ធនធាន​ផ្សេង​ទៀត
ពិធីបុណ្យ​ជ្រមុជទឹក


« ពិធីបុណ្យ​ជ្រមុជទឹក » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២១–២៦

« ពិធីបុណ្យ​ជ្រមុជទឹក » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ២១–២៦

ពិធីបុណ្យ​ជ្រមុជទឹក

ព្រះគម្ពីរមរមន​ប្រាប់​អំពី​ប្រជាជន​មួយ​ក្រុម ដែល​បាន​រៀន​ដំណឹងល្អ ហើយ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​កន្លែង​មួយ​ដែល​ហៅ​ថា ទឹក​មរមន ។ ចាប់​តាំង​ពី​ពេល​ដែល​ពួកគេ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ពួកគេ​បាន​ចាត់ទុក​ទឹក​មរមន​ជា​កន្លែង​មួយ​ដ៏​ស្រស់ស្អាត ព្រោះ​ពេល​ដែល​ពួកគេ​នៅ​ទីនោះ ពួកគេ « បាន​ទៅ​ស្គាល់​ព្រះ​ដ៏​ប្រោសលោះ » ( ម៉ូសាយ ១៨:៣០ ) ។ ដោយសារតែ​ត្រូវបាន​ពង្រឹង​តាមរយៈ​ទីបន្ទាល់ និង សេចក្តីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក នោះ​ពួកគេ​បាន​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់សូម្បីតែ​ក្នុង​ពេល​ដែល​ពួកគេ​ស្ថិត​ក្នុង​ការសាកល្បង​យ៉ាង​ខ្លាំងក្លាក្ដី ( សូម​មើល ម៉ូសាយ ២៣–២៤ ) ។

ដូចជា​ដំណើររឿង​នៃ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​នេះ​ដែរ អ្នក​អាច​មាន​សេចក្ដីត្រេកអរ​ពេល​អ្នក​ចងចាំ​ពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក និង សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​មាន​ចំពោះ​អ្នក ។ អ្នក​អាច​រកឃើញ​ភាពរឹងមាំ​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក ទោះជា​អ្នក​ទើប​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​នា​ពេលថ្មីៗ​នេះ ឬ អស់រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ ។

ការដើរ​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ពិធីបុណ្យជ្រមុជទឹក​គឺ​ជា​ពិធីបរិសុទ្ធ​ដំណឹងល្អ​នៃ​ការសង្គ្រោះ​ទី​មួយ ( សូម​មើល មាត្រា​នៃ​សេចក្ដីជំនឿ ១:៤ ) ។ តាមរយៈ​ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់​ដោយ​សិទ្ធិអំណាច​បព្វជិតភាព នោះ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

នៅ​ពេល​អ្នក​ទទួល​ពិធីបុណ្យជ្រមុជទឹក នោះ​អ្នក​បង្ហាញ​ឆន្ទៈ​របស់​អ្នក ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។ ទ្រង់​ក៏​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដែរ ទោះបីជា​ទ្រង់​គ្មាន​អំពើបាប​យ៉ាង​ណា​ក៏​ដោយ ។ គឺ​ដូចជា​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​ពន្យល់​ដល់ យ៉ូហាន បាទីស្ទ នោះ​ទ្រង់​ចាំបាច់​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដើម្បី « សម្រេច​តាម​គ្រប់​ទាំង​សេចក្ដីសុចរិត » ( សូម​មើល ម៉ាថាយ ៣:១៣–១៧ ) ។

អស់​អ្នក​ណា​ដែល​ស្វែងរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ត្រូវ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្យាការី នីហ្វៃ បាន​មាន​ប្រសាសន៍​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ដល់​យើង « ដើម្បី​ឲ្យ [ យើង ] អាច​ដឹង​អំពី​ទ្វារ​ណា ដែល​យើង​ត្រូវ​ចូល ។ ដ្បិត​ទ្វារ​ដែល [ យើង ] ត្រូវ​ចូល​នោះ គឺ​ជា​ការប្រែចិត្ត និង បុណ្យជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់មក​គឺ​ជា​ការផ្ដាច់បាប​ទាំងឡាយ [ របស់យើង ] ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់​មក [ យើង ] នឹង​នៅ​លើ​ផ្លូវតូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃទី ២ ៣១:១៧–១៨ ) ។ យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ប្រសិនបើ​យើង​កាន់ខ្ជាប់​ដរាប​ដល់​ទីបំផុត រក្សា​សេចក្ដីសញ្ញា​របស់​យើង ព្រមទាំង​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្ដីសង្គ្រោះ​ដទៃៗ​ទៀត ។

