« ការប្រែចិត្តជឿ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤០–៤៣
« ការប្រែចិត្តជឿ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៤០–៤៣
ការប្រែចិត្តជឿ
សាវកប៉ុលបានប្រកាសថា « គំនិតខាងសាច់ឈាមនោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ » ( រ៉ូម ៨:៦ សូមមើលផងដែរ នីហ្វៃទី ២ ៩:៣៩ ) ។ នៅក្នុងស្ថានភាពធ្លាក់ចុះរបស់យើង យើងតែងតែពុះពារជាមួយសេចក្តីល្បួង ហើយនៅពេលខ្លះ យើងបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុង « អំណាចនៃវិញ្ញាណអារក្សឲ្យចាប់ឃុំឃាំងដើម្បីនាំកូនចុះទៅស្ថាននរក » ( នីហ្វៃទី ២ ២:២៩, សូមមើលផងដែរ « ការធ្លាក់ » ទំព័រ ៥៦–៥៩ នៅក្នុងសៀវភៅនេះ ) ។ ដើម្បីយើងអាចមានលទ្ធិភាពទទួលបាន ពរជ័យដែលជាជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែមាន « គំនិតនៃព្រះវិញ្ញាណ » និងច្បាំងដណ្តើមយកបំណងប្រាថ្នារបស់យើង ។ យើងត្រូវតែផ្លាស់ប្ដូរ ។ ពោលឲ្យកាន់តែច្បាស់ យើងចាំបាច់ត្រូវតែ ផ្លាស់ប្ដូរ ឬ ប្រែចិត្តជឿ តាមរយៈព្រះចេស្ដានៃដង្វាយធួន និង តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ដំណើរការនេះត្រូវបានហៅថា ការប្រែចិត្តជឿ ។
ការប្រែចិត្តជឿរួមមានការផ្លាស់ប្តូរឥរិយាបទ ប៉ុន្តែវាមិនគ្រាន់តែជាឥរិយាបថប៉ុណ្ណោះទេ វាគឺជាការផ្លាស់ប្ដូររាល់និស្ស័យរបស់យើង ។ វាគឺជាការផ្លាស់ប្តូរយ៉ាងចាំបាច់មួយដែលព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ចាត់ទុកថាជាការចាប់កំណើតជាថ្មី ការផ្លាស់ប្តូរដួងចិត្ត និង ពិធីបុណ្យជ្រមុជដោយភ្លើង ។ ព្រះអម្ចាស់បានមានព្រះបន្ទូលដូចនេះ ៖
« ចូរកុំស្ញប់ស្ញែងថា មនុស្សលោកទាំងអស់ មែនហើយ ទាំងប្រុសទាំងស្រី គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ត្រូវតែកើតម្ដងទៀតឡើយ មែនហើយ គឺកើតមកពីព្រះ ផ្លាស់ប្រែពីស្ថានភាពខាងរូបកាយ និងខាងការធ្លាក់ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិតវិញ ដោយបានព្រះទ្រង់ប្រោសលោះ នោះនឹងក្លាយទៅជាបុត្រាបុត្រីរបស់ទ្រង់
ម្ល៉ោះហើយ ពួកគេក្លាយទៅជាសត្វលោកថ្មី ហើយលើកលែងតែពួកគេធ្វើយ៉ាងនេះ នោះពួកគេពុំអាចគ្រងនគរព្រះទុកជាមរតកបានឡើយ » ( ម៉ូសាយ ២៧:២៥–២៦ ) ។
ដំណើរការនៃការប្រែចិត្តជឿ
ការប្រែចិត្តជឿគឺជាដំណើរការហើយមួយ មិនមែនជាព្រឹត្តិការណ៍មួយទេ ។ អ្នកនឹងប្រែចិត្តជឿដែលជាលទ្ធផលមកពីកិច្ចប្រឹងប្រែងដ៏សេចក្តីសុចរិតរបស់អ្នកដើម្បីដើរតាមព្រះអង្គសង្គ្រោះ ។ កិច្ចប្រឹងប្រែងទាំងនេះរួមមានការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាប ទទួលពិធីបុណ្យជ្រមុជទឹក ទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ និងកាន់ខ្ជាប់ដរាបដល់ទីបំផុតក្នុងសេចក្តីជំនឿ ។
