ធនធាន​ផ្សេង​ទៀត
ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ


« ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤–២១

« ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៤–២១

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

ពាក្យ​ថា ធ្វើ​ឲ្យ​ធួន​នឹង មាន​ន័យ​ថា ផ្សះផ្សារ ឬ​ស្ដារឡើងវិញ​ឆ្ពោះ​ទៅ​កាន់​ភាពសុខដុមរមនា ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវបាន​ផ្សះផ្សារ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ( សូម​មើល រ៉ូម ៥:១០–១១, នីហ្វៃទី ២ ២៥:២៣, យ៉ាកុប ៤:១១ ) ។ នៅ​ទីបំផុត យើង​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជា​រៀងដរាប ដែល​ត្រូវបាន « ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ព្រះយេស៊ូវ » ( សូម​មើល គ. និង ស. ៧៦:៦២, ៦៩ ) ។

ព្រះយេស៊ូវគ្រីស្ទ « ត្រូវបាន​រៀបចំ​ទុក ចាប់​តាំង​ពី​កំណើត​លោកិយ​មក ដើម្បី​ប្រោសលោះ​រាស្ត្រ [ របស់​ទ្រង់ ] » ( អេធើរ ៣:១៤ ) ។ នៅ​ក្នុង​ពិភព​វិញ្ញាណ​នៃ​ជីវិត​មុន​ផែនដី ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​តម្រូវ​ឲ្យ​មាន​ដង្វាយធួន​ដ៏​និរន្តរ៍ និង ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ព្រះយេស៊ូវ​កាល​នៅ​ជីវិត​មុន​ផែនដី ពេល​នោះ​ត្រូវបាន​ស្គាល់​ថា​ជា​ព្រះយេហូវ៉ា បាន​ប្រកាស​យ៉ាង​រាបសា​ថា ទ្រង់​នឹង​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ដើម្បី​បំពេញ​ផែនការ​នោះ ( សូម​មើល ម៉ូសេ ៤:២ ) ។ ដូច្នេះហើយ ទ្រង់​ត្រូវ​បាន​សម្រេច​ទុក​ជាមុន ដើម្បី​មក​សម្រេច​ដង្វាយធួន—មក​លើ​ផែនដី​ដោយ​រងទុក្ខលំបាក​ជំនួស​អំពើបាប​របស់​យើង ដោយ​សុគត​នៅ​លើ​ឈើឆ្កាង ហើយ​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ទ្រង់​បាន​ក្លាយ​ជា « កូន​ចៀម​ដែល​ត្រូវ​គេ​សម្លាប់ តាំង​ពី​កំណើត​លោកីយ៍​មក » ( វិវរណៈ ១៣:៨, សូម​មើល​ផងដែរ ពេត្រុស ទី១ ១:១៩–២០, ម៉ូសេ ៧:៤៧ ) ។

ដង្វាយធួន​គឺ​ជា​ការបញ្ជាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង​ទាំងអស់​គ្នា ( សូម​មើល យ៉ូហាន ៣:១៦ ) ។ វា​ក៏​ជា​ការបញ្ជាក់​ដ៏​មហិមា​បំផុត​ផងដែរ អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​ព្រះវរបិតា និង ចំពោះ​យើង​ទាំងអស់​គ្នា ( សូម​មើល យ៉ូហាន ១៤:២៨–៣១, ១៥:៩–១៣, យ៉ូហាន ទី១ ៣:១៦, គ. និង ស. ៣៤:៣, ១៣៨:១–៤ ) ។

តម្រូវការ​របស់​យើង​ឲ្យ​មាន​ដង្វាយធួន

ក្នុង​នាម​ជា​កូនចៅ​របស់​អ័ដាម និង អេវ៉ា មនុស្ស​ទាំងអស់​គ្រង​មរតក​ដែល​ជា​ផល​នៃ​ការធ្លាក់ ។ យើង​ទាំង​អស់​គ្នា​បាន​ពិសោធន៍​ចំពោះ​សេចក្តី​ស្លាប់​ខាងវិញ្ញាណ​ដោយ​ការបែកចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​សេចក្តី​ស្លាប់​ខាង​សាច់ឈាម​ដែល​ជា​សេចក្តី​ស្លាប់​ខាង​រូបកាយ ( សូម​មើល អាលម៉ា ៤២:៦–៩, គ. និង ស. ២៩:៤១–៤២ ) ។

