ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 138


កណ្ឌ​ទី ១៣៨

ការ​និមិត្ត​មួយ​ដែល​បាន​ប្រទាន​ដល់​ប្រធាន យ៉ូសែប អែហ្វ ស៊្មីធ នៅ​ទី​ក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​១៩១៨។ នៅ​ក្នុង​សុន្ទរកថា​បើក​របស់​លោក​នៅ​ឯ​សន្និសីទ​ទូ​ទៅ​នៃ​សាសនាចក្រ​លើក​ទី​៨៩ ប្រចាំ​ឆ្នាំ​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​១៩១៨ នោះ​ប្រធាន​ស៊្មីធ​បាន​ប្រកាស​ប្រាប់​ថា លោក​បាន​ទទួល​ដំណឹង​ដ៏​ឧត្ដម​ទាំង​ឡាយ​នៅ​ខែ​មុនៗ។ ដំណឹង​មួយ​នោះ​ស្ដី​អំពី​ទស្សនកិច្ច​របស់​ព្រះ​អង្គ​សង្គ្រោះ ទៅ​ជួប​ពួក​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​ក្នុង​កាល​ព្រះ​កាយ​ទ្រង់​បញ្ចុះ​នៅ​ក្នុង​ផ្នូរ នោះ​ប្រធាន​ស៊្មីធ​បាន​ទទួល​កាលពី​ថ្ងៃ​ម្សិលមិញ។ ការ​និមិត្ត​នោះ​ត្រូវ​បាន​កត់​ទុកជា​ប្រញាប់​បន្ទាប់​ពី​ចប់​សន្និសីទ។ នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ​១៩១៨ ការ​និមិត្ត​នោះ​ត្រូវ​បាន​ប្រគល់​ដល់​ពួក​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ ក្រុម​ប្រឹក្សា​នៃ​ពួក​១២​នាក់ និង​លោក​អយ្យកោ ហើយ​ការ​និមិត្ត​នោះ​ត្រូវ​បាន​ទទួល​ដោយ​ពួក​គេ​ជា​ឯកច្ឆន្ទ។

១–១០, ប្រធាន យ៉ូសែប អែហ្វ ស៊្មីធ ពិចារណា​ពី​ការ​និពន្ធ​នៃ​ពេត្រុស និង​ពី​ទស្សនកិច្ច​របស់​ព្រះ​អម្ចាស់​របស់​យើង​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់; ១១–២៤, ប្រធាន​ស៊្មីធ​ឃើញ​មនុស្ស​ស្លាប់​ដែល​សុចរិត​ប្រជុំ​គ្នា​នៅ​ស្ថាន​បរមសុខ និង​ការងារ​បម្រើ​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង ចំណោម​ពួក​គេ; ២៥–៣៧, លោក​ឃើញ​នូវ​ការ​រៀបចំ​ដើម្បី​ផ្សាយដំណឹង​ល្អ​នៅ​ក្នុង​ចំណោម​ព្រលឹង​វិញ្ញាណ; ៣៨–៥២, លោក​ឃើញ លោក​អ័ដាម នាង​អេវ៉ា និង​ពួក​ព្យាការី​បរិសុទ្ធ​ជា​ច្រើន​ផង នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​គិត​ថា​ស្ថានភាព​ខាង​ព្រលឹង​របស់​គេ មុន​ដំណើរ​រស់​ឡើង​វិញ​របស់​គេ​នោះ​ជា​សេវក​ភាព; ៥៣–៦០, ពួក​អ្នក​ស្លាប់​ដែល​សុចរិត​នៅ​ថ្ងៃ​នេះ បន្ត​ការងារ​របស់​ខ្លួន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

នៅ​ថ្ងៃ​ទី​៣ នៃ​ខែ​តុលា​នេះ ក្នុង​ឆ្នាំ​មួយ​ពាន់​ប្រាំបួន​រយ​ដប់​ប្រាំបី នោះ​ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​បន្ទប់​ខ្ញុំ ពិចារណា​ពី​បទ​គម្ពីរ

