ធនធាន​ផ្សេង​ទៀត
សេចក្តីជំនឿ


« សេចក្តីជំនឿ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥៤–៥៦

« សេចក្តីជំនឿ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៥៤–៥៦

សេចក្តីជំនឿ

សាវក​ប៉ុល​បាន​បង្រៀន​ថា « សេចក្តី​ជំនឿ​នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ » ( ហេព្រើរ ១១:១,  ) ។ អាលម៉ា​បាន​ថ្លែង​សេចក្ដី​ស្រដៀង​គ្នា​នេះ​ដែរ ៖ « បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​រាល់​គ្នា​សង្ឃឹម​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ( អាលម៉ា ៣២:២១ ) ។

សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ពេល​ណា​ក៏​ដោយ​ដែល​អ្នក​ខិតខំ​ឆ្ពោះ​ទៅ​រក​គោលដៅ​សក្តិសម មាន​ន័យ​ថា អ្នក​អនុវត្ត​សេចក្តីជំនឿ​របស់​អ្នក​ហើយ ។ អ្នក​បង្ហាញ​សេចក្តីសង្ឃឹម​ទៅ​លើ​អ្វី​ដែល​អ្នក​មើល​មិន​ឃើញ ។

សេចក្តីជំនឿ​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ

ដើម្បី​ឲ្យ​សេចក្ដីជំនឿ​របស់​អ្នក​ដឹកនាំ​អ្នក​ទៅ​រក​សេចក្ដីសង្គ្រោះ នោះ​សេចក្ដីជំនឿ​របស់​អ្នក​ត្រូវតែ​ផ្ដោត​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ( សូម​មើល កិច្ចការ ៤:១០–១២, ម៉ូសាយ ៣:១៧, មរ៉ូណៃ ៧:២៤–២៦, មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ ) ។ អ្នក​អាច​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​បាន គឺ​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ការអះអាង​មួយ​ថា ពិតជា​មាន​ទ្រង់​មែន គំនិត​មួយ​ដ៏​ត្រឹមត្រូវ​អំពី​លក្ខណៈ​របស់​ទ្រង់ និង​ចំណេះដឹង​មួយ​ថា អ្នក​ខិតខំ​រស់នៅ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

ការមាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​ថា ការពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​លើ​ព្រះចេស្ដា ព្រះបញ្ញាញាណ និង សេចក្តីស្រឡាញ់​ដ៏​និរន្តរ៍​របស់​ទ្រង់ ។ វា​រួម​មាន​ទាំង​ការជឿ​លើ​ការបង្រៀន​របស់​ទ្រង់​ផងដែរ ។ វា​មាន​ន័យ​ថា អ្នក​ត្រូវ​មាន​ជំនឿ​ទោះបីជាអ្នក​មិន​យល់​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ទ្រង់​ធ្វើ​ក៏​ដោយ ។ ចូរ​ចងចាំ​ថា ទ្រង់​ធ្លាប់​មាន​បទពិសោធន៍​អំពី​ការរង​ការឈឺចាប់ ទុក្ខវេទនា និង​ជំងឺ​គ្រប់​បែប​យ៉ាង ទ្រង់​ជ្រាប​ពី​របៀប​ដែល​ទ្រង់​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​ការលំបាក​ប្រចាំ​ថ្ងៃ​របស់​អ្នក ( សូម​មើល អាលម៉ា ៧:១១–១២, គ. និង ស. ១២២:៨ ) ។ ទ្រង់​បាន « ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ហើយ​បាន​រៀបចំ​ផ្លូវ​ឲ្យ​អ្នក​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទ្រង់​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​អ្នក ដូច​អ្នក​នៅ​ចងចាំ​ការអង្វរ​របស់​ទ្រង់​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ( គ. និង ស. ៦:៣៦ ) ។

ការរស់នៅ​ដោយ​សេចក្ដីជំនឿ

សេចក្តីជំនឿ​មាន​ន័យ​ជ្រាលជ្រៅ​ជាង​ជំនឿ​អកម្ម​ទៅ​ទៀត ។ អ្នក​បង្ហាញ​សេចក្ដីជំនឿ​របស់​អ្នក​តាមរយៈ​ទង្វើ—តាម​របៀប​ដែល​អ្នក​រស់នៅ ។

ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​សន្យា​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការចំបាច់​ដល់​យើង » ( មរ៉ូណៃ ៧:៣៣ ) ។ ការមាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជម្រុញ​ឲ្យ​អ្នក​ធ្វើតាម គំរូ​ដ៏​ល្អឥតខ្ចោះ​របស់​ទ្រង់ ( សូម​មើល យ៉ូហាន ១៤:១២ ) ។ សេចក្តីជំនឿ​របស់​អ្នក​អាច​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​ល្អ ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ ហើយ​ប្រែចិត្ត​ពី​អំពើបាប ( សូម​មើល យ៉ាកុប ២:១៨, នីហ្វៃទី ១ ៣:៧, អាលម៉ា ៣៤:១៧ ) ។ សេចក្តីជំនឿ​របស់​អ្នក​អាច​ជួយ​អ្នកឲ្យ​​យកឈ្នះ​លើ​ការល្បួង ។ អាលម៉ា​បាន​ទូន្មាន​កូនប្រុស​របស់​លោក​គឺ ហេលេមិន ថា « ចូរ​បង្រៀន​ពួក​គេ​ឲ្យ​ទប់​ទល់​នឹង​គ្រប់​ការ​ល្បួង​នៃ​អារក្ស ដោយ​សេចក្ដី​ជំនឿ​របស់​គេ ជឿ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ( អាលម៉ា ៣៧:៣៣ ) ។

ព្រះអម្ចាស់​នឹង​សម្ដែង​អព្ភូតហេតុ​ដ៏អស្ចារ្យ​ទាំងឡាយនៅ​ក្នុង​ជីវិត​របស់​អ្នក អាស្រ័យ​លើ​សេចក្តីជំនឿ​របស់​អ្នក ( សូម​មើល នីហ្វៃទី ២ ២៦:១៣ ) ។ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​អ្នកឲ្យ​ទទួល​បាន​ការព្យាបាល​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ( សូម​មើល នីហ្វៃទី ៣ ៩:១៣–១៤ ) ។ នៅ​ពេល​ការសាកល្បង​កើតឡើង សេចក្តីជំនឿ​អាច​ផ្តល់​កម្លាំង​ដល់​អ្នក​ដើម្បី​ឆ្ពោះ​ទៅ​មុខ ហើយ​ប្រឈមមុខ​នឹង​ទុក្ខលំបាក​វេទនា​ដោយ​ភាពក្លាហាន ។ សូម្បី​អនាគត​មើល​ទៅ​មិន​មាន​ភាពច្បាស់លាស់​ក្ដី ក៏​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះអង្គសង្គ្រោះ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាពសុខសាន្ត​បាន​ដែរ ( សូម​មើល រ៉ូម ៥:១, ហេលេមិន ៥:៤៧ ) ។

ការបង្កើន​សេចក្ដីជំនឿ​របស់​អ្នក

សេចក្តីជំនឿ​គឺ​ជា​អំណោយទាន​មក​ពី​ព្រះ ប៉ុន្តែ​អ្នក​ត្រូវតែ​ចិញ្ចឹមបីបាច់​សេចក្តីជំនឿ​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​រឹងមាំ​ឡើង ។ សេចក្តីជំនឿ​គឺ​ដូចជា​សាច់ដុំ​ដៃ​របស់​អ្នក​ដូច្នោះ​ដែរ ។ ប្រសិនបើ​អ្នក​ហាត់​ប្រាណ វា​នឹង​មាន​កម្លាំង​ខ្លាំង​ឡើង ។ ប្រសិនបើ​អ្នក​ទុក​វា​ចោល វា​នឹង​ចុះ​ខ្សោយ​ជា​មិន​ខាន ។

