ធនធាន​ផ្សេង​ទៀត
ព្រហ្មចារីភាព


« ព្រហ្មចារីភាព » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២៩–៣៣

« ព្រហ្មចារីភាព » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ២៩–៣៣

ព្រហ្មចារីភាព

ព្រហ្មចារីភាព​គឺ​ជា​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ពោល​ជា​លក្ខខណ្ឌ​មួយ​ដែល​ធ្វើ​ឲ្យ « សព្វ​ព្រះឫទ័យ​ព្រះ » ( យ៉ាកុប ២:៧ ) ។ ដើម្បី​បាន​បរិសុទ្ធ អ្នក​ត្រូវតែ​មាន​ភាពស្អាតស្អំ​ខាង​សីលធម៌​នៅ​ក្នុង​គំនិត ពាក្យសម្ដី និង​សកម្មភាព​របស់​អ្នក ។ អ្នក​មិន​ត្រូវ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ណា​មួយ មុន​ពេល​អ្នក​រៀបការ​ស្របច្បាប់​ឡើយ ។ ពេល​អ្នក​រៀបការ អ្នក​ត្រូវ​មាន​សេចក្តី​ស្មោះត្រង់​យ៉ាង​ពេញលេញ​ចំពោះ​ស្វាមី ឬ​ភរិយា​របស់​អ្នក ។

ភាពស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា គឺ​ស្រស់បំព្រង និង​ពិសិដ្ឋ ។ វា​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ សម្រាប់​ការបង្កើត​កូនចៅ និង​សម្រាប់​ការបង្ហាញ​សេចក្តីស្រឡាញ់​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ។

នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ សាតាំង​បាន​ដឹកនាំ​មនុស្ស​ជាច្រើន​ឲ្យ​ជឿ​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​នៅ​ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ គឺ​អាច​ទទួលយក​បាន ។ ប៉ុន្តែ​នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះ វា​គឺ​ជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ វា​គឺជា​ការរំលោភ​ទៅ​លើ​អំណាច ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​ទាំងអស់គ្នា​ដើម្បី​បង្កើត​ជីវិត ។ ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា អំពើបាប​ខាង​ផ្លូវភេទ​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ជាង​អំពើបាប​ដទៃទៀត លើកលែងតែ​មនុស្សឃាត និង ការបដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ( សូម​មើល អាលម៉ា ៣៩:៣–៥ ) ។

ជួនកាល មនុស្ស​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួនឯង​ជឿថា ទំនាក់ទំនង​ខាង​ផ្លវ្លូ​ភេទ​ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ គឺអាច​ទទួលយក​បាន ប្រសិនបើ ដៃគូ​ស្នេហា​ស្រឡាញ់​គ្នាទៅវិញទៅមក ។ ការណ៍​នេះ​ពុំ​មែន​ជា​ការពិតឡើយ ។ ការល្មើស​ច្បាប់​ព្រហ្មចារីភាព និង ការលើក​ទឹកចិត្ត​ដល់​មនុស្ស​ណា​ម្នាក់​ទៀត​អោយ​ធ្វើ​ដូច្នោះ មិនមែន​ជា​ការបញ្ជាក់​ពី​សេចក្តីស្រឡាញ់​ឡើយ ។ មនុស្ស​ដែល​ស្រឡាញ់​គ្នាទៅវិញទៅមក នឹង​មិន​បង្ខូច​សុភមង្គល និង​ភាពសុខដុម​គ្នាទៅវិញ​ទៅមក ដើម្បី​ផ្លាស់ប្តូរ​យក​ការសប្បាយ​រីករាយ​ផ្ទាល់ខ្លួន​ជា​បណ្តោះអាសន្ន​នោះ​ឡើយ ។

