ធនធាន​ផ្សេង​ទៀត
បព្វជិតភាព​អើរ៉ុន


« បព្វជិតភាព​អើរ៉ុន » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣–៤

« បព្វជិតភាព​អើរ៉ុន » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៣–៤

បព្វជិតភាព​អើរ៉ុន

ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន លោក​បាន​ឃើញ​មាន​ការចែង​អំពី​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​ការផ្ដាច់​បាប ។ នៅ​ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ១៨២៩ លោក និង ស្មៀន​របស់​លោក​ឈ្មោះ អូលីវើរ ខៅឌើរី បាន​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ទូលសួរ​ព្រះអម្ចាស់​ទាក់ទង​ទៅ​នឹង​ពិធីបុណ្យជ្រមុជទឹក ។ ខណៈ​ដែល​ពួកលោក​អធិស្ឋាន « ស្រាប់​តែ​មាន​ទូត​មួយ​អង្គ​មក​ពី​ស្ថាន​សួគ៌​យាង​ចុះ​មក​នៅ​លើ​ពពក​នៃ​ពន្លឺ » ។ សារទូត​អង្គ​នេះ​គឺ​ជា យ៉ូហាន បាទីស្ទ ជា​ព្យាការី​ដែល​បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវគ្រីស្ទ កាល​ពី​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ ។ ឥឡូវនេះ យ៉ូហាន បាទីស្ទ បាន​រស់ឡើងវិញ ហើយ​បាន​ដាក់​ព្រះហស្ត​លើ​ យ៉ូសែប និង អូលីវើរ ហើយ​បាន​ប្រទាន​ដល់​ពួកលោក​ម្នាក់ៗ​នូវ​បព្វជិតភាព​អើរ៉ុន ដែល​បាន​ដក​ចេញ​ពី​ផែនដី​អំឡុង​ពេល​មាន​ការក្បត់សាសនា​ដ៏​ធំ​មួយ ។ ដោយ​មាន​សិទ្ធិអំណាច​នេះ យ៉ូសែប ស្ម៊ីធ និង អូលីវើរ អាច​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​គ្នា​ទៅ​វិញទៅមក ។ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ ) ។

នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ សមាជិក​ភេទ​ប្រុស​ដែល​មាន​ភាពសក្ដិសម​អាច​ទទួល​បព្វជិតភាព​អើរ៉ុន​បាន​ចាប់​ពី​អាយុ ១២​ឆ្នាំ ឡើង​ទៅ ។ ពួកគេ​ទទួល​បាន​ឱកាស​យ៉ាង​ច្រើន ដើម្បី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដ៏​ពិសិដ្ឋ ហើយ​ផ្ដល់​នូវ​ការបម្រើ ។ នៅ​ពេល​ពួកគេ​បំពេញ​កាតព្វកិច្ច​ដោយ​មាន​ភាពសក្ដិសម នោះ​ពួកគេ​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​មនុស្សដទៃ​ឲ្យ​ទទួលបាន​ពរជ័យ​នៃ​ដំណឹងល្អ ។

តំណែង​ទាំងឡាយ​ក្នុង​បព្វជិតភាព​អើរ៉ុន​មាន ប៊ីស្សព សង្ឃ គ្រូ និង ឌីកុន ។ ដោយ​មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព​ជា​គណៈ​អធិបតី ( ជា​ធម្មតា​គឺ ប៊ីស្សព ឬ ប្រធាន​សាខា ) នោះ​ឌីកុន​ជា​អ្នក​ចែក​នំប៉័ង និង ទឹក ។ ពួកគេ​ជួយ​ប៊ីស្សព ឬ ប្រធាន​សាខា​ក្នុង​ការមើលខុសត្រូវ​លើ​សមាជិក​សាសនាចក្រ តាមរយៈ​ការបម្រើ និង ការជួយ​ដោះស្រាយ​បញ្ហា​ខាង​សាច់ឈាម​ដូចជា ការប្រមូល​ដង្វាយ​តមអាហារ ។ ពួក​គ្រូ​អាច​បំំពេញ​កាតព្វកិច្ច​ទាំងអស់​របស់​ឌីកុន​បាន ហើយ​ពួកគេ​ក៏​ទទួល​បាន​ឱកាស​ផ្សេងៗ​ទៀត​ដើម្បី​បម្រើ​ដែរ ។ ពួកគេ​រៀបចំ​ប្រសិទ្ធពរ​នំប៉័ង និង​ទឹក ហើយ​បម្រើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ ។ សង្ឃ​អាច​បំំពេញ​កាតព្វកិច្ច​ទាំងអស់​របស់​ឌីកុន និង​គ្រូ​បាន ។ ដោយ​មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព​ជា​គណៈអធិបតី នោះ​ពួកគេ​ក៏​អាច​ប្រសិទ្ធពរ​នំប៉័ង និង​ទឹក ធ្វើ​ពិធីបុណ្យជ្រមុជទឹក ហើយ​តែងតាំង​មនុស្សដទៃ​ឲ្យ​កាន់​តំណែង​សង្ឃ គ្រូ និង​ឌីកុន​ដែរ ។

បព្វជិតភាព​អើរ៉ុន « ជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​របស់​ធំ​ជាង ឬ​បព្វជិតភាព​មិលគីស្សាដែក » ( គ និង ស ១០៧:១៤ ) ។ ជា​ញឹកញាប់ វា​ត្រូវបាន​ហៅ​ថា បព្វជិតភាព​ត្រៀម ។ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​បម្រើ​នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន នោះ​ពួកគេ​ត្រូវ​រៀបចំ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ បម្រើ​បេសកកម្ម​ពេញ​ម៉ោង និង ធ្វើ​ជា​ស្វាមី/ឪពុក​ជា​ទីស្រឡាញ់ ថែមទាំង​បន្ត​បម្រើ​ព្រះអម្ចាស់​ពេញ​មួយ​ជីវិត ។

បោះពុម្ព