នៅ​ក្នុង​ស្ថានភាព​ធ្លាក់​របស់​យើង យើង​ស្ថិត​នៅ ក្រោម​អំណាច​នៃ​ភាពផ្ទុយ និង​ការល្បួង ។ នៅ​ពេល​យើង​ចុះចាញ់​នឹង​ការល្បួង នោះ​យើង​ញែក​ខ្លួន​យើង​ចេញ​ពី​ព្រះ ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ទ្រង់ ( សូម​មើល រ៉ូម ៣:២៣ ) ។

យុត្តិធម៌​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទាមទារ​ឲ្យ​មាន​ផលវិបាក​នៃ​ការធ្លាក់​នៅ​តែ​មាន​បន្ត​ទៅ​ទៀត ហើយ​យើង​ត្រូវ​ទទួល​ទណ្ឌកម្ម​ចំពោះ​ទង្វើ​ខុសឆ្គង​របស់​យើង ។ បើ​គ្មាន​ដង្វាយធួន​ទេ នោះ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​នឹង​ក្លាយ​ជា​ឧបសគ្គ​មួយ​ដែល​រារាំង​យើង​ពី​ព្រះ ។ ដោយសារ​យើង​មិន​អាច​សង្គ្រោះ​ខ្លួន​យើង​ពី​ការធ្លាក់ ឬ អំពើបាប​ផ្ទាល់​របស់​យើង​បាន នោះ​យើង​នឹង​ត្រូវ​បែក​ចេញ​ពី​ព្រះវរបិតាសួគ៌​របស់​យើង ដ្បិត « គ្មាន​វត្ថុ​ណា​ដែល​ពុំ​ស្អាត​អាច​អាស្រ័យ … ក្នុង​វត្តមាន​របស់​ទ្រង់​ឡើយ » ( ម៉ូសេ ៦:៥៧ ) ។

មាគ៌ា​តែ​មួយ​គត់​ដើម្បី​បាន​សង្គ្រោះ គឺ​តាមរយៈ​មនុស្ស​ផ្សេង​ទៀត​ដែល​អាច​ជួយ​សង្គ្រោះ​យើង ។ យើង​ត្រូវការ​មនុស្ស​ម្នាក់ ដែល​អាច​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌—ដើម្បី​ជំនួស​យើង​ក្នុង​ការទទួល​បន្ទុក​នៃ​ការធ្លាក់ និង ដើម្បី​បង់ថ្លៃ​សម្រាប់​អំពើបាប​របស់​យើង ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​ធ្វើ​ពលិកម្ម​បែប​នេះ​បាន ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សេចក្ដីសង្ឃឹម​តែ​មួយ​គត់​របស់​យើង

ចាប់​តាំង​ពី​មុន​ការបង្កបង្កើត​ផែនដី​មក ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ជា​សេចក្ដីសង្ឃឹម​តែ​មួយ​គត់​របស់​យើង​សម្រាប់ « សេចក្ដីសុខសាន្ត​នៅ​ក្នុង​លោកិយ​នេះ ហើយ​និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅ​ក្នុង​បរលោក​នាយ » ( គ. និង ស។ ៥៩:២៣ ) ។

មាន​តែ​ទ្រង់​មួយ​អង្គ​គត់​ដែល​មាន​ព្រះចេស្ដា ដើម្បី​ដាក់​ព្រះជន្ម​ទ្រង់​ចុះ ថែមទាំង​យក​មក​វិញ​ដែរ ។ ដោយ​បាន​ប្រសូត​មក​ពី​មាតា​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់​គឺ ម៉ារា ទើប​ទ្រង់​ទទួល​មរតត​នៃ​ការស្លាប់ ។ ដោយសារ​មាន​ព្រះវរបិតាសួគ៌​ដ៏​អមត ទើប​ទ្រង់​ទទួល​មរតក​នៃ​ព្រះចេស្ដា​ដើម្បី​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​បាន ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រកាស​ថា « ដែល​ព្រះវរបិតា​មាន​ជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះរាជបុត្រា​មាន​ជីវិត ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​នោះ​ដែរ » ( យ៉ូហាន ៥:២៦ ) ។