ពេល​មនុស្ស​យកចិត្ត​ទុកដាក់​ចំពោះ​គ្នាទៅវិញទៅមក​យ៉ាង​ពេញទំហឹង ក្នុង​ការរក្សាច្បាប់​ព្រហ្មចារីភាព នោះ​សេចក្តីស្រឡាញ់ សេចក្តីទុកចិត្ត និង​ការតាំងចិត្ត​របស់​ពួកគេ​នឹង​កើនឡើង ដែល​បង្ហាញ​ជា​ផ្លែផ្កា​នៃ​សុភមង្គល​កាន់តែ​ខ្លាំង និង សាមគ្គីភាព​កាន់តែ​រឹងមាំ ។ ផ្ទុយទៅវិញ ទំនាក់ទំនង​ដែល​ស្ថាបនា​នៅ​លើ​ភាពអសីលធម៌​ខាង​ផ្លូវភេទ​ងាយ​នឹង​ជូរផ្អូម​យ៉ាង​ឆាប់​រហ័ស​ទៅ​វិញ ។ អស់​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ តែងតែ​មាន​អារម្មណ៍​ភ័យខ្លាច ខុសឆ្គង និង​អាម៉ាស់ ។ មិន​យូរប៉ុន្មាន ភាពល្វីងជូរចត់ ការប្រចណ្ឌ និង សម្អប់​នឹង​ជំនួស​អារម្មណ៍​វិជ្ជមាន​ណាមួយ ដែល​នឹង​កើត​មាន​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​នោះ ។

ព្រះវរបិតាសួគ៌​របស់​យើង បាន​ប្រទាន​ដល់​យើង​នូវ​ច្បាប់​ព្រហ្មចារីភាព​ដើម្បី​ការពារ​យើង ។ ការគោរព​ប្រតិបត្តិ​តាម​ច្បាប់​នេះ គឺ​ជា​ការចាំបាច់​ណាស់​ចំពោះ​សេចក្តីសុខសាន្ត និង​ភាពមុតមាំ​នៃ​លក្ខណៈសម្បត្តិ​ផ្ទាល់ខ្លួន ហើយ​ឆ្ពោះ​ទៅ​រក​សុភមង្គល​នៅ​ក្នុង​គេហដ្ឋាន ។ ពេល​អ្នក​រក្សា​បាន​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ អ្នក​នឹង​ចៀសផុត​ពី​ការធ្វើ​ឱ្យ​ខូចខាត​ខាង​វិញ្ញាណ និង​អារម្មណ៍ ដែល​តែងតែ​បណ្តាល​មក​ពី​ភាពស្និទ្ធស្នាល​ខាង​សាច់ឈាម ជាមួយ​នរណាម្នាក់ នៅ​ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ។ អ្នក​នឹង​រហ័ស​ទទួល​បាន​ការដឹកនាំ​ កម្លាំង ការលួងលោមចិត្ត និង ការការពារ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​អ្នក​នឹង​អាច​បំពេញ​សេចក្ដីត្រូវការ​សំខាន់​មួយ ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ និង​ដើម្បី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

អំពើបាប​ខាង​ផ្លូវភេទ

ព្រះអម្ចាស់ និង ព្យាការី​របស់​ទ្រង់​កាត់ទោស ចំពោះ​ភាពអសីលធម៌​ខាង​ផ្លូវភេទ ។ រាល់​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ រំលោភ​ទៅ​លើ​ច្បាប់ព្រហ្មចារីភាព និង ជា​គ្រោះថ្នាក់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​វា ។

ក្រឹត្យវិន័យ​ដប់​ប្រការ​រួមបញ្ចូល​ទាំង​សេចក្តី​បង្គាប់​ថា យើង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើកំផិត​ឡើយ ដែល​ជា​ការរួមរស់​ខាង​ផ្លូវភេទ រវាង​បុរស​ដែល​រៀបការរួច និង​នារីណាម្នាក់​ទៀត ក្រៅ​ពី​ភរិយា​របស់​ខ្លួន ឬ​ក៏​រវាង​ស្ត្រី​ដែល​រៀបការ​រួច និង​បុរស​ណា​ម្នាក់​ទៀត ក្រៅ​ពី​ស្វាមី​របស់​ខ្លួន ( សូម​មើល និក្ខមនំ ២០:១៤ ) ។ សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា វា​គឺ​ជា « ព្រះហឫទ័យ​របស់​ព្រះ » ដែល​យើង​ត្រូវ « ចៀស​ពី​សេចក្តីកំផិត​ចេញ » ដែល​ជា​ការរួមរស់​ខាង​ផ្លូវ​ភេទ​រវាង​មនុស្ស​ដែល​ពុំ​ទាន់​បាន​រៀបការ និង អ្នកណា​ម្នាក់​ទៀត ( ថែស្សាឡូនីច ទី១ ៤:៣ ) ។ ពួក​ព្យាការី​ថ្ងៃចុងក្រោយ​បាន​ថ្លែង​ជំទាស់​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​នឹង​អំពើបាប​ទាំងនេះ ហើយ​ប្រឆាំង​ចំពោះ​ការអនុវត្ត​ដ៏​ព្រៃផ្សៃ​នៃ​ការរំលោភ​ខាង​ផ្លូវ​ភេទ ។

