« មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ជីវិតបន្ទាប់ពីសេចក្ដីស្លាប់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់
ជីវិតបន្ទាប់ពីសេចក្ដីស្លាប់
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « យើងមិនចាំបាច់មើលទៅសេចក្ដីស្លាប់ថាជាសត្រូវនោះទេ ។ ដោយមានការយល់ដឹង និងការរៀបចំខ្លួនយ៉ាងពេញលេញ នោះសេចក្ដីជំនឿនឹងជំនួសឲ្យការភ័យខ្លាច ។ សេចក្ដីសង្ឃឹមជំនួសឲ្យការអស់សង្ឃឹម » ( « Doors of Death » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៧៤ ) ។ នៅពេលអ្នកសិក្សាឯកសាររៀបចំនេះ សូមពិចារណាពីអ្វីដែលព្រះគម្ពីរមរមនបង្រៀនអំពីសេចក្ដីស្លាប់ និងជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ដែលអាចជួយអ្នកឲ្យ « ប្រុងប្រៀបទៅជួបព្រះ » ( អាលម៉ា ១២:២៤ ) ។
ផ្នែកទី ១
តើនឹងមានអ្វីកើតឡើង បន្ទាប់ពីយើងស្លាប់ទៅ ?
បន្ទាប់ពីកូរីអានតុន ដែលជាកូនប្រុសរបស់អាលម៉ាជាកូន បានបោះបង់ការងារបម្រើ ហើយប្រព្រឹត្តអំពើបាបខាងផ្លូវភេទ នោះឪពុករបស់គាត់បាននិយាយជាមួយនឹងគាត់អំពីភាពធ្ងន់ធ្ងរនៃទង្វើរបស់គាត់ ។ អាលម៉ាបានដឹងថា កូរីអានតុនបានភ័យព្រួយនឹងជីវិតបន្ទាប់ពីសេចក្ដីស្លាប់ និងការដាក់ទោសដែលរង់ចាំមនុស្សមានបាប ។ អាលម៉ាបានបង្រៀនកូនប្រុសរបស់លោកថា ខណៈមនុស្សទាំងអស់នឹងបានរស់ឡើងវិញ នោះមានតែមនុស្សសុចរិតប៉ុណ្ណោះដែលនឹងរស់នៅជាមួយព្រះ ( សូមមើល អាលម៉ា ៤០:១, ៩–១០, ២៥–២៦ ) ។ លោកក៏បានពន្យល់ពីអ្វីដែលកើតឡើងចំពោះវិញ្ញាណរបស់យើងនៅចន្លោះនៃសេចក្តីស្លាប់ និងដំណើររស់ឡើងវិញផងដែរ ។
ការសិក្សានៅក្នុងរៀបចំសម្រាប់ថ្នាក់រៀន
នៅពេលអ្នកអានការបង្រៀនមួយចំនួនរបស់អាលម៉ាអំពីពិភពវិញ្ញាណនៅក្នុង អាលម៉ា ៤០:១១–១៤ សូមប្រៀបធៀបភាពខុសគ្នារវាងបទពិសោធន៍របស់មនុស្សសុចរិត និងបទពិសោធន៍របស់មនុស្សទុច្ចរិត ។ ( នៅពេលអាលម៉ាបានប្រើឃ្លា « ភាពងងឹតខាងក្រៅ » លោកសំដៅលើសភាពរបស់មនុស្សទុច្ចរិតនៅចន្លោះនៃសេចក្ដីស្លាប់ និងដំណើររស់ឡើងវិញ លោកមិនមែនសំដៅលើសភាពចុងក្រោយរបស់សាតាំង និងពួកអ្នកដើរតាមវានោះទេ ។ សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ស្ថាននរក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ បានបង្រៀនដូច្នេះអំពីឃ្លានេះ « នឹងបានត្រឡប់ទៅផ្ទះវិញ គឺទៅជួបនឹងព្រះដែលទ្រង់បានប្រទានជីវិតដល់គេ » ៖
[ ឃ្លានេះ ] មានន័យសាមញ្ញថា ជីវិតរមែងស្លាប់របស់ពួកគេបានមកដល់ទីបញ្ចប់ ហើយពួកគេបានត្រឡប់ទៅពិភពវិញ្ញាណវិញ ជាកន្លែងដែលពួកគេត្រូវបានដាក់ទៅកន្លែងមួយស្របតាមកិច្ចការរបស់ពួកគេដោយសេចក្ដីយុត្តិធម៌ ឬដោយមិនយុត្តិធម៌ នៅទីនោះដើម្បីរង់ចាំការរស់ឡើងវិញ ។ ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Answers to Gospel Questions បាននិពន្ធដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ ជុញ្ញ័រ [ ឆ្នាំ ១៩៥៨ ] ២:៨៥ )
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយក៏បានថ្លែងដូចខាងក្រោមនេះអំពីពិភពវិញ្ញាណដែរ ៖