ពិធីបុណ្យជ្រមុជទឹក​តាម​របៀប​របស់​ព្រះអម្ចាស់

ព្រះអង្គសង្គ្រោះ​បាន​ត្រាស់សម្ដែង​អំពី​របៀប​ដ៏​ពិតប្រាកដ​នៃ​ពិធីបុណ្យជ្រមុជទឹក ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​សម្ដែង​ឡើង​យ៉ាង​ច្បាស់​ថា ពិធីបរិសុទ្ធ​នេះ​ត្រូវតែ​បាន​ធ្វើ​ឡើង​​ដោយបុរស​ម្នាក់​ដែល​កាន់​សិទ្ធិអំណាច​បព្វជិតភាព ហើយ​ត្រូវតែ​បាន​សម្រេច​ដោយ​ការពន្លិច​ទៅ​ក្នុង​ទឹក ៖

« បុគ្គល​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ហើយ​មាន​សិទ្ធិ​អំណាច​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក នោះ​ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក​ជាមួយ​បុគ្គល​ដែល​ប្រគល់​ខ្លួន​លោក ឬ​ខ្លួន​នាង សម្រាប់​បុណ្យ​ជ្រមុជ​ទឹក ហើយ​ត្រូវ​និយាយ​ដោយ​ហៅ​លោក ឬ​នាង​តាម​ឈ្មោះ​ថា ៖ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​នៃ​ព្រះ​រាជ​បុត្រា និង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ អាម៉ែន ។

រួច​ហើយ អ្នក​នោះ​ត្រូវ​ពន្លិច​លោក ឬ​នាង​ទៅ​ក្នុង​ទឹក ហើយ​លើក​ឡើង​ពី​ទឹក​មក​វិញ » ( គ។ និង ស. ២០:៧៣–៧៤ ) ។

ការជ្រមុជ​ទៅ​ក្នុង​ទឹក​គឺ​ជា​និមិត្តរូប​នៃ​សេចក្ដីស្លាប់​នៃ​ជីវិត​ដ៏​ពេញ​ដោយ​អំពើបាប​របស់​បុគ្គល​ម្នាក់ និង ជា​ការកើត​ម្ដង​ទៀត​ទៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ ជា​ជីវិត​ដែល​បាន​ថ្វាយ​ចំពោះ​ការបម្រើ​ដល់​ព្រះអម្ចាស់ និង ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ វា​ក៏​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្លាប់ និង​ការរស់ឡើងវិញ​ផងដែរ ។ ( សូម​មើល រ៉ូម ៦:៣–៦ ) ។

កុមារ​តូចៗ និង ពិធីបុណ្យជ្រមុជទឹក

យើង​ដឹង​មក​ពី​វិវរណៈ​ថ្ងៃ​ចុងក្រោយ​ដូចនេះ​ថា កុមារ​តូចៗ​ត្រូវបាន​ប្រោសលោះ​តាមរយៈ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖ « ពួក​គេ​ពុំ​អាច​ធ្វើ​បាប​បាន​ទេ ដ្បិត​អំណាច​ពុំ​បាន​ប្រទាន​ឲ្យ​អារក្ស​សាតាំង ដើម្បី​ទៅ​ល្បួង​កូន​ក្មេង​តូច​ទេ លុះ​ត្រា​ពួក​គេ​ចាប់​ផ្ដើម​ទទួល​ការ​ខុសត្រូវ​នៅ​ចំពោះ​យើង​សិន » ( សូម​មើល គ. និង ស. ២៩:៤៦–៤៧ ) ។ ពួកគេ​មិន​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក​រហូត​ដល់​ពួកគេ​គ្រប់​អាយុ​ទទួលខុសត្រូវ ដែល​ព្រះអម្ចាស់​បាន​ត្រាស់សម្ដែង​ថា ត្រូវបាន​អាយុ​គ្រប់​ប្រាំបី​ឆ្នាំ ( សូម​មើល គ. និង ស. ៦៨:២៧, ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៧:១១ ) ។ នរណាម្នាក់​ដែល​ប្រកាស​ថា កុមារ​តូចៗ​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក​នោះ « បដិសេធ​សេចក្ដី​មេត្តាករុណា​នៃ​ព្រះគ្រីស្ទ​ហើយ ហើយ​ចាត់​ដង្វាយធួន​របស់​ទ្រង់ និង​ព្រះចេស្ដា​នៃ​សេចក្ដីប្រោសលោះ​របស់​ទ្រង់​ថា ជា​ឥត​ប្រយោជន៍ » ( មរ៉ូណៃ ៨:២០, សូម​មើល​ផងដែរ ខទី ៨–១៩, ២១–២៤ ) ។