ហើយ​សញ្ជឹង​គិត​ពី​ការ​បូជា​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ធួន​នឹង​បាប ដែល​បាន​ប្រព្រឹត្ត​ដោយ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សម្រាប់​សេចក្ដី​ប្រោស​លោះ​ដល់​ពិភពលោក

និង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ និង​អស្ចារ្យ ដែល​បាន​សម្ដែង​ដោយ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា តាម​រយៈ​ការ​យាង​មក​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក

គឺថា​តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់ និង​ដោយ​សារ​ការ​គោរព​ដល់​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ ទើប​មនុស្ស​លោក​អាច​បាន​សង្គ្រោះ។

កាល​ខ្ញុំ​កំពុងតែ​គិត​រឿង​នេះ នោះ​គំនិត​ខ្ញុំ​បែរ​ទៅ​គិត​ពី​ការ​និពន្ធ​នៃ​សាវក​ពេត្រុស សរសេរ​ទៅ​ពួក​បរិសុទ្ធ​ដើម​ដែល​ខ្ចាត់ខ្ចាយ​ទូ​ទៅ​ទាំង​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ាដូគា និង​នៅ​ផ្នែក​ផ្សេងៗ​នៃ​ស្រុក​អាស៊ី ជាទី​ដែល​ដំណឹង​ល្អ​បាន​ផ្សាយ បន្ទាប់​ពី​ការ​ឆ្កាង​ព្រះ​អម្ចាស់។

ខ្ញុំ​បាន​បើក​ព្រះ​គម្ពីរ​ប៊ីប ហើយ​អាន​ជំពូក​ទី​បី និង​ទី​បួន នៅ​ក្នុង​សំបុត្រ​ទី​មួយ​របស់​ពេត្រុស ហើយ​កាល​ខ្ញុំ​អាន នោះ​ខ្ញុំ​មាន​ចិត្ត​ស្ញើប​ជា​ខ្លាំង គឺ​ជាង​ពេល​មុនៗ ចំពោះ​វគ្គ​ដែល​មាន​ដូច​ត​ទៅ​នេះ​គឺ ៖

« ព្រោះ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្ដង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គ​ត​ខាង​សាច់​ឈាម តែ​បាន​ព្រះ​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ ៖

« ហើយ​ដោយ​នូវ​ព្រះ​វិញ្ញាណ​នោះ​ឯង ទ្រង់​បាន​យាង​ទៅ​ប្រដៅ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ

« ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ គឺ​ក្នុង​ខណៈ​ដែល​សេចក្ដី​អត់ធ្មត់​របស់​ព្រះ បាន​រង់ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុងតែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ដោយ​សារ​ទឹក » (ពេត្រុស ទី ១ ៣:១៨–២០)។

១០« ហេតុ​នោះ​បាន​ជា​បាន​ផ្សាយដំណឹង​ល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំ​ជំរះ​ខាង​សាច់​ឈាម​តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​វិញ្ញាណ​តាម​ព្រះ​វិញ » (ពេត្រុស ទី ១ ៤:៦)។

១១នៅ​ពេល​ខ្ញុំ​កំពុងតែ​ពិចារណា​ពី​ការណ៍​ទាំង​នេះ ដែល​បាន​សរសេរ​ទុក នោះ​ស្រាប់​តែ​ភ្នែក​នៃ​យោបល់​ខ្ញុំ​ត្រូវ​បាន​បើក ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​ពួក​ពល​បរិវារ​នៃ​មនុស្ស​ស្លាប់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ។

១២ហើយ​មាន​ការ​ប្រមូល​ជុំ​គ្នា​នៅ​កន្លែង​មួយ​នូវ​ក្រុម​វិញ្ញាណ​នៃ​មនុស្ស​សុចរិត​ដ៏​ឥត​គណនា ដែល​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទី​បន្ទាល់ អំពី​ព្រះ​គ្រីស្ទ កាល​គេ​មាន​ជីវិត​រស់​ជា​មនុស្ស;