ក៏​ដូចជា​ការល្មើស​នឹង​ច្បាប់​ព្រហ្មចារីភាព​ដទៃ​ទៀត​ដែរ នោះ​ទង្វើ​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ។ វា​ផ្ទុយ​ទៅ​នឹង​គោលបំណង​នៃ​ការរួមរស់​ខាង​ផ្លូវ​ភេទ​របស់​មនុស្សលោក ( សូម​មើល រ៉ូម ១:២៤–៣២ ) ។ វា​ធ្វើ​ឱ្យ​ខូច​ដល់​ទំនាក់ទំនង​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ទទួលបាន​ពរជ័យដែល​អាច​រកឃើញ​នៅ​ក្នុង​ជីវិតគ្រួសារ និង ក្នុង​ពិធីបរិសុទ្ធ​សង្គ្រោះ​នៃ​ដំណឹងល្អ ។

ការគ្រាន់តែ​ទប់ស្កាត់​ពី​ការរួមរស់​ខាង​ផ្លូវភេទ ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​មិន​ទាន់​គ្រប់គ្រាន់​តាម​​បទដ្ឋាន​របស់​ព្រះអម្ចាស់​នៃ​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​នោះ​ទេ ។ ព្រះអម្ចាស់​សព្វព្រះទ័យ​តម្រូវ​ឱ្យ​មាន​បទដ្ឋាន​ខាង​សីលធម៌​ដ៏​ខ្ពស់​សម្រាប់​ពួកសិស្ស​របស់​ទ្រង់ រួមទាំង​ភក្តីភាព​ដ៏​ពេញលេញ​ចំពោះ​ស្វាមីភរិយា​ទាំង​ក្នុង​គំនិត និង ការប្រព្រឹត្ត ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង​ទេសនកថា​លើ​ភ្នំ​ដូចនេះ ៖ « អ្នករាល់គ្នា​បាន​ឮ​សេចក្តី​ដែល​សម្ដែង​ពី​ដើម​ថា កុំ​ផិត​ឲ្យ​សោះ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​អ្នកណា​ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តីកំផិត​នឹង​នាង​នោះ​នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ » ( ម៉ាថាយ ៥:២៧–២៨ ) ។ នៅ​ថ្ងៃ​ចុងក្រោយ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​មិន​ត្រូវ … ផិត​គ្នា​ឲ្យ​សោះ … ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូចនោះ​ឱ្យ​សោះ » ( គ. និង ស. ៥៩:៦ ) ។ ហើយ​ទ្រង់​បាន​សង្កត់ធ្ងន់​ទៅ​លើ​គោលការណ៍ ដែល​ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ទេសនកថា​លើ​ដូចនេះ ៖ « អ្នកណា​ដែល​គ្រាន់តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេកសម្រើប​ចង់​បាន ឬ​បើសិន​អ្នក​ណា​មួយ ប្រព្រឹត្ត​អំពើ​កំផិត​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន នោះ​នឹង​មិន​មាន​ព្រះវិញ្ញាណ​ឡើយ ប៉ុន្តែ​នឹង​បោះបង់​ចោល​សេចក្តីជំនឿ ហើយ​នឹង​ខ្លាច​ទៅ​វិញ » ( គ. និង ស. ៦៣:១៦ ) ។ ការព្រមាន​ទាំងនេះ​អនុវត្ត​ចំពោះ​មនុស្ស​ទាំងអស់ ទោះ​ពួកគេ​រៀបការ​ហើយ ឬ​នៅ​លីវ​ក៏​ដោយ ។

ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវ​ភេទ ចូរ​ពិភាក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ដើម្បី​គាត់​អាច​ជួយ​អ្នក​តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត ( សូម​មើល « ការប្រែចិត្ត » ទំព័រ ១៣២–១៣៥ ) ។