សេចក្តីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក

ពេល​អ្នក​ទទួល​ពិធីបុណ្យជ្រមុជទឹក នោះ​អ្នក​បាន​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ អ្នក​បាន​សន្យា​ថា​នឹង​លើក​ដាក់​លើ​ខ្លួន​អ្នក នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​បម្រើ​ទ្រង់​ដរាប​ដល់​ទីបំផុត ( សូម​មើល ម៉ូសាយ ១៨:៨–១០, គ. និង ស. ២០:៣៧ ) ។ អ្នក​រំឭក​សេចក្ដីសញ្ញា​នេះ នៅ​គ្រប់​ពេល​ដែល​អ្នក​ទទួលទាន​សាក្រាម៉ង់ ( សូម​មើល គ. និង ស. ២០:៧៧, ៧៩ ) ។

ការលើកដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ពេល​អ្នក​លើក​ដាក់​មក​លើ​ខ្លួន​អ្នកនូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពេល​នោះ​អ្នក​មើល​ឃើញ​ខ្លួន​អ្នក​ដូចជា​អ្នក​មើល​ឃើញ​ទ្រង់​ដូច្នោះ​ដែរ ។ អ្នក​ដាក់​ទ្រង់ និង​កិច្ចការ​របស់​ទ្រង់​ដំបូង​គេ​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​ខិតខំ​ដឹង​ពី​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ ជាជាង​អ្វី​ដែល​អ្នក​ចង់​ធ្វើ ឬ​អ្វី​ដែល​លោកិយ​បង្រៀន​អ្នក​ឲ្យ​ចង់​ធ្វើ ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ស្តេចបេនយ៉ាមីន​បាន​មាន​បន្ទូល​ពន្យល់​អំពី​មូលហេតុ​ដែល​វា​សំខាន់ ដែល​ត្រូវ​លើក​ដាក់​ព្រះនាម​ព្រះអង្គសង្គ្រោះ​មក​លើខ្លួន​របស់​យើង​ដូចនេះ ៖

« គ្មាន​នាម​ឯណា​ផ្សេង​ទៀត​ទេ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ហេតុ​ដូច្នេះ​ហើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ គឺ​អស់​អ្នក​រាល់​គ្នា ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ថា អ្នក​នឹង​គោរព​តាម​ទ្រង់ រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក ។

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​បាន​ធ្វើ​យ៉ាង​នេះ នោះ​នឹង​ឃើញ​ថា ខ្លួន​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ ដ្បិត​អ្នក​នោះ​នឹង​ស្គាល់​ឈ្មោះ​ខ្លួន​ដែល​ត្រូវ​បាន​ហៅ ដ្បិត​អ្នក​នោះ​នឹង​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ពុំ​ទទួល​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​ទេ នោះ​នឹង​ត្រូវ​បាន​ហៅ​ដោយ​ឈ្មោះ​មួយ​ផ្សេង​ទៀត ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​នឹង​ឃើញ​ថា ខ្លួន​នៅ​ខាង​ឆ្វេង​ព្រះ​ហស្ត​នៃ​ព្រះ » ( ម៉ូសាយ ៥:៨–១០ ) ។

ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក​គឺ​ជា​ការតាំងចិត្ត​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ ដោយ​ញែក​ខ្លួន​អ្នក​ចេញ​ពី​លោកិយ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ « នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង » ( ម៉ូសាយ ១៨:៩ ) ។ កិច្ច​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​ឈរ​ជា​សាក្សី​ដល់​ព្រះ រួមបញ្ចូល​ទាំង​អ្វីៗ​ទាំងអស់​ដែល​អ្នក​ធ្វើ និង និយាយ​ផងដែរ ។ សូម​ព្យាយាម​ជានិច្ច​ដើម្បី​ចងចាំ និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ សូម​រក្សា​គំនិត ពាក្យសម្តី និង​សកម្មភាព​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ។ ពេល​អ្នក​ស្វែងរក​ការកម្សាន្ត​ដូចជា ខ្សែភាពយន្ត ទូរទស្សន៍ អ៊ិនធើរណែត តន្ត្រី សៀវភៅ ទស្សនាវដ្តី និង​សារព័ត៌មាន ចូរ​ប្រយ័ត្នប្រយែង​ក្នុង​ការមើល ស្តាប់ និង​អាន​តែ​រឿង​ណា​ដែល​លើកស្ទួយ​ដួងចិត្ត​តែ​ប៉ុណ្ណោះ ។ ចូរ​ស្លៀកពាក់​ឲ្យ​សមរម្យ ។ ចូរ​ជ្រើសរើស​មិត្ត​ណា​ដែល​លើក​ទឹកចិត្ត​ឲ្យ​សម្រេច​នូវ​គោលដៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។ ចូរ​នៅ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ភាពអសីលធម៌ ការណ៍អាសគ្រាម ល្បែងស៊ីសង ថ្នាំជក់ គ្រឿង​ស្រវឹង និង​ឱសថ​ខុស​ច្បាប់ ។ ចូរ​រក្សា​ខ្លួន​អ្នក​ឲ្យ​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ការបម្រើ​ព្រះអម្ចាស់ ។

