ធនធាន​ផ្សេង​ទៀត
ទុក្ខវេទនា


« ទុក្ខវេទនា » ពិត​ចំពោះ​សេចក្ដី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨–១១

« ទុក្ខវេទនា » ពិត​ចំពោះ​សេចក្ដី​ជំនឿ ទំព័រ ៨–១១

ទុក្ខវេទនា

ជា​ផ្នែក​នៃ​ផែនការ​ប្រោសលោះ​របស់​ព្រះវរបិតាសួគ៌ អ្នក​ត្រូវ​ជួប​នូវ​ទុក្ខវេទនា​អំឡុង​ពេល​នៃ​ជីវិត​រមែងស្លាប់​នេះ ។ ការសាកល្បង ការខកចិត្ត ការសោកសៅ ជំងឺ ហើយ​នឹង​ការឈឺ​ចិត្ត គឺជា​ផ្នែក​មួយ​ដ៏​លំបាក​ក្នុង​ជីវិត ប៉ុន្តែ​វា​នាំទៅរក​ការរីកចម្រើន​ខាង​វិញ្ញាណ ការស្អាង​ឡើង និង​ការអភិវឌ្ឍ​ពេល​អ្នក​បែរទៅរក​ព្រះអម្ចាស់ ។

ទុក្ខវេទនា​កើត​មក​ពី​ប្រភព​ផ្សេងៗ​គ្នា ។ ជួនកាល​អ្នក​អាច​ប្រឈម​មុខ​នឹង​ការសាកល្បង​ដែល​ជា​ផលកម្ម​នៃ​អំនួត​ផ្ទាល់ខ្លួន និង​ការមិន​គោរពប្រតិបត្តិ ។ ឧបសគ្គ​ទាំងនេះ​អាច​ចៀសវាង​បាន​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ ឧបសគ្គ​ផ្សេង​ទៀត​គឺ​ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​ក្នុង​ជីវិត ហើយ​ជួនកាល​កើត​ឡើង​ក្នុងពេល​ដែល​អ្នក​រស់នៅ​ដោយ​សុចរិត ។ ឧទាហរណ៍ អ្នក​អាច​ទទួល​បទពិសោធន៍​ពី​ការសាកល្បង​ទាំងឡាយ​ក្នុង​ពេល​ណាមួយ​ដោយ​ជំងឺ ឬ​ភាពមិន​ច្បាស់លាស់ ឬ​ពេល​បាត់បង់​មនុស្ស​ដ៏​ជា​ទីស្រឡាញ់ ។ ពេលខ្លះ​ទុក្ខវេទនា​កើត​មក​ដោយ​សារ​ពាក្យសម្តី និង​ការជ្រើសរើស​មិន​ល្អ និង​សកម្មភាព​ដែល​នាំ​ឲ្យ​អន្តរាយ ។

ការឆ្លើយតប​ទៅ​នឹង​ទុក្ខវេទនា​ដោយ​សេចក្ដីជំនឿ

ទាំង​ពេល​នេះ និង​ពេល​ដ៏​នៅ​អស់កល្បជានិច្ច ជោគជ័យ និង សុភមង្គល​របស់​អ្នក​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ការឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​ការលំបាក​នៅ​ក្នុង​ជីវិត ។

