« មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការប្រមូលផ្ដុំអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៣ ឯកសាររៀបចំសម្រាប់ថ្នាក់
ការប្រមូលផ្ដុំអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ដើម្បីប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ការប្រមូលផ្ដុំនោះគឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ គ្មានអ្វីផ្សេងទៀតដែលធំ សំខាន់ និងមានឬទ្ធានុភាពខ្លាំងដែលអាចប្រៀបធៀបនឹងកិច្ចការនេះបានឡើយ » ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ៨ នៅលើគេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។ នៅក្នុងជំពូកនេះ អ្នកនឹងមានឱកាសសិក្សាពីការបង្រៀនផ្សេងៗគ្នាក្នុងព្រះគម្ពីរមរមន ស្ដីពីការប្រមូលផ្ដុំអ៊ីស្រាអែល ហើយពិចារណាពីរបៀបដែលកិច្ចការដ៏សំខាន់នេះនាំមនុស្សឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សា សូមរកមើលការទទួលខុសត្រូវ និងឱកាសទាំងឡាយដែលអាចជារបស់អ្នក នៅពេលអ្នកចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ។
ផ្នែកទី ១
ហេតុអ្វីការធ្វើជាផ្នែកមួយនៃវង្សអ៊ីស្រាអែលគឺជារឿងសំខាន់ ?
ដើម្បីយល់ពីសារៈសំខាន់នៃការធ្វើជាសមាជិកនៃវង្សអ៊ីស្រាអែល វាមានប្រយោជន៍ដើម្បីរៀនពីរបៀបដែលវង្សអ៊ីស្រាអែលបានចាប់ផ្ដើម ។ ប្រហែលជាក្រោយ ២០០០ ឆ្នាំមុន គ.ស ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់អ័ប្រាហាំ ហើយបានធ្វើសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចមួយជាមួយនឹងលោក ។ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំ និងសារ៉ាថា កូនចៅជំនាន់ក្រោយរបស់ពួកលោកនឹងទទួលបានពរជ័យទាំងអស់នៃដំណឹងល្អ ។ ការសន្យា និងពរជ័យទាំងនេះត្រូវបានហៅថា សេចក្ដីសញ្ញាអ័ប្រាហាំ ។ ( សូមមើល អ័ប្រាហាំ ២:៦–១១; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្តីសញ្ញាអ័ប្រាហាំ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ព្រះអម្ចាស់បានរំឭកសេចក្ដីសញ្ញានេះជាមួយនឹងកូនប្រុសរបស់អ័ប្រាហាំ គឺអ៊ីសាក និងចៅប្រុសរបស់លោក គឺយ៉ាកុបម្ដងទៀត ។ ឈ្មោះរបស់យ៉ាកុបត្រូវបានប្តូរទៅជាអ៊ីស្រាអែលដោយព្រះអម្ចាស់ ។ អ៊ីស្រាអែលមានកូនប្រុស ១២នាក់ ហើយពូជពង្សរបស់ពួកគេត្រូវបានគេស្គាល់ជា វង្សអ៊ីស្រាអែល ឬសាសន៍អ៊ីស្រាអែល ។ ( សូមមើល លោកុប្បត្តិ ២៦:២៤; ២៨:១០–១៥; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
វង្សអ៊ីស្រាអែលគឺជារាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះ ។ ដោយមានសិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ ពួកគេមានការទទួលខុសត្រូវដើម្បីនាំយកដំណឹងល្អរបស់ព្រះអម្ចាស់ទៅកាន់មនុស្សទាំងអស់នៅលើផែនដី ហើយធ្វើឲ្យមានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏សំខាន់ៗដល់អស់អ្នកដែលបានស្លាប់ដោយមិនស្គាល់ដំណឹងល្អ ។
នៅពេលកូនចៅបង្កើតរបស់អ៊ីស្រាអែលជឿលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលយកសេចក្ដីសញ្ញាអ័ប្រាហាំ នោះពួកគេត្រូវបានប្រមូលមកក្នុងវង្សអ៊ីស្រាអែល ហើយក្លាយជាផ្នែកមួយនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ អស់អ្នកដែលមិនមែនជាកូនចៅបង្កើតរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប អាចត្រូវបានសុំមកចិញ្ចឹមនៅក្នុងវង្សអ៊ីស្រាអែល តាមរយៈការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការទទួលយកពិធីបរិសុទ្ធ ព្រមទាំងសេចក្ដីសញ្ញានៃដំណឹងល្អរបស់ទ្រង់ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « យកមកចិញ្ចឹមជាកូន, ការយកមកចិញ្ចឹមជាកូន » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ដោយថ្លែងទៅកាន់សមាជិកនៃសាសនាចក្រ ប្រធាន ណិលសុន បានបង្រៀន ៖
យើងគឺជា … បុត្រាបុត្រីនៃសេចក្ដីសញ្ញា ។ យើងបានទទួលនូវបព្វជិតភាពដ៏បរិសុទ្ធ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច ដូចពួកគេកាលពីជំនាន់បុរាណបានទទួលដែរ ។ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុបគឺជាបុព្វការីជនរបស់យើង ។ យើងជាផ្នែកមួយនៃវង្សអ៊ីស្រាអែល ។ យើងមានសិទ្ធិទទួលដំណឹងល្អ ពរជ័យទាំងឡាយនៃបព្វជិតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។ គ្រប់ជាតិសាសន៍នៅលើផែនដីនេះនឹងមានពរ តាមរយៈកិច្ចខិតខំរបស់បងប្អូន និងតាមរយៈការងាររបស់កូនចៅបងប្អូន ។ ពូជរបស់អ័ប្រាហាំផ្ទាល់ និងអស់អ្នកដែលត្រូវបានប្រមូលទៅក្នុងគ្រួសាររបស់លោក តាមរយៈការយកមកចិញ្ចឹម ទទួលបានពរជ័យដែលបានសន្យាទាំងនេះ—ដែលបានរៀបចំទុកជាមុន ពេលទទួលយកព្រះអម្ចាស់ និងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។( « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣៣ )
ផ្នែកទី ២
ហេតុអ្វីខ្ញុំគួរតែចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ?
