« មេរៀនទី ២៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ មករកព្រះគ្រីស្ទ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ២៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ២៨ ឯកសាររៀបចំសម្រាប់ថ្នាក់
មករកព្រះគ្រីស្ទ
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា « ការសិក្សាព្រះគម្ពីរមរមនគឺជារង្វាន់ដ៏វិសេសបំផុត នៅពេលមនុស្សម្នាក់ផ្តោតទៅលើគោលបំណងចម្បងរបស់វា—ដើម្បីថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការប្រៀបធៀប នោះបញ្ហាផ្សេងៗទៀតទាំងអស់គឺជារឿងចៃដន្យ » ( « A Testimony of the Book of Mormon » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៩ ) ។ តើការសិក្សាព្រះគម្ពីរមរមនរបស់អ្នកបានជួយអ្នកឲ្យកាន់តែខិតទៅជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? នៅពេលអ្នកសិក្សា សូមសួរទៅខ្លួនអ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីខិតជិតទៅទ្រង់កាន់តែពេញលេញ ។
ផ្នែកទី ១
តើអំណាចអ្វីដែលខ្ញុំមានសិទ្ធិទទួល ប្រសិនបើខ្ញុំសង់គ្រឹះរបស់ខ្ញុំនៅលើព្រះយេស៊ូវគ្រីស្ទ ?
នៅឆ្នាំ ៣០ មុន គ.ស. ពួកសាសន៍នីហ្វៃ « បានធ្លាក់ទៅក្នុងស្ថានភាពឥតជំនឿ និងទុច្ចរិតដ៏គួរស្ញែងខ្លាច » និង « ទុំល្មមសម្រាប់ការបំផ្លិចបំផ្លាញ » ( ហេលេមិន ៤:២៥; ៥:២ ) ។ នីហ្វៃ បានលាលែងពីវេទិកាជំនុំជម្រះ ដោយសារតែនឿយហត់នឹងអំពើទុច្ចរិតរបស់ប្រជាជន ហើយលោក និងប្អូនប្រុសរបស់លោកគឺ លីហៃ បានពលីជីវិតរបស់លោកដែលនៅសេសសល់ដើម្បីផ្សព្វផ្សាយដំណឹងល្អ ( សូមមើល ហេលេមិន ៥:៤ ) ។ ពីមុនពួកលោកបានចេញទៅបម្រើបេសកកម្ម ពួកលោកបានចងចាំពីពាក្យទូន្មានដ៏សំខាន់ ដែលពួកលោកបានទទួលមកពីឪពុករបស់ពួកលោក គឺហេលេមិន ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
ហេលេមិន បានពិពណ៌នាពីការសាកល្បងនៃជីវិតដោយប្រើរូបភាពនៃខ្យល់គួច ។ តើខ្យល់គួចអ្វីដែលអ្នកកំពុងប្រឈមមុខ ដែលអ្នកអាចប្រើជំនួយរបស់ព្រះអម្ចាស់បាន ?