១៣ហើយ​ជា​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ​បូជា​ក្នុង​និមិត្តរូប​អំពី​ការ​បូជា​ដ៏​ធំ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​បាន​រង​ទុក្ខ​វេទនា ព្រោះ​តែ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ។

១៤ពួក​គេ​ទាំង​អស់​នេះ​បាន​លាចាក​ពី​ជីវិត​លោក​ទៅ ដោយ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុតមាំ អំពី​ដំណើរ​រស់​ឡើង​វិញ​ដ៏​រុងរឿង តាម​រយៈ​ព្រះ​គុណ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។

១៥ខ្ញុំ​បាន​ឃើញ​ថា ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ និង​សេចក្ដី​រីករាយ ហើយ​អរ​សប្បាយ​ជុំ​គ្នា ពី​ព្រោះ​ថ្ងៃ​នៃ​សេចក្ដី​រំដោះ​របស់​គេ​នៅ​ជិត​ដៃ​បង្កើយ។

១៦ពួក​គេ​បាន​ជួបជុំ​គ្នា​ចាំ​ការ​យាង​មក​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ មក​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដើម្បី​មក​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​របស់​គេ​ឲ្យ​រួច​ពី​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់។

១៧ធូលី​ដី​របស់​គេ​ដែល​លង់លក់​ទៅ​នោះ​ត្រូវ​បាន​សាង​ឡើង​ជា​រូបរាង​ពេញ​ខ្នាត​វិញ គឺ​ឆ្អឹង​ទៅ​ជា​ឆ្អឹង​គេ​វិញ ហើយ​សរសៃ និង​សាច់​ទៅ​លើ​ឆ្អឹង វិញ្ញាណ និង​រូប​កាយ​ត្រូវ​រួបរួម​គ្នា ដោយ​មិន​បែកបាក់​ទៀត​ឡើយ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ។

១៨កាល​ហ្វូង​មនុស្ស​ដ៏​ក្រែល​ក្រៃ​នេះ​កំពុងតែ​រង់ចាំ ហើយ​ចរចា​ដោយ​មាន​ចិត្ត​អរ​សប្បាយ​ចំពោះ​ម៉ោង​នៃ​សេចក្ដី​រំដោះ​របស់​គេ​ឲ្យ​រួច​ពី​ច្រវាក់​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ នោះ​ស្រាប់​តែ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​លេច​មក​ប្រកាស​ប្រាប់​ពី​ការ​ដោះ​លែង​ដល់​ពួក​ជាប់​ឃុំឃាំង​ទាំង​ឡាយ​ដែល​មាន​ចិត្ត​ស្មោះត្រង់

១៩ហើយ​នៅ​ទី​នោះ ទ្រង់​បាន​ផ្សាយ​ប្រាប់​ពួក​គេ​ពី​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច គឺ​ពី​គោល​លទ្ធិ​អំពី​ដំណើរ​រស់​ឡើង​វិញ និង​សេចក្ដី​ប្រោស​លោះ​មនុស្ស​លោក​ពី​ការ​ធ្លាក់ និង​ពី​អំពើ​បាប​រៀងៗ​ខ្លួន អាស្រ័យ​ទៅ​លើ​ករណី​នៃ​ការ​ប្រែ​ចិត្ត។

២០ប៉ុន្តែ​ចំពោះ​ពួក​ទុច្ចរិត​វិញ នោះ​ទ្រង់​ពុំ​បាន​យាង​ទៅ​ជួប​ទេ ហើយ​នៅ​ក្នុង​ចំណោម​ពួក​ទមិឡ​ល្មើស និង​ពួក​ដែល​មិន​ប្រែ​ចិត្ត ដែល​បាន​បង្ខូច​ខ្លួន​កាល​នៅ​ក្នុង​សាច់​ឈាម នោះ​សំឡេង​របស់​ទ្រង់​ពុំ​បាន​បន្លឺ​ឡើង​ឡើយ

