ធនធាន​ផ្សេង​ទៀត
សេចក្ដីស្លាប់​ខាង​សាច់ឈាម


« សេចក្ដីស្លាប់​ខាង​សាច់ឈាម » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៦–៤៧

« សេចក្ដីស្លាប់​ខាង​សាច់ឈាម » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៤៦–៤៧

សេចក្ដីស្លាប់​ខាង​សាច់ឈាម

សេចក្តីស្លាប់​ខាង​សាច់ឈាម​គឺ​ជា​ការបែកចេញ​នៃ​វិញ្ញាណ​ពី​រូបកាយ​រមែងស្លាប់ ។ ការធ្លាក់​របស់​លោក​អ័ដាម​នាំ​មក​នូវ​សេចក្តីស្លាប់​ខាង​សាច់ឈាម​ដល់​ពិភពលោក ( សូម​មើល ម៉ូសេ ៦:៤៨ ) ។

សេចក្តីស្លាប់​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ( សូម​មើល នីហ្វៃទី ២ ៩:៦ ) ។ ដើម្បី​យើង​អាច​ក្លាយ​ដូច​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង​បាន យើង​ត្រូវតែ​ទទួល​បទពិសោធន៍​នៃ​សេចក្តីស្លាប់ ហើយ​បន្ទាប់មក យើង​ត្រូវតែ​ទទួល​បាន​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ជា​រូបកាយ​ដែល​បាន​រស់ឡើងវិញ ។

ពេល​ដែល​រូបកាយ​សាច់ឈាម​នេះ​ស្លាប់​ទៅ នោះ​វិញ្ញាណ​នៅ​បន្ត​មាន​ជីវិត ។ នៅ​ឯ​ពិភពវិញ្ញាណ វិញ្ញាណ​របស់​មនុស្ស​សុចរិត « នឹង​បាន​ទទួល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជា​ស្ថានបរមសុខ ដែល​ជា​ស្ថានភាព​ឈប់សម្រាក ស្ថានភាព​សុខសាន្ត ជា​កន្លែង​ដែល​គេ​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការបារម្ភ និង​ពី​ទុក្ខព្រួយ » ( អាលម៉ា ៤០:១២ ) ។ កន្លែង​ដែល​ហៅ​ថា ស្ថាន​ឃុំ​វិញ្ញាណ គឺ​ទុក​សម្រាប់ « ពួក​អ្នក​ដែល [ បាន ] ស្លាប់​ក្នុង​អំពើបាប​ទាំងឡាយ​របស់​ខ្លួន ដោយ​គ្មាន​ចំណេះដឹង​អំពី​សេចក្តីពិត ឬ​នៅ​ក្នុង​ការរំលង​ដោយ​បាន​បដិសេធ​ពួក​ព្យាការី ( គ. និង ស. ១៣៨:៣២ ) ។ វិញ្ញាណ​ទាំងឡាយ​ដែល​នៅ​ក្នុង​ស្ថាន​ឃុំ​វិញ្ញាណ​ត្រូវបាន « បង្រៀន​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប បុណ្យ​ជ្រមុជ​ទឹក​ជំនួស​សម្រាប់​ការ​ផ្ដាច់​បាប អំណោយទាន​ជា​ព្រះ​វិញ្ញាណបរិសុទ្ធ ដោយសារ​ការដាក់​ដៃ​លើ ហើយ​គ្រប់​ទាំង​គោលការណ៍​ផ្សេងៗ​ទៀត​នៃ​ដំណឹង​ល្អ [ ដែល ] ជា​ចាំ​បាច់​សម្រាប់​ឲ្យ​គេ​ដឹង » ( គ. និង ស. ១៣៨:៣៣–៣៤ ) ។ បើ​ពួកគេ​ព្រម​ទទួល​យក​គោលការណ៍​នៃ​ដំណឹងល្អ ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ និង​យល់ព្រម​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ជំនួស​ពួកគេ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ នោះ​ពួកគេ​នឹង​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានបរមសុខ ។