ខណៈដែលកំពុងបម្រើនៅក្នុងគណៈប្រធានសមាគមសង្រ្គោះទូទៅ ស៊ីស្ទើរ សឺរី អិល ឌូវ បានបង្រៀនពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះពិតប្រាកដតែមួយគត់របស់យើង ៖
រូបភាពស៊ីស្ទើរ សឺរី អិល ឌូវបើយើងធ្វើអ្វីមួយដោយខ្លួនឯងដោយគ្មានការដឹកនាំពីព្រះទេ នោះមនុស្សខាងសាច់ឈាមនឹងពុំឈ្នះសាតាំងឡើយ ( សូមមើល ម៉ូសាយ ៣:១៩ ) ហើយកាលណាសាតាំងល្បួងពួកគេឲ្យចេញពីផ្លូវតូច និងចង្អៀតនោះបានហើយ វានឹងបោះបង់ពួកគេចោល ។ ប៉ុន្តែព្រះអង្គសង្រ្គោះនឹងដឹកនាំជនទាំងឡាយណាដែលធ្វើតាមទ្រង់ រហូត ដល់ផ្ទះវិញ ។ …
ព្រះអម្ចាស់ស្គាល់ផ្លូវ ពីព្រោះទ្រង់ គឺជា ផ្លូវ ហើយនោះគឺជាឱកាសតែមួយគត់របស់យើងដើម្បីចរចានឹងជីវិតរមែងស្លាប់នេះយ៉ាងមានប្រសិទ្ធភាព ។ ដង្វាយធួនរបស់ទ្រង់ធ្វើឲ្យមានអំណាច សេចក្តីសុខសាន្ត ពន្លឺ និងកម្លាំងទាំងអស់ដែលយើងត្រូវការ ដើម្បីប្រឈមមុខនឹងការសាកល្បងក្នុងជីវិត—ដែលរាប់តាំងពីកំហុស និងអំពើបាបរបស់យើងផ្ទាល់ រហូតដល់ការសាកល្បងដែលយើងមិនអាចគ្រប់គ្រងបាន ប៉ុន្តែនៅតែមានអារម្មណ៍ឈឺចាប់ដោយសារការសាកល្បងនេះដដែល ។
… ទ្រង់បានសន្យាថា ប្រសិនបើយើងនឹងស្ថាបនាជីវិតរបស់យើងលើសិលារបស់ទ្រង់ នោះអារក្សនឹងគ្មានអំណាចលើយើងឡើយ [ សូមមើល ហេលេមិន ៥:១២ ] ។ ហើយទ្រង់បានប្តេជ្ញាថា ទ្រង់នឹងមិនទុកយើងចោល ឬបោះបង់យើងចោលឡើយ [ សូមមើល ហេព្រើរ ១៣:៥ ] ។ វាគ្មានភាពស្មើគ្នាក្នុងជីវិតរមែងស្លាប់នោះទេ ។ វាមិនទាក់ទងនឹងការប្តេជ្ញាចិត្ត អំណាច ឬសេចក្តីស្រឡាញ់ឡើយ ។ ទ្រង់ជាឱកាសតែមួយគត់របស់យើង ។( « OurOnly Chance » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៦៦–៦៧ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើការស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ បានជួយអ្នកឲ្យទប់ទល់នឹងខ្យល់គួចដែលនឹងបោកបក់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
ផ្នែកទី ២
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ?
នៅក្នុងជំពូកចុងក្រោយនៃព្រះគម្ពីរមរមន មរ៉ូណៃ បានអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន មរ៉ូណៃ ១០:៣០, ៣២–៣៣ ដោយរកមើលអ្វីដែល មរ៉ូណៃ បាននិយាយជាលទ្ធផលមកពីការជ្រើសរើសរបស់យើងដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យនៃការ « មករកព្រះគ្រីស្ទ » ( មរមរ៉ូណៃ ១០:៣០, ៣២ ) ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិនការមករកព្រះគ្រីស្ទគឺជាពាក្យកាត់មួយ ជារបៀបពិពណ៌នាពីផែនការនៃសេចក្ដីសង្គ្រោះជាពាក្យបីម៉ាត់ ។ វាមានន័យថា ត្រូវទទួលបានផលផ្លែនៃដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់—ទីបំផុតគឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។ ជីវិតដ៏នៅអស់កល្បជានិច្ចអាស្រ័យទៅលើការអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌របស់យើង