ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ


« មេរៀនទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ

មនុស្ស​វ័យ​ក្មេង​កំពុង​អាន​ព្រះគម្ពីរ

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « សូម​កុំ​​ជឿ​ពាក្យ​កុហក​របស់​សាតាំងថា បងប្អូន​គ្មាន​ពេលសិក្សា​ព្រះគម្ពីរ​ឲ្យសោះឡើយ ។ … ការ​ទទួល​ទានព្រះ​បន្ទូល​ព្រះ​រៀងរាល់​ថ្ងៃ​គឺ​សំខាន់​ជាង​ការ​ដេក សាលារៀន កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​បណ្ដាញ​សង្គម​ទៅទៀត » ( « Make the Exercise of Faith a Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​នេះ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​អែលឌើរ​ស្កត​ឲ្យ​អ្នក​ដាក់​អាទិភាព​យ៉ាង​ខ្ពស់​លើ​ការសិក្សា​ព្រះគម្ពីរ ។ វាយ​តម្លៃ​ពី​តួនាទី​ដែល​ព្រះគម្ពីរ​មាន​នៅក្នុង​ជីវិត​អ្នក​បច្ចុប្បន្ន​នេះ ។

ផ្នែក​ទី ១

តើ​ព្រះគម្ពីរ​មាន​អាទិភាព​អ្វី​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

បន្ទាប់​ពី​លីហៃ និង​គ្រួសារ​លោក​បាន​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​វាល​រហោស្ថាន ព្រះអម្ចាស់​បាន​បញ្ជា​លីហៃ​ឲ្យ​បញ្ជូន​កូនប្រុស​របស់​លោក​ត្រឡប់​ទៅ​ក្រុង​យេរូសេឡិម​វិញ ដើម្បី​ទៅយក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។ ផ្ទាំង​លង្ហិន​ជា​បណ្ដុំ​បទគម្ពីរ​បុរាណ អាច​ប្រៀបធៀប​ទៅ​នឹង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​មាន​នូវ​កំណត់ត្រា​អំពី​ពួក​សាសន៍​យូដា និង​ការសរសេរ​ជា​ច្រើន​ទៀត​របស់​ពួក​ព្យាការី ( សូមមើល នីហ្វៃទី១ ៥:១១–១៦; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ផ្ទាំង​លង្ហិន » scriptures.ChurchofJesusChrist.org ) ។

ព្រះអម្ចាស់​បាន​ត្រាស់​ដឹង​ថា ព្រះគម្ពីរ​ទាំងនេះ​នឹង​ចាំបាច់​ចំពោះ​គ្រួសារ​លីហៃ និង​ពូជពង្ស​របស់​ពួកគេ ។ ព្រះអម្ចាស់​ថែម​ទាំង​បាន​បញ្ជា​នីហ្វៃ​ឲ្យ​សម្លាប់​ឡាបាន់​ទៀត​ផង ដើម្បី​ទទួល​បាន​បញ្ជី​នេះ ដោយ​មាន​បន្ទូល​ថា « មនុស្ស​ម្នាក់​វិនាស​ទៅ គឺ​ប្រសើរ​ជាង​សាសន៍​ទាំងមូល​ត្រូវ​ចុះ​អន់ថយ ហើយ​វិនាស​ក្នុង​ការ​ឥត​ជំនឿ » ( នីហ្វៃទី១ ៤:១៣ ) ។

ពេល​លីហៃ​បាន​ទទួល​ផ្ទាំង​លង្ហិន និង​បាន​ចាប់ផ្ដើម « ពិចារណា​មើល » ( នីហ្វៃទី១ ៥:១០ ) « លោក​ក៏​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​ក៏​ចាប់ផ្ដើម​ព្យាករ » ( ខ ១៧ ) ។