ប្រសិនបើ​អ្នក​ដឹងថា ខ្លួន​អ្នក​កំពុង​តែ​ពុះពារ​ជាមួយ​នឹង​ការល្បួង​ខាង​ផ្លូវភេទ រួមទាំង​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ចូរ​កុំ​ចុះចាញ់​នឹង​ការល្បួង​ទាំងនោះ​ឲ្យ​សោះ ។ សូម​ធានា​ឲ្យ​បាន​ថា អ្នក​អាច​ជ្រើសរើស​ចៀសវាង​ពី​ឥរិយាបថ​នោះ​បាន ។ អ្នក​អាច​ទទួលបាន​ជំនួយ​ពី​ព្រះអម្ចាស់ ពេល​អ្នក​អធិស្ឋាន​ទូល​សូម​កម្លាំង ហើយ​ប្រឹងប្រែង​យកឈ្នះ​លើ​បញ្ហា​នោះ ។ ជា​ផ្នែក​មួយ​នៅ​ក្នុង​ដំណើរការ​នេះ អ្នក​គួរតែ​ស្វែងរក​ការប្រឹក្សា​ពី​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក ។ គាត់​នឹង​ជួយ​អ្នក ។

ការកាន់តាម​ច្បាប់​ព្រហ្មចារីភាព

ទោះជា​ការល្បួង​មាន​កម្លាំង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​តតាំង​នឹង​វា​បាន ប្រសិនបើ​អ្នក​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។ សាវក​ប៉ុល​បាន​បង្រៀន​ដូចនេះ ៖ « ដ្បិត​គ្មាន​សេចក្តីល្បួង​ណា​កើត​ដល់​អ្នករាល់គ្នា ក្រៅពី​សេចក្តីល្បួង​ដែល​ត្រូវ​ខាង​មនុស្សលោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឱ្យ​កើត​មាន​សេចក្តីល្បួង​ហួស​កម្លាំង​អ្នករាល់គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឱ្យ​ចៀស​រួច ដើម្បី​ឱ្យ អ្នករាល់គ្នា​អាច​នឹង​ទ្រាំ​បាន » ( កូរិនថូស ទី១ ១០:១៣ ) ។ ការប្រឹក្សា​ខាង​ក្រោម​អាច​ជួយ​អ្នក​យកឲ្យឈ្នះ​លើ​ការល្បួង​ដែលញឹកញាប់ និង​ដែល​មាន​កម្លាំង​ខ្លាំង​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ៖

ចូរ​សម្រេចចិត្ត​ក្នុង​ពេល​នេះ​ដើម្បី​មាន​ភាពបរិសុទ្ធ ។

អ្នក​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​នេះ​តែ​ម្តង​ប៉ុណ្ណោះ ។ ចូរ​ធ្វើការ​សម្រេចចិត្ត​ក្នុង​ពេល​នេះ មុន​ពេល​ការល្បួង​កើតឡើង ហើយ​ចូរ​ធ្វើ​ឲ្យ​ការសម្រេចចិត្ត​របស់​អ្នក​ដោយ​ភាពមោះមុត និង​ដោយ​មាន​ការតាំងចិត្ត​ដ៏​មុតមាំ នោះ​វា​មិន​អាច​រង្គោះរង្គើ​បាន​ឡើយ ។ ឥឡូវនេះ ចូរ​ប្ដេជ្ញាចិត្ត​ថា អ្នក​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​សោះ​ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ដែល​នឹង​ដាស់​អារម្មណ៍​ដ៏​រំជើបរំជួល ជា​អារម្មណ៍​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ត្រឹម​តែ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ ។ ចូរ​កុំ​ដាស់​អារម្មណ៍​ទាំងនោះ​ឡើង​នៅ​ក្នុង​ខ្លួន​អ្នកដទៃ ឬ​ក្នុង​ខ្លួន​អ្នក​ឲ្យ​សោះ ។ ឥឡូវនេះ ចូរ​ប្ដេជ្ញាចិត្ត​ថា អ្នក​នឹង​មាន​ភាពស្មោះត្រង់​យ៉ាង​ពេញលេញ​ចំពោះ​ស្វាមី/ភរិយា​របស់​អ្នក ។