មាន​តែ​ទ្រង់​មួយ​អង្គ​គត់ ដែល​អាច​ប្រោសលោះ​យើង​ពី​អំពើបាប​របស់​យើង​បាន ។ ព្រះ​ជា​ព្រះវរបិតា​បាន​ប្រទាន​ព្រះចេស្ដា​នេះ​ដល់​ទ្រង់ ( សូម​មើល ហេលេមិន ៥:១១ ) ។ ព្រះអង្គសង្គ្រោះ​មាន​លទ្ធភាព​ទទួល​យក​ព្រះចេស្ដា​នេះ ហើយ​សម្រេច​ដង្វាយធួន ដោយសារតែ​ទ្រង់​បាន​រក្សា​អង្គ​ទ្រង់​ឲ្យ​រួច​ផុត​ពី​អំពើបាប ៖ « ទ្រង់​បាន​រង​ទុក្ខ​សេចក្ដី​ល្បួង​ទាំង​ឡាយ ប៉ុន្តែ​មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំង​នោះ​ឡើយ » ( គ. និង ស ២០:២២ ) ។ ទ្រង់​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ ដែល​ជា​ជីវិត​គ្មាន​អំពើបាប ទ្រង់​រួច​ផុត​ពី​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ។ ដោយសារតែ​ទ្រង់​មាន​ព្រះចេស្ដា​នៃ​ការប្រោសលោះ ហើយ​ដោយសារតែ​ទ្រង់​គ្មាន​បំណុល​ចំពោះ​សេចក្ដីយុត្តិធម៌ ទើប​ទ្រង់​អាច​សង​បំណុល​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត​បាន ។ ទ្រង់​មាន​ព្រះបន្ទូល​ដូចនេះ ៖

« ព្រះវរបិតា​អើយ សូម​ទត​មើល​ការ​រងទុក្ខ​ទាំងឡាយ និង ការសុគត​របស់​អ្នក​ដែល​ពុំ​បាន​ធ្វើ​បាប​ឡើយ ជា​អ្នក​ដែល​ព្រះអង្គសព្វ​ព្រះ​ហឫទ័យ​ចុះ សូម​ទត​មើល​ព្រះលោហិត​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ដែល​បាន​ច្រួច ជា​ព្រះលោហិត​របស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​តម្កើង​ឡើង

ហេតុដូច្នោះ​ហើយ ឱព្រះវរបិតា​អើយ អ្នក​ផង​ទាំងនេះ​ជា​បងប្អូន​របស់​ទូល​បង្គំ ដែល​ជឿ​ដល់​ព្រះនាម​របស់​ទូល​បង្គំ ដើម្បី​ឲ្យ​ពួកគេ​អាច​មក​រក​ទូល​បង្គំ ហើយ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( គ. និង ស. ៤៥:៤–៥ ) ។

ប្រាកដណាស់ « ពុំ​មាន​នាម​ណា​មួយ ឬ​ផ្លូវ ឬ​ក៏​មធ្យោបាយ​ឯ​ណា​ទៀត​ឡើយ ដែល​អាច​នាំ​សេចក្ដីសង្គ្រោះ​មក​ឲ្យ​កូនចៅ​មនុស្ស មាន​តែ​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​ដោយ ហើយ​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា » ( ម៉ូសាយ ៣:១៧ ) ។

ពលិកម្មដ៏ធួន

ពលិកម្មដ៏ធួន​របស់​ព្រះយេស៊ូវ បាន​កើតឡើង​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង នៅ​លើ​ឈើឆ្កាង​ត្រង់​កាលវ៉ារី ។ នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ទ្រង់​បាន​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ហើយ​បាន​ចាប់ផ្ដើម​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់ នូវ​អំពើបាប​របស់​មនុស្ស​ទាំងអស់ ។ ទ្រង់​បាន​បើកសម្ដែង​បទពិសោធន៍​មួយ ដែល​ទ្រង់​បាន​មាន​កាល​ទ្រង់​បាន​បង់ថ្លៃ​ជំនួស​អំពើបាប​របស់​យើង​ដូចនេះ ៖

« មើលចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំងអស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រងទុក្ខ បើសិនជា​ពួកគេ​ប្រែចិត្ត

ប៉ុន្ដែ បើសិនជា​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​ត្រូវរង​ទុក្ខ​ដូច​ជា​យើង​ដែរ

គឺជា​សេចក្ដី​រងទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង​គឺជា​ព្រះ ដែល​មហិមា​លើ​អ្វីៗ​ទាំងអស់​ត្រូវ​ញ័រ ដោយសារតែ​ការឈឺចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រងទុក្ខ ព្រម​ទាំង​រូបកាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច—

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការ​រៀប​ចំ​របស់​យើង ចំពោះ​កូន​ចៅ​មនុស្ស » ( គ. និង ស. ១៩:១៦–១៩, សូម​មើល​ផងដែរ លូកា ២២:៤៤, ម៉ូសាយ ៣:៧ ) ។

ព្រះអង្គសង្គ្រោះ​បាន​បន្ត​រងការឈឺចាប់​ជំនួស​អំពើបាប​របស់​យើង ជា​ពេល​ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គេ​ឆ្កាង​ទ្រង់—« លើកឡើង​លើ​ឈើឆ្កាង ហើយ​ធ្វើ​គត់​ជំនួស​អំពើបាប​ទាំងឡាយ​នៃ​មនុស្ស​លោក » ( នីហ្វៃទី ១ ១១:៣៣ ) ។

ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​សុគត​លើ​ឈើ​ឆ្កាង ។ បន្ទាប់​មក ព្រះសព​ទ្រង់​ត្រូវបាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ រហូត​ដល់​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​បាន​ក្លាយ​ជា « ផល​ដំបូង​ពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ » ( កូរិនថូស ទី១ ១៥:២០ ) ។ តាមរយៈ​ការសុគត និង ការមាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ទ្រង់​បាន​យកឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​សាច់ឈាម​សម្រាប់​យើង​ទាំងអស់​គ្នា ។ ក្រោយ​មក ទ្រង់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖

« យើង​បាន​មក​ឯ​លោកិយ​នេះ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​របស់​យើង ពីព្រោះ​ព្រះវរបិតា​របស់​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ។

ហើយ​ព្រះវរបិតា​យើង​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​លើក​ឡើង​លើ​ឈើឆ្កាង ហើយ​បន្ទាប់​ពី​យើង​ត្រូវ​បាន​លើកឡើង​លើ​ឈើឆ្កាង​គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញ​នាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មករក​យើង​ហើយ​ដូច​ជា​យើង​ត្រូវ​បានលើក​ឡើង​លើ​ឈើឆ្កាង​ដោយ​មនុស្ស​លោក​យ៉ាងណា នោះ​មនុស្ស​លោក​ក៏​នឹង​ត្រូវបាន​លើកឡើង​ដោយ​ព្រះវរបិតា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ឈរ​ចំពោះ​យើង​ដើម្បី​ទទួល​ការជំរុំជម្រះ​ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ថា​ពួកគេ​ល្អ ឬក៏​អាក្រក់—

ហើយ​ដោយ​ហេតុនេះ ទើប​យើង​ត្រូវបាន​លើក​ឡើង ហេតុដូច្នេះហើយ ស្រប​តាម​ព្រះចេស្ដា​នៃ​ព្រះវរបិតា នោះ​យើង​នឹង​ទាញ​នាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​យើង ប្រយោជន៍​ឲ្យ​គេ​អាច​បាន​ទទួល​ការជំនុំជម្រះ ស្របតាម​កិច្ចការ​ទាំងឡាយ​របស់​គេ ។

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង នោះ​ត្រូវ​បាន​ពោរពេញ ហើយ​បើ​អ្នក​នោះ​កាន់ខ្ជាប់ ដរាប​ដល់​ចុង​បំផុត មើល​ចុះ យើង​នឹង​ចាត់​អ្នក​នោះ​ទុក​ថា​ជា​ឥត​ទោស​នៅ​ចំពោះ​ព្រះ​វរបិតា​យើង​នៅ​ក្នុង​ថ្ងៃ​ដែល​យើង​នឹង​ឈរ​ជំនុំជម្រះ​មនុស្ស​លោក » ( នីហ្វៃទី ៣ ២៧:១៣–១៦ ) ។