២១រីឯ​ពួក​បះបោរ​ដែល​បដិសេធ​ទី​បន្ទាល់ និង​ពាក្យ​ព្រមាន​ទាំង​ឡាយ នៃ​ពួក​ព្យាការី​ពី​បុរាណ ក៏​ពុំ​បាន​ឃើញ​វត្ត​មាន​របស់​ទ្រង់ ឬ សម្លឹង​មើល​ព្រះ​ភក្ត្រ​របស់​ទ្រង់​ដែរ។

២២កន្លែង​ដែល​ពួក​គេ​នៅ​នោះ​សេចក្ដី​ងងឹត​សោយរាជ្យ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ពួក​សុចរិត​វិញ នោះ​មាន​សេចក្ដី​សុខសាន្ត

២៣ហើយ​ពួក​បរិសុទ្ធ​មាន​ចិត្ត​អរ​សប្បាយ​ចំពោះ​សេចក្ដី​ប្រោស​លោះ​របស់​គេ ហើយ​លុតជង្គង់​ចុះ ហើយ​ទទួល​ស្គាល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ថា ជា​ព្រះ​ដ៏​ប្រោស​លោះ និង​ជា​ព្រះ​ដ៏​ប្រោស​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ និង​ពី​ច្រវាក់​ទាំង​ឡាយ​នៃ​ស្ថាន​នរក។

២៤មុខមាត់​គេ​ភ្លឺ​ចែងចាំង ហើយ​រស្មី​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់​បាន​សណ្ឋិត​លើ​ពួក​គេ ហើយ​ពួក​គេ​បាន​ច្រៀង​សរសើរ​តម្កើង​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់។

២៥ខ្ញុំ​មាន​ចិត្ត​អស្ចារ្យ ព្រោះ​ខ្ញុំ​បាន​យល់​ថា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​បាន​ចំណាយ​ពេល​អស់​បី​ឆ្នាំ ក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ក្នុង​ចំណោម​ពួក​សាសន៍​យូដា និង​អស់​អ្នក​ដែល​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល ដោយ​បាន​ខ្នះខ្នែង​ព្យាយាម​បង្រៀន​គេ​ពី​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​ហៅ​គេ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត

២៦ហើយ​ទោះ​ជា​ទ្រង់​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ និង​អព្ភូតហេតុ​ទាំង​ឡាយ និង​ការ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ពិត​ក៏​ដោយ គង់តែ​មាន​តែ​បន្តិច​ទេ ដែល​បាន​ស្ដាប់​តាម​សំឡេង​ទ្រង់ ហើយ​បាន​អរ​សប្បាយ​ចំពោះ​វត្ត​មាន​របស់​ទ្រង់ ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ ពី​ព្រះ​ហស្ត​របស់​ទ្រង់។

២៧ប៉ុន្តែ​ការងារ​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្លាប់​វិញ នោះ​មាន​កំណត់​ពេល​ដ៏​ខ្លី រវាង​ការ​ឆ្កាង​នឹង​ដំណើរ​ដែល​ទ្រង់ មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ;

២៨ខ្ញុំ​បាន​គិត​ពិចារណា​ពី​ពាក្យ​សម្ដី​របស់​ពេត្រុស ដែល​លោក​បាន​និយាយ​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​ផ្សាយ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ គឺ​ក្នុង​ខណៈ​ដែល​សេចក្ដី​អត់ធ្មត់​របស់​ព្រះ បាន​រង់ចាំ​នៅ​ជំនាន់​លោក​ណូអេ — ហើយ​ម្ដេច​ក៏​ទ្រង់​អាច​ផ្សាយ​ដល់​ពួក​វិញ្ញាណ ហើយ​ប្រព្រឹត្ត​ការងារ​ដែល​ចាំ​បាច់ នៅ​ចំណោម​ពួក​គេ​បាន ក្នុង​វេលា​ដ៏​ខ្លី​នោះ។