ចូរ​គ្រប់គ្រង​គំនិត​របស់​អ្នក ។

គ្មាននរណាម្នាក់​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវ​ភេទ​ក្នុង​ពេល​មួយ​ភ្លាមៗ​នោះ​ទេ ។ ទង្វើ​អសីលធម៌​តែងតែ​ចាប់ផ្តើម​ឡើង​ដោយ​គំនិត​មិន​បរិសុទ្ធ ។ ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​គំនិត​របស់​អ្នក​ផ្តោត​ទៅ​លើ​ការណ៍អាសគ្រាម ឬ​រឿង​ណា​ដែល​អសីលធម៌ នោះ​អ្នក​បាន​ឈាន​មួយ​ជំហ៊ាន​ឆ្ពោះ​ទៅ​កាន់​ភាពអសីលធម៌​ហើយ ។ ចូរ​ចៀសចេញ​ជា​បន្ទាន់​ពី​ស្ថានភាព​នានា ដែល​អាច​នាំ​ទៅ​រក​អំពើបាប ។ ចូរ​អធិស្ឋាន​ទូល​សូម​កម្លាំង​ជាប់លាប់ ដើម្បី​តតាំង​នឹង​ការល្បួង ហើយ​គ្រប់គ្រង​គំនិត​របស់​អ្នក ។ ចូរ​ពោល​ពាក្យ​ទូលសូម​ទាំងនេះ​នៅ​ក្នុង​សេចក្ដីអធិស្ឋាន​ប្រចាំថ្ងៃ​របស់​អ្នក ។

ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការណ៍អាសគ្រាម ។

ចូរ​កុំ​មើល អាន ឬ​ស្ដាប់​អ្វី​មួយ​ដែល​រៀបរាប់ ឬ​ពិពណ៌នា​អំពី​រូបកាយ​របស់​មនុស្ស ឬ​ឥរិយាបទ​ខាង​ផ្លូវភេទ​នៅ​ក្នុង​របៀប​មួយ ដែល​ដាស់​ឲ្យ​មាន​អារម្មណ៍​ខាង​ផ្លូវភេទ​ឡើយ ។ សម្ភារ​អាសគ្រាម​ធ្វើ​ឲ្យ​ញៀន និង​អាច​បំផ្លាញ​យើង​បាន ។ វា​អាច​ប្លន់​យក​ការគោរព​លើ​ខ្លួនឯង និង​លទ្ធភាព​ដែល​អាច​មើល​ឃើញ​ពី​ភាពស្រស់បំព្រង​នៅ​ក្នុង​ជីវិត ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការគ្រប់គ្រង​លើ​ខ្លួន​ឯង ហើយ​នាំ​អ្នក​ទៅ​រក​គំនិត​ព្រៃផ្សៃ និង​ឥរិយាបទ​រំលោភបំពាន ។

ប្រសិនបើ​អ្នក​នៅ​លីវ ហើយ​ដើរលេងជាគូ ចូរ​ប្រព្រឹត្ត​ចំពោះ​ដៃគូ​ដើរ​លេង​របស់​អ្នក​ដោយ​សេចក្តីគោរព​ជានិច្ច ។

ចូរ​កុំ​ប្រព្រឹត្ត​ចំពោះ​គាត់ ឬ​នាង​ជា​វត្ថុ​មួយ ដែល​យក​មក​ប្រើប្រាស់ ដើម្បី​បំពេញ​បំណង​ស្រើបស្រាល​ចង់​បាន​ឲ្យ​សោះ ។ ចូរ​ដាក់​ផែនការ​ធ្វើ​កម្មវិធី​ល្អៗ និង​មាន​ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​អ្នក និង​ដៃគូ​ដើរ​លេង​របស់​អ្នក​គ្មាន​ការងារ​ធ្វើ ហើយ​នៅ​តែ​ពីរ​នាក់ ។ ចូរ​នៅ​ទីកន្លែង​ណា​ដែល​មាន​សុវត្ថិភាព ជា​កន្លែង​ដែល​អ្នក​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​យ៉ាង​ងាយ ។ ចូរ​កុំ​ចូលរួម​ក្នុង​កិច្ចសន្ទនា ឬ​សកម្មភាព​ទាំងឡាយ​ដែល​ដាស់​អារម្មណ៍​ខាង​ផ្លូវ​ភេទ ។ ចូរ​កុំ​ថើប​ដោយ​តណ្ហា​ស្រេក​ឃ្លាន ដេក​ជាមួយ ឬ​នៅ​ពី​លើ​មនុស្ស​ម្នាក់​ទៀត ឬ​ប៉ះពាល់​ផ្នែក​សម្ងាត់​នៃ​រូបកាយ​មនុស្ស​ម្នាក់​ទៀត ទោះ​មាន ឬ​គ្មាន សំលៀកបំពាក់​ជាប់​ជាមួយ ។ ចូរ​កុំ​អនុញ្ញាត​ឲ្យ​នរណាម្នាក់​ធ្វើ​រឿង​បែបនេះ​ចំពោះ​អ្នក​ឲ្យ​សោះ ។

