ជំពូកទី ៣៩
ព្រះវិហារបរិសុទ្ធខឺតឡង់ត្រូវបានឧទ្ទិសឆ្លង
ខែ មករា–ខែ មីនា ឆ្នាំ ១៨៣៦
នៅពេលព្រះវិហារបរិសុទ្ធជិតសង់រួច អ្នកដឹកនាំសាសនាចក្រមួយចំនួនបានធ្វើការប្រជុំនៅទីនោះ ។ នៅឯការប្រជុំនោះ ឪពករបស់យ៉ូសែប ស៊្មីធ បានប្រសិទ្ធពរអ្នកដឹកនាំសាសនាចក្រ ។ ឪពុករបស់យ៉ូសែបគឺជាអយ្យកោនៃសាសនាចក្រ ។
បន្ទាប់មក យ៉ូសែប ស៊្មីធ បានឃើញការនិមិត្តដ៏អស្ចារ្យមួយ ដែលលោកបានឃើញនគរសេឡេស្ទាលនៃស្ថានសួគ៌ ។ នគរសេឡេស្ទាលគឺជាកន្លែងដែលព្រះគង់នៅ ។ យ៉ូសែបបានឃើញភាពស្រស់ស្អាតនៃនគរសេឡេស្ទាល ។ លោកបានឃើញព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ ។ លោកក៏បានឃើញបងប្រុសរបស់លោក អាលវិន ដែលបានស្លាប់ផងដែរ ។
យ៉ូសែបមានការអស្ចារ្យក្នុងចិត្តដែលឃើញអាលវិននៅក្នុងនគរសេឡេស្ទាល ដោយសារអាលវិនពុំទាន់បានជ្រមុជទឹកនៅឡើយពីមុនគាត់ស្លាប់ ។ ព្រះយេស៊ូវបានពន្យល់ថា មនុស្សជាច្រើនពុំបានស្គាល់ដំណឹងល្អឡើយកាលពួកគេរស់នៅលើផែនដី ។
ដូចជាអាលវិនដែរ មនុស្សមួយចំនួននេះបានរស់នៅក្នុងគ្រាដែលពុំមានដំណឹងល្អដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។ ពួកគេមួយចំនួនបានរស់នៅក្នុងតំបន់ដែលពួកអ្នកផ្សព្វផ្សាយសាសនាពុំអាចបង្រៀនពួកគេបាន ។
មនុស្សមួយចំនួននេះនឹងជឿលើដំណឹងល្អ ហើយបានជ្រមុជទឹក ប្រសិនបើពួកគេបានដឹងដំណឹងល្អ កាលពួកគេរស់នៅលើផែនដី ។ មនុស្សទាំងនេះនឹងទៅនគរសេឡេស្ទាល ។
នៅក្នុងការនិមិត្តនេះ យ៉ូសែបក៏បានរៀនអំពីកូនក្មេងដែលស្លាប់ពីមុនពួកគេអាយុប្រាំបីឆ្នាំផងដែរ ។ ព្រះយេស៊ូវបានមានបន្ទូលថា កូនក្មេងទាំងនេះនឹងទៅនគរសេឡេស្ទាល ។
នៅទីបំផុតព្រះវិហារបរិសុទ្ធខឺតឡង់បានសាងសង់រួចរាល់ ហើយរៀបចំដើម្បីឧទ្ទិសឆ្លង ។ នោះមានន័យថា ព្រះវិហារបរិសុទ្ធនឹងត្រូវបានថ្វាយចំពោះព្រះអម្ចាស់ ហើយប្រើប្រាស់សម្រាប់តែកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ។ ពួកបរិសុទ្ធមានការប្រជុំពិសេសមួយដើម្បីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។
ពួកបរិសុទ្ធជាច្រើនបានមកការប្រជុំនោះ ។ ពួកគេរីករាយណាស់ដែលមានព្រះវិហារបរិសុទ្ធ ។ ពួកគេបានច្រៀងចម្រៀង និងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ ពួកគេបានសន្យាថា ធ្វើតាមព្យាការី យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំដទៃទៀតក្នុងសាសនាចក្រ ។
យ៉ូសែប ស៊្មីធ បានធ្វើការអធិស្ឋានពិសេសមួយដើម្បីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីការអធិស្ឋាន ព្រះវិហារបរិសុទ្ធក្លាយជាអគារពិសិដ្ឋមួយ ។ វាជាដំណាក់របស់ព្រះអម្ចាស់ ។ ពួកទេវតាបានគង់នៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃនោះ ។ ព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយពួកបរិសុទ្ធ ។ វាជាថ្ងៃដ៏អស្ចារ្យមួយ !