« កិច្ចការពង្សប្រវត្តិ និង ពង្សាវលី » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៦១–៦៤
« កិច្ចការពង្សប្រវត្តិ និង ពង្សាវលី » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៦១–៦៤
កិច្ចការពង្សប្រវត្តិ និង ពង្សាវលី
នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ព្យាការី អេលីយ៉ា បានមកជួប យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ លោកបានប្រគល់អំណាចបព្វជិតភាពនៃការផ្សារភ្ជាប់ ដើម្បីធ្វើឲ្យក្រុមគ្រួសារអាចបានផ្សារភ្ជាប់គ្នានៅគ្រប់ជំនាន់ទាំងអស់ ។ នៅពេលប្រគល់អំណាចនេះ លោកបានបំពេញការព្យាករដែលថ្លែងថា ព្រះអម្ចាស់នឹងបញ្ជូនលោកមក « ដើម្បីបង្វែរចិត្តពួកឪពុកមកឯ កូន និងចិត្តកូនមកឯឪពុក » ( សូមមើល គ. និង ស. ១១០:១៤–១៦ សូមមើលផងដែរ ម៉ាឡាគី ៤:៥–៦ ) ។
តាមរយៈកិច្ចការពង្សប្រវត្តិ អ្នកអាចរួមចំណែកក្នុងការបន្តបំពេញតាមការព្យាករនេះ ។ អ្នកអាចរៀនសូត្រពីជីដូនជីតារបស់អ្នក ហើយបង្កើនសេចក្តីស្រឡាញ់ចំពោះពួកគាត់ ។ អ្នកអាចទទួលបានការបំផុសគំនិត តាមរយៈរឿងរ៉ាវទាំងឡាយនៃភាពក្លាហាន និងសេចក្តីជំនឿរបស់ពួកគេ ។ អ្នកអាចបន្តកេរដំណែលនេះដល់កូនចៅរបស់អ្នក ។
ទាំងនេះជាផលប្រយោជន៍ដែលគ្មានទីបញ្ចប់ ដែលបានមកពីកិច្ចការពង្សប្រវត្តិ ប៉ុន្តែវាមិនមែនជាមូលហេតុសំខាន់ ដែលសាសនាចក្រដាក់ការប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រមូលកំណត់ត្រាពង្សប្រវត្តិនោះទេ ។ រាល់កិច្ចខិតខំខាងពង្សប្រវត្តិរបស់សាសនាចក្រ ត្រូវបានដឹកនាំទៅបំពេញតម្រូវការឲ្យបង្កើត « ចំណងភ្ជាប់ … រវាងពួកឪពុកនឹងកូនៗ » ( គ. និង ស. ១២៨:១៨ ) ។ ចំណងភ្ជាប់នេះត្រូវបានបង្កើតឡើងដោយអំណាចបព្វជិតភាព តាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ដែលយើងទទួលជំនួសឲ្យជីដូនជីតារបស់យើង ។
ការប្រោសលោះមរណជន
បុត្រាបុត្រីជាច្រើននាក់របស់ព្រះវរបិតាសួគ៌ បានស្លាប់មុនពេលពួកគេមានឱកាសទទួលភាពពោរពេញនៃដំណឹងល្អ ។ នៅក្នុងសេចក្តីមេត្តាករុណា និង សេចក្តីស្រឡាញ់ដ៏និរន្តរ៍របស់ទ្រង់ ព្រះអម្ចាស់បានរៀបចំផ្លូវឲ្យពួកគេទទួលបានទីបន្ទាល់អំពីដំណឹងល្អ ហើយទទួលបានពិធីបរិសុទ្ធនៃបព្វជិតភាព ។
នៅពិភពវិញ្ញាណ ដំណឹងល្អត្រូវបាន « ផ្សាយតាមបែបដូច្នោះហើយ ដល់ពួកអ្នកដែល [ បាន ] ស្លាប់ ក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ដោយគ្មានការចេះដឹងពីសេចក្ដីពិត ឬនៅក្នុងការរំលងដោយបានបដិសេធពួកព្យាការី ។ ពួកគេ [ ត្រូវបាន ] បង្រៀនឲ្យមានសេចក្ដីជំនឿជឿដល់ព្រះ ការប្រែចិត្តពីអំពើបាប បុណ្យជ្រមុជទឹកជំនួសសម្រាប់ការផ្ដាច់បាប អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ ហើយគ្រប់ទាំងគោលការណ៍ផ្សេងៗទៀតនៃដំណឹងល្អ ដែល [ ជា ] ចាំបាច់សម្រាប់ឲ្យគេដឹង ដើម្បីឲ្យខ្លួនគេមានលក្ខណៈគ្រប់គ្រាន់ ប្រយោជន៍ឲ្យពួកគេអាចបានទទួលការជំនុំជម្រះ តាមមនុស្សក្នុងសាច់ឈាម ប៉ុន្តែរស់តាមព្រះក្នុងវិញ្ញាណវិញ » ( គ. និង ស. ១៣៨:៣២–៣៤ ) ។