ថ្វីបើការប្រែចិត្តជឿជារឿងប្រកបដោយអព្ភូតហេតុ និង ការផ្លាស់ប្ដូរជីវិតក្ដី ក៏វាគឺជាអព្ភូតហេតុដ៏ស្ងប់ស្ងាត់មួយដែរ ។ ការជួបនឹងទេវតា និង ហេតុការណ៍ដ៏អព្ភូតហេតុនានាមិននាំមកនូវការប្រែចិត្តជឿនោះទេ ។ សូម្បីតែអាលម៉ា ដែលបានឃើញទេវតា ក៏បានប្រែចិត្តជឿតែបន្ទាប់ពី « បានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃ » ដើម្បីទទួលបានសាក្សីបញ្ជាក់ពីសេចក្ដីពិតដែរ ( អាលម៉ា ៥:៤៦ ) ។ ចំណែក ប៉ុល ដែលបានឃើញព្រះអង្គសង្គ្រោះដ៏មានព្រះជន្មរស់ឡើងវិញបានបង្រៀនថា « គ្មានអ្នកណាអាចដឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ » ( កូរិនថូស ទី១ ១២:៣ ) ។
ដោយសារតែការប្រែចិត្តជឿគឺជាដំណើរការដ៏ស្ងប់ស្ងាត់ និងខ្ជាប់ខ្ជួន អ្នកប្រហែលជាបានប្រែចិត្តជឿដោយមិនដឹងខ្លួនស្រេចទៅហើយនៅពេលនេះ ។ អ្នកអាចមានលក្ខណៈដូចប្រជាជនលេមិនដែល « ដោយសារសេចក្ដីជំនឿរបស់ពួកគេជឿដល់ [ ព្រះគ្រីស្ទ ] នៅក្នុងពេល នៃការប្រែចិត្តជឿរបស់គេ នោះត្រូវបានទទួលបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេពុំបានដឹងទេ » ( នីហ្វៃទី ៣ ៩:២០ ) ។ ការបន្តការខិតខំប្រឹងប្រែងរបស់អ្នកនៅក្នុងការអនុវត្តសេចក្តីជំនឿ និងការដើរតាមព្រះអង្គសង្គ្រោះ នឹងដឹកនាំអ្នកទៅរកការប្រែចិត្តជឿកាន់តែប្រសើរជាងមុន ។
ចរិតលក្ខណៈនៃមនុស្សដែលបានប្រែចិត្តជឿ
ព្រះគម្ពីរមរមនផ្ដល់នូវការពិពណ៌នាអំពីមនុស្សដែលបានប្រែចិត្តជឿលើព្រះអម្ចាស់ ៖
ពួកគេមានបំណងចង់ប្រព្រឹត្តអំពើល្អ ។
ប្រជាជនរបស់ស្តេចបេនយ៉ាមីន បានស្រែកឡើងថា « ព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា … បាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ( ម៉ូសាយ ៥:២ ) ។ អាលម៉ាបានមានប្រសាសន៍អំពីប្រជាជនដែល « ពុំអាចសម្លឹងមើលអំពើបាបទៀតឡើយ លើកលែងតែមើលដោយស្អប់ខ្ពើមប៉ុណ្ណោះ » ( អាលម៉ា ១៣:១២ ) ។
ពួកគេមិនបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ។
មរមនបានប្រាប់អំពីពួកសាសន៍លេមិនមួយក្រុម ដែលបានធ្វើអំពើទុច្ចរិត និងដែលស្រេកឃ្លានឈាម ប៉ុន្តែជាអ្នកដែលបាន « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ។ ប្រជាជនទាំងនេះបានផ្លាស់ប្ដូរឈ្មោះរបស់ពួកគេទៅជាអាន់តៃ-នីហ្វៃ-លីហៃ ហើយ « បានក្លាយទៅជាប្រជាជនមួយដ៏សុចរិត ពួកគេបានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ ដែលកុំឲ្យពួកគេប្រយុទ្ធនឹងព្រះ ឬតតាំងនឹងបងប្អូនរបស់គេទៀតឡើយ » ( អាលម៉ា ២៣:៧ ) ។
ពួកគេចែកចាយដំណឹងល្អ ។
អេណុស អាលម៉ាជាឪពុក អាលម៉ាជាកូន បុត្រាទាំងអស់របស់ម៉ូសាយ អាមូលេក និង ស៊ីអែសរ៉ុម បានថ្វាយខ្លួនរបស់ពួកគេដើម្បីប្រកាសដំណឹងល្អ បន្ទាប់ពីពួកគេបានប្រែចិត្តជឿលើព្រះអម្ចាស់ ( សូមមើល អេណុស ១:២៦, ម៉ូសាយ ១៨:១, ២៧:៣២–៣៧, អាលម៉ា ១០:១–១២, ១៥:១២ ) ។
ពួកគេពោរពេញទៅដោយសេចក្តីស្រឡាញ់ ។