ព្រះបញ្ញត្តិ​ដែល​ញែក​អ្នក​ចេញ​ពី​វត្ថុ​ទាំង​ឡាយ​នៃលោកិយ នោះ​ពុំ​មែនមាន​ន័យ​ថា អ្នក​គួរតែ​ផ្តាច់​ខ្លួន​អ្នក​ចេញ​ពី​អ្នកដទៃឡើយ ។ ផ្នែកមួយ​នៃ​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​គឺ​ត្រូវ​បម្រើ​ដល់​ព្រះអម្ចាស់ ហើយ​អ្នក​អាច​បម្រើ​ដល់​ទ្រង់​បាន​យ៉ាង​ល្អ​បំផុត​ពេល​អ្នកបម្រើ​ដល់​មនុស្ស​ទូទៅ ។ នៅ​ពេល​ព្យាការី​អាលម៉ា​បាន​បង្រៀន​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក លោក​បាន​មាន​ប្រសាសន៍​ថា យើង​នឹង « យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ព្រមទាំង « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ចូរ​មាន​សន្តាន​ចិត្ត​ល្អ និង​មាន​ការគោរព​ដល់​មនុស្សគ្រប់រូប ដោយ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេល​អ្នក​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ ។

ពរជ័យ​នៃ​ពិធីបុណ្យជ្រមុជទឹក​ដែល​បាន​សន្យា​ទុក

នៅ​ពេល​អ្នក​រក្សា​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​ពេល​ទទួល​ពិធីបុណ្យជ្រមុជទឹក ព្រះអម្ចាស់​នឹង​ប្រទានពរ​ចំពោះ​សេចក្ដីស្មោះត្រង់​របស់​អ្នក ។ ក្នុង​ចំណោម​ពរជ័យ​ជា​ច្រើន​មាន​ពរជ័យ​មួយ​ចំនួន​ដែល​អ្នក​ទទួល​បាន គឺ​ជា​ភាពជាដៃគូ​ដ៏​ជាប់លាប់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ការផ្តាច់បាប​របស់​អ្នក និង ឯកសិទ្ធិ​នៃ​ការបាន​កើត​ម្ដង​ទៀត​ខាង​វិញ្ញាណ ។

ភាពជាដៃគូ​ដ៏​ជាប់លាប់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

បន្ទាប់​ពី​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក អ្នក​កាន់​អំណាច​បព្វជិតភាព​ម្នាក់ ឬ​ច្រើន​នាក់​ដែល​បាន​ទទួល​ការអនុញ្ញាត ដាក់​ដៃ​ពួកគេ​នៅ​លើ​ក្បាល​អ្នក ហើយ​ផ្ដល់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយទាន​នេះ​ផ្ដល់​សិទ្ធិ​ដល់​អ្នក​ឲ្យ​មាន​ភាពជាដៃគូ​ដ៏​ជាប់លាប់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដរាបណា​អ្នក​មាន​ភាពសក្ដិសម ។ ភាពជាដៃគូ​ដ៏​ជាប់លាប់​នៃ​ព្រះវិញ្ញាណ គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​ពរជ័យ​ដ៏​អស្ចារ្យ​ទាំងឡាយ ដែល​អ្នក​អាច​ទទួល​ក្នុង​ជីវិត​រមែងស្លាប់ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក​នៅ​លើ​មាគ៌ា​សុចរិត និង សេចក្ដីសុខសាន្ត ហើយ​នឹង​ដឹកនាំ​អ្នក​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការផ្ដាប់​បាប ។