២៩ហើយ​នៅ​ពេល​ខ្ញុំ​កំពុងតែ​គិតពិចារណា នោះ​ស្រាប់​តែ​ភ្នែក​ខ្ញុំ​បាន​បើក ហើយ​យោបល់​ខ្ញុំ​បាន​ភ្ញាក់​ឡើង ហើយ​ខ្ញុំ​បាន​យល់​ថា​ព្រះ​អម្ចាស់​ទ្រង់​ពុំ​បាន​យាង​ទៅ​ជួប​ពួក​ទុច្ចរិត និង​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ ដែល​បាន​បដិសេធ​សេចក្ដី​ពិត ដើម្បី​ទៅ​បង្រៀន​គេ ដោយ​អង្គ​ទ្រង់​នោះ​ឡើយ

៣០ប៉ុន្តែ​មើល​ចុះ ពី​ចំណោម​ពួក​សុចរិត នោះ​ទ្រង់​បាន​រៀបចំ​ពល​របស់​ទ្រង់ ហើយ​បាន​តាំង​សារ​ទូត​ទាំង​ឡាយ គឺ​បំពាក់​ដោយ​អំណាច និង​សិទ្ធិ​អំណាច ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចេញ​ទៅ ហើយ​នាំ​ពន្លឺ​នៃ​ដំណឹង​ល្អ​ទៅ​ឲ្យ​ពួក​គេ ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត គឺ​ទៅ​ដល់​គ្រប់ អស់​ទាំង​វិញ្ញាណ​នៃ​មនុស្ស​លោក ហើយ​ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​ដល់​ពួក​អ្នក​ស្លាប់ តាម​បែប​ដូច្នោះ​ហើយ។

៣១ហើយ​ពួក​សារ​ទូត​ដែល​បាន​រើស​ឡើង​នោះ បាន​ចេញ​ទៅ​ប្រកាស​ប្រាប់​ពី​ថ្ងៃ ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ហើយ​ប្រកាស​ប្រាប់​ពី​ឥស្សរភាព​ដល់​ពួក​ជាប់​ឃុំឃាំង ដែល​ជាប់​ចំណង គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​ទទួល​យក​ដំណឹង​ល្អ។

៣២ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​តាម​បែប​ដូច្នោះ​ហើយ ដល់​ពួក​អ្នក​ដែល​ស្លាប់ ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ដោយ​គ្មាន​ការ​ចេះ​ដឹង​ពី​សេចក្ដី​ពិត ឬ​នៅ​ក្នុង​ការ​រំលង​ដោយ​បាន​បដិសេធ​ពួក​ព្យាការី។

៣៣ពួក​គេ​ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប បុណ្យ​ជ្រមុជ​ទឹក​ជំនួស​សម្រាប់​ការ​ផ្ដាច់​បាប អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ

៣៤ហើយ​គ្រប់​ទាំង​គោលការណ៍​ផ្សេងៗ​ទៀត​នៃ​ដំណឹង​ល្អ ដែល​ជា​ចាំ​បាច់​សម្រាប់​ឲ្យ​គេ​ដឹង ដើម្បី​ឲ្យ​ខ្លួន​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​ការ​ជំនុំ​ជំរះ តាម​មនុស្ស​ក្នុង​សាច់​ឈាម ប៉ុន្តែ​រស់​តាម​ព្រះ​ក្នុង​វិញ្ញាណ​វិញ។

៣៥ហើយ​ហេតុ​នោះ ទើប​បាន​ធ្វើ​ឲ្យ​ដឹង​ក្នុង​ចំណោម​មនុស្ស​ស្លាប់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​ពួក​អ្នក​ឥត​សុចរិត ព្រម​ទាំង​ពួក​អ្នក​ស្មោះត្រង់​ដែរ ថា​សេចក្ដី​ប្រោស​លោះ​ត្រូវ​បាន​នាំ​មក តាម​រយៈ​ការ​បូជា​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នៅ​លើ​ឈើ​ឆ្កាង។

