ធនធាន​ផ្សេង​ទៀត
សេចក្ដីសប្បុរស


« សេចក្ដីសប្បុរស » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២៧–២៩

« សេចក្ដីសប្បុរស » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ២៧–២៩

សេចក្ដីសប្បុរស

សេចក្ដីសប្បុរស​គឺ​ជា « សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ » ឬ « សេចក្ដីស្រឡាញ់​ដ៏​អស់កល្ប » ( មរ៉ូណៃ ៧:៤៧, ៨:១៧ ) ។ ព្យាការី​មរមន​បាន​បង្រៀន​ដូចនេះ ៖ « សេចក្តីសប្បុរស​តែងតែ​អត់ធ្មត់ ហើយ​ចិត្តល្អ ហើយ​ពុំ​ចេះឈ្នានីស ហើយ​ពុំ​ចេះ​អួត​ខ្លួន ពុំ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន ពុំ​រហ័សខឹង ពុំ​គិតដល់​សេចក្តីអាក្រក់ ហើយ​ពុំ​ដែល​អររីករាយ​ចំពោះ​សេចក្តីទុច្ចរិត​ឡើយ ប៉ុន្តែ​អររីករាយ​តែ​នឹង​សេចក្តីពិត​វិញ គឺ​ទ្រាំទ្រ​ការណ៍​ទាំងអស់ ជឿ​ដល់​ការណ៍​ទាំងអស់ សង្ឃឹម​ដល់​ការណ៍​ទាំងអស់ ហើយ​ស៊ូទ្រាំទ្រ​ការណ៍​ទាំងអស់ » ( មរ៉ូណៃ ៧:៤៥, សូម​មើល​ផងដែរ  កូរិនថូស​ទី១ ១៣:៤–៧ ) ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដីសប្បុរស ។ នៅ​ក្នុង​ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ ទ្រង់​តែងតែ « យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » ដោយ​ការបង្រៀន​ដំណឹងល្អ និង ការបង្ហាញ​ពី​សេចក្ដីមេត្តាករុណា​ដ៏​ស្រទន់​ដល់​ជនទ័លក្រ អ្នក​ឈឺ និង​អ្នក​ក្រៀមក្រំចិត្ត ( សូម​មើល ម៉ាថាយ ៤:២៣, ម៉ាកុស ៦:៦, កិច្ចការ ១០:៣៨ ) ។ ការបង្ហាញ​ដ៏​មហស្ចារ្យ​របស់​ទ្រង់​អំពី​សេចក្ដីសប្បុរស​គឺ​ជា​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ » ( យ៉ូហាន ១៥:១៣ ) ។ នេះ​គឺ​ជា​ទង្វើ​ដ៏​មហិមា​ក្នុង​ការអត់ធ្មត់ ចិត្ត​ល្អ និង​គ្មាន​ភាពអាត្មានិយម ដែល​យើង​ទាំងអស់​គ្នា​ធ្លាប់​បាន​ដឹង ។ ដោយ​មាន​ការយល់ដឹង​អំពី​សេចក្ដីស្រឡាញ់​ដ៏​ខ្ជាប់ខ្ជួន​របស់​ព្រះអង្គសង្គ្រោះ អ្នក​អាច​អនុវត្ត​សេចក្ដីជំនឿ ហើយ​ប្រែចិត្ត​ពី​អំពើបាប​បាន ដោយ​ទុកចិត្ត​ថា ទ្រង់​នឹង​អភ័យទោស​ដល់​អ្នក ហើយ​ពង្រឹង​អ្នក​ក្នុង​គ្រប់​កិច្ចប្រឹងប្រែង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។

ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​អ្នក​ទទួល​យក​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​សព្វព្រះទ័យ​ឲ្យ​អ្នក​ចែករំលែក​សេចក្ដីស្រឡាញ់​នោះ​ជាមួយ​មនុស្សដទៃ​ដែរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ដល់​ពួក​សិស្ស​ទ្រង់​ដូចនេះ ៖ « ខ្ញុំ​ឲ្យ​សេចក្ដីបញ្ញត្តិ ១ ថ្មី​ដល់​អ្នករាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញទៅមក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់​គ្នា​ដែរ ។ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ( យ៉ូហាន ១៣:៣៤–៣៥ ) ។ ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​គ្រួសារ និង មនុស្សដទៃ ចូរ​សម្លឹង​ទៅ​រក​ព្រះអង្គសង្គ្រោះ​ទុក​ជា​គំរូ​របស់​អ្នក ។ ចូរ​ព្យាយាម​ស្រឡាញ់​ឲ្យ​ដូច​ទ្រង់​ស្រឡាញ់ ដោយ​សេចក្ដី​អាណិតអាសូរ ការអត់ធ្មត់ និង សេចក្ដីមេត្តាករុណា ។

នៅ​ពេល​អ្នក​បន្ត​ទទួល​យក​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ពេល​អ្នក​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ដល់​មនុស្សដទៃ នោះ​អ្នក​នឹង​បាន​ដឹង​ថា សេចក្ដីស្រឡាញ់​របស់​អ្នក​មាន​កាន់តែ​ច្រើន​ឡើង ។ អ្នក​នឹង​មាន​អំណរ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ ។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ធ្វើ​ជា​ដៃគូ​ដ៏​ជាប់លាប់​របស់​អ្នក ដោយ​ដឹកនាំ​អ្នក​ក្នុង​ការបម្រើ និង​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មនុស្សដទៃ ។ អ្នក​នឹង​រៀបចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ជួប​ព្រះអម្ចាស់​នៅ​ឯ​ការជំនុំជម្រះ ជា​ពេល​ដែល​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក ស្របតាម​ការលះបង់​របស់​អ្នក​ចំពោះ​កិច្ចការ​ទ្រង់ ។ មរមន​បាន​បង្រៀន​ដូចនេះ ៖

« បើសិន​ជា​អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នក​រាល់​គ្នា​គ្មាន​ជា​អ្វី​ទាំង​អស់ ដ្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ។ ហេតុ​ដូច្នោះ​ហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស ដែល​ជា​សេចក្ដី​ដ៏​មហិមា​បំផុត ដ្បិត​អ្វី​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ខូច​បង់—

ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ ហើយ​ស្ថិតស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ ។

ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូច​ជា ទ្រង់​បរិសុទ្ធ » ( មរ៉ូណៃ ៧:៤៦–៤៨ ) ។