ធនធាន​ផ្សេង​ទៀត
ការបង្កបង្កើត


« ការបង្កបង្កើត » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៤–៤៥

« ការបង្កបង្កើត » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤៤–៤៥

ការបង្កបង្កើត

នៅ​ក្រោមការ​ដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី ( សូម​មើល ម៉ូសាយ ៣:៨, ម៉ូសេ ២:១ ) ។ ចេញ​ពី​ព្រះគម្ពីរ​ដែល​បាន​បើកសម្ដែង​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ យើង​ដឹង​ថា​នៅ​ក្នុង​ការងារ​នៃ​ការបង្កបង្កើត ព្រះអម្ចាស់​ទ្រង់​បាន​រៀបចំ​វត្ថុធាតុ​ទាំងអស់​ដែលបាន​​មាន​រួច​ទៅ​ហើយ ( សូម​មើល អ័ប្រាហាំ ៣:២៤ ) ។ ទ្រង់​មិន​បាន​បង្កើត​ពិភពលោក​ដោយ « គ្មាន​ប្រើ​វត្ថុ​អ្វី​ទាំងអស់ » ដូច​ជា​ជំនឿ​របស់​មនុស្ស​មួយ​ចំនួន​នោះ​ទេ ។

ព្រះគម្ពីរ​ក៏​បាន​បង្រៀន​ផងដែរ​ថា លោក​អ័ដាម​គឺ​ជា « មនុស្ស​ទី​មួយ​បង្អស់​នៃ​មនុស្សលោក » ( ម៉ូសេ ១:៣៤ ) ។ ព្រះ​បាន​បង្កើត​លោក​អ័ដាម និង នាង​អេវ៉ា ឲ្យ​ដូច​រូបអង្គ​ទ្រង់ និង​ដូច​រូបអង្គ​ព្រះរាជបុត្រាបង្កើត​តែ​មួយ​របស់​ទ្រង់ ( សូម​មើល ម៉ូសេ ២:២៦–២៧ ) ។

ការបង្កបង្កើត​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ វា​ផ្តល់​នូវ​ឱកាស​សម្រាប់​យើង​ម្នាក់ៗ​មក​លើ​ផែនដី​នេះ ជា​កន្លែង​ដែល​យើង​អាច​ទទួលបាន​រូបកាយ​សាច់ឈាម ហើយ​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​យើង ។ នៅ​ក្នុង​ក្រុមប្រឹក្សា​របស់​ព្រះ​ក្នុង​ជីវិត​មុន​ផែនដី នោះ​សេចក្ដីប្រកាស​ដូចតទៅ​ថ្លែង​ដូចនេះ ៖ « យើង​នឹង​ចុះ​ទៅ ដ្បិត​មាន​កន្លែង​ទំនេរ​នៅ​ទីនោះ ហើយ​យើង​នឹង​យក​វត្ថុ​ទាំងឡាយ​នេះ​ទៅ ហើយ​យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួកគេ​ទាំងនោះ​អាច​រស់នៅ​លើ ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ( អ័ប្រាហាំ ៣:២៤–២៥ ) ។

អ្នក​ទាំងអស់​គ្នា​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ ហើយ​រូបកាយ​របស់​អ្នក​បង្កើត​ឡើង​តាម​រូបភាព​ទ្រង់ ។ ដើម្បី​បង្ហាញ​គារវភាព​ចំពោះ​ពរជ័យ​ទាំងនេះ អ្នក​អាច​ថែ​រក្សា​រាងកាយ​របស់​អ្នក ដោយ​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ និង​ព្រះបញ្ញាត្តិ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ( សូម​មើល គ. និង ស. ៨៩, សូម​មើល​ផងដែរ ៨៨:១២៤ ) ។ អ្នក​ក៏​អាច​គោរព​អ្នកដទៃ​ទុក​ជា​កូន​របស់​ព្រះ​ផងដែរ ។

ក្នុង​នាម​ជា​អ្នកទទួល​ផល​នៃ​ការបង្កបង្កើត​ដ៏​ស្រស់​ស្អាត​នេះ អ្នក​អាច​ជួយ​ថែរក្សា​ផែនដី និង​ជួយ​ការពារ​វា​សម្រាប់​កូនចៅ​នា​ពេល​​អនាគត​របស់​យើង ។