នៅពេលលីហៃបានសិក្សាផ្ទាំងលង្ហិន លោកបានរៀនបន្ថែមទៀតអំពីពង្សាវតារបស់លោក និងទីតាំងរបស់លោកក្នុងវង្សអ៊ីស្រាអែល ( សូមមើល នីហ្វៃទី១ ៥:១៤ ) ។ ដើម្បីជួយគ្រួសាររបស់លោកឲ្យយល់ពីសារៈសំខាន់នៃការធ្វើជាផ្នែកមួយនៃវង្សអ៊ីស្រាអែល លីហៃបានប្រៀបធៀបវង្សអ៊ីស្រាអែលទៅនឹងដើមអូលីវមួយ ។ លោកបានពន្យល់ថា គឺដូចជាមែកមួយដែលអាចបំបាក់ចេញពីដើមអូលីវដែរ ដូច្នេះពួកសាសន៍អ៊ីស្រាអែលអាចបែកចេញ និងខ្ចាត់ខ្ចាយទៅកាន់ដែនដីឆ្ងាយៗ ។ ហើយដូចជាមែកអូលីវមួយមែកមកពីដើមមួយដែលអាចផ្សាំ ហើយក្លាយជាផ្នែកមួយនៃដើមផ្សេងមួយទៀតដែរ ដូច្នេះអ៊ីស្រាអែលដែលខ្ចាត់ព្រាត់នឹងត្រូវបានប្រមូលឲ្យជុំគ្នានៅទីបញ្ចប់ ហើយក្លាយជាផ្នែកមួយនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ ( សូមមើល នីហ្វៃទី ១ ១០:១២–១៤ ) ។
មិនយូរប៉ុន្មានក្រោយពីការបង្រៀនរបស់លីហៃស្ដីពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំអ៊ីស្រាអែល នីហ្វៃបានឃើញថា បងប្រុសរបស់លោកបានឈ្លោះគ្នាអំពីអ្វីដែលឪពុករបស់ពួកគេបានបង្រៀន ។ ពួកគេបានប្រាប់នីហ្វៃថា ពួកគេមិនអាចយល់ពីការបង្រៀនរបស់លីហៃអំពី « មែកកំណើតទាំងឡាយនៃដើមអូលីវ និងព្រមទាំងអំពីពួកសាសន៍ដទៃផងនោះបាន » ( នីហ្វៃទី១ ១៥:៧ ) ។
ប្រធាន ណិលសុន ក៏បានថ្លែងអំពីការប្រមូលផ្ដុំអ៊ីស្រាអែលផងដែរ ៖
នៅពេលយើងនិយាយអំពី ការប្រមូលផ្ដុំ យើងនិយាយសាមញ្ញអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង នៅទាំងសងខាងនៃវាំងនន ស័ក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( «Hope of Israel » ទំព័រ ៨ )
បុគ្គលទាំងឡាយនៅទាំងសងខាងវាំងនន គឺមានអ្នកដែលនៅរស់ និងអ្នកដែលបានស្លាប់ហើយ ។
ផ្នែកទី ៣
តើខ្ញុំអាចចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលដោយរបៀបណា ?
យ៉ាកុប ដែលជាប្អូនប្រុសរបស់នីហ្វៃ បានបង្រៀនអំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំអ៊ីស្រាអែលដោយបានដកស្រង់អំពីរូបាធិដ្ឋានរបស់លោកស៊ីណូសអំពីដើមអូលីវស្រុក និងដើមអូលីវព្រៃ ។ នៅក្នុងរូបាធិដ្ឋាននេះ ម្ចាស់ចម្ការទំពាំងបាយជូរតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ហើយអ្នកបម្រើតំណាងឲ្យព្យាការីរបស់ទ្រង់ និងសិស្សដទៃដែលត្រូវបានហៅឲ្យប្រមូលផ្ដុំអ៊ីស្រាអែល ។ ដើមអូលីវជាច្រើន ដែលបានដាំនៅក្នុងចម្ការទំពាំងបាយជូរ តំណាងឲ្យក្រុមបុត្រាបុត្រីរបស់ព្រះ រួមទាំងសមាជិកនៃវង្សអ៊ីស្រាអែលផងដែរ ។ ( សូមមើល យ៉ាកុប ៥ ) ។
ប្រធាន ណិលសុន បានពន្យល់ថា តើវាអាចសាមញ្ញយ៉ាងណា ដើម្បីជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ៖
រាល់ពេល ដែលក្មួយៗធ្វើ អ្វីមួយ ដើម្បីជួយ នរណាម្នាក់—ទាំងសងខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះក្មួយៗកំពុងជួយប្រមូលវង្សអ៊ីស្រាអែលហើយ ។ ដូច្នោះវាសាមញ្ញ ។( « Hope of Israel » ទំព័រ ១៥ )