បន្ទាប់ពីព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបានយាងទៅជួបប្រជាជននៅទ្វីបអាមេរិក « ប្រជាជនទាំងអស់ បានប្រែចិត្តជឿដល់ព្រះអម្ចាស់ គឺនៅលើផ្ទៃដែនដីទាំងអស់ ទាំងសាសន៍នីហ្វៃ និងសាសន៍លេមិនផង ហើយគ្មានការទាស់ទែងខ្វែងគំនិតគ្នារវាងពួកគេឡើយ ហើយមនុស្សគ្រប់រូបមានការទាក់ទងគ្នាយ៉ាងត្រឹមត្រូវ ។ …
« ហើយហេតុការណ៍បានកើតឡើងថា គ្មានការទាស់ទែងគ្នានៅក្នុងដែនដីឡើយ ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស ។
ហើយពុំមានការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការកាប់សម្លាប់ ឬក៏អំពើអាសអាភាសណាមួយឡើយ ហើយពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ ។
គ្មានចោរប្លន់ គ្មានឃាតករ ហើយក៏គ្មានចែកទៅជាពួកលេមិន ឬពួកណាផ្សេងទៀតឡើយ តែគេទាំងអស់គ្នាទៅជារូបមួយ គឺជាកូនចៅនៃព្រះគ្រីស្ទ និងជាអ្នកគ្រងនគរព្រះទុកជាមរតក » ( នីហ្វៃទី ៤ ១:២, ១៥–១៧ ) ។
ការខិតខំឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំង
អ្នកមានការទទួលខុសត្រូវចម្បងចំពោះការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់អ្នក ។ គ្មាននរណាម្នាក់អាចប្រែចិត្តជឿឲ្យអ្នកបានទេ ហើយគ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យប្រែចិត្តជឿបានឡើយ ។ ប៉ុន្ដែ មនុស្សដទៃអាចជួយអ្នកនៅក្នុងដំណើរការប្រែចិត្តជឿបាន ។ សូមរៀនមកពីគំរូដ៏សុចរិតនានារបស់សមាជិកគ្រួសារ អ្នកដឹកនាំ និងគ្រូបង្រៀនក្នុងសាសនាចក្រ ព្រមទាំងបុរស និងស្ដ្រីនៅក្នុងព្រះគម្ពីរ ។
សមត្ថភាពរបស់អ្នកដើម្បីទទួលបានបទពិសោធន៍នៃការផ្លាស់ប្ដូរដ៏ធំមួយក្នុងដួងចិត្តនឹងកើនឡើង កាលអ្នកខិតខំធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ ។ សូមសិក្សាព្រះគម្ពីរ អធិស្ឋានដោយសេចក្ដីជំនឿ កាន់តាមព្រះបញ្ញត្តិទាំងឡាយ ហើយស្វែងរកភាពជាដៃគូដ៏ជាប់លាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។ កាលដែលអ្នកព្យាយាមបន្តធ្វើតាមដំណើរការនៃការប្រែចិត្តជឿ នោះអ្នកនឹងទទួលបាន « សេចក្ដីអំណរដ៏ធំជាអតិបរមា » ដូចប្រជាជនរបស់ស្ដេចបេនយ៉ាមីនបានមាន គឺនៅពេលដែលព្រះវិញ្ញាណ « បាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ [ ពួកគេ ] » ( សូមមើល ម៉ូសាយ ៥:២, ៤ ) ។ អ្នកនឹងអាចធ្វើតាមព្រះឱវាទរបស់ស្ដេចបេនយ៉ាមីន ដែលមានបន្ទូលឲ្យ « តាំងចិត្តឲ្យខ្ជាប់ខ្ជួន ហើយនឹងន គឺពោរពេញទៅដោយអំពើល្អជានិច្ច ដើម្បីឲ្យព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់ដ៏ជាព្រះដែលមានគ្រប់ព្រះចេស្ដា ទ្រង់បានភ្ជាប់អ្នកទុកជារបស់ផងទ្រង់ ដើម្បីឲ្យអ្នកបាននាំទៅកាន់ស្ថានសួគ៌ គឺដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច និងជីវិតដ៏នៅអស់កល្បជានិច្ច » ( ម៉ូសាយ ៥:១៥ ) ។