ដោយសារ​តែ​មាន​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្តីស្លាប់​ខាង​សាច់ឈាម​គ្រាន់តែ​ជា​ស្ថានភាព​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ « ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ( កូរិនថូស ទី១ ១៥:២២ ) ។ មនុស្ស​ទាំងអស់​នឹង​រស់ឡើងវិញ មាន​ន័យ​ថា វិញ្ញាណ​របស់​មនុស្ស​ទាំងអស់​នឹង​ផ្គុំ​ចូល​គ្នា​ជាមួយ​រូបកាយ​វិញ—« អ្វីៗ​ទាំងអស់​នឹង​បាន​សាង​ទៅ​ជា​រូបរាង​ដ៏​ត្រឹមត្រូវ និង​ល្អឥតខ្ចោះ​ឡើង​វិញ » ហើយ​មិន​អាច​ស្លាប់​ទៀត​ទេ ( អាលម៉ា ៤០:២៣ សូម​មើល​ផងដែរ អាលម៉ា ១១:៤៤–៤៥ ) ។

អ្នក​ប្រហែល​ជា​មាន​បទពិសោធន៍​ឈឺចាប់ នៅ​ពេល​ដែល​មាន​សមាជិក​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ស្លាប់ ។ វា​ជា​រឿង​ធម្មតា​ទេ ​នៅ​ពេល​អ្នក​មាន​ទុក្ខព្រួយ​នៅ​ពេល​នោះ ។ ការពិតណាស់ ការទួញសោក​នេះ​គឺ​ជា​ការបង្ហាញ​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ រហូត​ដល់​អ្នក​ត្រូវ​យំសោក​ចំពោះ​ការ​បាត់បង់​នៃ​មនុស្ស​ដែល​ស្លាប់ » ( គ. និង ស. ៤២:៤៥ ) ។ បើ​ស្លាប់​ដោយ​គ្មាន​ការសោកស្តាយ​មាន​ន័យ​ថា ជីវិត​នេះ​គ្មាន​សេចក្តីស្រឡាញ់​ឡើយ ។

សូម្បី​តែ​ពេល​អ្នក​ទួញសោក​ចំពោះ​សេចក្ដីស្លាប់​នៃ​មនុស្ស​ដែល​យើង​ស្រឡាញ់ អ្នក​អាច​ទទួល​បាន​ការលួងលោម​ចេញ​ពី​ការសន្យា​នៃ​ការរស់ឡើងវិញ និង​ការធានាអះអាង​ថា ក្រុមគ្រួសារ​អាច​នៅ​ជាមួយគ្នា​ជា​រៀង​រហូត ។ អ្នក​អាច « ឃើញ​ហេតុ​ដ៏​ធំ​នៃ​ការទុក្ខព្រួយ និង​សេចក្តីត្រេកអរ​ផង—ទុក្ខព្រួយ​ដោយសារតែ​សេចក្តីស្លាប់ និង​សេចក្តីបំផ្លិចបំផ្លាញ​នៅ​កណ្តាល​ពួកមនុស្ស ហើយ​សេចក្តីអំណរ ដោយសារតែ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​មក​លើ​ជីវិត » ( អាលម៉ា ៨:១៤ សូម​មើល​ផងដែរ ខទី ៩–១៣ ) ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ទទួលបាន​ការលួងលោម​ពេល​ដែល​មនុស្ស​ដែល​យើង​ស្រឡាញ់​ស្លាប់ អ្នក​អាច​មាន​សេចក្តីស្ងប់ ដោយ​មាន​ការយល់ដឹង​ថា នៅ​ទីបំផុត អ្នក​ក៏​ត្រូវ​ស្លាប់​ដែរ ។ នៅ​ពេល​អ្នក​រស់នៅ​តាម​ដំណឹងល្អ អ្នក​អាច​ចងចាំ​សេចក្តីសន្យា​របស់​ព្រះអម្ចាស់​ដូចនេះ ៖ « អស់​អ្នកណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្តីស្លាប់​ឡើយ ដ្បិត​សេចក្តីស្លាប់​នឹង​បាន​ទៅ​ជា​សេចក្តីផ្អែមល្ហែម​ដល់​ពួកគេ​វិញ » ( គ. និង ស. ៤២:៤៦ ) ។

បោះពុម្ព