៣៦ដូច្នោះ​ហើយ ទើប​បាន​ធ្វើ​ឲ្យ​ដឹង​ថា ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង ទ្រង់​បាន​ចំណាយ​ពេល ក្នុង​កាល​ទ្រង់​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​បង្គាប់ និង​រៀបចំ​វិញ្ញាណ​នៃ​ពួក​ព្យាការី​ដែល​ស្មោះត្រង់ ដែល​បាន​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​អង្គ កាល​នៅ​ក្នុង​សាច់​ឈាម

៣៧ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​នាំសារ​អំពី​សេចក្ដី​ប្រោស​លោះ ទៅ​ដល់​ពួក​អ្នក​ស្លាប់​ទាំង​អស់ ដែល​ទ្រង់​ពុំ​អាច​ទៅ​ជួប​ដោយ​ព្រះ​អង្គ​ផ្ទាល់​បាន ពី​ព្រោះ​មក​ពី​កា​របះ​បោរ និង​ការ​រំលង​របស់​ពួក​គេ ថា​ដោយ​សារ​ការងារ​បម្រើ​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ នោះ​ពួក​គេ​អាច​បាន​ឮ​ព្រះ​បន្ទូល​របស់​ទ្រង់​ដែរ។

៣៨នៅ​ក្នុង​ចំណោម​អ្នក​ធំ និង​អ្នក​ពូកែ​ទាំង​ឡាយ ដែល​ប្រជុំ​គ្នា​នៅ​ក្នុង​ជំនុំ​នៃ​ពួក​សុចរិត​ដ៏​ធំ​ក្រៃ នោះ​មាន​លោក​អ័ដាម ជា​បិតា គឺជា​អ្នក​ពី​ចាស់​បុរាណ ហើយ​ជា​បិតា​នៃ​មនុស្ស​ទាំង​អស់។

៣៩ហើយ​នាង​អេវ៉ា​ដ៏​ឧត្ដម ជា​មាតា​របស់​យើង ព្រម​ទាំង​បុត្រី​របស់​នាង​ជា​ច្រើន ដែល​មាន​ចិត្ត​ស្មោះត្រង់ ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​នានា ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ជន្ម​រស់នៅ។

៤០អេបិល គឺជា​ទុក្ករបុគ្គល​ទី​មួយ ក៏​នៅ​ទី​នោះ​ដែរ ព្រម​ទាំង​សេត​ផង ជា​ប្អូន​ប្រុស​លោក ជា​អ្នក​ពូកែ​ម្នាក់ ដែល​មាន​រូប​ដូច​ឪពុក​របស់​គាត់​បេះបិទ គឺ​លោក​អ័ដាម។

៤១ណូអេ ដែល​បាន​ព្រមាន​ប្រាប់​ពី​ទឹក​ជន់ សិម ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​ធំ អ័ប្រាហាំ​ជា​បិតា​នៃ​ពួក​ស្មោះត្រង់ អ៊ីសាក យ៉ាកុប និង​ម៉ូសេ ជា​អ្នក​ចែងច្បាប់​ដ៏​ធំ​ដល់​សាសន៍​អ៊ីស្រាអែល

៤២និង​អេសាយ ដែល​បាន​ប្រកាស​ប្រាប់​ដោយ​ពាក្យ​ព្យាករណ៍​ថា ព្រះ​ដ៏​ប្រោស​លោះ​ត្រូវ​បាន​ចាក់​ប្រេង​តាំង ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ជាប់​ឃុំឃាំង ហើយ​ពី​ការ​បើក​គុក​ដោះ​លែង​ដល់​អ្នក​ដែល​ជាប់​ចំណង គឺ​លោក​ក៏​នៅ​ទី​នោះ​ដែរ។

៤៣មាន​ថែម​ទៀត គឺ​អេសេគាល ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ការ​និមិត្ត​នូវ​ច្រក​ភ្នំ​ទាំង​ឡាយ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច ដែល​នឹង​ត្រូវ​បំពាក់​ពីលើ​ដោយ​សាច់ ដើម្បី​ឲ្យ​ចេញ​មក​ម្ដង​ទៀត ក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​ទៅ​ជា​មនុស្ស​រស់

