« ពិធីបុណ្យជ្រមុជទឹក » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២១–២៦
« ពិធីបុណ្យជ្រមុជទឹក » ពិតចំពោះសេចក្តីជំនឿ ទំព័រ ២១–២៦
ពិធីបុណ្យជ្រមុជទឹក
ព្រះគម្ពីរមរមនប្រាប់អំពីប្រជាជនមួយក្រុម ដែលបានរៀនដំណឹងល្អ ហើយបានទទួលពិធីបុណ្យជ្រមុជទឹកនៅកន្លែងមួយដែលហៅថា ទឹកមរមន ។ ចាប់តាំងពីពេលដែលពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក ពួកគេបានចាត់ទុកទឹកមរមនជាកន្លែងមួយដ៏ស្រស់ស្អាត ព្រោះពេលដែលពួកគេនៅទីនោះ ពួកគេ « បានទៅស្គាល់ព្រះដ៏ប្រោសលោះ » ( ម៉ូសាយ ១៨:៣០ ) ។ ដោយសារតែត្រូវបានពង្រឹងតាមរយៈទីបន្ទាល់ និង សេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក នោះពួកគេបានរក្សាភាពស្មោះត្រង់ចំពោះព្រះអម្ចាស់សូម្បីតែក្នុងពេលដែលពួកគេស្ថិតក្នុងការសាកល្បងយ៉ាងខ្លាំងក្លាក្ដី ( សូមមើល ម៉ូសាយ ២៣–២៤ ) ។
ដូចជាដំណើររឿងនៃប្រជាជនក្នុងព្រះគម្ពីរមរមននេះដែរ អ្នកអាចមានសេចក្ដីត្រេកអរពេលអ្នកចងចាំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និង សេចក្ដីសន្យារបស់ព្រះអម្ចាស់មានចំពោះអ្នក ។ អ្នកអាចរកឃើញភាពរឹងមាំនៅក្នុងពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក ទោះជាអ្នកទើបបានទទួលពិធីបុណ្យជ្រមុជទឹកនាពេលថ្មីៗនេះ ឬ អស់រយៈពេលច្រើនឆ្នាំកន្លងមកហើយក៏ដោយ ។
ការដើរនៅលើមាគ៌ាឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច
ពិធីបុណ្យជ្រមុជទឹកគឺជាពិធីបរិសុទ្ធដំណឹងល្អនៃការសង្គ្រោះទីមួយ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៤ ) ។ តាមរយៈពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ដោយសិទ្ធិអំណាចបព្វជិតភាព នោះធ្វើឲ្យអ្នកក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
នៅពេលអ្នកទទួលពិធីបុណ្យជ្រមុជទឹក នោះអ្នកបង្ហាញឆន្ទៈរបស់អ្នក ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ ទ្រង់ក៏បានទទួលពិធីបុណ្យជ្រមុជទឹកដែរ ទោះបីជាទ្រង់គ្មានអំពើបាបយ៉ាងណាក៏ដោយ ។ គឺដូចជាអ្វីដែលទ្រង់បានមានបន្ទូលពន្យល់ដល់ យ៉ូហាន បាទីស្ទ នោះទ្រង់ចាំបាច់ត្រូវទទួលពិធីបុណ្យជ្រមុជទឹកដើម្បី « សម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិត » ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។
អស់អ្នកណាដែលស្វែងរកជីវិតដ៏នៅអស់កល្បជានិច្ច ត្រូវធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដោយទទួលពិធីបុណ្យជ្រមុជទឹក និង ទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។ ព្យាការី នីហ្វៃ បានមានប្រសាសន៍ថា ព្រះអង្គសង្គ្រោះបានបង្ហាញដល់យើង « ដើម្បីឲ្យ [ យើង ] អាចដឹងអំពីទ្វារណា ដែលយើងត្រូវចូល ។ ដ្បិតទ្វារដែល [ យើង ] ត្រូវចូលនោះ គឺជាការប្រែចិត្ត និង បុណ្យជ្រមុជដោយទឹក