ដំណើររឿង​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន បង្ហាញ​អំពី​ការឆ្លើយ​តប​ផ្សេងៗ​ពី​គ្នា​ចំពោះ​ទុក្ខវេទនា ។ ព្យាការី​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ដោយ​ប្រើប្រាស់​ធ្នូ និង​ព្រួញ​របស់​ពួកគេ ដើម្បី​បរបាញ់​សត្វ​ជា​អាហារ ។ គ្រួសារ​របស់​លោក​បាន​ជួប​ប្រទះ​នឹង​ការលំបាក គឺ​ពេល​ដែល​កូន​ប្រុសៗ​របស់​លីហៃ​មិន​អាច​ប្រើប្រាស់​ព្រួញ​របស់​ពួកគេ​បាន ។ ព្រួញ​របស់​លេមិន និង​លេមយួល លែង​យឺត ហើយ​ធ្នូ​របស់​នីហ្វៃ​បាន​បាក់ ។ សេចក្ដីស្រេកឃ្លាន និង សេចក្ដីនឿយហត់ បាន​ធ្វើ​ឲ្យ​លេមិន និង​លេមយួល ចាប់ផ្ដើម​រអ៊ូរទាំ​ទាស់​នឹង​ព្រះអម្ចាស់ ។ សូម្បី​តែ​លីហៃ​ក៏​បាន​ត្អូញត្អែរ​ផងដែរ ។ ប៉ុន្ដែ​នីហ្វៃ​មិន​បាន​បាក់ទឹក​ចិត្ត​នោះ​ទេ ។ គាត់​បាន​ចេញ​ទៅ​ធ្វើការ ។ គាត់​បាន​រ៉ាយរ៉ាប់​ថា ៖ « ខ្ញុំ​នីហ្វៃ បាន​ធ្វើ​ធ្នូ​ពី​ឈើ ហើយ​ធ្វើ​ព្រួញ​ពី​ឈើ​ត្រង់ ហេតុដូច្នេះហើយ ខ្ញុំ​បាន​ប្រដាប់​ធ្នូ និង​ព្រួញ​ដោយ​ចំពាម និង ដោយ​គ្រួស ។ ហើយ​ខ្ញុំ​បាន​សួរ​ឪពុក​ខ្ញុំ​ថា ៖ តើ​ខ្ញុំ​ត្រូវ​ទៅ​ទីណា ដើម្បី​រក​អាហារ​បាន ? » ពួកគេ​បាន​មាន​ចិត្ត​រាបសា​ដោយសារ​ពាក្យសម្ដី​របស់​នីហ្វៃ ហើយ​លីហៃ​បាន​ទូល​សួរ​ព្រះអម្ចាស់​អំពី​ទីកន្លែង​ដែល​ពួកគេ​អាច​ទៅ​ស្វែងរក​អាហារ​បាន ។ ព្រះអម្ចាស់​បាន​ឆ្លើយ​ការអធិស្ឋាន​របស់​លោក ហើយ​បាន​នាំ​នីហ្វៃ​ទៅ​កាន់​កន្លែង​មួយ ដែល​គាត់​អាច​រក​អាហារ​បាន ។ ( សូម​មើល នីហ្វៃទី ១ ១៦:១៥–៣១ ) ។

ពេល​ដែល​មនុស្ស​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ទុក្ខវេទនា ពួកគេ​មាន​លក្ខណៈ​ដូចជា​លេមិន និង លេមយួល​ដែរ ។ ពួកគេ​រអ៊ូរទាំ ហើយ​មាន​ភាពល្វីង​ជូរចត់ ។ ពួកគេ​សួរ​សំណួរ​ដូចជា « ហេតុអ្វី​រឿង​នេះ​ត្រូវ​កើតឡើង​ចំពោះ​ខ្ញុំ ? ហេតុអ្វី​ខ្ញុំ​ត្រូវ​រងទុក្ខ​ចំពោះ​បញ្ហា​នេះ​នៅ​ពេល​នេះ ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​សម​នឹង​រឿង​នេះ ? » ប៉ុន្តែ​សំណួរ​ទាំងនេះ​មាន​អំណាច​គ្រប់គ្រង​លើ​គំនិត​របស់​ពួកគេ ។ សំណួរ​នីមួយៗ​អាច​បង្ក​ការលំបាក​ដល់​ការគិត​របស់​ពួកគេ ស្រូប​យក​ថាមពល ហើយ​បង្អាក់​ពួកគេ​មិន​ឲ្យ​ទទួល​បទពិសោធន៍ ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ទទួល​យក​នោះ​ឡើយ ។ ផ្ទុយទៅវិញ អ្នក​ត្រូវ​ឆ្លើយ​តប​តាម​វិធី​នេះ គឺ​អ្នក​គួរតែ​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ ។ ចូរ​ពិចារណា​ពី​ការសួរសំណួរ​ដូចជា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ? តើ​ខ្ញុំ​ត្រូវ​រៀន​អ្វី​ខ្លះ​ចេញ​មក​ពី​បទពិសោធន៍​នេះ ? តើ​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ ? ខ្ញុំ​ត្រូវ​ជួយ​នរណា ? តើ​ខ្ញុំ​អាច​ចងចាំ​ពី​ពរជ័យ​ជាច្រើន​នៅ​គ្រា​មាន​ឧបសគ្គ​បាន​យ៉ាង​ដូចម្ដេច ? »