អ្នក​អាច​ចិញ្ចឹម​បីបាច់​ថែរក្សា​អំណោយទាន​នៃ​សេចក្តីជំនឿ​របស់​អ្នក ដោយ​ការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​អ្នក​បង្ហាញ​កតវេទិតា​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​នៅ​ពេល​អ្នក​ទូល​អង្វរ​ដល់​ទ្រង់ សម្រាប់​ពរជ័យ​ដែល​អ្នក និង​អ្នកដទៃ​ត្រូវការ នោះ​អ្នក​នឹង​ខិត​កាន់តែ​ជិត​ទ្រង់ ។ អ្នក​នឹង​ខិត​កាន់តែ​ជិត​ទៅ​រក​ព្រះអង្គសង្គ្រោះ ជា​អង្គ​ដែល​ដង្វាយធួន​របស់​ទ្រង់​ធ្វើ​ឲ្យ​អ្នក​អាច​ទូល​សូម​សេចក្ដីមេត្តាករុណា ( សូម​មើល អាលម៉ា ៣៣:១១ ) ។ អ្នក​ក៏​នឹង​ងាយស្រួល​ទទួលបាន​ការដឹកនាំ​ដ៏​ស្រទន់​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ ។

អ្នក​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​តាមរយៈ​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ។ គឺ​ដូចជា​ពរជ័យ​ទាំងឡាយ​ដែល​មក​ពី​ព្រះ​ដែរ នោះ​សេចក្តីជំនឿ​អាច​ទទួល​បាន ហើយ​រីកចម្រើន​តាមរយៈ​ការគោរពប្រតិបត្តិ​ផ្ទាល់ខ្លួន និង​ទង្វើ​ដ៏​សុចរិត ។ ប្រសិនបើ​អ្នក​មាន​បំណងប្រាថ្នា​បង្កើន​សេចក្តីជំនឿ​របស់​អ្នក រហូត​ដល់​កម្រិត​មួយ​ដ៏​ខ្ពស់​បំផុត​នោះ អ្នក​ត្រូវតែ​រក្សា​សេចក្តីសញ្ញា​នានា​ដែល​អ្នក​បាន​ធ្វើ ។

អ្នក​ក៏​អាច​អភិវឌ្ឍ​សេចក្តីជំនឿ​របស់​អ្នក​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ផងដែរ ។ ព្យាការី អាលម៉ា បាន​បង្រៀន​ថា ព្រះបន្ទូល​របស់​ព្រះ​ជួយ​ពង្រឹង​សេចក្តីជំនឿ ។ លោក​បាន​មាន​ប្រសាសន៍​ប្រៀបធៀប​ព្រះបន្ទូល​ទៅ​នឹង​គ្រាប់ពូជ​ដូចនេះ​ថា « ការចង់ ជឿ » អាច​នាំ​អ្នក​ឲ្យ « ទុក​កន្លែង​មួយ » សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ​អាច « ដុះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក » ។ នោះ​អ្នក​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថា នេះ​ច្បាស់​ជា​ព្រះបន្ទូល​ល្អ ព្រោះ​វា​ចាប់ផ្តើម​ពង្រីក​ព្រលឹង​របស់​អ្នក មែនហើយ វា​ចាប់ផ្តើម​បំភ្លឺ​យោបល់​របស់​អ្នក ។ ការណ៍​នេះ​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក ។ ពេល​ដែល​អ្នក​បន្ត​ចិញ្ចឹម​បីបាច់​ព្រះបន្ទូល នៅ​ក្នុង​ចិត្ត​របស់​អ្នក « ដោយ​សេចក្ដី​ព្យាយាម​ដ៏​ខ្លាំងក្លា និង​ដោយ​សេចក្ដី​អត់​ធន់ ហើយ​ទន្ទឹង​ចាំ​ផ្លែ​ឈើ​នោះ នោះ​វា​នឹង​ចាក់​ឫស ហើយ​មើល​ចុះ វា​នឹង​ក្លាយ​ទៅ​ជា​ដើម​មួយ ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ។ ( សូម​មើល អាលម៉ា ៣២:២៦–៤៣ ) ។

បោះពុម្ព