« មេរៀនទី ២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការឆ្លើយតបទៅនឹងព្យាការីរបស់ព្រះអម្ចាស់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២ ឯកសាររៀបចំសម្រាប់ថ្នាក់
ការឆ្លើយតបទៅនឹងព្យាការីរបស់ព្រះអម្ចាស់
អ្នកប្រហែលជាបានឃើញមនុស្សមានប្រតិកម្មផ្សេងៗគ្នាទៅនឹងសារដែលបានថ្លែងដោយពួកព្យាការី ។ មនុស្សនៅក្នុងព្រះគម្ពីរមរមន ក៏មានប្រតិកម្មផ្សេងៗគ្នាផងដែរ ។ តើយើងអាចរៀនអ្វីខ្លះពីមនុស្ស និងព្យាការីក្នុងព្រះគម្ពីរមរមន អំពីការឆ្លើយតបទៅនឹងព្រះអម្ចាស់ និងសាររបស់ទ្រង់ ? នៅពេលអ្នកសិក្សា សូមពិចារណាអំពីរបៀបដែលអ្នកអាចនឹងឆ្លើយតបដោយសេចក្តីជំនឿ និងការគោរពតាមកាន់តែច្រើនឡើង ដល់ព្រះបន្ទូលរបស់ព្រះ ដែលទ្រង់បានមានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ ។
ផ្នែកទី ១
តើការព្រមានរបស់ពួកព្យាការីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះខ្ញុំដោយរបៀបណា ?
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានមានប្រសាសន៍ ៖
ដោយសារព្រះអម្ចាស់មានព្រះទ័យសន្ដោស ទ្រង់ហៅពួកអ្នកបម្រើឲ្យព្រមានដល់មនុស្សទូទៅអំពីគ្រោះថ្នាក់ ។ ការហៅព្រមាននោះកាន់តែពិបាក និងកាន់តែសំខាន់ដោយសារថាតម្លៃដ៏ប្រពៃពីការព្រមាននោះគឺអំពីគ្រោះថ្នាក់ ដែលប្រជាជនមិនទាន់បានគិតថាមានពិត ។ ( « A A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ )
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី១ ១:៤ ដោយរកមើលនរណាដែលព្រះអម្ចាស់បានបញ្ជូនឲ្យព្រមានដល់ប្រជាជននៃក្រុងយេរូសាឡិម និងសារអ្វីដែលពួកលោកបានថ្លែង ។
ដូចជាពួកព្យាការីជាច្រើនពីមុនលោកដែរ លីហៃបានអធិស្ឋានសម្រាប់ប្រជាជននៃក្រុងយេរូសាឡិម ។ បន្ទាប់មក លោកបានស្លុងទៅក្នុងព្រះវិញ្ញាណ ហើយបានឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងការនិមិត្ត ។ ព្រះអម្ចាស់បានបង្ហាញលីហៃនូវព្រះគម្ពីរមួយ ហើយបានសុំឲ្យលោកអានវា ។ ( សូមមើល នីហ្វៃទី១ ១:៥–១២ ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី១ ១:១៣–១៤ ដោយស្វែងរកអ្វីដែលលីហៃបានយល់អំពីព្រះអម្ចាស់ ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
ការលើកទឹកចិត្តឲ្យបន្លឺសំឡេងព្រមានគឺជាក្ដីស្រឡាញ់—ជាក្ដីស្រឡាញ់ចំពោះព្រះ និងមនុស្សដទៃ ។ ការព្រមានគឺជាការខ្វល់ខ្វាយ ។ ( « The Voice of Warning » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៩ )
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី១ ១:១៩–២០ ដោយរកមើលរបៀបដែលប្រជាជននៃក្រុងយេរូសាឡិម បានឆ្លើយតបទៅនឹងសារដែលលីហៃបានចែកចាយ ។
នៅក្នុងជំនាន់របស់យើង ព្រះអម្ចាស់បានហៅបុរស ១៥ នាក់ ( សមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ) ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមនេះ អំពីវត្តមានរបស់ពួកព្យាការីនៅលើផែនដីនេះ ៖
ការមានពួកព្យាការីគឺជាសញ្ញាមួយនៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះកូនចៅរបស់ទ្រង់ ។ ពួកលោកប្រាប់ឲ្យដឹងអំពីការសន្យា ព្រមទាំងលក្ខណៈពិតនៃព្រះ និងព្រះយេស៊ូវគ្រីស្ទដល់រាស្ត្រទ្រង់ ។( « Prophets Speak by the Power of the Holy Spirit » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៩ )
នីហ្វៃក៏បានបង្រៀនផងដែរថា ព្រះអង្គសង្គ្រោះគឺជាចំណុចសំខាន់នៃអ្វីដែលពួកព្យាការីបង្រៀន និងសរសេរ ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី២ ២៥:២៦ ដោយរកមើលពីមូលហេតុដែលពួកព្យាការីបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
តើពួកព្យាការីបានជួយឲ្យសេចក្ដីជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះកើនឡើងដោយរបៀបណា ? តើសារដែលប្រកបដោយការព្យាករថ្មីៗនេះអ្វីខ្លះ ដែលបានជួយអ្នកឲ្យយល់កាន់តែច្បាស់ពីលក្ខណៈរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ?
ផ្នែកទី ២
តើខ្ញុំអាចដឹងបានដោយរបៀបណា ថាព្យាការីដែលនៅរស់តំណាងឲ្យព្រះអម្ចាស់ ?