ប៉ុន្តែវាអាចធ្វើទៅបានតែតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ការមករកទ្រង់មានន័យថា ត្រូវធ្វើអ្វីដែលតម្រូវឲ្យធ្វើ ដើម្បីកាន់ខ្ជាប់នូវព្រះគុណនោះ—គឺព្រះចេស្ដាក្នុងការអភ័យទោស ការញែកឲ្យបរិសុទ្ធ ការផ្លាស់ប្តូរ ការប្រោសលោះដ៏គ្មានទីបញ្ចប់របស់ទ្រង់ ពលិកម្មដ៏ធួន ។ ( « Why We Share the Gospel » Ensign ខែ សីហា ឆ្នាំ ២០១៤ ទំព័រ ៣៧ )
ប្រធាន ថាត អរ ខាលីស្ទើរ ដែលបានបម្រើជាប្រធានថ្នាក់សាលាថ្ងៃអាទិត្យទូទៅ បានពន្យល់ពីព្រះគុណរបស់ព្រះអម្ចាស់តាមរបៀបនេះ ៖
រូបភាពប្រធាន ថាត អរ ខាលីស្ទើរដោយសារតែដង្វាយធួនរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះមាននូវព្រះចេស្ដាគាំទ្រ ដែលពេលខ្លះហៅថា ព្រះគុណ [ សូមមើល Bible Dictionary « Grace »; សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ] ដែលអាចជួយយើងឲ្យយកឈ្នះលើភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់យើងបាន ហើយជួយយើងនៅក្នុងដំណើររបស់យើងដើម្បីប្រែក្លាយកាន់តែដូចជាទ្រង់ ។
មរ៉ូណៃបានបង្រៀនដូច្នេះ ៖ « មែនហើយ ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ … ដោយសារព្រះគុណនៃព្រះ ដែលអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៣២ ] ។ វាទំនងជាមានយ៉ាងហោចណាស់នូវបណ្ដាញ ឬមធ្យោបាយពីរយ៉ាងនៃការប្រើប្រាស់ព្រះចេស្ដាគាំទ្រទាំងនោះ ដែលអាចបន្សុទ្ធ—និងធ្វើឲ្យយើង—បានល្អឥតខ្ចោះ ។
ទីមួយ ពិធីបរិសុទ្ធនៃការសង្គ្រោះ ។ … ពេលខ្លះ យើងអាចគិតថា ពិធីបរិសុទ្ធជាបញ្ជីកិច្ចការមួយ—ដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ ប៉ុន្តែនៅក្នុងសេចក្ដីពិត ពិធីបរិសុទ្ធនីមួយៗបើកបង្ហាញនូវព្រះចេស្ដានៃព្រះដែលជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។ …
បណ្ដាញទីពីរសម្រាប់ព្រះចេស្ដាគាំទ្រទាំងនេះគឺជាអំណោយទាននៃព្រះវិញ្ញាណ ។ ដោយសារតែដង្វាយធួនរបស់ព្រះគ្រីស្ទ នោះយើងមានសិទ្ធិដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងវិញ្ញាណដែលភ្ជាប់មកជាមួយគ្នានោះ ។ អំណោយទានទាំងនេះគឺជាគុណលក្ខណៈនៃភាពជាព្រះ ដូច្នេះហើយ រាល់ពេលដែលយើងទទួលបានអំណោយទានមួយនៃព្រះវិញ្ញាណ នោះយើងប្រែក្លាយកាន់តែដូចជាព្រះ ។( « TheAtonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៧ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមគិតអំពីអ្វីដែលអ្នកអាចសម្រេចបានជាមួយព្រះចេស្តាគាំទ្ររបស់ព្រះអម្ចាស់ ឬព្រះគុណនេះ ។ តើអ្នកកំពុងធ្វើអ្វីខ្លះ ដើម្បីអញ្ជើញព្រះគុណ និងជំនួយរបស់ព្រះអម្ចាស់ឲ្យជួយអ្នកនៅក្នុងជីវិតរបស់អ្នក ?
ផ្នែកទី ៣
តើព្រះគម្ពីរមរមននាំខ្ញុំឲ្យទៅរកព្រះយេស៊ូវគ្រីស្ទ និងជួយខ្ញុំឲ្យបន្តនៅស្មោះត្រង់ចំពោះទ្រង់ដោយរបៀបណា ?