៤៤ដានីយ៉ែល ដែល​បាន​ឃើញ ហើយ​ប្រាប់​ទុកជាមុន អំពី​ការ​តាំង​ឡើង​នូវ​នគរ​នៃ​ព្រះ នៅ​ថ្ងៃ​ចុង​ក្រោយ ដែល​មិន​ត្រូវ​បំផ្លាញ​ចោល ឬ​ឲ្យ​ទៅ​រាស្ត្រ​ផ្សេង​ឡើយ

៤៥អេលីយ៉ាស ដែល​បាន​នៅ​ជាមួយ​លោក​ម៉ូសេ នៅ​លើ​ភ្នំ​នៃ​ការ​ប្រែ​រូប

៤៦ហើយ​ម៉ាឡាគី ជា​ព្យាការី​ដែល​បាន​ធ្វើ​ទី​បន្ទាល់​អំពី​ការ​មក​របស់​លោក​អេលីយ៉ា — អំពី​អ្នក​ដែល​មរ៉ូណៃ​បាន​និយាយ​ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ ដោយ​ប្រកាស​ប្រាប់​ថា​លោក​នឹង​មក​មុន​ការ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ដ៏​ធំ​ហើយ​ស្ញែង​ខ្លាច​របស់​ព្រះ​អម្ចាស់ — លោក​ក៏​នៅ​ទី​នោះ​ដែរ។

៤៧ព្យាការី​អេលីយ៉ា​ត្រូវ​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​នូវ​សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក​របស់​ពួក​គេ

៤៨ដោយ​ប្រាប់​ពី​មុន​នូវ​កិច្ចការ​ដ៏​ធំ​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ព្រះ​វិហារ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ គឺ​សម្រាប់​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​អ្នក​ស្លាប់ និង​ការ​ភ្ជាប់​កូន​ចៅ​ទៅ​ឯ​មាតាបិតា​គេ ក្រែងលោ​ផែនដី​ទាំង​មូល​នឹង​ត្រូវ​កម្ទេច​សូន្យឈឹង​ក្នុង​កាល​ទ្រង់​យាង​មក។

៤៩គ្រប់​អ្នក​ទាំង​នេះ ព្រម​ទាំង​មនុស្ស​ជា​ច្រើន​ទៀត គឺ​ពួក​ព្យាការី ដែល​បាន​រស់នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ហើយ​បាន​ធ្វើ​ទី​បន្ទាល់​អំពី​ការ​យាង​មក​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ គេ​បាន​ជួបជុំ​គ្នា​ក្នុង​ជំនុំ​ដ៏​ទូលំទូលាយ ហើយ​បាន​រង់ចាំ​សេចក្ដី​ដោះ​លែង​របស់​ពួក​គេ

៥០ត្បិត​ពួក​អ្នក​ស្លាប់​បាន​គិត​ថា ការ​បាត់​វិញ្ញាណ​គេ​ដ៏​យូរលង់​ពី​រូប​កាយ​គេ នោះ​ជា​សេវក​ភាព។

៥១ពួក​អ្នក​ទាំង​នេះ​ហើយ​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន ហើយ​បាន​ប្រទាន​ដល់​ពួក​គេ​ឲ្យ​មាន​អំណាច​ចេញ​មក បន្ទាប់​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​វរបិតា​ទ្រង់ គឺ​នៅ​ទី​នោះ នឹង​បាន​ពាក់​ដោយ​អមតភាព និង​ជីវិត​ដ៏​នៅ អស់​កល្ប​ជានិច្ច​ទុកជា​មកុដ

៥២ហើយ​ចាប់​តាំង​ពី​ពេល​នោះ​ទៅ​នឹង​បន្ត​ការងារ​របស់​គេ ដែល​បាន​សន្យា​ដោយ​ព្រះ​អម្ចាស់ ហើយ​ទៅ​ជា​អ្នក​ទទួល​ទាន​នូវ​គ្រប់​អស់​ទាំង​ព្រះ​ពរ​ដែល​បាន​ទុក​សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់។