ហើយបន្ទាប់មកគឺជាការផ្ដាច់បាបទាំងឡាយ [ របស់យើង ] ដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក [ យើង ] នឹងនៅលើផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី ២ ៣១:១៧–១៨ ) ។ យើងនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើយើងកាន់ខ្ជាប់ដរាបដល់ទីបំផុត រក្សាសេចក្ដីសញ្ញារបស់យើង ព្រមទាំងទទួលពិធីបរិសុទ្ធទាំងឡាយនៃសេចក្ដីសង្គ្រោះដទៃៗទៀត ។
ពិធីបុណ្យជ្រមុជទឹកតាមរបៀបរបស់ព្រះអម្ចាស់
ព្រះអង្គសង្គ្រោះបានត្រាស់សម្ដែងអំពីរបៀបដ៏ពិតប្រាកដនៃពិធីបុណ្យជ្រមុជទឹក ទៅកាន់ព្យាការី យ៉ូសែប ស៊្មីធ ដែលបានសម្ដែងឡើងយ៉ាងច្បាស់ថា ពិធីបរិសុទ្ធនេះត្រូវតែបានធ្វើឡើងដោយបុរសម្នាក់ដែលកាន់សិទ្ធិអំណាចបព្វជិតភាព ហើយត្រូវតែបានសម្រេចដោយការពន្លិចទៅក្នុងទឹក ៖
« បុគ្គលដែលត្រូវបានហៅដោយព្រះ ហើយមានសិទ្ធិអំណាចពីព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើបុណ្យជ្រមុជទឹក នោះត្រូវចុះទៅក្នុងទឹកជាមួយបុគ្គលដែលប្រគល់ខ្លួនលោក ឬខ្លួននាង សម្រាប់បុណ្យជ្រមុជទឹក ហើយត្រូវនិយាយដោយហៅលោក ឬនាងតាមឈ្មោះថា ៖ ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន ។
រួចហើយ អ្នកនោះត្រូវពន្លិចលោក ឬនាងទៅក្នុងទឹក ហើយលើកឡើងពីទឹកមកវិញ » ( គ។ និង ស. ២០:៧៣–៧៤ ) ។
ការជ្រមុជទៅក្នុងទឹកគឺជានិមិត្តរូបនៃសេចក្ដីស្លាប់នៃជីវិតដ៏ពេញដោយអំពើបាបរបស់បុគ្គលម្នាក់ និង ជាការកើតម្ដងទៀតទៅក្នុងជីវិតខាងវិញ្ញាណ ជាជីវិតដែលបានថ្វាយចំពោះការបម្រើដល់ព្រះអម្ចាស់ និង ដល់បុត្រាបុត្រីរបស់ទ្រង់ ។ វាក៏ជានិមិត្តរូបនៃសេចក្តីស្លាប់ និងការរស់ឡើងវិញផងដែរ ។ ( សូមមើល រ៉ូម ៦:៣–៦ ) ។
កុមារតូចៗ និង ពិធីបុណ្យជ្រមុជទឹក
យើងដឹងមកពីវិវរណៈថ្ងៃចុងក្រោយដូចនេះថា កុមារតូចៗត្រូវបានប្រោសលោះតាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលដូចនេះ ៖ « ពួកគេពុំអាចធ្វើបាបបានទេ ដ្បិតអំណាចពុំបានប្រទានឲ្យអារក្សសាតាំង ដើម្បីទៅល្បួងកូនក្មេងតូចទេ លុះត្រាពួកគេចាប់ផ្ដើមទទួលការខុសត្រូវនៅចំពោះយើងសិន » ( សូមមើល គ. និង ស. ២៩:៤៦–៤៧ ) ។ ពួកគេមិនត្រូវទទួលពិធីបុណ្យជ្រមុជទឹករហូតដល់ពួកគេគ្រប់អាយុទទួលខុសត្រូវ ដែលព្រះអម្ចាស់បានត្រាស់សម្ដែងថា ត្រូវបានអាយុគ្រប់ប្រាំបីឆ្នាំ ( សូមមើល គ. និង ស. ៦៨:២៧, ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៧:១១ ) ។ នរណាម្នាក់ដែលប្រកាសថា កុមារតូចៗត្រូវទទួលពិធីបុណ្យជ្រមុជទឹកនោះ « បដិសេធសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទហើយ ហើយចាត់ដង្វាយធួនរបស់ទ្រង់ និងព្រះចេស្ដានៃសេចក្ដីប្រោសលោះរបស់ទ្រង់ថា ជាឥតប្រយោជន៍ » ( មរ៉ូណៃ ៨:២០, សូមមើលផងដែរ ខទី ៨–១៩, ២១–២៤ ) ។
សេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក
ពេលអ្នកទទួលពិធីបុណ្យជ្រមុជទឹក នោះអ្នកបានចូលទៅក្នុងសេចក្ដីសញ្ញាជាមួយព្រះ ។ អ្នកបានសន្យាថានឹងលើកដាក់លើខ្លួនអ្នក នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ រក្សាព្រះបញ្ញត្តិរបស់ទ្រង់ ហើយបម្រើទ្រង់ដរាបដល់ទីបំផុត ( សូមមើល ម៉ូសាយ ១៨:៨–១០, គ. និង ស. ២០:៣៧ ) ។ អ្នករំឭកសេចក្ដីសញ្ញានេះ នៅគ្រប់ពេលដែលអ្នកទទួលទានសាក្រាម៉ង់ ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ) ។
ការលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពេលអ្នកលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពេលនោះអ្នកមើលឃើញខ្លួនអ្នកដូចជាអ្នកមើលឃើញទ្រង់ដូច្នោះដែរ ។ អ្នកដាក់ទ្រង់ និងកិច្ចការរបស់ទ្រង់ដំបូងគេក្នុងជីវិតរបស់អ្នក ។ អ្នកខិតខំដឹងពីអ្វីដែលទ្រង់សព្វព្រះទ័យឲ្យអ្នកធ្វើ ជាជាងអ្វីដែលអ្នកចង់ធ្វើ ឬអ្វីដែលលោកិយបង្រៀនអ្នកឲ្យចង់ធ្វើ ។
នៅក្នុងព្រះគម្ពីរមរមន ស្តេចបេនយ៉ាមីនបានមានបន្ទូលពន្យល់អំពីមូលហេតុដែលវាសំខាន់ ដែលត្រូវលើកដាក់ព្រះនាមព្រះអង្គសង្គ្រោះមកលើខ្លួនរបស់យើងដូចនេះ ៖
« គ្មាននាមឯណាផ្សេងទៀតទេ ដែលអាចនាំមកនូវសេចក្ដីសង្គ្រោះ ហេតុដូច្នេះហើយ យើងចង់ឲ្យអ្នករាល់គ្នាទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ គឺអស់អ្នករាល់គ្នា ដែលបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះថា អ្នកនឹងគោរពតាមទ្រង់ រហូតដល់អស់មួយជីវិតរបស់អ្នក ។
ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលបានធ្វើយ៉ាងនេះ នោះនឹងឃើញថា ខ្លួននៅខាងស្ដាំព្រះហស្តនៃព្រះ ដ្បិតអ្នកនោះនឹងស្គាល់ឈ្មោះខ្លួនដែលត្រូវបានហៅ ដ្បិតអ្នកនោះនឹងត្រូវបានហៅដោយព្រះនាមនៃព្រះគ្រីស្ទ ។
ហើយឥឡូវនេះ ហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលពុំទទួលដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទទេ នោះនឹងត្រូវបានហៅដោយឈ្មោះមួយផ្សេងទៀត ហេតុដូច្នេះហើយ អ្នកនោះនឹងឃើញថា ខ្លួននៅខាងឆ្វេងព្រះហស្តនៃព្រះ » ( ម៉ូសាយ ៥:៨–១០ ) ។
ការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។
សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នកគឺជាការតាំងចិត្តដើម្បីចូលទៅក្នុងនគររបស់ព្រះ ដោយញែកខ្លួនអ្នកចេញពីលោកិយ ហើយឈរជាសាក្សីដល់ព្រះ « នៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ កិច្ចប្រឹងប្រែងរបស់អ្នកដើម្បីឈរជាសាក្សីដល់ព្រះ រួមបញ្ចូលទាំងអ្វីៗទាំងអស់ដែលអ្នកធ្វើ និង និយាយផងដែរ ។ សូមព្យាយាមជានិច្ចដើម្បីចងចាំ និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។ សូមរក្សាគំនិត ពាក្យសម្តី និងសកម្មភាពរបស់អ្នកឲ្យបានបរិសុទ្ធ ។ ពេលអ្នកស្វែងរកការកម្សាន្តដូចជា ខ្សែភាពយន្ត ទូរទស្សន៍ អ៊ិនធើរណែត តន្ត្រី