នៅពេល មរ៉ូណៃ បានសង្ខេបពីកំណត់ត្រារបស់សាសន៍យ៉ារេឌ ដែលឥឡូវនេះជាផ្នែកមួយនៃព្រះគម្ពីរមរមន លោកបានបង្ហាញកង្វល់របស់លោកថា អ្នកអាននៅថ្ងៃខាងមុខនឹង « ចំអកឡកឡឺយដល់ការណ៍ទាំងនេះ ដោយសារភាពទន់ខ្សោយរបស់យើងខ្ញុំខាងការសរសេរ » ( អេធើរ ១២:២៣ ) ។ ព្រះអម្ចាស់បានលួងលោមដល់មរ៉ូណៃ ដោយការប្រកាសថា « គុណរបស់យើងមានគ្រប់គ្រាន់សម្រាប់អ្នកស្លូតត្រង់ ដើម្បីកុំឲ្យពួកគេយកប្រៀបលើភាពទន់ខ្សោយរបស់អ្នករាល់គ្នាបាន » ( អេធើរ ១២:២៦ ) ។ បន្ទាប់មក មរ៉ូណៃ បានអធិស្ឋានឲ្យសាសន៍ដទៃ ដោយបានថ្លែងទីបន្ទាល់ថា លោកបានឃើញព្រះយេស៊ូវ ហើយបានធ្វើការអញ្ជើញដល់មនុស្សទាំងអស់ដែលនឹងអានព្រះគម្ពីរមរមន ( សូមមើល អេធើរ ១២:៣៦–៤១ ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន អេធើរ ១២:៤១ ហើយពិចារណាពីអ្វីដែលអ្នកបានឆ្លើយតបទៅនឹងការអញ្ជើញរបស់មរ៉ូណៃ អំឡុងវគ្គសិក្សានេះ ។
កត់ត្រាគំនិតរបស់អ្នក
នៅពេលដែលអ្នករៀបចំខ្លួនសម្រាប់ថ្នាក់ចុងក្រោយនេះ សូមគិតអំពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនរបស់អ្នក បានជួយអ្នកឲ្យមករកព្រះគ្រីស្ទ និងប្រែក្លាយកាន់តែដូចជាទ្រង់ ។ សូមសម្គាល់មើលគំនិត អារម្មណ៍ ចំណាប់អារម្មណ៍ ឬបទពិសោធន៍ជាក់លាក់ណាមួយ ដែលបានបង្កើនទីបន្ទាល់របស់អ្នក និងធ្វើឲ្យការប្រែចិត្តជឿរបស់អ្នកកាន់តែស៊ីជម្រៅ ។ សូមកត់ត្រាគំនិតរបស់អ្នក ។
ដើម្បីរៀបចំខ្លួនសម្រាប់ថ្នាក់ចុងក្រោយរបស់អ្នក សូមជ្រើសរើស និងបំពេញសកម្មភាពមួយនៃសកម្មភាពដូចខាងក្រោម ៖
-
ជម្រើស ១ ៖ សូមជ្រើសវគ្គបទគម្ពីរ ឬការបង្រៀនមួយចេញពីព្រះគម្ពីរមរមនដែលមានឥទ្ធិពលជាពិសេស ក្នុងការជួយអ្នកឲ្យមករកព្រះគ្រីស្ទ ហើយសូមកត់ត្រារបៀបដែលវាមានឥទ្ធិពលលើអ្នក ។
-
ជម្រើស ២ ៖ សូមស្វែងរកបុគ្គលម្នាក់នៅក្នុងព្រះគម្ពីរមរមន ដែលគំរូរបស់លោកបានជួយដល់អ្នកឲ្យយល់កាន់តែច្បាស់អំពីអត្ថន័យនៃការមករកព្រះគ្រីស្ទ ហើយសូមកត់ត្រាអ្វីដែលអ្នកបានរៀន ។
-
ជម្រើស ៣ ៖ សូមសញ្ជឹងគិតពីការសិក្សាព្រះគម្ពីរមរមនថ្មីៗរបស់អ្នក ដែលបានបំផុសគំនិតអ្នកឲ្យមករកព្រះគ្រីស្ទ ។ សូមកត់ត្រាពីរបៀបដែលទីបន្ទាល់របស់អ្នកបានរីកចម្រើនឡើង និងពីរបៀបដែលការផ្លាស់ប្រែចិត្តជឿរបស់អ្នកចំពោះព្រះអង្គសង្រ្គោះត្រូវបានពង្រឹង ។
បន្ទាប់ពីកត់ត្រាគំនិត និងអារម្មណ៍របស់អ្នករួចហើយ សូមពិចារណាដោយការអធិស្ឋាន ថាតើនរណាដែលអាចទទួលបានពរជ័យ តាមរយៈអ្វីដែលអ្នកបានសរសេរនេះ ហើយចែកចាយជាមួយពួកគេ ។ សូមត្រៀមខ្លួនចែកចាយគំនិតរបស់អ្នកនៅអំឡុងពេលកំពុងរៀនផងដែរ ។