លីហៃ​កំពុង​អាន​ផ្ទាំង​លង្ហិន
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី១ ៥:១៩, ២១–២២ ដោយ​រកមើល​ពី​មូលហេតុ​ចាំបាច់​ដែល​គ្រួសារ​របស់​លីហៃ​បាន​យក​ព្រះគម្ពីរ​ទៅតាម​ពួកគេ ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ដែនដី​សន្យា ។

ដោយ​ផ្ដល់​យោបល់​លើ​តម្លៃ​នៃ​ព្រះគម្ពីរ​នៅក្នុង​ជីវិត​របស់​គាត់​ផ្ទាល់ ប្រធាន ជូលី ប៊ី ប៊េក ដែល​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន ៖

ប្រធាន ជូលី ប៊ី ប៊េក

អំណរ​បាន​មក​ពី​ទម្លាប់​នៃ​ការអាន​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ។ ថ្ងៃ​ខ្លះ ខ្ញុំ​មាន​ពេល​វេលា​ជា​ច្រើន​ដើម្បី​សញ្ជឹង​គិត​អំពី​ព្រះគម្ពីរ ។ ថ្ងៃ​ផ្សេង​ទៀត ខ្ញុំ​សញ្ជឹង​គិត​ពីរបី​ខ ។ ដូច​ជា​ការទទួលទាន និង​ការដក​ដង្ហើម​ដែល​គាំទ្រ​ដល់​រាងកាយ​ខាង​សាច់ឈាម​របស់​ខ្ញុំ​ដែរ ព្រះគម្ពីរ​ផ្ដល់​ចំណី និង​ផ្ដល់​ជីវិត​ដល់​វិញ្ញាណ​របស់​ខ្ញុំ ។ ឥឡូវ​នេះ​ខ្ញុំ​អាច​បន្ទរ​តាម​នីហ្វៃ ហើយ​និយាយ ៖ « ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​បទគម្ពីរ​ទាំង​ឡាយ ឯ​ចិត្ត​ខ្ញុំ​រំពឹង​គិត​ពី​បទគម្ពីរ​ទាំង​នោះ ។ … មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ឯចិត្ត​ខ្ញុំ​រំពឹងគិត​ជា​រៀង​រហូត​អំពី​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ​មក » ( នីហ្វៃទី២ ៤:១៥–១៦ ) ។ ( « My Soul Delighteth in the Scriptures » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០៩ )

រូបតំណាង កំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

សូម​កត់ត្រា​អំពី​មូលហេតុ​នានា ដែល​អ្នកគិត​ថា ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន គួរតែ​ជា​អាទិភាព​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ២

តើ​ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

អំឡុង​ការងារ​បម្រើ​របស់​លោក នីហ្វៃ​បាន​បង្កើត​បញ្ជី​ពីរ—ផ្ទាំង​ធំ និង​ផ្ទាំង​តូច​របស់​នីហ្វៃ ។ ផ្ទាំង​ធំ​របស់​នីហ្វៃ​ដំបូង​ឡើយ​មាន​នូវ​ប្រវត្តិសាស្ត្រ​ខាង​លោកិយ​នៃ​ប្រជាជន​របស់​នីហ្វៃ ។ ផ្ទាំងតូច​របស់​នីហ្វៃ ត្រូវបាន​បង្កើត​ឡើង​សម្រាប់ « គោលបំណង​ពិសេស » ក្នុង​ការរក្សា​បញ្ជី​មួយ​នៃ​ការងារ​បម្រើ​របស់​ប្រជាជន​នីហ្វៃ ( នីហ្វៃទី១ ៩:៣ ) ។ នីហ្វៃ​បាន​ថ្លែង​ថា « ភាព​ពារពេញ​នៃ​ចេតនា [ របស់​លោក ] » សម្រាប់​បញ្ជី​នេះ​គឺ​ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំងអស់​ឲ្យ​មក​ឯ​ព្រះគ្រីស្ទ ហើយ​បាន​សង្គ្រោះ ( នីហ្វៃទី១ ៦:៤ ) ។