សេចក្ដីប្រោសលោះ​មក​ពី​ការធ្លាក់​ជា​សាកល

តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​ប្រោសលោះ​មនុស្ស​ទាំងអស់​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ ។ មនុស្ស​ទាំងអស់​ដែល​បាន​រស់នៅ​លើ​ផែនដី ព្រមទាំង​មនុស្ស​ដែល​នឹង​រស់​នៅ​លើ​ផែនដី​ផង នឹង​រស់ឡើងវិញ ហើយ​នាំ​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ​ដើម្បី​ទទួល​ការជំនុំជម្រះ ( សូម​មើល នីហ្វៃទី ២ ២:៥–១០, ហេលេមិន ១៤:១៥–១៧ ) ។ តាមរយៈ​អំណោយទាន​ជា​សេចក្ដីមេត្តាករុណា និង ព្រះគុណ​នៃ​ការប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​ទាំងអស់​គ្នា​នឹង​ទទួល​បាន​អំណោយទាន​ជា​អមតភាព ហើយ​រស់នៅ​ជា​រៀងរហូត​ដោយ​មាន​រូបកាយ​ពេញ​ដោយ​សិរីល្អ និង ដែល​បាន​រស់ឡើងវិញ ។

សេចក្តីសង្គ្រោះ​ពី​អំពើបាប​របស់​យើង

ទោះ​បី​ជា​យើង​ត្រូវបាន​ប្រោសលោះ​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ឥទ្ធិពល​នៃ​ការធ្លាក់​ជា​សាកល​ក៏​ដោយ ក៏​យើង​នៅ​តែ​ទទួលខុសត្រូវ​លើ​អំពើបាប​ផ្ទាល់​របស់​យើង​ដែរ ។ ប៉ុន្តែ​យើង​អាច​បាន​ការអភ័យទោស និង បាន​ស្អាត​ពី​ស្នាម​ប្រឡាក់​នៃ​អំពើបាប​ប្រសិនបើ​យើង « ប្រើប្រាស់​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៤:២ ) ។ យើង​ត្រូវតែ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួល​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​ការផ្ដាច់បាប ហើយ​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អាលម៉ា​បាន​ទូន្មាន​ដូចនេះ ៖

« អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែចិត្ត ហើយ​កើត​ម្ដង​ទៀត ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​កើត​ម្ដង​ទៀត​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​គ្រង​នគរ​ស្ថានសួគ៌​ទុកជា​មរតក​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ចូរ​មក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែចិត្ត​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ជ្រះ​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​កូន​ចៀម​នៃ​ព្រះ ដែល​នឹង​ដក​យក​អំពើ​បាប​ទាំង​ឡាយ​ពី​មនុស្ស​លោក ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ និង​ដើម្បី​ជម្រះ​ឲ្យ​ជ្រះ​ពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត » ( អាលម៉ា ៧:១៤ ) ។

អំណោយទាន​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រកាស​ថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា « អំណោយទាន​ដ៏​មហិមា​បំផុត​ក្នុង​ចំណោម​អំណោយទាន​ទាំងអស់​របស់​ព្រះ » ( គ. និង ស. ១៤:៧ ) ។ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវ មាន​ភាពសក្ដិសម​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ដើម្បី​គ្រង​កន្លែង​មួយ​ទុក​ជា​មរតក​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។ អំណោយទាន​នេះ​គឺ​អាច​ធ្វើ​បាន តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ ព្យាការី​មរមន​បាន​មាន​ប្រសាសន៍​ដូចនេះ ៖ « តើ​អ្វី​ទៅ​ដែល​អ្នក​សង្ឃឹម​ចង់​បាន ? មើលចុះ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​រាល់គ្នា​នឹង​មាន​សេចក្តីសង្ឃឹម តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង អំណាច​នៃ​ដំណើរ​រស់ឡើងវិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា » ( មរ៉ូណៃ ៧:៤១ ) ។