វិញ្ញាណជាច្រើននៅពិភពវិញ្ញាណបានទទួលដំណឹងល្អ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនអាចទទួលពិធីបរិសុទ្ធនៃបព្វជិតភាពសម្រាប់ខ្លួនពួកគេផ្ទាល់បានទេ ព្រោះពួកគេគ្មានរូបកាយសាច់ឈាមឡើយ ។ នៅក្នុងព្រះវិហារដ៏បរិសុទ្ធ យើងមានឯកសិទ្ធដើម្បីទទួលពិធីបរិសុទ្ធទាំងឡាយជំនួសឲ្យពួកគេ ។ ពិធីបរិសុទ្ធទាំងនេះរួមមាន ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំង អំណាចបព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋ អាពាហ៍ពិពាហ៍នៃការផ្សារភ្ជាប់ និង ពិធីផ្សារភ្ជាប់រវាងកូនៗទៅនឹងឪពុកម្ដាយ ។ ព្រះអម្ចាស់បានត្រាស់សម្ដែងកិច្ចការទាំងអស់នេះដល់ព្យាការី យ៉ូសែប ស៊្មីធ ដោយស្តារឡើងវិញនូវការអនុវត្តមួយ ជាការអនុវត្តដែលបានបើកសម្ដែងដល់ពួកគ្រិស្តសាសនិកមិនយូរប៉ុន្មានបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូរិនថូស ទី១ ១៥:២៩ ) ។
នៅពេលអ្នកទទួលពិធីបរិសុទ្ធនៃបព្វជិតភាពជំនួសជនទាំងឡាយដែលបានស្លាប់ទៅ នោះអ្នកក្លាយជាអ្នកសង្គ្រោះនៅលើភ្នំស៊ីយ៉ូនសម្រាប់ពួកគេហើយ ( សូមមើល អូបាឌា ១:២១ ) ។ កិច្ចខិតខំរបស់អ្នកតម្រង់ឆ្ពោះទៅរកវិញ្ញាណនៃពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ—ព្រោះអ្នកធ្វើកិច្ចការសង្គ្រោះសម្រាប់មនុស្សដទៃ ដែលពួកគេមិនអាចធ្វើដោយខ្លួនពួកគេបាន ។
ការទទួលខុសត្រូវរបស់អ្នកក្នុងកិច្ចការពង្សប្រវត្តិ
នៅក្នុងកិច្ចការពង្សប្រវត្តិ អ្នកមានការទទួលខុសត្រូវសំខាន់ចំនួនបី ៖
-
ទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់ខ្លួនអ្នក ហើយជួយដល់សាច់ញាតិជិតរបស់អ្នកឲ្យទទួលវាដែរ ។
-
កាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ហើយចូលព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈផ្ដល់ឲ្យ ។
-
ប្រមូលព័ត៌មានពង្សប្រវត្តិ ដើម្បីអ្នកអាចជួយជីដូនជីតារបស់អ្នកឲ្យទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ។
អ្នកអាចចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធតាមដែលអាចធ្វើទៅបាន ទោះជាកន្លែង ឬកាលៈទេសៈរបស់អ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។ ទោះជាអ្នកនឹងមិនអាចធ្វើអ្វីៗបានទាំងអស់ក្ដី ក៏អ្នកអាចធ្វើអ្វីមួយបានដែរ ។ គំនិតខាងក្រោមនេះ ប្រហែលជាអាចជួយអ្នកក្នុងការចាប់ផ្តើម ៖
-