ពេល​នីហ្វៃ​បាន​ប្រគល់​ការទទួល​ខុសត្រូវ​លើ​ផ្ទាំង​តូច​ដល់​ប្អូន​ប្រុស​លោក គឺ​យ៉ាកុប លោក​បាន​ផ្ដល់​ភារៈ​ឲ្យ​យ៉ាកុប​កត់ត្រា​តែ​អ្វី​ដែល « ពិសេស​បំផុត » ( យ៉ាកុប ១:១–២ ) ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន យ៉ាកុប ១:៤, ៦–៨ និង យ៉ាកុប ៤:៣–៤ ដោយ​រកមើល​នូវ​អ្វី​ដែល​យ៉ាកុប​បាន​ចាត់ទុក​ថា « ពិសេស​បំផុត » ( យ៉ាកុប ១:២ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា នីហ្វៃ យ៉ាកុប និង​ពួក​ព្យាការី​ផ្សេងៗ​ទៀត​ក្នុង​ព្រះគម្ពីរ​មរមន បាន​បន្ថែម​សាក្សី​របស់​ពួកលោក​ទៅលើ​សាក្សី​របស់​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​ផ្សេង​ទៀត ។ គាត់​បាន​ពន្យល់​ថា ៖

ប្រធាន រ័សុល អិម ណិលសុន

នៅ​ក្នុង​លំដាប់​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់​នៃ​ការប្រកាស​ដែល​ប្រកប​ដោយ​ការព្យាករ—ទីបន្ទាល់​ទាំងឡាយ​របស់ « ពួក​ព្យាការី​ដ៏​បរិសុទ្ធ » [ យ៉ាកុប ៤:៤ ] សម្រាប់ « រយៈ​ជា​ច្រើន​ពាន់​ឆ្នាំ មុន​ការ​យាង​មក​របស់​ទ្រង់ » [ ហេលេមិន ៨:១៨ ]—ព្រះគម្ពីរ​មរមន​ធ្វើ​ការប្រកាស​ដ៏​ឧឡារិក​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ( «A Testimony of the Book of Mormon » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៩ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​បាន​ដឹង និង​ទទួល​អារម្មណ៍​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ពេល​ដែល​អ្នក​អាន​ព្រះគម្ពីរ​ទាំងឡាយ—ជា​ពិសេស​ព្រះគម្ពីរ​មរមន ? តើ​វគ្គ​បទគម្ពីរ​ជាក់លាក់​ណា​ខ្លះ ដែល​បាន​នាំ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ ?

ផ្នែក​ទី ៣

តើ​ព្រះគម្ពីរ​អាច​ដឹកនាំ​ខ្ញុំ ក្នុង​ការដោះស្រាយ​បញ្ហា និង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​របៀបណា ?

បន្ទាប់​ពី​លីហៃ​បាន​បំពេញ​ការណ៍​ទាំងអស់ ដែល​ត្រូវបាន​បញ្ជា​ដល់​លោក ព្រះអម្ចាស់​បាន​ប្រទាន​ឧបករណ៍​មួយ​ហៅ​ថា លីអាហូណា ( សូមមើល អាលម៉ា ៣៧:៣៨ ) ។ លីអាហូណា​ដំណើរការ​ដូចជា​ត្រីវិស័យ​មួយ ហើយ​ជា​អ្នក​ណែនាំ​ផ្លូវ​មួយ កាលដែល​គ្រួសារ​លីហៃ​បាន​ធ្វើដំណើរ​ឆ្លង​កាត់​វាល​រហោស្ថាន ។ វា​ក៏​បង្ហាញ​ពី​សារ​ផ្ទាល់​ខ្លួន​ទាំងឡាយមក​ពី​ព្រះអម្ចាស់​ផងដែរ ។ នីហ្វៃ​បាន​រៀន​ថា លីអាហូណា​ដំណើរការ « តាម​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម និង​ការ​គោរព​ដែល​យើង​មាន​ចំពោះ » សារ​របស់​ព្រះអម្ចាស់ ( នីហ្វៃទី១ ១៦:២៨–២៩ ) ។