សៀវភៅ ទស្សនាវដ្តី និងសារព័ត៌មាន ចូរប្រយ័ត្នប្រយែងក្នុងការមើល ស្តាប់ និងអានតែរឿងណាដែលលើកស្ទួយដួងចិត្តតែប៉ុណ្ណោះ ។ ចូរស្លៀកពាក់ឲ្យសមរម្យ ។ ចូរជ្រើសរើសមិត្តណាដែលលើកទឹកចិត្តឲ្យសម្រេចនូវគោលដៅអស់កល្បជានិច្ចរបស់អ្នក ។ ចូរនៅចៀសឲ្យឆ្ងាយពីភាពអសីលធម៌ ការណ៍អាសគ្រាម ល្បែងស៊ីសង ថ្នាំជក់ គ្រឿងស្រវឹង និងឱសថខុសច្បាប់ ។ ចូររក្សាខ្លួនអ្នកឲ្យមានភាពសក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ។
ការបម្រើព្រះអម្ចាស់ ។
ព្រះបញ្ញត្តិដែលញែកអ្នកចេញពីវត្ថុទាំងឡាយនៃលោកិយ នោះពុំមែនមានន័យថា អ្នកគួរតែផ្តាច់ខ្លួនអ្នកចេញពីអ្នកដទៃឡើយ ។ ផ្នែកមួយនៃសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកគឺត្រូវបម្រើដល់ព្រះអម្ចាស់ ហើយអ្នកអាចបម្រើដល់ទ្រង់បានយ៉ាងល្អបំផុតពេលអ្នកបម្រើដល់មនុស្សទូទៅ ។ នៅពេលព្យាការីអាលម៉ាបានបង្រៀនអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក លោកបានមានប្រសាសន៍ថា យើងនឹង « យល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » ព្រមទាំង « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ចូរមានសន្តានចិត្តល្អ និងមានការគោរពដល់មនុស្សគ្រប់រូប ដោយធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទពេលអ្នកប្រព្រឹត្តនឹងមនុស្សដទៃ ។
ពរជ័យនៃពិធីបុណ្យជ្រមុជទឹកដែលបានសន្យាទុក
នៅពេលអ្នករក្សាសេចក្ដីសញ្ញាដែលអ្នកបានធ្វើពេលទទួលពិធីបុណ្យជ្រមុជទឹក ព្រះអម្ចាស់នឹងប្រទានពរចំពោះសេចក្ដីស្មោះត្រង់របស់អ្នក ។ ក្នុងចំណោមពរជ័យជាច្រើនមានពរជ័យមួយចំនួនដែលអ្នកទទួលបាន គឺជាភាពជាដៃគូដ៏ជាប់លាប់នៃព្រះវិញ្ញាណបរិសុទ្ធ ការផ្តាច់បាបរបស់អ្នក និង ឯកសិទ្ធិនៃការបានកើតម្ដងទៀតខាងវិញ្ញាណ ។
ភាពជាដៃគូដ៏ជាប់លាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។
បន្ទាប់ពីអ្នកបានទទួលពិធីបុណ្យជ្រមុជទឹក អ្នកកាន់អំណាចបព្វជិតភាពម្នាក់ ឬច្រើននាក់ដែលបានទទួលការអនុញ្ញាត ដាក់ដៃពួកគេនៅលើក្បាលអ្នក ហើយផ្ដល់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយទាននេះផ្ដល់សិទ្ធិដល់អ្នកឲ្យមានភាពជាដៃគូដ៏ជាប់លាប់នៃព្រះវិញ្ញាណបរិសុទ្ធ ដរាបណាអ្នកមានភាពសក្ដិសម ។ ភាពជាដៃគូដ៏ជាប់លាប់នៃព្រះវិញ្ញាណ គឺជាពរជ័យដ៏អស្ចារ្យក្នុងចំណោមពរជ័យដ៏អស្ចារ្យទាំងឡាយ ដែលអ្នកអាចទទួលក្នុងជីវិតរមែងស្លាប់ ។ ព្រះវិញ្ញាណនឹងដឹកនាំអ្នកនៅលើមាគ៌ាសុចរិត និង សេចក្ដីសុខសាន្ត ហើយនឹងដឹកនាំអ្នកទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ការផ្ដាប់បាប ។
ដោយសារតែអ្នកបានទទួលពិធីបុណ្យជ្រមុជទឹក អ្នកអាចទទួលបានការផ្ដាប់បាបរបស់អ្នកបាន ។ អ្នកអាចនិយាយបានម្យ៉ាងទៀតថា អ្នកអាចបានអភ័យទោសតាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ។ ដោយសារពរជ័យនេះ អ្នកអាចត្រូវបានអនុញ្ញាតឲ្យទៅរស់នៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌នៅទីបំផុត ។