កត់ត្រាសេចក្ដីលម្អិតសំខាន់ៗអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ កត់ត្រាថ្ងៃខែឆ្នាំកំណើត និង ទីកន្លែងកំណើត ព្រមទាំងកាលបរិច្ឆេទពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់របស់អ្នក ។ រក្សាទិន្នានុប្បវត្តិផ្ទាល់ខ្លួនដើម្បីកត់ត្រាផ្នែកសំខាន់ៗនៅក្នុងជីវិតរបស់អ្នក រួមទាំង បទពិសោធន៍ផ្ទាល់ខ្លួន ដែលនឹងពង្រឹងសេចក្តីជំនឿរបស់កូនៗអ្នក និងអនាគតកូនចៅជំនាន់ក្រោយរបស់អ្នក ។
-
រៀនសូត្រអំពីជីដូនជីតារបស់អ្នក ។ ចាប់ផ្ដើមដោយការកត់ត្រាចេញពីការចងចាំរបស់អ្នក និងចេញពី ធនធាននានាដែលមាននៅក្នុងផ្ទះ ។ កត់ត្រាព័ត៌មានសំខាន់ៗដែលអ្នកចងចាំយ៉ាងច្បាស់ ឬអាចរកបានពីបងប្អូនបង្កើត ឪពុកម្តាយ ពូមីង លោកតា លោកយាយ និងតាទួត យាយទួត ។ កន្លែងដែលអាចធ្វើទៅបាន ចូរថតចម្លងវិញ្ញាបនបត្រ ឬឯកសារផ្សេងៗដែលមាននៅក្នុងព័ត៌មាននេះ ។ នៅពេលអ្នកប្រមូលបានព័ត៌មានកាន់តែច្រើន អ្នកអាចស្រាវជ្រាវនៅក្នុងទីតាំងផ្សេងៗទៀត មានដូចជាក្នុងកំណត់ត្រាសាធារណៈ ។ វួដ ឬសាខាមូលដ្ឋានអាចនឹងមានអ្នកផ្តល់ប្រឹក្សាខាងពង្សប្រវត្តិម្នាក់ ដែលអាចជួយអ្នកបាន ។ អ្នកក៏អាចចូលទៅកាន់គេហទំព័រជាផ្លូវការរបស់សាសនាចក្រអំពីពង្សប្រវត្តិបានដែរ www.familysearch.org ។
-
នៅពេលអ្នករកឃើញឈ្មោះជីដូនជីតារបស់អ្នកហើយ សូមប្រើតារាងពង្សាវលី និង ទម្រង់បែបបទក្រុមគ្រួសារដើម្បីកត់ត្រាព័ត៌មានដែលអ្នករកបាន ។ ទម្រង់បែបបទទាំងនេះមានជាក្រដាស និងនៅលើកម្មវិធីសូហ្វវែរដែលបង្កើតដោយសាសនាចក្រ មានដូចជា ឯកសារនៃជីដូនជីតាផ្ទាល់ខ្លួន ។
នៅពេលអ្នកបានប្រមូលព័ត៌មានសំខាន់ៗ អំពីជីដូនជីតារបស់អ្នក ដែលបានទទួលមរណភាពទៅដោយមិនបានទទួលដំណឹងល្អរួចហើយនោះ អ្នកត្រូវប្រាកដថា ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធត្រូវបានធ្វើឡើងសម្រាប់ពួកគាត់ ។ ទោះបីជាអ្នកមិនរស់នៅជិតព្រះវិហារបរិសុទ្ធដើម្បីឲ្យអ្នក និង ក្រុមគ្រួសាររបស់អ្នកអាចធ្វើពិធីបរិសុទ្ធនេះបានក៏ដោយ ក៏អ្នកអាចបញ្ជូនឈ្មោះជីដូនជីតារបស់អ្នកទៅព្រះវិហារបរិសុទ្ធ ដើម្បីឲ្យអ្នកផ្សេងទៀតអាចធ្វើកិច្ចការនេះសម្រាប់ពួកគេបានដែរ ។ អ្នកទៅមជ្ឈមណ្ឌលពង្សប្រវត្តិនៅក្បែរផ្ទះរបស់អ្នក ឬប្រឹក្សាជាមួយអ្នកផ្តល់ប្រឹក្សាខាងពង្សប្រវត្តិប្រចាំវួដ ឬសាខាក្នុងមូលដ្ឋានដើម្បីដឹងរបៀបធ្វើកិច្ចការនេះ ។
ព្យាការី យ៉ូសែ ស៊្មីធ បានប្រកាសថា មាន « គោលការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងមនុស្សស្លាប់ និងមនុស្សរស់ ដែលមិនអាចបង្ហួសចោលដោយគ្មានគិតពិចារណានោះឡើយ គឺជាការទាក់ទងទៅនឹងសេចក្ដីសង្គ្រោះរបស់យើង ។ សេចក្ដីសង្គ្រោះរបស់ពួកគេគឺជាការចាំបាច់ និងសំខាន់បំផុតចំពោះសេចក្ដីសង្គ្រោះរបស់យើង ដូចជា … ពួកគេពុំអាចបានល្អឥតខ្ចោះ ក្រៅពីយើងឡើយ—រីឯយើងក៏ពុំអាចបានល្អឥតខ្ចោះ ក្រៅពីមនុស្សស្លាប់របស់យើងដែរ » ( គ. និង ស. ១២៨:១៥ ) ។ តាមរយៈការរួមចំណែករបស់អ្នកក្នុងកិច្ចការពង្សប្រវត្តិ អ្នក និង ជីដូនជីតារបស់អ្នកនឹងបន្តដំណើរឆ្ពោះទៅរកសេចក្តីសង្គ្រោះ ។