ដោយសារតែ​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក អ្នក​អាច​ទទួល​បាន​ការផ្ដាប់​បាប​របស់​អ្នក​បាន ។ អ្នក​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា អ្នក​អាច​បាន​អភ័យទោស​តាមរយៈ​សេចក្ដីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ។ ដោយសារ​ពរជ័យ​នេះ អ្នក​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​នៅ​ទី​បំផុត ។

ដើម្បី​ទទួលបាន​ការផ្ដាប់បាប​របស់​អ្នក អ្នក​ត្រូវតែ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ដោយ​ចិត្តស្មោះ ហើយ​ព្យាយាម​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ជានិច្ច ។ ព្យាការី​មរមន​បាន​បង្រៀន​ថា « ឯ​ផល​ដំបូង​នៃ​ការប្រែចិត្ត គឺ​បុណ្យជ្រមុជទឹក ហើយ​បុណ្យ​ជ្រមុជទឹក​កើតឡើង ដោយសារ​សេចក្ដីជំនឿ​ជឿ​ដល់​ការបំពេញ​នូវ​បញ្ញត្តិ​ទាំងឡាយ រីឯ​ការបំពេញ​នូវ​បញ្ញត្តិ​ទាំងឡាយ​នោះ​នាំ​មក​នូវ​ការផ្ដាច់បាប » ( មរ៉ូណៃ ៨:២៥ ) ។ អ្នក « ទទួល​នូវ​ការផ្ដាច់បាប » នៅ​ពេល​អ្នក​បន្ត​មាន​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ អំពាវនាវ​ដល់​ទ្រង់​នៅ​ក្នុង​សេចក្ដីអធិស្ឋាន​ជា​រៀងរាល់ថ្ងៃ បន្ត​មាន​ភាពខ្ជាប់ខ្ជួន​ក្នុង​សេចក្ដីជំនឿ ហើយ​បម្រើ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ( សូម​មើល ម៉ូសាយ ៤:១១–១២, ២៦ ) ។

ការកើត​ម្ដងទៀត ។

តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង ពីធីបញ្ជាក់ អ្នក​បាន​កើត​ម្ដង​ទៀត​ទៅ​ក្នុង​ជីវិត​ថ្មី ។ ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្រៀន​នីកូដេម​ថា « បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរព្រះ​បាន​ទេ » ( យ៉ូហាន ៣:៥ ) ។ គឺ​ដូចជា​ទារក​ម្នាក់​ដែល​មាន​កំណើត​ថ្មីថ្មោង​ដែរ នោះ​អ្នក​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ ពេល​អ្នក​បាន​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ។ អ្នក​អាច​រីកចម្រើន​ក្នុង​ជីវភាព​ខាង​វិញ្ញាណ ហើយ​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ដោយ​គោរព​តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ទទួលទាន​សាក្រាម៉ង់​ដើម្បី​រំឭក​សេចក្ដីសញ្ញា​របស់​អ្នក ហើយ​ប្រែចិត្ត​ពី​អំពើបាប ។ សាវក​ប៉ុល​បាន​បង្រៀន​ថា នៅ​ពេល​យើង​ទទួល​ពិធីបុណ្យជ្រមុជទឹក យើង « បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ( រ៉ូម ៦:៤ ) ។

ការកាន់ខ្ជាប់​ដរាប​ដល់​ទីបំផុត

ឥឡូវនេះ អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​បាន​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ អ្នក​ត្រូវតែ​បន្ត​នៅ​ក្នុង​ភាពសុចរិត ដ្បិត​ពិធីបរិសុទ្ធ​ទាំងនេះ​គូស​ចំណាំ​តែ​ជា​ការចាប់ផ្ដើម​នៃ​ដំណើរ​របស់​អ្នក​ប៉ុណ្ណោះ ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​អ្នក ។ ព្យាការី​នីហ្វៃ​បាន​បង្រៀន​ដូចនេះ ៖

« បន្ទាប់​ពី​អ្នក​បាន​ចូល​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​នេះ​ហើយ ខ្ញុំ​សូម​សួរ​ថា តើ​បាន​សម្រេច​សព្វ​គ្រប់​ហើយ​ឬ​នៅ ? មើលចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ថា ទេ ដ្បិត​អ្នករាល់គ្នា​មិន​បាន​មក​ដល់​នេះ​ទេ លើកលែងតែ​ដោយ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដោយ​មាន សេចក្ដីជំនឿ​ដ៏​រឹងប៉ឹង​ដល់​ព្រះអង្គ ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​បុណ្យគុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ ។

ហេតុដូច្នេះហើយ អ្នករាល់គ្នា​ត្រូវតែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី ២ ៣១:១៩–២០ ) ។

បោះពុម្ព