រុង​បោស្តុន​ផង​ដែរ ហើយ​ព្រមាន​ដល់​ប្រជាជន​នៅ​ទី​ក្រុង​ទាំង​នោះ ដោយ​សូរ​សំឡេង​ពី​ដំណឹង​ល្អ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​ពី​សេចក្ដី​ហិន​វិនាស និង​សេចក្ដី​កម្ទេច​សូន្យ ដែល​រង់ចាំ​ពួក​គេ បើ​សិន​ជា​ពួក​គេ​មិន​ទទួល​ការណ៍​ទាំង​នេះ​ទេ។

១១៥ត្បិត​បើ​សិន​ជា​ពួក​គេ​មិន​ទទួល​ការណ៍​ទាំង​នេះ​ទេ នោះ​ម៉ោង​នៃ​សេចក្ដី​ជំនុំ​ជំរះ​របស់​ពួក​គេ​នៅ​ជិតបង្កើយ ហើយ​ផ្ទះ​សំបែង​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល​ស្ងាត់​សូន្យឈឹង​ដល់​ពួក​គេ។

១១៦ចូរ​ឲ្យ​គាត់​ទុក​ចិត្ត​ដល់​យើង ហើយ​គាត់​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្មាស​ឡើយ ហើយ​សក់​ក្បាល​របស់​គាត់​មួយ​សរសៃ​ក៏​នឹង​មិន​ជ្រុះ​ទៅ​ដល់​ដី​ដោយ​មិន​ដឹង​បាន​ឡើយ។

១១៧ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​អ្នក​បម្រើ​របស់​យើង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​តាម​កាលៈទេសៈ​របស់​អ្នក​រាល់​គ្នា​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​ការ​ហៅ​របស់​អ្នក​រៀងៗ​ខ្លួន ទៅ​ឯ​ទី​ក្រុង និង​ភូមិ​ទាំង​ឡាយ​ដ៏​ធំៗ និង​ល្បី​ល្បាញ​ចុះ ដោយ​ស្ដី​បន្ទោស​ពិភពលោក ដោយ​នូវ​សេចក្ដី​សុចរិត​ពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត និង​ឥត​ល្អ​ទាំង​ឡាយ​របស់​ពួក​គេ ដោយ​ពន្យល់​យ៉ាង​ច្បាស់​លាស់ និង​ជាក់​លាក់​ពី​សេចក្ដី​ហិន​វិនាស​ដ៏​គួរ​ខ្ពើម​ឆ្អើម​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។

១១៨ត្បិត​ដោយ​សារ​អ្នក​រាល់​គ្នា នោះ​ព្រះ​អម្ចាស់​ដ៏​មាន​មហិទ្ធិឫទ្ធិ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​បណ្ដាច់​នគរ​ទាំង​ឡាយ​របស់​ពួក​គេ យើង​នឹង​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ផែនដី​កក្រើក​ទេ ប៉ុន្តែ​ផ្ទៃ​មេឃ​ដ៏​ពេញ​ទៅ​ដោយ​ផ្កាយ​នឹង​ញ័រ​រន្ធត់។

១១៩ត្បិត​យើង ជា​ព្រះ​អម្ចាស់ បាន​ដាក់​ព្រះ​ហស្ត​របស់​យើង ដើម្បី​បញ្ចេញ​អំណាច​ពី​ស្ថាន​សួគ៌ អ្នក​រាល់​គ្នា​មិន​អាច​មើល​ឃើញ​អំណាច​នោះ​នៅ​ពេល​នេះ​បាន​ឡើយ តែ​នៅ​បន្តិច​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មើល​ឃើញ​អំណាច​នោះ ហើយ​ស្គាល់​ថា​យើង​ជា​ព្រះ ហើយ​ថា​យើង​នឹង​យាង​មក ហើយ​សោយរាជ្យ​នៅ​ជាមួយ​នឹង​រាស្ត្រ​យើង។

១២០យើង​ជា​អាលផា និង​អូមេកា ជាដើម ហើយ​ជា​ចុង។ អាម៉ែន៕