លីអាហូណា

ប្រហែល​ជា ៥០០ ឆ្នាំ​ក្រោយមក ពេល​ដែល​អាលម៉ា​បាន​ផ្ទុកផ្ដាក់​នឹង​កូនប្រុស​លោក គឺ​ហេលេមិន ឲ្យ​រក្សា​ផ្ទាំង​លង្ហិន និង​ព្រះគម្ពីរ​ផ្សេងៗ​ទៀត លោក​បាន​ផ្ដល់​ការយល់ដឹង​អំពី​ដំណើរការ​នៃ​លីអាហូណា ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន និង​ពិចារណា​មើល​ការយល់​ដឹង​របស់​អាលម៉ា នៅក្នុង អាលម៉ា ៣៧:៤០–៤១, ៤៣–៤៥ អំពី​របៀប​ដែល​ព្រះគម្ពីរ​អាច​ត្រូវ​បាន​ប្រដូច ឬ​ប្រៀបធៀប​ទៅ​នឹង​លីអាហូណា ។

កាល​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិត​សិប អែលឌើរ ដបុលយូ. រ៉ូលហ្វ ឃើរ បាន​បង្រៀន ៖

អែល​ឌើរ ដបុលយូ. រ៉ូលហ្វ ឃើរ

ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ អាច​ជា​លីអាហូណា​ផ្ទាល់​ខ្លួន សម្រាប់​យើង​ម្នាក់​ៗ ដោយ​បង្ហាញ​យើង​នូវ​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ ។ ចូរ​យើង​កុំ​ខ្ជិស​ច្រអូស​ដោយ​ព្រោះ​ផ្លូវ​ដែល​ងាយ​ឡើយ ។ សូម​ឲ្យ​យើង​មាន​សេចក្តី​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ព្រះបន្ទូលនៃ​ព្រះ​គ្រីស្ទ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គំនិត និង ដួង​ចិត្ត​របស់​យើង​នៅពេល​ដែល​ព្រះបន្ទូល​ទាំង​នោះ​ត្រូវ​បាន​កត់​ត្រាទុក​នៅក្នុង​ព្រះ​គម្ពីរ​ដ៏​ពិសិដ្ឋ និង នៅពេល​ព្រះ​បន្ទូល​ទាំង​នោះ​ត្រូវ​បានមាន​ប្រសាសន៍​ដោយពួក​ព្យាការី​ដែល​រស់នៅ​ពួក​អ្ន​ក​មើល​ឆុត និង ពួកអ្នក​ដែល​ទទួល​វិវរណៈ ។ សូម​ឲ្យ​យើងមាន​សេចក្តី​ជំនឿ និង ឧស្សាហ៍​ព្យាយាម​ដើម្បី​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ ត្បិត​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ​នឹង គឺ​ជា​លីអាហូណា​ខាង​វិញ្ញាណ​របស់​យើង​ដែល​នឹង​ប្រាប់​ដល់​យើង​គ្រប់​អ្វី​ទាំងអស់​ដែល​យើងត្រូវ​ធ្វើ » ( « The Words of Christ—Our Spiritual Liahona » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣៧ )

រូបតំណាង ការពិភាក្សា

ពិភាក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិចារណា​ក្នុង​ការសួរ​ដល់​មិត្ត ឬ​សមាជិក​គ្រួសារ​ម្នាក់​ថា ព្រះគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី​នៅរស់ ជា​ប្រភព​នៃ​ការណែនាំ—ដូចជា​លីអាហូណា​ផ្ទាល់​ខ្លួន—នៅ​ក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ដូច​ម្ដេច ។ អំឡុង​ការសន្ទនា​របស់​អ្នក អ្នក​អាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ផ្ទាល់​ដែល​ទាក់ទង​នឹង​ការណ៍​នេះ ។