ដើម្បីទទួលបានការផ្ដាប់បាបរបស់អ្នក អ្នកត្រូវតែអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តដោយចិត្តស្មោះ ហើយព្យាយាមកាន់តាមព្រះបញ្ញត្តិទាំងឡាយជានិច្ច ។ ព្យាការីមរមនបានបង្រៀនថា « ឯផលដំបូងនៃការប្រែចិត្ត គឺបុណ្យជ្រមុជទឹក ហើយបុណ្យជ្រមុជទឹកកើតឡើង ដោយសារសេចក្ដីជំនឿជឿដល់ការបំពេញនូវបញ្ញត្តិទាំងឡាយ រីឯការបំពេញនូវបញ្ញត្តិទាំងឡាយនោះនាំមកនូវការផ្ដាច់បាប » ( មរ៉ូណៃ ៨:២៥ ) ។ អ្នក « ទទួលនូវការផ្ដាច់បាប » នៅពេលអ្នកបន្តមានចិត្តរាបសានៅចំពោះព្រះ អំពាវនាវដល់ទ្រង់នៅក្នុងសេចក្ដីអធិស្ឋានជារៀងរាល់ថ្ងៃ បន្តមានភាពខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ហើយបម្រើដល់អស់អ្នកដែលខ្វះខាត ( សូមមើល ម៉ូសាយ ៤:១១–១២, ២៦ ) ។
ការកើតម្ដងទៀត ។
តាមរយៈពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និង ពីធីបញ្ជាក់ អ្នកបានកើតម្ដងទៀតទៅក្នុងជីវិតថ្មី ។ ព្រះអង្គសង្គ្រោះបានត្រាស់បង្រៀននីកូដេមថា « បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ( យ៉ូហាន ៣:៥ ) ។ គឺដូចជាទារកម្នាក់ដែលមានកំណើតថ្មីថ្មោងដែរ នោះអ្នកចាប់ផ្ដើមជីវិតថ្មីមួយ ពេលអ្នកបានចូលទៅក្នុងសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ អ្នកអាចរីកចម្រើនក្នុងជីវភាពខាងវិញ្ញាណ ហើយប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ដោយគោរពតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ទទួលទានសាក្រាម៉ង់ដើម្បីរំឭកសេចក្ដីសញ្ញារបស់អ្នក ហើយប្រែចិត្តពីអំពើបាប ។ សាវកប៉ុលបានបង្រៀនថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក យើង « បានដើរក្នុងជីវិតបែបថ្មី » ( រ៉ូម ៦:៤ ) ។
ការកាន់ខ្ជាប់ដរាបដល់ទីបំផុត
ឥឡូវនេះ អ្នកបានទទួលពិធីបុណ្យជ្រមុជទឹក ហើយបានទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ អ្នកត្រូវតែបន្តនៅក្នុងភាពសុចរិត ដ្បិតពិធីបរិសុទ្ធទាំងនេះគូសចំណាំតែជាការចាប់ផ្ដើមនៃដំណើររបស់អ្នកប៉ុណ្ណោះ ដើម្បីត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌របស់អ្នក ។ ព្យាការីនីហ្វៃបានបង្រៀនដូចនេះ ៖
« បន្ទាប់ពីអ្នកបានចូលតាមផ្លូវតូច ហើយចង្អៀតនេះហើយ ខ្ញុំសូមសួរថា តើបានសម្រេចសព្វគ្រប់ហើយឬនៅ ? មើលចុះ ខ្ញុំសូមនិយាយទៅអ្នកថា ទេ ដ្បិតអ្នករាល់គ្នាមិនបានមកដល់នេះទេ លើកលែងតែដោយព្រះបន្ទូលនៃព្រះគ្រីស្ទ ដោយមាន សេចក្ដីជំនឿដ៏រឹងប៉ឹងដល់ព្រះអង្គ ដោយពឹងផ្អែកទាំងស្រុងទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឬទ្ធិដើម្បីសង្គ្រោះ ។
ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី ២ ៣១:១៩–២០ ) ។