ធនធាន​ផ្សេង​ទៀត
ការរំលោភ​បំពាន


« ការរំលោភ​បំពាន » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៦–៧

« ការរំលោភ​បំពាន » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៦–៧

ការរំលោភ​បំពាន

ការរំលោភបំពាន​គឺ​ជា​ការប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ឬ​ខ្លួនឯង​តាម​វិធីមួយ ដែល​បង្ក​ឲ្យ​មាន​របួសស្នាម ឬ​ការអាក់អន់​ចិត្ត ។ វា​ធ្វើ​ឲ្យ​ខូច​ដល់​គំនិត និង​វិញ្ញាណ ហើយ​ជា​ញឹកញាប់​ធ្វើ​ឲ្យ​មាន​របួសស្នាម​លើ​រាងកាយ ។ វា​អាច​បណ្ដាល​ឲ្យ​មាន​ការភាន់ច្រឡំ មន្ទិល​សង្ស័យ បាត់​ទំនុកចិត្ត និង ការភ័យខ្លាច ។ វា​គឺ​ជា​ការរំលោភ​បំពាន​លើ​ច្បាប់​សង្គម ហើយ​ជា​រឿង​ផ្ទុយស្រឡះ​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ ព្រះអម្ចាស់​ដាក់​ទោស​​ដល់អាកប្បកិរិយា​រំលោភ​បំំពាន​គ្រប់​រូបភាព​ទាំងអស់—ទោះ​ខាង​សាច់ឈាម ខាង​ផ្លូវភេទ ខាង​ពាក្យសម្ដី ឬ​ខាង​អារម្មណ៏​ក្ដី ។ អាកប្បកិរិយា​រំលោភ​បំពាន​អាច​ឈាន​ទៅរក​ការដាក់​វិន័យ​របស់​សាសនាចក្រ ។

ការប្រឹក្សា​សម្រាប់​អ្នក​រំលោភបំពាន

ប្រសិនបើ​អ្នក​បាន​រំលោភបំពាន​ក្នុង​ទំនាក់ទំនង​ណា​មួយ អ្នក​ត្រូវតែ​ប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក ។ ចូរ​ទូល​អង្វរ​ដល់​ព្រះអម្ចាស់​ឲ្យ​អភ័យទោស​ដល់​អ្នក ។ ចូរ​សូម​ការអភ័យទោស​ពី​មនុស្ស​ទាំងឡាយ ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ឈឺចាប់ ។ ចូរ​ពិភាក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា ដើម្បី​គាត់​អាច​ជួយ​អ្នក​តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត ហើយ​ប្រសិនបើ​ចាំបាច់​នោះ គាត់​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ការប្រឹក្សា​បន្ថែម ឬ​ទទួល​ជំនួយ​ផ្សេងៗ​ទៀត ។

ប្រសិនបើ​អារម្មណ៍​ក្រេវក្រោធ​បាន​ឆេះ​ឡើង​ក្នុង​ខ្លួន​អ្នក ចូរ​រៀន​គ្រប់គ្រង​កំហឹង ។ ចូរ​ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់​ដោយ​ការអធិស្ឋាន ហើយ​ទូល​សូម​ឲ្យ​ទ្រង់​ជួយ​ដល់​អ្នក ។ ដោយ​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់កល្បជានិច្ច នោះ​អ្នក​នឹង​ឃើញ​ថា ស្ទើរតែ​គ្រប់​កំហឹង​ទាំងអស់​តែងតែ​ឆ្លើយតប​ទៅ​នឹង​រឿង​ទាំងឡាយ​ណា​ដែល​មិន​សំខាន់​ជានិច្ច ។

ប្រសិនបើ​អ្នក​មាន​ទោស​កំហុស​ក្នុង​ការំលោភ​បំពាន​ខាង​ផ្លូវភេទ ចូរ​ដាក់​វិន័យ​ក្នុង​គំនិត​របស់​អ្នក ។ ចូរ​ចងចាំ​ថា គំនិត​របស់​អ្នក​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​ក្នុង​ជីវិត​របស់​អ្នក—« ដ្បិត [ មនុស្ស​ម្នាក់ ] គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ » ( សុភាសិត ២៣:៧ ) ។ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការណ៍​អាសគ្រាម និង​អ្វី​ផ្សេង​ទៀត​ដែល​អាច​ដាស់​ចំណង់​ផ្លូវភេទ ។ ចូរ​អធិស្ឋាន​សូម​លទ្ធភាព​ដើម្បី « សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ » ( គ. និង ស. ១២១:៤៥ ) ។