សូមស្រមៃថាតើវាអាចនឹងមានអារម្មណ៍យ៉ាងណា ក្នុងការធ្វើជាកូនម្នាក់របស់លីហៃ ពេលដែលលោកបានប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យពួកគេចាកចេញពីផ្ទះរបស់ពួកគេ ហើយធ្វើដំណើរទៅក្នុងវាលរហោស្ថាននោះ ? តើអ្នកគិតថា អ្នកនឹងមានប្រតិកម្មរបៀបណាចំពោះសារនេះ ?
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី១ ២:១១–១៣, ១៦–១៧ ដោយរកមើលរបៀបដែលកូនប្រុសទាំងឡាយរបស់លីហៃបានឆ្លើយតបទៅនឹងសាររបស់ព្រះអម្ចាស់ ដែលឲ្យភៀសខ្លួនចេញពីក្រុងយេរូសាឡិមនោះ ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
ប្រធាន អាវរិង បានពន្យល់ ៖
ក្នុងចំណោមគ្រួសារលីហៃ មានតែអ្នកដែលមានសេចក្ដីជំនឿ ហើយពួកគេផ្ទាល់បានទទួលវិវរណៈបញ្ជាក់ ដែលបានឃើញទាំងគ្រោះថ្នាក់ និងផ្លូវទៅកាន់សុវត្ថិភាព ។ សម្រាប់អ្នកដែលគ្មានសេចក្ដីជំនឿ ការផ្លាស់ប្តូរទៅនៅក្នុងទីរហោស្ថានហាក់ដូចជាមិនត្រឹមតែល្ងង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគ្រោះថ្នាក់ទៀតផង ។ ( « Safety in Counsel » Ensign ខែ មិថុនា ឆ្នាំ ២០០៨ ទំព័រ ៧ )
កត់ត្រាគំនិតរបស់អ្នក
សូមពិចារណាពីការសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើអ្នកអាចរៀនអ្វីខ្លះចេញពីគំរូរបស់កូនប្រុសទាំងឡាយរបស់លីហៃ ដែលអាចណែនាំការឆ្លើយតបរបស់អ្នកចំពោះការបង្រៀនដែលប្រកបដោយការព្យាករ ? តើពេលណាដែលអ្នកបានទទួលសាក្សីមួយអំពីការហៅរបស់ព្យាការី ឬអំពីសាររបស់ព្យាការី ?
ផ្នែកទី ៣
តើខ្ញុំអាចរៀនអ្វីខ្លះ ពីរបៀបដែលមនុស្សក្នុងព្រះគម្ពីរមរមន បានប្រតិកម្មទៅនឹងសាររបស់ព្រះអម្ចាស់ ដែលបានថ្លែងតាមរយៈពួកព្យាការីរបស់ទ្រង់ ?
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមជ្រើសរើសឧទាហរណ៍មួយ ឬច្រើនដូចតទៅនេះ អំពីព្យាការីដែលថ្លែងសារមួយមកពីព្រះអម្ចាស់ ។ កាលអ្នកសិក្សា សូមរកមើលរបៀបដែលមនុស្សបានឆ្លើយតប ។ សូមរកមើលគោលការណ៍ទាំងឡាយ ដែលអ្នករៀនអំពីការឆ្លើយតបទៅនឹងពួកព្យាការី ។ សូមពិចារណាក្នុងការសរសេរគោលការណ៍ទាំងឡាយដែលអ្នករកឃើញ ហើយយកវាមកថ្នាក់ ។
-
ស្ដេចបេនយ៉ាមីន ៖ ពាក្យសម្ដីនៃមរមន ១:១៧–១៨; ម៉ូសាយ ២:៩; ៤:១–៣
-
អ័ប៊ីណាដៃ ៖ ម៉ូសាយ ១២:១, ៩; ១៣:១–៣; ១៥:១១; ១៧:១១–២០
-
អាលម៉ា ៖ ម៉ូសាយ ១៧:១–៤; ១៨:១–៣, ១៤–១៦
-
នីហ្វៃ កូនប្រុសរបស់ហេលេមិន ៖ ហេលេមិន ៧:១១–១៣, ១៧–២០; ៨:៤, ៧–៩
-
សាំយូអែល ៖ ហេលេមិន ១៣:២–៥, ៨, ១១; ១៦:១–៣, ៦–៧, ១៥–១៨
ខណៈបម្រើជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បានបង្រៀនដូចតទៅនេះ ៖
យើងមានជម្រើសមួយ ។ យើងអាចជ្រើសរើសមិនអើពើ មិនខ្វាយខ្វល់ មិនគោរព ឬបះបោរទាស់នឹងព្រះបន្ទូលនៃព្រះគ្រីស្ទដែលបានថ្លែងដោយពួកអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ ។ ប៉ុន្តែ ព្រះអង្គសង្គ្រោះបានបង្រៀនថា អ្នកទាំងឡាយដែលធ្វើដូច្នោះ នឹងត្រូវកាត់ចេញពីរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ [ សូមមើល នីហ្វៃទី៣ ២០:២៣ ] ។ …
… សូមឲ្យយើងជ្រើសរើសឈរជាមួយពួកព្យាការី ហើយរស់នៅតាមពាក្យសម្ដីរបស់ពួកលោក រហូតដល់យើងបានរួបរួមក្នុងសេចក្ដីជំនឿ បរិសុទ្ធនៅក្នុងព្រះគ្រីស្ទ ហើយពេញដោយចំណេះដឹងអំពីព្រះរាជបុត្រានៃព្រះ ។ ( « Live according to the Words of the Prophets » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៩ )