ប្រភេទ​នៃ​ទុក្ខវេទនា​ផ្សេងៗ​គ្នា​តម្រូវ​ឲ្យ​មាន​ការឆ្លើយតប​ខុសៗ​គ្នា ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​មាន​ការឈឺចាប់​ដោយសារ​ជំងឺ ជា​ធម្មតា អ្នក​ត្រូវការ​ភាពអត់ធ្មត់ និង សេចក្ដីស្មោះត្រង់ ។ ប្រសិនបើ​អ្នក​រងការឈឺចាប់ ដោយសារ​ពាក្យសម្ដី ឬ ទង្វើ​របស់​មនុស្សដទៃ អ្នក​គួរតែ​ខិតខំ​ព្យាយាម​អភ័យទោស​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រកាំ​ចិត្ត ។ ប្រសិនបើ​អ្នក​រងគ្រោះ​ដោយសារ​រំលោភបំពាន ចូរ​ស្វែងរក​ជំនួយ​ជា​បន្ទាន់ ។ ប្រសិនបើ​ឧបសគ្គ​កើតឡើង​ដោយសារតែ​ការមិន​គោរព​ប្រតិបត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក នោះ​អ្នក​គួរតែ​កែប្រែ​អាកប្បកិរិយា ហើយ​ស្វែងរក​ការអភ័យទោស​ដោយ​ភាពរាបសា ។

ទោះជា​ការឆ្លើយតប​របស់​អ្នក​ចំពោះ​ទុក្ខវេទនា​នឹង​ផ្លាស់ប្ដូរ​ក៏​ដោយ ក៏​ត្រូវតែ​មាន​ការឆ្លើយ​តប​មួយ​ជានិច្ច—នោះ​គឺ​ជា​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា « នរណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅលើ​ព្រះ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​គាំទ្រ​នៅក្នុង​ការពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​ការទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ » ( អាលម៉ា ៣៦:៣ ) ។

ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

នៅ​ពេល​អ្នក​ទុកចិត្ត​លើ​ព្រះវរបិតា និង លើ​ព្រះរាជបុត្រា នោះ​អ្នក​ទុកចិត្ត​ថា ទ្រង់​ស្រឡាញ់​អ្នក​យ៉ាង​ឥតខ្ចោះ—ពោលគឺ ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​មាន​ភាពរីករាយ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។ ចូរ​ធ្វើតាម​ព្រះបញ្ញត្តិ ។ អ្នក​ព្យាយាម​ស្គាល់​ព្រះឆន្ទៈ​របស់​ទ្រង់ ហើយ​ធ្វើ​អ្វី​ដែល​ទ្រង់​តម្រូវ​ឲ្យ​អ្នក​ធ្វើ ទោះជា​អ្នក​មាន​បំណងប្រាថ្នា​ខុស​ពី​ទ្រង់​ក៏​ដោយ ។ ការអធិស្ឋាន​របស់​អ្នក​ដើម្បី​បាន​ភាពធូរស្បើយ គឺ​អម​មក​ជាមួយ​ការយល់ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​មិន​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​ភ្លាមៗ​នោះ​ទេ—ពោល ទ្រង់​ទុក​ពេល​ឲ្យ​អ្នក​រង់ចាំ​ដើម្បី​អ្នក​អាច​បន្ត​រៀន ហើយ​រីកចម្រើន ។ តាមរយៈ​ចំណុច​ទាំងអស់​នេះ អ្នក​រកឃើញ​ការលួងលោមចិត្ត​នៅ​ក្នុង​សេចក្ដីអះអាង​ដែល​ថា ព្រះអង្គសង្គ្រោះ​ទ្រង់​យល់​អំពី​ឧបសគ្គ​របស់​អ្នក​យ៉ាង​ឥតខ្ចោះ ។ ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​ដ៏​និរន្ត​របស់​ទ្រង់ នោះ​ទ្រង់​បាន​លើកដាក់​លើ​អង្គ​ទ្រង់ « នូវ​ការឈឺចាប់ និង​ជំងឺ​របស់​រាស្ត្រ​ទ្រង់ » ។ ទ្រង់​បាន​លើកដាក់​លើ​អង្គ​ទ្រង់ « នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា​ករុណា​ស្របតាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្របតាម​សាច់ឈាម​ថាតើ​ត្រូវ​ជួយរាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១១–១២ ) ។ ដោយសារ​ទ្រង់​បាន​ទទួល​បទពិសោធន៍​នូវ​ការឈឺចាប់​របស់​អ្នក នោះ​ទ្រង់​ជ្រាបដឹង​អំពី​របៀប​ជួយ​អ្នក ។ ប្រសិនបើ​អ្នក​ពឹងផ្អែក​លើ​ទ្រង់​ដោយ​សេចក្ដីជំនឿ ទ្រង់​នឹង​ពង្រឹង​អ្នក​ដើម្បី​ទប់ទល់​នឹង​រាល់​ឧបសគ្គ​ដែល​អ្នក​ជួប​ប្រទះ ។