តាមរយៈព្រះគម្ពីរ យើងដឹងថា បន្ទាប់ពីរូបកាយយើងស្លាប់ទៅ យើងបន្តរស់នៅជាវិញ្ញាណនៅក្នុងពិភពវិញ្ញាណ ។ ព្រះគម្ពីរក៏បង្រៀនផងដែរថា ពិភពវិញ្ញាណនេះត្រូវបានបែងចែករវាងពួកអ្នក « សុចរិត » ឬ « យុត្តិធម៌ » ពេលនៅរស់ និងពួកអ្នកដែលទុច្ចរិត ។ ព្រះគម្ពីរក៏ពិពណ៌នាផងដែរពីរបៀបដែលវិញ្ញាណស្មោះត្រង់មួយចំនួនបង្រៀនដំណឹងល្អដល់ពួកវិញ្ញាណដែលទុច្ចរិត ឬពួកបះបោរ ( សូមមើល ពេត្រុស ទី១ ៣:១៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៩–២០, ២៩, ៣២, ៣៧ ) ។ សំខាន់បំផុត វិវរណៈសម័យទំនើបបង្ហាញថា កិច្ចការនៃសេចក្ដីសង្គ្រោះឆ្ពោះទៅមុខនៅក្នុងពិភពវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣០–៣៤, ៥៨ ) ហើយទោះជាយើងត្រូវបានជម្រុញមិនឲ្យពន្យារពេលនៃការប្រែចិត្តរបស់យើងនៅក្នុងជីវិតរមែងស្លាប់ក្ដី ( សូមមើល អាលម៉ា ១៣:២៧ ) ក៏យើងត្រូវបានបង្រៀនថា ការប្រែចិត្តមួយចំនួនគឺអាចកើតឡើងនៅទីនោះផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៨ ) ។ ( «Trust in the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៦ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើការមានការយល់ដឹងត្រឹមត្រូវអំពីពិភពវិញ្ញាណ អាចជួយអ្នកឲ្យធ្វើការជ្រើសរើសល្អៗយ៉ាងដូចម្តេច ?
ផ្នែកទី ២
តើការជឿលើដំណើររស់ឡើងវិញអាចនាំសេចក្ដីសង្ឃឹមដល់ខ្ញុំដោយរបៀបណា ?
នៅពេលអាលម៉ា និងអាមូលេកបានបង្រៀនប្រជាជនអាំំម៉ូណៃហា នោះមានមេធាវីម្នាក់ឈ្មោះ ស៊ីអែសរ៉ុម បានប៉ុនប៉ងបំប្លែងពាក្យសម្ដីរបស់អាមូលេក ហើយធ្វើឲ្យការបង្រៀនរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទចុះអន់ខ្សោយ ។ ជាការឆ្លើយតបវិញ អាមូលេកបានថ្លែងទីបន្ទាល់យ៉ាងមោះមុតថា ការរស់ឡើងវិញ និងសេចក្ដីសង្គ្រោះចេញពីអំពើបាបអាចកើតមានឡើង តែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
ការសិក្សានៅក្នុងរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន អាលម៉ា ១១:៤២–៤៤ ហើយរកមើលពរជ័យដែលយើងនឹងទទួលបានតាមរយៈការរស់ឡើងវិញ ។
ដោយថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការរស់ឡើងវិញ ប្រធាន ស៊ូសាន ដបុលយូ ថែនណឺ អតីតប្រធានយុវនារីទូទៅបានបង្រៀន ៖
រូបកាយដ៏ពិសិដ្ឋទាំងនេះ ដែលយើងមានអំណរគុណយ៉ាងខ្លាំង រងទុក្ខនឹងការដាក់ដែនកំណត់ពីធម្មជាតិ ។ មនុស្សមួយចំនួនកើតមកពិការ ហើយមួយចំនួនទៀតរងទុក្ខឈឺចាប់ដោយសារជំងឺពេញមួយជីវិតរបស់ពួកគេ ។ ពួកយើងទាំងអស់គ្នាពេលយើងចម្រើនវ័យកាន់តែច្រើន នឹងដឹងថារូបកាយរបស់យើងចាប់ផ្ដើមអន់ថយម្ដងបន្ដិចៗ ។ នៅពេលរឿងនេះកើតឡើង យើងរង់ចាំឲ្យដល់ថ្ងៃដែលរូបកាយរបស់យើងនឹងទទួលបានការព្យាបាល និងពេញលេញឡើងវិញ ។ យើងទន្ទឹងរង់ចាំការរស់ឡើងវិញ ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យវាកើតឡើងបាន ។ … ខ្ញុំដឹងថា តាមរយៈព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីអំណរដ៏ពេញលេញ ដែលមានតែនៅពេលវិញ្ញាណ និងវត្ថុធាតុនៅជាប់គ្នាដោយឥតបែកបាក់ប៉ុណ្ណោះ ( សូមមើល គ.&ស. ៩៣:៣៣ ) ។ ( « The Sanctity of the Body » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៥ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើការមានទីបន្ទាល់អំពីការរស់ឡើងវិញ អាចជួយអ្នកឲ្យប្រឈមនឹងឧបសគ្គក្នុងជីវិតដោយមានសេចក្ដីសង្ឃឹម និងទឹកចិត្តក្លៀវក្លាដោយរបៀបណា ?