ជំនួយ​សម្រាប់​ជនរងគ្រោះ​នៃ​ការរំលោភបំពាន

ប្រសិនបើ​អ្នក​ជា​ជនរងគ្រោះ​ដោយសារ​ការរំលោភ​បំពាន ចូរ​ស្វែងរក​ជំនួយ​ជា​បន្ទាន់ ។ ចូរ​ពិភាក្សា​ជាមួយ​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​អ្នក ជា​ធម្មតា ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ប៉ុន្តែ​ក្នុង​ពេល​ខ្លះ ចូរ​ពិភាក្សា​ជាមួយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​មណ្ឌល ។ លោក​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

សូម​ដឹង​ថា គេ​មិន​បន្ទោស​អ្នក​ចំពោះ​អាកប្បកិរិយា​គ្រោះថ្នាក់​ដែល​មនុស្ស​ដទៃ​ធ្វើ​ចំពោះ​អ្នក​ឡើយ ។ អ្នក​មិន​ត្រូវ​ទទួល​អារម្មណ៍​មាន​កំហុស​ឡើយ ។ ប្រសិនបើ​អ្នក​រងគ្រោះ​ដោយ​ការចាប់​រំលោភ ឬ​ការរំលោភ​បំំពាន​ខាង​ផ្លូវភេទ​នោះ ទោះជា​អ្នក​ត្រូវបាន​រំលោភ​ដោយ​អ្នក​ស្គាល់​គ្នា អ្នក​មិន​ស្គាល់​គ្នា ឬ​សូម្បី​តែ​ជា​សមាជិក​គ្រួសារ​ក្ដី នោះ​អ្នក​គ្មាន​កំហុស​ចំពោះ​អំពើបាប​ខាង​ផ្លូវភេទ​ឡើយ ។ ចូរ​ទទួល​ស្គាល់​ថា អ្នក​ជា​ជន​ឥតទោស ហើយ​ព្រះវរបិតាសួគ៌​ទ្រង់​ស្រឡាញ់​អ្នក ។

ចូរ​អធិស្ឋាន​ឲ្យ​មាន​សេចក្ដីសុខសាន្ត ដែល​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​តែ​ម្យ៉ាង​គត់ ( សូម​មើល យ៉ូហាន ១៤:២៧, ១៦:៣៣ ) ។ ព្រះអង្គសង្គ្រោះ​បាន​ទទួល​បទពិសោធន៍​រាល់​ការឈឺចាប់ និង​ទុក្ខវេទនា​របស់​អ្នក​ទាំងអស់ ទោះជា​រឿង​ទាំងនោះ​បណ្ដាល​មក​ពី​មនុស្សដទៃ​ក៏​ដោយ ហើយ​ទ្រង់​ជ្រាប​ពី​របៀប​ជួយ​អ្នក ( សូម​មើល អាលម៉ា ៧:១១–១២ ) ។ ប្រសើរជាង​ការព្យាយាម​សងសឹក ចូរ​ផ្ដោត​លើ​រឿង​ទាំងឡាយ​ដែល​អ្នក​គ្រប់គ្រង​បាន​ដូចជា ទស្សនវិស័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ស្ដីពី​ជីវិត ។ ចូរ​អធិស្ឋាន​ដើម្បី​មាន​ភាពរឹងមាំ​ដើម្បី​អភ័យទោស​ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ។

ចូរ​បន្ត​ស្វែងរក​ជំនួយ​ពី​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​អ្នក ដើម្បី​ឲ្យ​គាត់​ដឹកនាំ​អ្នក​តាមរយៈ​ដំណើរការ​នៃ​ការព្យាបាល​ខាង​ផ្លូវ​អារម្មណ៍ ។ តាមរយៈ​ពរជ័យ​នៃ​ដំណឹងល្អ នោះ​អ្នក​អាច​បញ្ឈប់​វដ្ដ​នៃ​ការរំលោភ​បំពាន ហើយ​រួចផុត​ពី​ការរង​ទុក្ខវេទនា​ដែល​អ្នក​បាន​ជួប ។

បោះពុម្ព