ដើម្បី​ទទួលបាន​អំណោយទាន​នេះ យើង​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ។ យើង​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​កាន់ខ្ជាប់​យ៉ាង​ស្មោះត្រង់​ដរាប​ដល់​ទី​បំផុត ។ យើង​ត្រូវតែ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ​មាន​ដូចជា ៖ ពិធីបុណ្យជ្រមុជទឹក អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) និង អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ ព្រមទាំង​ពិធីផ្សារភ្ជាប់​នៃ​អាពាហ៍ពិពាហ៍ ។ តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​ទាំងនេះ និង ការរក្សា​សេចក្ដីសញ្ញា​ដែល​ជាប់​ទាក់ទង នោះ​យើង​មក​ឯ​ព្រះគ្រីស្ទ ហើយ​ទីបំផុត យើង​ទទួល​បាន​អំណោយទាន​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូម​មើល មាត្រា​នៃ​សេចក្ដីជំនឿ ១:៣ ) ។

ដោយ​សេចក្ដីយុត្តិធម៌ និង សេចក្ដីមេត្តាករុណា​ដ៏​ធំធេង​របស់​ទ្រង់ ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផងដែរ​ដល់ « មនុស្ស​ទាំង​អស់​ដែល​បាន​ស្លាប់​ទៅ ដោយ​គ្មាន​ការ​ចេះ​ដឹង​អំពី​ដំណឹង​ល្អ​នេះ គឺជា​ពួក​អ្នក​ដែល​នឹង​ទទួល​ដំណឹង​ល្អ បើ​សិន​ជា​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ » និង​ដល់ « កូន​ក្មេង​ទាំង​អស់​ដែល​បាន​ស្លាប់​មុន​គ្រប់​អាយុ​ទទួល​ខុសត្រូវ » ( គ. និង ស. ១៣៧:៧, ១០ ) ។

ព្រះអង្គសង្គ្រោះ​បាន​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ៖ « ទ្រង់​បាន​អញ្ជើញ​មនុស្ស​លោក​ទាំង​អស់ ដ្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក​គេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក ។ មែន​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​មក​រក​យើង​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត មែន​ហើយ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន ហើយ​ផឹក នូវ​នំប៉័ង និង​ទឹក​នៃ​ជីវិត​តាម​ចិត្ត » ( អាលម៉ា ៥:៣៣–៣៤ ) ។

ការរកឃើញ​សេចក្ដីសុខសាន្ត និង ការព្យាបាល​តាមរយៈ​ដង្វាយធួន

ពរជ័យ​មក​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ លាតសន្ធឹង​ពេញ​មួយ​ភាពដ៏​នៅ​អស់កល្ប​ជានិច្ច ប៉ុន្តែ​វា​ក៏​កើត​មាន​នៅ​ក្នុង​ជីវិត​នេះ​ដែរ ។ នៅ​ពេល​អ្នក​មក​រក​ព្រះគ្រីស្ទ អ្នក​នឹង​បាន​ស្គាល់​អំណរ​នៃ​ការបាន​ជ្រះស្អាត​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ ។ អ្នក​នឹង​បាន​ឮ​ពាក្យ​របស់​អាលម៉ា​ដែល​បាន​ធ្វើ​បាប និង​បាន​បះបោរ​យ៉ាង​ខ្លាំង ហើយ​បាន​ទទួល​បទពិសោធន៍​យ៉ាង​ឈឺចាប់ ប៉ុន្តែ​នោះ​ក៏​បាន​ល្អ​ឡើង​វិញ​តាមរយៈ​ដំណើរការ​ព្យាបាល​នៃ​ការប្រែចិត្ត ។ បន្ទាប់​ពី​លោក​ទទួល​បាន​ការអភ័យទោស លោក​បាន​ថ្លែង​ទីបន្ទាល់​ដូចនេះ ៖

« ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើត​ទុក្ខ​​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត​ទៅ ។

ហើយ ឱ​អំណរ និង​រស្មី​ដ៏​អស្ចារ្យ ដែល​ឪពុក​បាន​ឃើញ មែន​ហើយ ព្រលឹង​ឪពុក​បាន​ពោរពេញ​ទៅ​ដោយ​អំណរ លើស​ជាង​ការឈឺចាប់​របស់​ឪពុក​ទៅ​ទៀត !