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីប្រុងប្រៀបខ្លួនបានប្រសើរដើម្បីទៅជួបព្រះ ?
បីបួនឆ្នាំក្រោយពីបង្រៀននៅដែនដីអាំម៉ូណៃហា នោះអាលម៉ា និងអាមូលេកបានទៅបេសកកម្មមួយទៀត លើកនេះទៅកាន់ពួកសាសន៍សូរាំដែលក្បត់សាសនា ។ អាលម៉ា និងអាមូលេកចាប់ផ្ដើមទទួលបានជោគជ័យនៅក្នុងចំណោមក្រុមមនុស្សដែលបន្ទាបខ្លួនជាង ។ ក្រោយពីការបង្រៀនប្រជាជននេះឲ្យមើលទៅព្រះយេស៊ូវគ្រីស្ទ និងជឿលើព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់ហើយ នោះអាមូលេកបានអញ្ជើញពួកគេឲ្យរៀបចំខ្លួនទៅជួបនឹងព្រះ ។
ការសិក្សានៅក្នុងរៀបចំសម្រាប់ថ្នាក់រៀន
សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីរៀបចំខ្លួនកាន់តែប្រសើរទៅជួបនឹងព្រះ នៅពេលអ្នកអាន អាលម៉ា ៣៤:៣២–៣៤ ។
ដោយថ្លែងពីសារៈសំខាន់នៃការរៀបចំខ្លួននៅថ្ងៃនេះដើម្បីជួបនឹងព្រះ ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានបង្រៀនថា
មានគ្រោះថ្នាក់មួយនៅក្នុងពាក្យថា នៅថ្ងៃណាមួយ ជាពេលដែលវាមានន័យថា « មិនមែនថ្ងៃនេះទេ » ។ « ខ្ញុំនឹងប្រែចិត្តនៅថ្ងៃណាមួយ » ។ « ខ្ញុំនឹងអភ័យទោសឲ្យគាត់នៅថ្ងៃណាមួយ » ។ …
ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ពីគ្រោះថ្នាក់នៃការពន្យារពេល ។ … ថ្ងៃនេះគឺជាអំណោយដ៏មានតម្លៃមួយពីព្រះ ។ គំនិតថា « ថ្ងៃណាមួយ ខ្ញុំនឹង » អាចជាចោរឆក់ឱកាសយកពេលវេលា និងពរជ័យនៃភាពអស់កល្បជានិច្ច ។( « This Day » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៨៩ )
នៅពេលអាលម៉ាជាកូន បានផ្ដល់ការងារបម្រើដល់ប្រជាជននៅដែនដីសារ៉ាហិមឡា លោកបានសួរសំណួរពញ្ញាក់ស្មារតីជាច្រើនដើម្បីជួយពួកគេឲ្យពិចារណាពីអ្វីដែលពួកគេត្រូវតែធ្វើ ដើម្បីបានរៀបចំទៅឈរនៅក្នុងវត្តមានរបស់ព្រះ ( សូមមើល អាលម៉ា ៥ ) ។
ការសិក្សានៅក្នុងរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន អាលម៉ា ៥:១៥–១៧, ១៩, ២៧, ៣៣ ហើយពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយសំណួររបស់អាលម៉ា ។
កត់ត្រាគំនិតរបស់អ្នក
ក្រោយពីសញ្ជឹងគិតពីសំណួររបស់អាលម៉ាហើយ សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយនឹងសំណួរដូចតទៅនេះមកពីប្រធានអូក ៖ « ប្រសិនបើ [ អ្នក ] បានដឹងថា [ អ្នក ] ត្រូវជួបនឹងព្រះអម្ចាស់នៅថ្ងៃស្អែក—តាមរយៈការស្លាប់មុនអាយុ [ របស់អ្នក ] ឬតាមរយៈការយាងមកដែលមិនបានរំពឹងជាមុនរបស់ទ្រង់—តើ [ អ្នក ] នឹងធ្វើអ្វីខ្លះនៅថ្ងៃនេះ ? » ( « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ) ។