កាល​អ្នក​ព្យាយាម​ទុកចិត្ត​លើ​ព្រះអម្ចាស់​អំឡុង​ពេល​ជួប​នឹង​ឧបសគ្គ ចូរ​ចងចាំ​ដំបូន្មាន​ខាង​ក្រោម​ដែល​បាន​ផ្ដល់​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

« អ្នក​ណា​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​សេចក្ដីវេទនា រង្វាន់​អ្នក​នោះ​នៅ​នគរស្ថានសួគ៌ គឺ​ប្រសើរ​ជាង ។

អ្នករាល់​គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោង​ការណ៍​នៃ​ព្រះ​របស់​អ្នក​អំពី​អ្វីៗ​ទាំង​នោះ ដែល​ត្រូវ​បាន​មក​នៅពេល​ក្រោយ និង​សិរី​ល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់​ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន ។

ដ្បិត​បន្ទាប់​ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះពរ » ( គ. និង ស. ៥៨:២–៤ ) ។

ការស្វែងរក​សេចក្ដីសុខសាន្ត និង អំណរ​ពេល​មាន​ទុក្ខវេទនា

អ្នក​រកឃើញ​សេចក្ដីសុខសាន្ត និង​អំណរ​បាន ទោះជា​អ្នក​កំពុង​តស៊ូ​ពុះពារ​នូវ​រាល់​ការលំបាក និង​ភាពសោកសៅ​ក្ដី ។ ព្រះគម្ពីរមរមន​មាន​ដំណើររឿង​មួយ​ស្ដីពី​ប្រជាជន​សុចរិត ដែល​បាន​រៀន​ពី​សេចក្ដីពិត​នេះ ។ ពេល​កំពុង​រងទុក្ខ​នៅ​ក្នុង​សេវកភាព​ក្រោម​អ្នក​គ្រប់គ្រង​ដ៏​ឃោរឃៅ ពួកគេ​បាន​ថ្វាយ​ដួងចិត្ត​ដល់​ព្រះ​វិញ ( សូម​មើល ម៉ូសាយ ២៤:៨–១២ ) ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​តប​ដូចនេះ ៖

« ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​យើង​ដឹង​នូវ​សេចក្ដីសញ្ញា​ដែល​អ្នករាល់គ្នា​បាន​ធ្វើ​ជាមួយ​នឹងយើង ហើយ​យើង​នឹង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​រាស្រ្តយើង ហើយ​នឹង​ដោះ​ពួកគេ​ឲ្យ​រួច​ផុត​ពី​សេវកភាព ។

យើង​នឹង​សម្រាល​បន្ទុក​ទាំងឡាយ ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បីតែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់អារម្មណ៍​ថា មាន​បន្ទុក​ទាំងនោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវកភាពក្ដី ហើយ​យើង​នឹង​ធ្វើការ​នេះ ដើម្បី​ឲ្យ​អ្នករាល់គ្នា អាច​ឈរ​ជា​សាក្សី​ដល់​យើង​ពី​អំណិះតទៅ ហើយ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​ដឹង​ជា​ពិតប្រាកដថា ព្រះអម្ចាស់​ដ៏​ជា​ព្រះ​មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដីវេទនា » ( ម៉ូសាយ ២៤:១៣–១៤ ) ។

ប្រជាជន​បាន​ឆ្លើយ​តប​ដោយ​សេចក្ដីជំនឿ ហើយ « បន្ទុក​ទាំងឡាយ​ដែល​ដាក់​នៅ​លើ​[ ពួកគេ ] ត្រូវបាន​សម្រាល​ទៅ មែនហើយ ព្រះអម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំងឡាយ​របស់​គេ​បាន​ងាយ ហើយ​ពួកគេ​បាន​ធ្វើតាម​អស់​ទាំង​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ » ( ម៉ូសាយ ២៤:១៥ ) ។

ដូចជា​ប្រជាជន​សុចរិត​ទាំងនេះ​ដែរ អ្នក​អាច « ធ្វើតាម​អស់​ទាំង​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ ដោយ​ការរីករាយ និង​ដោយ​ការអត់ធន់ » ដោយ​ដឹង​ថា ទ្រង់​នឹង​ពង្រឹង​អ្នក​ក្នុង​ឧសគ្គ​របស់​អ្នក ។ ទ្រង់​បាន​មាន​បន្ទូល​សន្យា​ថា « គ្រប់​ការណ៍​ទាំងអស់​ដែល​អ្នក​ត្រូវ​បាន​រង​ទុក្ខ នោះ​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដីល្អ​ដល់​អ្នក និង​ដល់​សិរីល្អ​របស់​ព្រះ​នាម​យើង » ( គ. និង ស. ៩៨:៣ ) ។

បោះពុម្ព