… គ្មាន​អ្វី​ដែល​ជ្រួតជ្រាប និង ល្វីងជូរចត់ ឲ្យ​ស្មើ​នឹង​ការឈឺចាប់​របស់​ឪពុក​បាន​ឡើយ ។ … ជា​ថ្មី​ទៀត គឺ​គ្មាន​អ្វី​ជ្រួតជ្រាប និង ផ្អែមល្ហែម ឲ្យ​ស្មើ​នឹង​អំណរ​របស់​ឪពុក​បាន​ឡើយ » ( អាលម៉ា ៣៦:១៩–២១ ) ។

បន្ថែម​ពី​លើ​ការប្រទាន​ឲ្យ​នូវ​ការប្រោសលោះ​ពី​ភាពឈឺចាប់​នៃ​អំពើបាប នោះ​ព្រះអង្គសង្គ្រោះ​ប្រទាន​ឲ្យ​នូវ​ភាពសុខសាន្ត​ក្នុង​ពេល​នៃ​ការសាកល្បង ។ ជា​ចំណែក​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​លើក​ដាក់​ទៅ​លើ​អង្គ​ទ្រង់​នូវ​ភាពឈឺចាប់ ជំងឺ និង រោគា​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ( សូម​មើល អាលម៉ា ៧:១១–១២ ) ។ ទ្រង់​យល់​អំពី​ការឈឺចាប់​របស់​អ្នក ព្រោះ​ទ្រង់​បាន​ធ្លាប់​ជួប​ប្រទះ​នឹង​ការឈឺចាប់​នោះ​ហើយ ។ ដោយ​ការយល់​ដ៏​ឥតខ្ចោះ​បែប​នេះ​ហើយ ទើប​ទ្រង់​ជ្រាប​ពី​របៀប​ជួយ​ដល់​អ្នក ។ អ្នក​អាច​ផ្ទេរ « គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា » ( ពេត្រុស ទី១ ៥:៧ ) ។

តាមរយៈ​សេចក្ដីជំនឿ និង សុចរិតភាព​របស់​អ្នក និង តាមរយៈ​ពលិកម្មដ៏ធួន​របស់​ទ្រង់ នោះ​រាល់​ភាពអយុត្តិធម៌ របួស និង ការឈឺចាប់​ក្នុង​ជីវិត អាច​ត្រូវបាន​ទូទាត់ និង ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។ ពរជ័យ​ដែល​មិន​បាន​កើតឡើង​ក្នុង​ជីវិត​នេះ​នឹង​កើតឡើង​ក្នុង​ភាពអស់កល្ប​ជានិច្ច ។ ហើយ​ទោះ​ជា​ឥឡូវនេះ ទ្រង់​អាច​នឹង​មិន​ធ្វើ​ឲ្យ​ការរងទុក្ខ​របស់​អ្នក​បាន​ធូរស្បើយ​ក្ដី ក៏​ទ្រង់​នឹង​ប្រទានពរ​អ្នក​ដោយ​នូវ​ការលួងលោមចិត្ត និង ការយល់ដឹង ព្រមទាំង​កម្លាំង​ដើម្បី « អាច​ទ្រ​បន្ទុក​ទាំងឡាយ [ របស់​អ្នក ] បាន​ដោយ​ងាយ » ដែរ ( ម៉ូសាយ ២៤:១៥ ) ។

ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់សម្រាក ( ម៉ាថាយ ១១:២៨ ) ។ ចំពោះ​ឱកាស​ផ្សេង​ទៀត ទ្រង់​បាន​សន្យា​ជា​ថ្មី​ម្ដង​ទៀត អំពី​សេចក្ដីសុខសាន្ត​ដោយ​ទ្រង់​មាន​បន្ទូល​ថា « នៅ​លោកិយ​នេះ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា ៖ មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។ ទាំងនេះ​គឺ​ជា​ការសន្យា​នៃ​ដង្វាយធួន​នៅ​ក្នុង​ជីវិត​នេះ និង ពេញ​មួយ​ភាពអស់កល្ប​ជានិច្ច ។