៥៣ព្យាការី​យ៉ូសែប ស៊្មីធ និង ហៃរុម ស៊្មីធ ជា​ឪពុក​ខ្ញុំ, ព្រិកហាំ យ៉ង់, យ៉ូហាន ថេលើរ, វិលហ្វួឌ វូឌដ្រុព្វ និង​ពួក​វិញ្ញាណ​ជម្រើសៗ​ឯ​ទៀត ដែល​បាន​រក្សាទុក​ឲ្យ​មក​នៅ​ពេល​ពេញ​កំណត់ ដើម្បី​ចូល​រួម​ក្នុង​ការ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ​នៅ​ថ្ងៃ​ចុង​ក្រោយ

៥៤ព្រម​ទាំង​ការ​កសាង​ព្រះ​វិហារ​ទាំង​ឡាយ និង​ការ​ប្រព្រឹត្តិ​នៃ​ពិធី​ទាំង​ឡាយ​នៅ​ទី​នោះ សម្រាប់​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​អ្នក​ស្លាប់ នោះ​ក៏​នៅ​ឯ​ស្ថាន​វិញ្ញាណ។

៥៥ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ពួក​គេ​នៅ​ក្នុង​ចំណោម​ពួក​ឧត្តុង្គ​ឧត្ដម និង​ពួក​អ្នក​ធំ​ដែល​បាន​រើស​តាំង​ពី​ដើមដំបូង​មក ឲ្យ​ធ្វើ​ជា​អ្នក​ត្រួតត្រា​ក្នុង​សាសនាចក្រ​នៃ​ព្រះ។

៥៦ចាប់​តាំង​ពី​មុនគេ​ចាប់​កំណើត នោះ​ពួក​គេ​ជាមួយ​នឹង​ពួក​អ្នក​ផ្សេង​ទៀត បាន​ទទួល​មេរៀន​មុនដំបូង​នានា នៅ​ពិភព​នៃ​ពួក​វិញ្ញាណ ហើយ​ត្រូវ​បាន​រៀបចំ​ឲ្យ​មក​នៅ​ពេល​កំណត់​នៃ​ព្រះ ដើម្បី​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​ទ្រង់ សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​នៃ​មនុស្ស​លោក។

៥៧ខ្ញុំ​បាន​ឃើញ​ថា ពួក​អែលឌើរ​ដែល​ស្មោះត្រង់​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​កាល​ពួក​គេ​ចាក​ចេញ​ពី​ជីវិត​នេះ​ទៅ នោះ​គេ​នៅ​តែ​បន្ត​ការងារ​គេ​ក្នុង​ការ​ផ្សាយដំណឹង​ល្អ​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​លោះ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត និង​នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ធំ។

៥៨ពួក​អ្នក​ស្លាប់​ណា​ដែល​ប្រែ​ចិត្ត នោះ​នឹង​បាន​ប្រោស​លោះ តាម​រយៈ​ការ​គោរព​តាម​ពិធី​ទាំង​ឡាយ​នៃ​ដំណាក់​របស់​ព្រះ។

៥៩ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​សង​ទោស​នៃ​អំពើ​រំលង​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ត្រូវ​បាន​សំអាត​ឲ្យ​បាន​ស្អាត នោះ​នឹង​បាន​ទទួល​រង្វាន់​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​ពួក​គេ​ជា​អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុកជា​មរតក។

៦០ការ​និមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់​ត្រូវ​បាន​បើក​សម្ដែង​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ហើយ ហើយ​ខ្ញុំ​ថ្លែង​ទី​បន្ទាល់ ហើយ​ខ្ញុំ​ដឹង​ថា ទី​បន្ទាល់​នេះ​ពិត តាម​រយៈ​ព្រះ​ពរ​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ដូច្នោះ​មែន។ អាម៉ែន៕