ធនធាន​ផ្សេង​ទៀត
ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច


« ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥២–៥៣

« ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ៥២–៥៣

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង—ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ អមតភាព​គឺ​ជា​ជីវិត​ដែល​អាច​រស់​នៅជា​និរន្តរ៍​ក្នុង​ស្ថានភាព​ដែល​បាន​រស់ឡើងវិញ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ម្នាក់ៗ​​នឹង​ទទួល​បាន​អំណោយទាន​នេះ ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ភាពតម្កើងឡើង គឺជា​ការទទួល​មរតក​នៅ​នគរ​ដែល​មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​នគរសេឡេស្ទាល ជា​កន្លែង​ដែល​យើង​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ និង​បន្ត​រស់នៅ​ជា​ក្រុមគ្រួសារ ( សូម​មើល គ. និង ស. ១៣១:១–៤ ) ។ គឺ​ដូចជា​អមតភាព​ដែរ អំណោយទាន​នេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ វា​តម្រូវ​ឲ្យ​យើង​មាន « ការគោរពតាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » ( មាត្រា​នៃ​សេចក្ដីជំនឿ ១:៣ ) ។

ការបន្ត​នៅ​លើ​មាគ៌ា​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

នៅ​ពេល​អ្នក​ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នក​បាន​ចូល​ទៅ​ក្នុង​មាគ៌ា​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ព្យាការី​នីហ្វៃ​បាន​បង្រៀន​ដូចនេះ ៖

« ទ្វារ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចូល​នោះ គឺជា​ការ​ប្រែចិត្ត និង​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក គឺ​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នៅ​លើ​ផ្លូវ​តូច ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច មែន​ហើយ អ្នក​រាល់​គ្នា​បាន​ចូល​តាម​ទ្វារ អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​ព្រះ​រាជ​បុត្រា ចំពោះ​ការ​បំពេញ​នូវ​សេចក្ដី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចូល​តាម​ផ្លូវ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ទទួល » ( នីហ្វៃទី ២ ៣១:១៧–១៨ ) ។

នីហ្វៃ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​យើង​ចូល​ទៅ​តាម « ផ្លូវ​តូច ហើយ​ចង្អៀត​នេះ​ហើយ » យើង​ត្រូវតែ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដោយ​មាន​សេចក្ដីជំនឿ ៖

« បន្ទាប់​ពី​អ្នក​បាន​ចូល​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​នេះ​ហើយ ខ្ញុំ​សូម​សួរ​ថា តើ​បាន​សម្រេច​សព្វ​គ្រប់​ហើយ​ឬ​នៅ ? មើល​ចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ថា ទេ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​នេះ​ទេ លើក​លែង​តែ​ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​រឹងប៉ឹង​ដល់​ព្រះ​អង្គ ដោយ​ពឹងផ្អែក​ទាំង​ស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ ។

ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់​រូប ។ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី ២ ៣១:១៩–២០ ) ។

ឥឡូវ​នេះ អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់​ហើយ ដូច្នេះ​ភាពរីកចម្រើន​មួយ​ភាគ​ធំ​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ អាស្រ័យ​ទៅ​លើ​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្ដីសេចក្ដីសង្គ្រោះ​មាន​ដូចជា ៖ សម្រាប់​បុរស គឺ​ការតែងតាំង​ឲ្យ​មាន​បព្វជិតភាព​មិលគីស្សាដែក សម្រាប់​បុរស និង ស្ត្រី គឺ​ជា​អំណោយទាន​ពិសិដ្ឋ និង អាពាហ៍ពិពាហ៍​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ។ នៅ​ពេល​អ្នក​ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ ព្រមទាំង​រក្សា​សេចក្តីសញ្ញា​ទាំងឡាយ​ដែល​មាន​មក​ជាមួយ​ផង​នោះ មាន​ន័យ​ថា អ្នក​រៀបចំ​ខ្លួន​របស់​អ្នក​គ្រង​មរតក​នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ភាពរុងរឿង​សេឡេស្ទាល​ហើយ ។

នៅក្នុងសមត្ថភាព​របស់​អ្នក

នៅ​ពេល​អ្នក​ពិចារណា​ពី​ភាពរីកចម្រើន​របស់​អ្នក​នៅ​លើ « ផ្លូវ​តូច ហើយ​ចង្អៀត » នោះ​អ្នក​ត្រូវ​ប្រាដក​ថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​សមត្ថភាព​របស់​អ្នក ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ទាំងអស់គ្នា​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មិន​តម្រូវ​ឲ្យ​យើង​ទាំងអស់គ្នា​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ ។ រាល់​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ទ្រង់​ត្រូវបាន​រៀបចំ​សម្រាប់​សុភមង្គល​របស់​អ្នក ។ នៅ​ពេល​អ្នក​អនុវត្ត​សេចក្តីជំនឿ ហើយ​បម្រើ​ទ្រង់​ដោយ​អស់​ពី​ពលំ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​កម្លាំង ព្រមទាំង​មធ្យោបាយ​មួយ ដើម្បី​ឲ្យ​អ្នក​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​ត្រាស់​បង្គាប់​អ្នក ( សូម​មើល នីហ្វៃទី ១ ៣:៧ ) ។ ចូរ​ចងចាំ​ថា នៅ​ពេល​អ្នក​ប្រឹងប្រែង​ដោយ​អស់​ពី​សមត្ថភាព ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក នោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ទូទាត់​លើ​ភាពទន់ខ្សោយ និង​លើ​អំពើទុច្ចរិត លើ​របួស និង ភាពឈឺចាប់ ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​នេះ ៖ « យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះ​គុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី ២ ២៥:២៣ ) ។

បោះពុម្ព