ប្រសិនបើ​អ្នក​បាន​រៀបការ​ហើយ ចូរ​មាន​សេចក្តីស្មោះត្រង់​ចំពោះ​ស្វាមី/ភរិយា​របស់​អ្នក​ទាំង​នៅ​ក្នុង​គំនិត ពាក្យសម្ដី និង​ទង្វើ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖ « ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ ។ ហើយ​អ្នក​ណា​ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​មិន​ត្រូវ​មាន​ព្រះ​វិញ្ញាណ​ឡើយ ហើយ​បើ​សិន​ជា​អ្នក​នោះ​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ » ( គ. និង ស។ ៤២:២២–២៣ ) ។ ចូរ​កុំ​ចែចង់​ក្នុង​របៀប​ណាមួយ​ឲ្យ​សោះ ។ ចូរ​ចៀសវាង​ការនៅ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ឲ្យ​កាន់តែ​បាន​ច្រើន​កាន់តែ​ប្រសើរ ។ ចូរ​សួរ​ខ្លួនឯង​ថាតើ​ស្វាមី/ភរិយា​របស់​អ្នក​នឹង​មាន​សេចក្តីរីករាយ​ទេ បើ​គាត់ ឬ​នាង​បាន​ដឹង​ពី​ពាក្យសម្ដី និង​ទង្វើ​របស់​អ្នក ។ ចូរ​ចងចាំ​ដំបូន្មាន​របស់​សាវក​ប៉ុល ដែល​ប្រាប់​ឲ្យ « ចៀសចេញ​ពី​សេចក្តីអាក្រក់​គ្រប់​យ៉ាង » ( ថែស្សាឡូនីច ទី១ ៥:២២ ) ។ ពេល​អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព​បែប​នោះ ការល្បួង​នឹង​គ្មាន​ឱកាស​បណ្តុះ​ឡើង​ឡើយ ។

ការអត់ទោស​ដល់​មនុស្ស​ដែល​ប្រែចិត្ត

ផ្នែក​ដ៏​សំខាន់បំផុត​គឺ​ជា​ភាពស្អាតស្អំ​ទាំងស្រុង​ខាង​សីលធម៌ ។ វា​គឺ​ជា​ការខុសឆ្គង​មួយ​ក្នុង​ការប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវ​ភេទ​ជាមួយ​នឹង​គំនិត​ដែល​ថា អ្នក​នឹង​ប្រែចិត្ត​បាន​យ៉ាង​ងាយ​នៅ​ពេល​ក្រោយ ។ ឥរិយាបទ​បែបនេះ​គឺ​ជា​អំពើបាប ដោយ​បង្ហាញ​ការមិន​កោតខ្លាច​ចំពោះ​ព្រះអម្ចាស់ និង សេចក្តីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​នឹង​ទ្រង់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវ​ភេទ ព្រះអម្ចាស់​ប្រទាន​ការអភ័យទោស​ដល់​អ្នក ប្រសិនបើ​អ្នក​ប្រែចិត្ត ។

ការប្រែចិត្ត​មាន​ការលំបាក​ណាស់ ប៉ុន្តែ​វា​អាច​ធ្វើ​ទៅ​បាន ។ អ្នក​អាច​បាន​ជ្រះស្អាត​សារជាថ្មី ( សូម​មើល អេសាយ ១:១៨ ) ។ ភាពអស់សង្ឃឹម​នៃ​អំពើបាប អាច​ត្រូវបាន​ជំនួស​ដោយ​សេចក្តីសុខសាន្ត​ដ៏​ផ្អែមល្ហែម​នៃ​ការអភ័យទោស ។ ដើម្បី​រៀន​អំពី​កិច្ចការ​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ប្រែចិត្ត សូម​មើល « ការប្រែចិត្ត » ទំព័រ ១៣២–១៣៥ ។

ចូរ​ខិតខំ​ឆ្ពោះ​ទៅ​រក​ថ្ងៃ​មួយ ជា​ពេល​ដែល​អ្នក​មាន​ភាពសក្តិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ ដែល​ដឹកនាំ​ដោយ​ពាក្យ​របស់​អ្នកនិពន្ធ​ទំនុកតម្កើង ៖

« តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន ?

គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្តបរិសុទ្ធ » ( ទំនុកដំកើង ២៤:៣–៤ ) ។

បោះពុម្ព